Thursday 8 February 2018
សមត្ថកិច្ចបង្ហាញរបាយការណ៍ពីបញ្ហាមិនប្រក្រតីនៅតាមព្រំដែនជាមួយប្រទេសជិតខាង
ដោយ ទីន ហ្សាការីយ៉ា
2018-02-08
rfa
យោធារបស់កម្ពុជា ដែលកំពុងឈរជើងនៅតំបន់ព្រំដែនឋិតនៅឃុំថ្មកែវ ស្រុកសៀមប៉ាង ខែត្រស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។ Photo Provided
Photo Provided
អគ្គស្នងការនគរបាលជាតិ បានបង្ហាញកាលពីពេលថ្មីៗនេះឲ្យដឹងថា មានសកម្មភាពមិនប្រក្រតីនៅតាមព្រំដែនក្នុងឆ្នាំ២០១៧ ជាមួយប្រទេសជាប់ព្រំដែនកម្ពុជា មានប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសឡាវ នោះបានកើតឡើងចំនួន ៣៨៨លើក។
របាយការណ៍បានបញ្ជាក់ថា ស្ថានភាពសន្តិសុខនៅតាមព្រំដែនមានស្ថានភាពស្ងប់ស្ងាត់ល្អ ប៉ុន្តែបញ្ហាមិនប្រក្រតីដែលកើតឡើងច្រើនជាងគេ គឺនៅព្រំដែនកម្ពុជា-ថៃ ដែលមាន ៣៦៥លើក កម្ពុជា-វៀតណាម ១៥លើក និងព្រំដែនកម្ពុជា-ឡាវ ចំនួន ៨លើក។
អ្នកនាំពាក្យ និងជាអគ្គស្នងការរងនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធិ បានថ្លែងឲ្យដឹងថា ក្នុងនោះមានការរំលោភដែនអាកាសការរាយលួសបន្លា ការរុករានដីធ្វើចម្ការ ការឈូសឆាយធ្វើផ្លូវជាដើម៖ «កន្លងមកយើងសង្កេតឃើញភាគីថៃ ដែលគាត់បង្ហោះ Drone ចង់មើលសភាពការណ៍ គាត់ចង់សង្កេតមើលយើងយ៉ាងម៉េចអីហ្នឹង វាជាធម្មតានៅតាមព្រំដែន ប៉ុន្តែបញ្ហាគឺថា បើគាត់ហោះនៅលើទឹកដីរបស់គាត់មិនមានបញ្ហាទេ ប៉ុន្តែវាបានហោះចូលក្នុងដែនដីរបស់កម្ពុជា អ៊ីចឹងយើងរាប់ចូលថា ជាការបំពានរបស់គាត់»។
របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នគរបាលការពារព្រំដែន បានរក្សាការជួបប្រជុំជាមួយសមភាគីសរុបចំនួន ៤៩១លើក ក្នុងនោះពិភាក្សាជាមួយសមភាគីប្រទេសថៃ បាន ២១៣លើក ជាមួយអាជ្ញាធរប្រទេសវៀតណាម បាន ២៦៩លើក និងពិភាក្សាជាមួយសមភាគីប្រទេសឡាវ បាន ៩លើក។
ការពិភាក្សាគ្នានេះ គឺដើម្បីផ្លាស់ប្ដូរព័ត៌មានអំពីសភាពការណ៍ព្រំដែន ដោះស្រាយព្រឹត្តិការណ៍មិនប្រក្រតីនានា នៅតំបន់ជាប់ព្រំដែន ពិសេសការទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់។ ជាមួយគ្នានោះសមត្ថកិច្ចការពារព្រំដែន បានការពារឲ្យគណៈកម្មការបច្ចេកទេសព្រំដែនសម្រេចភារកិច្ចជាមួយប្រទេសថៃ បានចំនួន ៣ទីតាំង មាន ៣បង្គោល ស្ថិតនៅក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ចំណែកឯ ជាមួយប្រទេសវៀតណាម បានចំនួន ៤ទីតាំង ដូចជានៅខេត្តស្វាយរៀង ២បង្គោល និងខេត្តរតនគិរី ២បង្គោល។ ការសាងសង់បង្គោលប្រភេទថ្មបេតុងបំពេញបន្ថែមចំនួន ៥៩៧ទីតាំង ស្មើនឹង ៦៥៨បង្គោល និងបោះបង្គោលតម្រុយព្រំដែនចំនួន ៣៨៤ទីតាំង ស្មើនឹង ៥២២បង្គោល។
បើទោះបីជាមានការបោះបង្គោលនៅតាមបន្ទាត់ព្រំដែន ក៏ទាហានព្រំដែនដៃនៅតែបំពានដល់ដែនអធិបតេយ្យរបស់កម្ពុជា នៅក្នុងឆ្នាំ២០១៧ កន្លងមកនេះ។
លោក គៀត ច័ន្ទថារិទ្ធិ បន្តថា «ចំណែកឯបន្លាលួស គាត់អូសតាមបន្ទាត់ព្រំដែន ប៉ុន្តែជួនកាលវាហួស ពេលខ្លះគាត់អូសយកមកដាក់កន្លែងដែលគណៈកម្មការបោះបង្គោលព្រំដែនមិនទាន់បានកំណត់ផង។ អ៊ីចឹងយើងទប់ និងការពារកុំឲ្យមាន ព្រោះជាធម្មតារឿងកើតឡើងពីតូចទៅធំ បើយើងមិនទប់ស្កាត់ពីតូចទេ នៅពេលកើតឡើងដល់ធំនាំឲ្យពិបាកក្នុងការដោះស្រាយ»។
ទាក់ទងនឹងការចេញ-ចូលតាមច្រកនានាទៅប្រទេសថៃ គឺអាជ្ញាធរថៃ បានចាប់បញ្ជូនពលរដ្ឋខ្មែរ ឲ្យត្រឡប់មកវិញចំនួន ១៣.៣៩៦នាក់ មានស្រី ៤.១៦៩នាក់ កុមារ ៤៦៩នាក់ និងសាកសព ៣៦នាក់ ចំណែកកងកម្លាំងប្រទេសកម្ពុជា បានទប់ស្កាត់ការឆ្លងដែនខុសច្បាប់ របស់ពលរដ្ឋកម្ពុជា ទៅប្រទេសថៃ បានចំនួន ៨៣៨នាក់ ក្នុងនោះមានស្រី ២០៨នាក់ និងកុមារ ១០៣នាក់៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment