Thursday 8 February 2018
ប្រវត្តិតស៊ូក្នុងឆាកនយោបាយរបស់លោក កឹម សុខា
ដោយ មួង ណារ៉េត
2018-02-08
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រុមអ្នកឃោសនា នាទីស្នាក់ការសង្កាត់ចាក់អង្រែលើ កាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។ RFA
Photo: RFA
គិតមកដល់ពេលនេះ អស់រយៈពេល ០៥ខែហើយ ដែលប្រធានគណបក្សសង្គ្រោះជាតិ ត្រូវអាជ្ញាធរលោក ហ៊ុន សែន ចាប់ និងឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ដោយរងការចោទប្រកាន់ពីបទ ”ក្បត់ជាតិ”។ នេះមិនមែនជាលើកទីមួយទេ ដែលលោក កឹម សុខា រងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ។ លោកធ្លាប់ជាប់ពន្ធនាគារពីមុន ដោយសារហេតុផលនយោបាយ។ លោកធ្លាប់ត្រូវបង្ខំចិត្តបង្ខាំងខ្លួននៅក្នុងស្នាក់ការគណបក្ស ដោយមិនចេញទៅណារាប់ខែ។ លោកថា គេអាចចាប់លោកដាក់គុកបាន ប៉ុន្តែគេមិនអាចដាក់គុកមនសិការស្នេហាជាតិរបស់លោកបានឡើយ។
សម្ដីលោក កឹម សុខា៖ «សមរភូមិទាមទារដើម្បីលទ្ធិប្រជាធិបតេយ្យនេះ គឺវាមានភាពតឹងតែងណាស់! មានការលំបាកណាស់! ប៉ុន្តែការលំបាកនេះ បើយើងនៅតែព្យាយាមតស៊ូ ខ្ញុំជឿថា យើងនឹងទទួលបាននូវសិទ្ធិសេរីភាព និងប្រជាធិបតេយ្យពិតប្រាកដជាមិនខាន»។
ផ្លូវធ្វើដំណើរក្នុងការព្យាយាម និងតស៊ូដើម្បីសិទ្ធិសេរីភាព និងប្រជាធិបតេយ្យនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវចំណាយពេលមួយភាគធំនៃជីវិតនយោបាយរបស់លោកនៅក្នុងមន្ទីរឃុំឃាំង ព្រោះញាំញីទៅដោយការធ្វើទុក្ខបុកម្នេញពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយការប្រើប្រាស់ប្រព័ន្ធតុលាការជាឧបករណ៍ក្នុងការបង្ក្រាបសំឡេងបក្សប្រឆាំង។
លោក កឹម សុខា ចាប់ផ្ដើមជាប់ពន្ធនាគារដំបូងនៅថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០០៥ ដោយការប្ដឹងរបស់លោក ហ៊ុន សែន ពីបទបរិហារកេរ្តិ៍។ កាលណោះលោកនៅធ្វើជាប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ ការចោទប្រកាន់ និងចាប់លោកដាក់ពន្ធនាគារនេះ មិនមែនកើតឡើងដោយគ្មានហេតុផលនយោបាយនោះទេ ព្រោះតាំងពីបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅក្នុងខែតុលា ឆ្នាំ២០០២ លោក កឹម សុខា បានចុះអប់រំ និងពន្យល់ឲ្យយល់ដឹងអំពីសិទ្ធិពលរដ្ឋ សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ បន្ថែមលើសពីនេះទៅទៀត លោកត្រូវផ្សាយការអប់រំអំពីសិទ្ធិមនុស្សនេះតាមវិទ្យុផងដែរ ដោយអប់រំទាំងផ្លូវលោក និងផ្លូវធម៌។ ប៉ុន្តែ រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមជ្ឈមណ្ឌលសិទ្ធិមនុស្ស មានអាជ្ញាប័ណ្ណបើកស្ថានីយវិទ្យុផ្ទាល់ខ្លួននោះទេ។
លោក កឹម សុខា បញ្ជាក់ថា លោកត្រូវជួលម៉ោងផ្សាយតាមវិទ្យុឯកជនមួយ គឺវិទ្យុសំបុកឃ្មុំ ដើម្បីផ្សព្វផ្សាយ។ ប៉ុន្តែ ការធ្វើដូច្នេះ ជាគ្រោះថ្នាក់ខ្លាំងដល់ការបន្តក្រាញអំណាចរបស់លោក ហ៊ុន សែន៖ «ខ្ញុំចុះបង្រៀន និងពន្យល់ប្រជាពលរដ្ឋតាមជនបទ វេទិកាសាធារណៈ ចាប់ពីឆ្នាំ២០០២ មក ទៅគ្រប់កន្លែង។ ពេលខ្ញុំទៅធ្វើការដំបូង គណបក្សប្រជាជនលើកគ្នាមក លើកកៅអីរកវាយខ្ញុំទៀត ប៉ុន្តែខ្ញុំអត់ថយ។ ប្រជារាស្ត្រអត់ហ៊ានទេពីដើម អត់ហ៊ានចូលរួមទេ។ ម្តងមួយរយនាក់ ឡើងទៅបីរយនាក់ ឡើងទៅប្រាំរយនាក់ ឡើងទៅមួយពាន់នាក់ ឡើងទៅរាប់សែននាក់ ដូចសព្វថ្ងៃនេះ ដោយសារអ្វី គឺដោយសារការសន្សំរបស់យើង គឺបណ្ដុះប្រជាពលរដ្ឋ»។
លោក កឹម សុខា ត្រូវជាប់ពន្ធនាគារអស់រយៈពេល ១៧ថ្ងៃ ទម្រាំលោក ហ៊ុន សែន ព្រមដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៦ ក្រោយពីរដ្ឋាភិបាលលោក ហ៊ុន សែន រងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ។ ដោយសារបទបរិហារកេរ្តិ៍ជាបទល្មើសព្រហ្មទណ្ឌ ដែលងាយឲ្យបក្សកាន់អំណាចប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីចាប់អ្នកហ៊ានបញ្ចេញមតិរិះគន់រដ្ឋាភិបាលដាក់គុកដូច្នេះ ក្រោយពីចេញពីគុកភ្លាម លោក កឹម សុខា បានដឹកនាំក្បួនធម្មយាត្រាមួយរយៈពេលបីថ្ងៃដើម្បីទាមទារឲ្យរដ្ឋាភិបាលកែច្បាប់ ឈប់កំណត់បទបរិហារកេរ្តិ៍ថា ជាទោសព្រហ្មទណ្ឌដូច្នេះតទៅទៀត។ ជាលទ្ធផល ក្រោយការដង្ហែក្បួននោះ រដ្ឋសភាកម្ពុជា នៅខែឧសភា ឆ្នាំ២០០៦ បានដកទោសដាក់ពន្ធនាគារពីបទបរិហារកេរ្តិ៍នេះ ចេញពីក្រមព្រហ្មទណ្ឌ។ ប៉ុន្តែច្បាប់ថ្មីនេះ ត្រូវរង់ចាំរហូតដល់ឆ្នាំ២០០៩ ទើបចូលជាធរមាន។
ក្រោយមកទៀត គឺនៅដើមឆ្នាំ២០០៧ លោក កឹម សុខា បានដឹកនាំក្បួនសិទ្ធិយាត្រា ដែលត្រូវធ្វើដំណើរដោយថ្មើរជើងរយៈពេល ១៦ថ្ងៃពីវត្តភ្នំ ទៅកាន់អង្គវត្ត ខេត្តសៀមរាប ដើម្បីទាមទារសេរីភាពបញ្ចេញមតិ សង្គមអហិង្សា និងភាពអត់ឱនផ្នែកនយោបាយនៅកម្ពុជា។
ជាងមួយឆ្នាំក្រោយពីរួចពីពន្ធនាគារ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០០៧ លោក កឹម សុខា បានបង្កើតគណបក្សនយោបាយមួយដាក់ឈ្មោះថា គណបក្សសិទ្ធិមនុស្ស ដែលលោកធ្វើជាប្រធាន។ ការធ្វើទុក្ខបុកម្នេញលើលោក កឹម សុខា កាលលោកនៅជាប្រធានគណបក្សសិទ្ធិមនុស្ស ដូចជាមិនសូវមានសភាពខ្លាំងក្លាទេ។ ប៉ុន្តែ ចាប់ពីពេលដែលលោក កឹម សុខា ចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី បង្កើតគណបក្សសង្គ្រោះជាតិ ដោយច្របាច់គណបក្សពីរបញ្ចូលគ្នា គឺគណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ នោះមក ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយចាប់ផ្ដើមយ៉ាងសន្ធាប់ទៅលើលោក កឹម សុខា លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំង។
ទោះជារងការធ្វើទុក្ខបុកម្នេញខ្លាំង កម្លាំងគាំទ្រគណបក្សប្រឆាំងក៏កើនឡើងខ្លាំងណាស់ដែរ។ គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន ឈ្នះអាសនៈរដ្ឋសភាចំនួន ៥៥ ក្នុងចំណោម ១២៣អាសនៈ កាលពីក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣។ គណបក្សសង្គ្រោះជាតិ បានដណ្ដើមកៅអី ២២ ពីគណបក្សកាន់អំណាច។
ប៉ុន្តែ ក្រោយការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៣ នោះ គណបក្សសង្គ្រោះជាតិ លោក កឹម សុខា និង សម រង្ស៊ី ដឹកនាំធ្វើមហាបាតុកម្មយ៉ាងគគ្រឹកគគ្រេង តវ៉ាទៅនឹងភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត និងទាមទារឲ្យកែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក កឹម សុខា (ជួរមុខកណ្ដាល) ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងក្បួនឃោសនាមកដល់ស្ពានអាកាស៧មករា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ Photo: RFA
លោក កឹម សុខា នៅចុងខែឧសភា ឆ្នាំ២០១៦ បានបង្ខំចិត្តបង្ខាំងខ្លួននៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដើម្បីសុវត្ថិភាព និងតវ៉ាទៅនឹងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទសច្ចារកម្មដែលអ្នកវិភាគយល់ថា ជាការបង្កើតឡើងដើម្បីធ្វើបាបលោក កឹម សុខា។ តុលាការបានកាត់ទោសលោកកំបាំងមុខដោយផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨០ម៉ឺនរៀល ពីបទមិនព្រមបង្ហាញខ្លួននៅតុលាការ។ ការផ្ដន្ទាទោសនេះ គឺធ្វើឡើងទាំងលោកនៅមានអភ័យឯកសិទ្ធិសភា។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបទៀត មានលោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំង លោក ហុង សុខហួរ ក៏រងការចាប់ខ្លួន និងផ្ដន្ទាទោសដាក់ពន្ធនាគារទាំងមានអភ័យឯកសិទ្ធិនេះផងដែរ។
លោក កឹម សុខា៖ «យើងដឹងហើយថា សព្វថ្ងៃនេះប្រព័ន្ធប្រជាធិបតេយ្យនៅកម្ពុជា ត្រូវបានខ្ទេចខ្ទាំអស់ហើយ។ គេវាយបំបាក់ខ្ទេចអស់ហើយ។ គេរំលោភបំពានលើអភ័យឯកសិទ្ធិរបស់អ្នកតំណាង។ គេចង់ហៅអ្នកតំណាងរាស្ត្រយកទៅកាត់ទោសពេលណាក៏បាន។ គេធ្វើទុក្ខបុកម្នេញយ៉ាងម៉េចក៏បាន។ មានន័យថា ប្រជាពលរដ្ឋខ្មែរយើងត្រូវគេវាយតំណាងគាត់ដួល។ គេវាយតំណាងគាត់ មានន័យថា គេវាយគាត់។ ដូច្នេះ ខ្ញុំគិតថា ប្រជាធិបតេយ្យតាមរយៈតំណាងជិតរលំហើយ នៅតែប្រជាធិបតេយ្យដោយផ្ទាល់តែប៉ុណ្ណោះ»។
លោក កឹម សុខា ទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ នៅដើមខែធ្នូ ឆ្នាំ២០១៦ ក្រោយលោកបង្ខាំងខ្លួននៅក្នុងទីស្នាក់ការបក្សអស់កន្លះឆ្នាំ។ ចេញពីការឃុំខ្លួនក្នុងទីស្នាក់ការមិនទាន់បានប៉ុន្មានផង នៅដើមខែកញ្ញា ឆ្នាំ២០១៧ នោះ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនម្ដងទៀត។ ម្ដងនេះ ការចោទប្រកាន់រឹតតែធ្ងន់ធ្ងរ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទក្បត់ជាតិ ដោយសារតែការថ្លែងសារជាសាធារណៈរបស់លោកអំពីការតស៊ូ ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានតាមបែបប្រជាធិបតេយ្យនៅកម្ពុជា។
រហូតមកដល់ពេលនេះ លោក កឹម សុខា កំពុងស្ថិតក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ នៅក្បែរព្រំដែនវៀតណាម។ ម្ដងណេះ លោក កឹម សុខា ជាប់ឃុំ ប៉ុន្តែគណបក្សរបស់លោកត្រូវបានលោក ហ៊ុន សែន រម្លាយបានសម្រេច និងហាមឃាត់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំងអស់ រួមទាំងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងសរុប ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ៖ «ខ្ញុំមិនខកចិត្ត បើសិនជាគេចាប់ខ្ញុំទៅ ខ្ញុំអស់សេរីភាព ខ្ញុំស្លាប់ក៏ដោយ ឲ្យតែប្រជាពលរដ្ឋខ្មែរបន្តការតស៊ូដើម្បីឆន្ទៈប្រជាពលរដ្ឋតទៅទៀត ខ្ញុំសប្បាយចិត្តណាស់។ ប៉ុន្តែ បើសិនគេចាប់ខ្ញុំហើយ ខ្ញុំអស់សេរីភាពហើយ ខ្ញុំបាត់បង់អ្វីៗអស់ហើយ តែប្រជាពលរដ្ឋបញ្ឈប់ការតស៊ូ ឬចុះញ៉មនូវអំពើអយុត្តិធម៌ ខ្ញុំខកចិត្ត»។
ទោះបីជាលោកត្រូវជាប់ពន្ធនាគារញឹកញាប់ និងចៀសមិនផុតពីការធ្វើទុក្ខបុកម្នេញ ក៏លោក កឹម សុខា នៅតែប្ដេជ្ញាបន្តការតស៊ូ។ ប៉ុន្តែ លោកបញ្ជាក់ថា ការអត់ធ្មត់នោះ គឺអត់ធ្មត់យូរណាស់មកហើយ ល្មមដល់ពេលហើយ។ លោកផ្ដាំផ្ញើប្រជាពលរដ្ឋខ្មែរដែលស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងស្អប់ខ្ពើមអំពើជិះជាន់ពីសំណាក់អ្នកកាន់អំណាចផ្ដាច់ការនូវបីចំណុច៖ «ទីមួយខ្ញុំសូមបញ្ជាក់ជូនថា គេអាចឃុំខ្លួនខ្ញុំបាន ប៉ុន្តែគេមិនអាចឃុំឧត្ដមគតិខ្ញុំបានទេ។ ទីពីរ ខ្ញុំសូមជម្រាបថា បើគ្មានការប្រថុយ គ្មានការផ្លាស់ប្ដូរទេ។ ទីបីខ្ញុំជម្រាបជូនថា សេរីភាពគ្មាននរណាយកមកឲ្យទេ។ បើសិនយើងចង់បានសេរីភាព យើងត្រូវតែតស៊ូ។ ខ្ញុំសុំតែម្យ៉ាងទេ សុំឲ្យបងប្អូនបន្តការតស៊ូតទៅទៀត ដើម្បីឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន តស៊ូដោយអហិង្សា តស៊ូដើម្បីខ្មែររស់ទាំងអស់គ្នា។ យើងត្រូវតែហ៊ានលះបង់ដើម្បីខ្មែររស់ ដើម្បីជាតិយើងរស់»។
ការលះបង់ដើម្បីជាតិរស់នេះ លោក កឹម សុខា រក្សាស្មារតីនៅរឹងមាំ ប៉ុន្តែលោកកំពុងរងទុក្ខយ៉ាងដំណំផ្ទាល់ខ្លួន ដោយស្ថានភាពសុខភាពរបស់លោកថមថយខ្លាំងនៅក្នុងមន្ទីរឃុំឃាំង។ លោក កឹម សុខា ស្រកសាច់ច្រើនជាងមុន និងមានស្ថានភាពហេវហត់ពេលដែលលោកត្រូវបាននាំខ្លួនមកកាន់សាលាឧទ្ធរណ៍កាលពីថ្ងៃទី១ ខែកុម្ភៈ នេះ។
លោកមេធាវី ហែម សុជាតិ ដែលការពារក្តីឲ្យលោក កឹម សុខា មានការព្រួយបារម្ភចំពោះស្ថានភាពនេះ៖ «ប៉ុន្តែអ្វីដែលយើងធ្វើការកត់សម្គាល់ គឺបញ្ហាសុខភាពរបស់គាត់ មើលទៅអត់ល្អ។ គាត់សម្ដែងការលំបាករបស់គាត់ ដោយប្រាប់តុលាការថា គាត់មានបញ្ហាសុខភាពធំបី គឺទឹកនោមផ្អែម លើសឈាម ឆ្អឹងកៀបសរសៃ។ បញ្ហាដែលធ្វើឲ្យគាត់សម្រាន្តមិនលក់ គឺបញ្ហាកៀបសរសៃ ព្រោះពេលដែលគាត់សម្រាន្តផ្អៀង គាត់ឈឺចាប់ ធ្វើឲ្យភ្ញាក់ មិនអាចសម្រាន្តលក់ទេ»។
ទោះជាលោក កឹម សុខា ស្នើសុំតុលាការឲ្យដោះលែងលោកឲ្យមានសេរីភាពវិញដើម្បីលោកអាចព្យាបាលជំងឺលោកផង និងអាចចូលរួមក្នុងជីវភាពនយោបាយរបស់លោកដូចធម្មតាវិញផងក៏ដោយ ក៏តុលាការសម្រេចបន្តឃុំខ្លួនលោកតទៅទៀត ដោយអះអាងថា នៅមន្ទីរពេទ្យត្រពាំងផ្លុង មានពេទ្យមើលជំងឺអ្នកជាប់ឃុំហើយ និងម្យ៉ាងទៀត ការបន្តឃុំខ្លួននេះ គឺដើម្បីរក្សាសុវត្ថិភាពរបស់លោក កឹម សុខា។
ក្នុងស្ថានភាពដែលរូបលោក កឹម សុខា ជាប្រធានគណបក្សត្រូវជាប់ឃុំ គណបក្សសង្គ្រោះជាតិ ត្រូវគេរម្លាយចោល តំណាងរាស្ត្រគណបក្សប្រឆាំងទាំងអស់ត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរបស់បក្សប្រឆាំង ត្រូវភៀសខ្លួនទៅក្រៅប្រទេស សកម្មជនបក្សត្រូវរដ្ឋាភិបាលបំភិតបំភ័យគ្រប់រូបភាពយ៉ាងនេះក្តី ក៏លោក កឹម សុខា នៅតែសង្ឃឹមលើប្រជាពលរដ្ឋខ្មែរដែលនឹងនាំគ្នាក្រោកឡើង ដើម្បីទាមទារសិទ្ធិសេរីភាពទាំងនេះមកវិញ ព្រោះការធ្វើទុក្ខបុកម្នេញបែបនេះមិនអាចចេះតែបន្តធ្វើបានជារៀងរហូតនោះទេ៖ «ខ្ញុំស្គាល់ច្បាស់ពីច្បាប់ធម្មជាតិ។ គ្មានស្អីអមតៈទេ។ ការអត់អមតៈនេះ មិនមែនតែពួកខ្ញុំអ្នករងគ្រោះទេ អ្នកដែលរំលោភលើខ្ញុំក៏មិនមែនអមតៈនោះដែរ»។
ស្របពេលដែលលោក កឹម សុខា សង្ឃឹមលើការក្រោកតវ៉ារបស់ពលរដ្ឋខ្មែរ ដើម្បីទាមទារសិទ្ធិសេរីភាព និងយុត្តិធម៌ ចលនាសង្គ្រោះជាតិមួយត្រូវបានបង្កើតឡើងដោយលោក សម រង្ស៊ី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងមន្ត្រីអង្គការសង្គមស៊ីវិល ក្នុងគោលដៅបំផុសឲ្យប្រជាពលរដ្ឋក្រោកតវ៉ាដោយសន្តិវិធី ដើម្បីឲ្យមានការដោះលែងលោក កឹម សុខា ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ និងរៀបចំឲ្យមានការបោះឆ្នោតជាតិមួយ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលមានការចូលរួមពីគណបក្សសង្គ្រោះជាតិ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment