Sunday 11 February 2018
សមាជិកព្រឹទ្ធសភាអាមេរិកស្វែងរកការដាក់ទណ្ឌកម្មបន្ថែមចំពោះលោក ហ៊ុន សែន
ដោយ យន់ សាមៀន
2018-02-10
rfa
សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ថិត គ្រូស (Ted Cruz) ប្រចាំរដ្ឋតិចសាស់ (Texas)។
Photo courtesy of cruz.senate.gov
Audio link:
សេចក្ដីព្រាងច្បាប់ថ្មីស្នើដោយសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរ ចេញកាលពីថ្ងៃទី៩ ខែកុម្ភៈ បានស្វែងរកការដាក់ទណ្ឌកម្មបន្ថែមជាច្រើនចំណុចទៀត ប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងពន្យារពេលការពិភាក្សាដើម្បីលុបបំណុលអាមេរិក ដែលកម្ពុជាជំពាក់ប្រមាណជាង ៥រយលានដុល្លារ ក្នុងសម័យសង្គ្រាម។
សេចក្តីព្រាងច្បាប់នេះ បានព្រាងដោយសមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោក លីន ស៊ីគ្រែម (Lindsey Graham) ដោយមាន ការសហការពីសមាជិកព្រឹទ្ធសភា លោក ឌិច ឌើប៊ីន (Dick Durbin) លោក ថេត គ្រួស (Ted Cruz) លោក ប៊ិន ខាឌីន (Ben Cardin) និង លោក ផេកឌ្រីក លាហី (Patrick Leahy) គឺមានបំណងដើម្បីអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឲ្យបានជោគជ័យ។
សេចក្ដីព្រាងច្បាប់ថ្មីនេះ មានឈ្មោះថា ការទទួលខុសត្រូវរបស់កម្ពុជា និងការវិលមកវិញនៃពាណិជ្ជកម្មឆ្នាំ២០១៨ នឹងបន្តមានសុពលភាពរហូតដល់រដ្ឋាភិបាលកម្ពុជាអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ និងដោះលែងរាល់អ្នកទោសនយោបាយនៅកម្ពុជា។
សេចក្ដីព្រាងច្បាប់នេះ ក៏នឹងហាមឃាត់ការផ្ដល់ជំនួយអាមេរិកទៅដល់រដ្ឋាភិបាលកម្ពុជា និងគាំទ្រសេចក្ដីសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលបានបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលធ្វើឲ្យខូចខាតដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សេចក្ដីព្រាងច្បាប់នេះ ក៏អនុញ្ញាតឲ្យអាមេរិកបង្កកទ្រព្យសម្បត្តិមន្ត្រីរដ្ឋាភិបាលកម្ពុជាណា ដែលត្រូវបានបិទទិដ្ឋាការ និងតម្រូវឲ្យស្ថាប័នហិរញ្ញវត្ថុអាមេរិកទាំងអស់ ប្រកាសពីទ្រព្យសម្បត្តិរបស់មន្ត្រីទាំងនោះ ព្រមទាំងហាមឃាត់មិនឲ្យកម្ពុជាខ្ចីបំណុលអាមេរិក លើកលែងតែករណីមនុស្សធម៌តែប៉ុណ្ណោះ។
លោក លីន ស៊ីគ្រែម (Lindsey Graham) មានប្រសាសន៍ នៅក្នុងសេចក្ដីថ្លែងការណ៍ផ្សាយកាលពីថ្ងៃទី៩កុម្ភៈ ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានស្លាប់ហើយ ដោយសារតែរដ្ឋាភិបាលឋិតនៅក្រោមឥទ្ធិពលរបស់ចិនកុម្មុយនិស្ត។ លោកបន្តថា សេចក្ដីស្នើច្បាប់នេះ ជាការឆ្លើយតបទៅដល់ប្រទេសចិន ដែលចង់ដាក់អាណានិគមលើកម្ពុជា និងដើម្បីឲ្យពលរដ្ឋកម្ពុជាដឹងថា សហរដ្ឋអាមេរិកនឹងបន្តនៅជាមួយពួកគេ និងគាំទ្រការចង់បានរបស់ប្រទេសមួយដែលមានមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋដ៏រឹងមាំ។ ពាក់ព័ន្ធនឹងសេចក្ដីស្នើច្បាប់ថ្មីនេះ រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមិនទាន់បានឆ្លើយតបនៅឡើយនៅថ្ងៃទី១០ ខែកុម្ភៈនេះ។
ដោយឡែក សមាជិករដ្ឋសភាអូស្ត្រាលីប្រចាំរដ្ឋ Victoria ដែលមានដើមកំណើតជាខ្មែរ លោក ហុង លីម ក៏បានសរសេរលិខិតទៅរដ្ឋាភិបាលអូស្ត្រាលីនៅសប្ដាហ៍នេះ ស្នើឲ្យអូស្ត្រាលី ដាក់ទណ្ឌកម្មរដ្ឋាភិបាលកម្ពុជា ដូចដែលសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបបានធ្វើដែរ។ កន្លងមកអាមេរិកបានបិទទិដ្ឋាការមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនឲ្យធ្វើដំណើរមកកាន់អាមេរិក និងផ្អាកជំនួយបោះឆ្នោត ចំណែកឯ អឺរ៉ុបក៏បានផ្អាកជំនួយបោះឆ្នោតទាំងស្រុងផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment