Thursday 8 February 2018
អ្នកវិភាគថា លោក ហ៊ុន សែន មិនយល់ពីភាពដឹកនាំបែបប្រជាធិបតេយ្យ
ដោយ ម៉ួង ណារ៉េត
2018-02-08
អ្នកវិភាគឯករាជ្យ បណ្ឌិត ឡៅ ម៉ុងហៃ (ឆ្វេង) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)។
RFA
អ្នកវិភាគចាត់ទុកប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលចំអក និងវាយប្រហារមន្ត្រីគណបក្សប្រឆាំង ថា បង្ហាញឲ្យឃើញនូវចរិតលក្ខណៈរបស់មេដឹកនាំ ដែលខ្វះខាតចំណេះដឹងពីលទ្ធិប្រជាធិបតេយ្យ។
អ្នកវិភាគនយោបាយឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា គំនិត និងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់ដំណែងយូរជាងនៅតំបន់អាស៊ី ដែលថ្លែងមើលស្រាល មន្ត្រីបក្សប្រឆាំង ដែលជាដៃគូប្រកួតដ៏មានឥទ្ធិពលរបស់ខ្លួនបែបនេះ គឺបង្ហាញថា លោកជាមេដឹកនាំ ខ្វះខាតការយល់ដឹងប្រជាធិបតេយ្យ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បន្ថែមទៀតថា ប្រសិនបើមេដឹកនាំមានលក្ខណៈប្រជាធិបតេយ្យមែននោះ ម្ល៉េះសម លោក ហ៊ុន សែន មិននិយាយបែបនេះនោះឡើយ ហើយគួរទុកឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ឆ្នោត ជាអ្នកសម្រេចជ្រើសរើសមេដឹកនាំណា ដែលពួកគាត់យល់ថាស័ក្ដិសម និងមានសមត្ថភាពបម្រើរាស្ត្រពិតប្រាកដ តាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌មួយ។
ការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ បែបនេះ គឺសំដៅទៅលើប្រសាសន៍របស់លោក ហ៊ុន សែន ដែលថ្លែងក្នុងពិធីសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវរោងចក្រផលិតស៊ីម៉ងត៍ នៅខេត្តកំពត នៅព្រឹក ថ្ងៃទី៨ ខែកុម្ភៈ។ លោក ហ៊ុន សែន ចំអកឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលលោកទើបតែរំលាយបានសម្រេច ថា កុំសម័យចង់ជែងតំណែងនាយករដ្ឋមន្ត្រីរបស់លោកឲ្យសោះ ព្រោះគ្រាន់ តែបក្សខ្លួនឯង គ្រប់គ្រងមិនឲ្យរលាយមិនបានផង តើមានសមត្ថភាពឯណារហូតដល់ចង់ធ្វើជានាយករដ្ឋមន្ត្រីជំនួសគាត់នោះ៖ «បើសិនជាយើងគោរព អនុវត្តនូវលទ្ធិប្រជាធិបតេយ្យ និង ប្រព័ន្ធប្រជាធិបតេយ្យ ហើយធ្វើឲ្យស្ថាប័នប្រជាធិបតេយ្យ ដែលយើងបានបង្កើតដំណើរការល្អ អ្នកនរណាក៏អាចធ្វើជានាយករដ្ឋមន្ត្រីបានដែរ ស៊ីសងទៅលើប្រជាពលរដ្ឋសម្គាល់ថា តើមាន ឬគ្មានសមត្ថភាព?»។
ទោះបីជាលោក ហ៊ុន សែន ចាត់ទុកគណបក្សសង្គ្រោះជាតិ ថា ជាកូនបក្សមួយយ៉ាងណាក៏ដោយ ក៏លោកនៅតែធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងមួយនេះ រហូតដល់រម្លាយបក្សនេះចោលទាំងស្រុង កាលពីខែកញ្ញា ឆ្នាំ២០១៧ រួចហើយហាមឃាត់តំណាងរាស្ត្រជាប់ឆ្នោតស្របច្បាប់ទាំង ៥៥ រូប និង ក្បាលម៉ាស៊ីនដឹកនាំបក្សនេះសរុបទាំងអស់ ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេលរហូតដល់ប្រាំឆ្នាំ ថែមទៀតផង។ មិនតែប៉ុណ្ណោះ តំណែងក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន ៥.០០៧ តំណែង ដែលសុទ្ធតែមន្ត្រីជាប់ឆ្នោតដោយស្របច្បាប់ កាលពីបោះឆ្នោតឃុំ-សង្កាត់ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅនេះ ក៏ត្រូវលោក ហ៊ុន សែន យកទៅហែកចែកគ្នាជាមួយបក្ស ដែលមិនជាប់ឆ្នោត និងបក្សកាន់អំណាចរបស់លោក៖ «សូមអ្នកដទៃដែលចង់ជំនួស ហ៊ុន សែន កុំថ្នាំងថ្នាក់ឲ្យសោះ ព្រោះអ្នកមិនទាន់មានលទ្ធភាពទប់សភាពការណ៍នៅកម្ពុជានោះទេ។ អ្នកគឺគ្រាន់តែចេះបញ្ឆេះសង្គ្រាម អ្នកត្រឹមតែចេះជេរ ចេះបញ្ចោរតែប៉ុណ្ណោះ។ ប៉ុន្តែអ្នកមិនចេះគ្រប់គ្រងសូម្បីតែកូនបក្សមួយ ឬសមាគមមួយនោះទេ។ ហ៊ុន សែន មានបទពិសោធន៍រយៈពេល ៣៩ ឆ្នាំហើយ ក្នុងនោះតំណែងនាយករដ្ឋមន្ត្រីរយៈពេល ៣៣ឆ្នាំ ធ្វើ ១០ឆ្នាំទៀតវាឡើង ៤៣ ឆ្នាំ វាក៏មិនទាន់យឺតពេល និង មិនទាន់ចាស់ជ្រុលទេ!»។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ក៏បានជាន់ដាន ទៅនឹងសម្ដី ដែលលោកធ្លាប់ព្រមានជាញឹកញយថា សង្គ្រាមប្រាកដជា នឹងកើតឡើងច្បាស់ណាស់ នៅពេលគណបក្សប្រជាជនកម្ពុជារបស់លោកចាញ់ឆ្នោត។ ដែលក្នុងន័យរបស់លោកនេះ គឺលោកចង់ព្រមានឲ្យពលរដ្ឋ ត្រូវតែបោះឆ្នោត ជូនគណបក្សកាន់អំណាច។
កន្លងមក ក្នុងឋានៈជាប្រមុខដឹកនាំរដ្ឋាភិបាល និងប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន តែងតែបង្ហាញកាយវិការច្រងេងច្រងាង និងប្រើភាសាជេរ ប្រមាថ អសុរោះ និងហិង្សានិយម ជាពិសេសទៅលើគណបក្សប្រឆាំង ទោះបីជាលោក ថ្លែងនៅចំពោះមុខនិស្សិត ក្នុងឱកាសចែកសញ្ញាប័ត្រ ឬនៅមុខព្រះសង្ឃ ក្នុងពិធីសម្ពោធសមិទ្ធផលនានា ឬ ក្នុងវត្តអារាមក៏លោកមិនញញើតមាត់នឹងថ្លែងសម្ដីបែបនេះនោះដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment