Thursday, 8 March 2018
កម្ពុជាកំពុងមានហានិភ័យបំណុលក្រោមគម្រោងចិន«ខ្សែក្រវ៉ាត់មួយ-វិថីមួយ»
ដោយលោក មាន ឫទ្ធិ
2018-03-07
rfa
ទង់ជាតិតំណាងមិត្ដភាពកម្ពុជា-ចិន
មជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សាកល (Center for Global Development) មានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវមួយ ត្រួតពិនិត្យមើលផល ប៉ះពាល់នៃបំណុលរបស់មហាអំណាចចិន មកលើប្រទេសកំពុងអភិវឌ្ឍន៍ចំនួន ៦៨ ដែលអនុវត្តគម្រោងយុទ្ធសាស្ត្រមហិច្ឆតាប្រចាំសតវត្សរបស់ចិន ក្រោមគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ វិថីមួយ» ឬហៅថា «វិថីសូត្រថ្មី»។ មជ្ឈមណ្ឌលនេះ បានដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ថាមាន«ហានិភ័យបំណុលគួរឲ្យកត់សម្គាល់»។
មជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សាកល ដែលជាស្ថាប័នជំនាញខាងការសិក្សាស្រាវជ្រាវគោលនយោបាយ និងការអនុវត្តរបស់ក្រុមប្រទេសអ្នកមាន និងស្ថាប័នមានឥទ្ធិពល ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងវិសមភាពនៅទូទាំងសាកលលោក រកឃើញថា ប្រទេសកម្ពុជា អាចនឹងបង្កើនការខ្ចីបុលពីប្រទេសចិនកាន់តែខ្លាំងឡើងៗនាពេលអនាគត ធៀបនឹងភាគរយនៃបំណុលរដ្ឋសរុប ដែលកម្ពុជាជំពាក់បរទេស ជាពិសេសក្រោយពេលដែលមហាអំណាចចិន ចាប់ផ្តើមដាក់ចេញនូវគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ក្រោមគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ-វិថីមួយ» ឬហៅថា «វិថីសូត្រថ្មី»។
គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ- វិថីមួយ» ឬ ហៅ ថា «វិថីសូត្រថ្មី» នេះ គឺជាមហិច្ឆតាប្រចាំសត វត្សរ៍របស់ចិន ដើម្បីពង្រីកឥទ្ធិពលសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ និងវប្បធម៌របស់ខ្លួន ស្របពេលដែលចិនកំពុងឡើងគ្រងតំណែងជាមហាអំណាចមួយនៅលើពិភពលោក។ ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតី ស៊ី ជីងពីង (Xi Jinping) ចិនបានលាតត្រដាង គំនិតផ្ដួចផ្ដើមនេះជាលើកដំបូង កាលពីឆ្នាំ២០១៣ ក្រោមហេតុផលថា ដើម្បីផ្សារភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលការផ្លាស់ប្ដូរពាណិជ្ជកម្ម រវាងប្រទេសក្នុងទ្វីប អាស៊ីទៅកាន់ទ្វីប អាហ្វ្រិក និង អឺរ៉ុប និង ទៅកាន់តំបន់ផ្សេងពីនេះក្នុងពិភពលោក។ ដើម្បីសម្រេចមហិច្ឆតានេះ ចិនអាចនឹងចំណាយទឹកប្រាក់សរុបរហូតដល់ទៅជិត ១០០ ពាន់លានដុល្លារ ឬ ១ទ្រីលានដុល្លារ។
តាមរយៈគំនិតផ្ដួចផ្ដើមនេះ គម្រោងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តដ៏គួរឲ្យទាក់ទាញជាច្រើនត្រូវបានលាតត្រដាង និងអនុវត្តនៅកម្ពុជាជាបន្តបន្ទាប់ រួមមានការសាងសង់ផ្លូវថ្នល់ល្បឿនលឿន ផ្លូវរត់ភ្លើងភ្ជាប់ទៅនឹងប្រទេសក្នុងតំបន់ កំពង់ផែទឹកជ្រៅ កំពង់ផែស្ងួត តំបន់សេដ្ឋកិច្ចពិសេស ប្រលានយន្តហោះអន្តរជាតិជាដើម ដែលគម្រោងទាំងនេះ ធ្វើឡើងក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ និងកម្ចីបរទេស។ ចិនក៏បានលាតត្រដាងពីផែនការដែលថា នឹងជំរុញឲ្យកម្ពុជាអភិវឌ្ឍន៍ផ្លូវថ្នល់ល្បឿនលឿន ឲ្យបានប្រវែង ២,២៣០ គីឡូម៉ែត្រនៅទូទាំងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០៤០ ក្នុងតម្លៃជាទឹកប្រាក់រហូតដល់ទៅជាង ២៦ពាន់លានដុល្លារ។
បើទោះបីជា មជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សាកលនេះ មិនទាន់ទស្សន៍ទាយថា គម្រោងវិនិយោគក្រោមគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ-វិថីមួយ» ប្រកបដោយការ អន្ទងចិត្តរបស់មហាអំណាចចិនទាំងនេះ អាចនឹងបណ្ដាលឲ្យកម្ពុជាជួបនឹងវិបត្តិអសមត្ថភាពក្នុងការសង ឬដោះបំណុលជាមួយចិននាពេលអនាគតក៏ដោយ ក៏មជ្ឈមណ្ឌលនេះបានដាក់បញ្ចូលប្រទេសកម្ពុជាទៅក្នុងចំណោមក្រុមប្រទេសគោលដៅចំនួន ២៣ ដែលកំពុងប្រឈមនឹង «ហានិភ័យបំណុលគួរឲ្យកត់សម្គាល់» នាពេលបច្ចុប្បន្ននេះ។
អ្នកជំនាញថា កម្ពុជា មិនត្រូវពឹងផ្អែកហួសហេតុពេក ទៅលើម្ចាស់បំណុលចិនតែមួយនោះទេ ព្រោះការណ៍នេះអាចធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងអន្ទាក់បំណុលវ័ណ្ឌករបស់ចិន ដែលជាហេតុធ្វើឲ្យចិនអាចសម្រេចជោគវាសនាអនាគតរបស់ប្រទេសជាតិជំនួសឲ្យពលរដ្ឋម្ចាស់ស្រុក។
អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល។
Facebook អ្នកវិភាគគោលនយោបាយការបរទេស និងជាអ្នកនិពន្ធសៀវភៅ «ការពឹងផ្អែកលើជំនួយនៅក្នុងប្រទេសកម្ពុជា៖ វិធីដែលជំនួយបរទេសធ្វើឲ្យលទ្ធិប្រជាធិបតេយ្យទន់ខ្សោយ» (Aid Dependence in Cambodia: How Foreign Assistance Undermines Democracy) លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា លោកយល់ស្របនឹងការរកឃើញនេះ ដែលលោកថាជារបកគំហើញសមហេតុផលមួយ។ លោកកត់សម្គាល់ថា កម្ពុជាជំពាក់បំណុលចិនសរុបដល់ទៅ ៤,៣ ពាន់លានដុល្លារ ឬស្មើនឹងជាង ២០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា ដែលនេះគឺជាចំនួនដ៏ច្រើនលើសលុប ដែលកម្ពុជាជំពាក់ម្ចាស់បំណុលតែមួយ គឺមហាអំណាចចិន។
យោងតាមទិន្នន័យស្ថិតិបំណុលសាធារណៈកម្ពុជា ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពនៅឡើយ គិតត្រឹមឆមាសទី១ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ បំណុលសាធារណៈសរុបដែលកម្ពុជា ជំពាក់បរទេស សម្រាប់បម្រើឲ្យការអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យអាទិភាពដទៃទៀត គឺមានចំនួនដល់ទៅជាង ៩ពាន់លានដុល្លារ (៩.២៩៥,២៦)។ ក្នុងចំណោមបំណុលសាធារណៈសរុបដែលកម្ពុជាជំពាក់បរទេសនេះ បំណុលដែលកម្ពុជា ជំពាក់ចិន មានចំនួនច្រើនជាងប្រទេសណាៗទាំងអស់ គឺស្មើនឹងដល់ទៅជិត ៤ពាន់លានដុល្លារ (៣.៩៩៥,១៥) ឬស្មើនឹង ៤២,៩៨% នៃបំណុលរដ្ឋសរុបទាំងមូលដែលជំពាក់បរទេស។ ទាំងនេះ នៅមិនទាន់រាប់បញ្ចូលបំណុលដទៃទៀតដែលវិស័យឯកជនកម្ពុជា ជំពាក់ចិន ដែលអាចនឹងកើនឡើងដល់ទៅរាប់ពាន់លានដុល្លារបន្ថែមទៀត។
ទិន្នន័យស្ថិតិបំណុលសាធារណៈកម្ពុជាដដែល ឲ្យដឹងដែរ ថាក្រៅពី ម្ចាស់បំណុលចិន កម្ពុជា នៅជាប់ជំពាក់បំណុលជប៉ុនជាង ១ពាន់លានដុល្លារ (១.០៣៣,៦៣ ស្មើនឹង ១១,១២%) កូរ៉េខាងត្បូងជាង ៦៨០ លានដុល្លារ (៦៨១,៧៥ ស្មើនឹង ៧,៣៣%) ព្រមទាំងប្រទេសដទៃទៀត ជាសមាជិកក្លឹប ប៉ារីស និងមិនមែនសមាជិកក្លឹប ប៉ារីស រួមមាន ប្រទេសបារាំង ថៃ ឥណ្ឌា ម៉ាឡេស៊ី និងវៀតណាម ជាដើម។ ដោយឡែក សម្រាប់ការខ្ចីបុលជាមួយម្ចាស់បំណុលពហុភាគីវិញ កម្ពុជាជំពាក់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាង ២ពាន់លានដុល្លារ (២.០៧៥,១៨ ស្មើនឹង ២២,៣៣%) ធនាគារពិភពលោក (WB) ជិត ៩៥០ លានដុល្លារ (៩៤៧,៨៧ ស្មើនឹង ១០,២០%) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ជាង ១២៥លានដុល្លារ (១២៦,៥១ ស្មើនឹង ១,៣៦%)។ ក្រៅពីនេះ កម្ពុជានៅជំពាក់បំណុលចាស់ពីសម័យសង្គ្រាមទសវត្សរ៍ទី៧០ និង៨០ ដែលបច្ចុប្បន្នមិនទាន់ដោះស្រាយរួច សរុបជាង ៦២០លានដុល្លារ (៦២០,០៥)។
បើទោះបីជាកម្ពុជាជំពាក់បំណុលបរទេសជុំទិសយ៉ាងនេះក្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការសន្និដ្ឋាន និងអះអាងនៅក្នុងព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់ខ្លួនដដែលនេះថា ផ្អែកតាមបទដ្ឋានបច្ចេកទេសអន្តរជាតិ ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្នមាន «ចិរភាព» និង «ហានិភ័យកម្រិតទាប» ឬក្នុងន័យម្យ៉ាងទៀតថា កម្ពុជានៅមានលទ្ធភាពអាចសងម្ចាស់បំណុលបាននៅឡើយ ហើយក៏នៅតែអាចបន្តខ្ចីបុលបរទេសបន្ថែមទៀតបាន។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី០២ មីនា បានថ្លែងការពារពីស្ថានភាពបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្ននេះ ដោយលោកអះអាងថា អត្រាបំណុលរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពដ៏ រឹងមាំ និងមិនមានបញ្ហាអ្វីជាដុំកំភួននោះឡើយ។ លោក ហ៊ុន សែន ថា នៅលើពិភពលោកនេះ គ្មានប្រទេសណាមួយដែលមិនជំពាក់បំណុលបរទេសនោះទេ។ លោកពន្យល់ថា តាមស្តង់ដារជាទូទៅនៃអនុបាតបំណុល ប្រទេសនីមួយៗ អាចខ្ចីបំណុលបានត្រឹម ៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈដែលអនុបាតបំណុលរបស់កម្ពុជា ដែលលទ្ធភាពត្រូវខ្ចីដល់ ៤០ភាគរយនេះ កម្ពុជាខ្ចីត្រឹមតែ ២២ភាគរយប៉ុណ្ណោះ ដែលនេះគិតបញ្ចូលទាំងបំណុលចាស់តាំងពីសម័យសង្គ្រាមផង។
សំឡេងលោក ហ៊ុន សែន៖
«ប្រទេសខ្លះ នៅក្នុងតំបន់របស់យើង ជំពាក់គេរហូតដល់១២០ភាគរយ ហើយប្រទេសខ្លះទៀត ជំពាក់គេរហូតដល់២០០ភាគរយ នៃអនុបាតបំណុលទៅហើយ។ សាកសួរប្រទេសបារាំងទៅមើល ប្រជាជនម្នាក់ជំពាក់គេជាង៥ម៉ឺនដុល្លារ ពួកប្រឆាំងស្អីឡើង កូនខ្មែរកើតឡើង ភ្លាមជំពាក់គេជាង២០០ដុល្លារ ប៉ុន្តែអាអ្នកនិយាយនោះ វានៅក្នុងប្រទេសមួយ ដែលមនុស្សកើតឡើងភ្លាម ជំពាក់គេជាង៥ម៉ឺនដុល្លារ តែវាអត់គិត វានឹកស្មានថាខ្មែរមិនចេះគិត។ ពលរដ្ឋអាមេរិកម្នាក់ ជំពាក់គេជាង៤ម៉ឺនដុល្លារ ឯយើងទើបនឹងប៉ុន្មានរយ តែយើងត្រូវតែបន្តការគ្រប់គ្រង យើងមានច្បាប់របស់យើងចង។ យើងសុខចិត្តធ្វើមុខក្រាសបន្តិចសោះ គឺសុំ ប៉ុន្តែសុំតែរបស់ណា ដែលយកមកបម្រើឲ្យជំរុញ នូវល្បឿននៃកំណើនសេដ្ឋកិច្ច»។
លោក ហ៊ុន សែន បន្ត ថាបើទោះជាសេដ្ឋកិច្ចកម្ពុជា បានឈានដល់កម្រិតមួយ ដែលត្រូវខ្ចីលុយពីបរទេស ក្នុងអត្រាការប្រាក់ពាណិជ្ជកម្មក៏ដោយ ប៉ុន្តែដៃគូអភិវឌ្ឍន៍នៅតែបន្តឲ្យកម្ពុជាខ្ចីក្នុងអត្រាការប្រាក់អនុគ្រោះ ឬហៅម្យ៉ាងទៀតថាឥណទានសម្បទានដដែល។
យ៉ាងណាក៏ដោយ ផ្ទុយពីការលើកឡើង និងថ្លែងការពាររបស់លោក ហ៊ុន សែន នេះ លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ពន្យល់ថា បើទោះជានិរន្តរភាពបំណុលរបស់កម្ពុជាជារួម នៅមិនទាន់អាក្រក់នៅឡើយក៏ដោយ ក៏ប៉ុន្តែ លោកថា កម្ពុជាជំពាក់បំណុលចិនតែឯងស្មើនឹង ២០%នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈដែលបំណុលដែលកម្ពុជាជំពាក់បរទេសសរុប ស្មើនឹង៣២% នៃផលិតផលក្នុងស្រុកសរុប (GDP)។ នេះមានន័យថា ៦២,៥%នៃបំណុលដែលកម្ពុជាជំពាក់បរទេសសរុប គឺសុទ្ធតែជាបំណុលដែលកម្ពុជាជំពាក់ចិន ដែលនេះគឺជាចំនួនខ្ចីបុលដ៏ច្រើនលើសលុប ស្ទើរតែមិនគួរឲ្យជឿ ស្តែងឲ្យឃើញពីការពឹងផ្អែកស្ទើរតែ ទាំងស្រុងទៅលើមហាអំណាចចិនតែមួយ។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ព្រមាន ថា ការណ៍ នេះអាចនឹងធ្វើឲ្យកម្ពុជា ផុងខ្លួនជំពាក់បំណុលមហាអំណាចចិន កាន់តែច្រើនមហាសាលចូលក្នុង អន្ទាក់បំណុលវ័ណ្ឌករបស់ចិន ហើយជាលទ្ធផល មហាអំណាចចិន អាចក្លាយជាម្ចាស់សម្រេចជោគវាសនារបស់កម្ពុជាតែម្ដង ឬហៅម្យ៉ាងទៀតថា កម្ពុជាក្លាយជាអាណាខេត្ត ឬបុត្រ សម្ព័ន្ធមួយរបស់មហាអំណាចចិន ក្រោមរូបភាពជាអ្វីមួយ ដែលលោកហៅថា ជាការដាក់នឹមត្រួតត្រាអាណានិគមក្នុងយុគសម័យទំនើប។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ពន្យល់បន្ត ថាកម្ពុជាមានអនុបាតបំណុល ៣២% ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ក៏ប៉ុន្តែលោកថា អនុបាតបំណុលនេះ នឹងខិតទៅកៀកនឹង ៤០% ធៀបនឹងផលិតផលដុលក្នុងស្រុកសរុប ដែលជា សញ្ញាប្រកាស អាសន្ន ប្រសិនបើសេដ្ឋកិច្ចកម្ពុជា ជួបនូវបញ្ហាណាមួយ ដែលនាំឲ្យមានការធ្លាក់ ចុះសេដ្ឋកិច្ច ឬប្រសិនបើបំណុលនោះ ចេះតែកើនឡើងខ្លាំងទៅៗយ៉ាងឆាប់រហ័សពេក ពោលគឺកើនឡើងច្រើនជាងកំណើនផលិតផលក្នុងស្រុកសរុប (GDP)នោះ។ លោកបន្ត ថាការកើនឡើងឆាប់រហ័សនៃការជាប់បំណុល គឺអាចធ្វើឲ្យកម្ពុជាមាន «ហានិភ័យ» ដែលជាការគួរឲ្យបារម្ភ។ លោកថា សហរដ្ឋអាមេរិក មានបំណុលជាង ១០៦% ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ខណៈជប៉ុន មានបំណុលដល់ទៅ ២៤៥% ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) ប៉ុន្តែភាគច្រើននៃបំណុលទាំងនេះ គឺពលរដ្ឋអាមេរិក និងជប៉ុន ជាអ្នកចាត់ចែង កាន់កាប់ និងចាយវាយបំណុលទាំងនោះដោយខ្លួនឯង។ ម៉្យាងវិញទៀត លោកថា គ្មាននរណាជឿ ថាសហរដ្ឋអាមេរិក ឬជប៉ុន អាចនឹងមិនមានលទ្ធភាពសងបំណុលដែលប្រទេសនេះជំពាក់គេនោះទេ ដោយសារហានិភ័យមានកម្រិតតិចតួចណាស់ ខណៈឯកម្ពុជា ធ្លាប់មានប្រវត្តិនៃការហាមប្រាមការចាយវាយប្រាក់កាស ដែលនេះជាមូលហេតុ ធ្វើឲ្យប្រាក់ដុល្លារត្រូវបានប្រើប្រាស់ជំនួសឲ្យប្រាក់រៀលក្នុងប្រទេសកម្ពុជា។
លោកសាស្ត្រាចារ្យបណ្ឌិត អៀ សុផល ផ្ដល់អនុសាសន៍ថា ប្រសិនបើកម្ពុជាចង់ជៀស ផុតពីបញ្ហាហានិភ័យបំណុលនេះ ហើយប្រសិនបើកម្ពុជា មិនចង់ក្លាយជាអាណាខេត្ត ឬបុត្រ សម្ព័ន្ធមួយរបស់ចិននោះទេ ជាការប្រសើរដែលកម្ពុជា ត្រូវធ្វើពិពិតកម្មម្ចាស់បំណុល ឬធ្វើការខ្ចីបុលពីម្ចាស់បំណុលចម្រុះ ដោយមិនត្រូវពឹងផ្អែកតែទៅលើម្ចាស់បំណុលតែមួយ លើសពី ៥០% នៃបំណុលរដ្ឋជំពាក់បរទេសសរុបនោះឡើយ។
របាយការណ៍មជ្ឈមណ្ឌលដើម្បីការអភិវឌ្ឍន៍សាកល (cgdev) បានដាក់ចំណាត់ថ្នាក់ប្រទេសចំនួន ៨ ថាងាយនឹងរង់គ្រោះបំផុត ឬមានហានិភ័យបំណុលខ្ពស់ ដោយសារគំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់មួយ វិថីមួយ» របស់មហាអំណាចចិន។ ប្រទេសទាំងនេះ រួមមាន ប្រទេស ជីប៊ូទី ម៉ាល់ឌីវ ឡាវ ម៉ុងតេណេក្រូ ម៉ុងហ្គោលី តាជីគីស្ថាន គឺហ្សីស្ថាន និងប៉ាគីស្ថាន។
បច្ចុប្បន្ន ដោយសារតែជំពាក់បំណុលចិនវ័ណ្ឌក មហាអំណាចចិន បានយកប្រទេសជីប៊ូទី ធ្វើជាមូលដ្ឋានយោធាក្រៅប្រទេសរបស់ខ្លួនដំបូងបង្អស់។ ប្រទេស ស្រីលង្កា ក៏ត្រូវ បាន ប្រែក្លាយ ពីការវិនិយោគរបស់ជនជាតិចិន មកជាការគ្រប់គ្រងដោយជនជាតិចិនជំនួសវិញ ដោយសារ តែប្រទេសនេះ បានធ្លាក់ខ្លួនផុងជ្រៅចូលក្នុងបំណុលវ័ណ្ឌក ជាមួយចិន ក្នុងតម្លៃទឹកប្រាក់រាប់ពាន់លានដុល្លារ។ ប្រទេសនេះ បានបង្ខំចិត្ត ដាក់លក់ភាគហ៊ុនចំនួន ៨៥ ភាគរយ នៃការ គ្រប់គ្រងកំពង់ផែអន្តរជាតិ ឈ្មោះ ហាមបានតូតា (Hambantota) របស់ខ្លួន ទៅឲ្យប្រទេសចិន គ្រប់គ្រង ជាថ្នូរនឹងការលុបចោលទឹកប្រាក់បំណុលចំនួន ១,១ ពាន់ លាន ដុល្លារ (១,១ ប៊ីលាន)៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment