Thursday, 8 March 2018

មន្រ្តី​សិទ្ធិមនុស្ស​ ថា​ លោក សម រង្ស៊ី គ្មាន​កំហុស ​ដោយ​គ្រាន់តែ​ទទួល​ស្គាល់​សិទ្ធិ​ជន​ជាតិ​ដើម


ដោយ ទិន ហ្សាការីយា
2018-03-07 
rfa
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page



អ្នក​ការពារ​សិទ្ធិមនុស្ស​លើក​ឡើង​ថា​ ការណ៍​ដែល​ លោក​ សម រង្ស៊ី ប្ដេជ្ញា​ពី​ការពារ​ជនជាតិ​ដើម​ភាគតិច​ នៅ​ភាគ​ឥសាន​នោះ គឺ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម។ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាជួយ​មេ​ដឹកនាំ​ជនជាតិ​ដើម​ភាគតិច​ (Degar)​ ដេកា​ ឬ​ហៅថា ​ម៉ុងតាញ៉ា​ កាល​ពី​ឆ្នាំ២០១៣ នៅ​សហរដ្ឋ​អាមេរិក​ លោក​ សម រង្ស៊ី​ ​លើក​ឡើង​ថា បើ​សិន​ជា​រដ្ឋាភិបាល​គណបក្ស​សង្រ្គោះជាតិ​ឈ្នះ​ឆ្នោត​ រដ្ឋាភិបាល​របស់​លោក​នឹង​គិតគួរ​ចំពោះ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងញ៉ា តាម​ការ​អនុញ្ញាត​របស់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏​ប៉ុន្តែ​របប​លោក​ ហ៊ុន សែន ចាត់​ទុក​ការ​សន្យា​របស់​លោក​ សម រង្ស៊ី​នេះ​ ថា​ក្បត់ជាតិ​ទៅ​វិញ​។



មន្រ្តី​ជាន់​ខ្ពស់​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក ​អំ សំអាត មាន​ប្រសាសន៍​ថា​ ការ​ចុះ​កិច្ច​ព្រមព្រៀង​រវាង​ លោក​ សម រង្ស៊ី ​នឹង​ប្រធាន​ជនជាតិ​ភាគ​តិច ដាកា​ផ្តល់​សិទ្ធិ​សេរី​ផ្នែក​សេដ្ឋកិច្ច ​សង្គម ​និង​វប្បធម៌​ ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតេញ៉ា នៅ​លើ​ទឹកដី​កម្ពុជា ​ក្នុង​ខែត្រ​ប៉ែក​ឦសាន​នោះ​ គ្មាន​អ្វី​ខុស​ឆ្គង​ទេ​ ពី​ព្រោះ​កម្ពុជា​បាន​ទទួល​ស្គាល់​សន្ធិសញ្ញា​ និង​អនុសញ្ញា​ស្ដី​ពី​ជន​ភៀស​ខ្លួន ទោះ​បី​ជា​អ្នក​ណា​ជា​អ្នក​ដឹកនាំ​ប្រទេស​ក៏​ត្រូវ​គិត​គួរ​ជូន​ជន​ភៀស​ខ្លួន និង​ត្រូវ​ការពារ​ជនជាតិ​ដើម​ភាគតិច​របស់​ខ្លួន​ដែរ៖។

ឧបករណ៍​បំពង​សំឡេង​របស់​លោក​នាយករដ្ឋ​មន្រ្តី ​ហ៊ុន សែន បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី៧ ខែមីនា​ ដោយ​ស្រង់​សំដី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​យុត្តិធម៌​ថា លោក​ សម រង្ស៊ី ​បាន​ប្រព្រឹត្តិ​អំពើ​ក្បត់ជាតិ ដែល​ហ៊ាន​កាត់​ខែត្រ​មួយ​ចំនួន​នៅ​ប៉ែក​​ឦសាន​ឲ្យ​វៀតណាម​គ្រប់គ្រង​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​ គឺ​ខែត្រ​មណ្ឌលគីរី​ រតនគីរី ​ក្រចេះ​ និង​ខែត្រ​ស្ទឹងត្រែង​។​ ទាំង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ​ខៀវ ​សុភ័ក​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​ លោក​ គឹម​ សន្តិភាព​ចោទ​លោក សម រង្ស៊ី​ថា​ បាន​ប្រព្រឹត្តិ​ទង្វើ​ក្បត់ជាតិ​ហើយ​ប្រឈម​នឹង​ការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ហើយ​ថា​ ក្រសួង​ទាំង​ពីរ​កំពុង​ចាត់​ការ​លើ​រឿង​នេះ​។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ លោក​ សម រម៉ុងតាញ៉ាង្ស៊ី ដើម្បី​ឆ្លើយ​តប​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ទាំង​ពីរ​នេះ​ បាន​នៅ​ឡើយ​ទេ​កាល​ពី​ថ្ងៃ​ទី៧ ខែមីនា។ ​ប៉ុន្តែ​ លោក​ (Kok Ksor) បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​។ ​លោក​បន្ត​ថា អ្វី​ដែល​មន្រ្តី​របប​លោក​ហ៊ុនសែន​លើក​ឡើង​នោះ​ វា​ជា​ការ​រំលោភ​ច្បាប់​គាំពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​។ ​

ក៏​ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​របស់​លោក​ សម រង្ស៊ី ​និង មេ​ដឹកនាំ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​ ឬ​ហៅថា​ Degar​ លោក  Kok Ksor  កាល​ពី​ថ្ងៃ​ទី១៤​មេសា​ឆ្នាំ២០១៣​នោះ មិន​បាន​សរសេរ​ឬ​ព្រមព្រៀង​ថា​ បាន​កាត់​ខែត្រ​ចំនួន​៤​ឲ្យ​វៀតណាម​គ្រប់គ្រង​ឡើយ​។ ផ្ទុយ​ទៅ​វិញ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ​ បាន​សសេរ​ថា​ អនាគត​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​សង្រ្គោះជាតិ​ នឹង​ដោះស្រាយ​បញ្ហា​របស់​ជនជាតិ​ដើម​ភាគ​តិច​ដាកា​ (Degar)​ ឬ​ម៉ុងតាញ៉ា​ នៅ​ក្នុង​ប៉ែក​​ឦសាន​ នៃ​ប្រទេស​កម្ពុជា ឲ្យ​ស្រប​តាម​សេចក្ដី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ​ ស្ដី​ពី​សិទ្ធិ​ជនជាតិ​ដើម ដែល​បាន​អនុម័ត​ក្នុង​មហាសន្និបាត​ថ្ងៃ​ទី១២​ ខែកញ្ញា​ឆ្នាំ២០១៧ ​ជា​ពិសេស​ដូច​មាន​ចែង​នៅ​ក្នុង​មាត្រា​៣ ​មាត្រា​​៤ និង​មាត្រា៥ ជាដើម​។​ ហើយ​ខ្លឹមសារ​នៃ​មាត្រា​ទាំង​នេះ​ ក៏​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ។​

មាត្រា៣​ចែងថា​ ជនជាតិ​ដើម​ភាគតិច មាន​សិទ្ធិ​ស័្វយ​សម្រេច​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​។ ​តាម​រយៈ​សិទ្ធិ​នេះ ពួក​គេ​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​បន្ត​អភិវឌ្ឍន៍​ខាង​សេដ្ឋកិច្ច ​សង្គមកិច្ច​ វប្បធម៌​របស់​ពួក​គេ​ដោយសេរី​។

នៅ​ក្នុង​វីឌីអូ​ឃ្លីប​ជាង​១នាទី​របស់​លោក ​សម រង្ស៊ី ​ដែល​គេ​យក​មក​ផ្សព្វផ្សាយ​នោះ លោក ​សម រង្ស៊ី​ មាន​ប្រសាសន៍​ថា ​នៅ​ពេល​គណបក្សសង្រ្គោះជាតិ​ឈ្នះឆ្នោត រដ្ឋាភិបាល​ថ្មី​របស់​លោក​ នឹង​ធានា​ដើម្បី​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​រស់នៅ​ដោយ​មាន​សេរីភាព​ ហើយ​ព្រៃ​ភ្នំ ​ដី​ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គាត់​កាន់​កាប់​យូរ​មក​ហើយ​នៅ​ខែត្រ​មួយ​ចំនួន​ភាគ​​ឦសាន​នោះ​ រដ្ឋបាល​ថ្មី​របស់​លោក នឹង​ដក​ហូត​ពី​អាជ្ញាធរ​ដែល​អភិវឌ្ឍន៍​រំលោភ​យក​ដី​របស់​ពួក​គាត់​នោះ ​ប្រគល់​ជូន​ពួក​គាត់​វិញ​។ ​

លោក ​អំ សំអាត ​អះអាង​ទៀត​ថា ​ជនជាតិ​ដើម​ភាគ​តិច​ដែល​រងគ្រោះ ដោយ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ឲ្យ​ក្រុមហ៊ុន​ឯកជន​អភិវឌ្ឍន៍​នោះ មិនមែន​តែ​ប៉ះពាល់​តែ​ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​ប៉ុណ្ណោះ​ទេ គឺ​ប៉ះពាល់​ដល់​ជនជាតិ​ដើម​ភាគតិច​ដ៏​ទៃ​ទៀត​ជា​ច្រើន​ទៀត ​ដែល​រស់​នៅ​តំបន់​ខែត្រ​ប៉ែក​​ឦសាន​ និង​រស់នៅ​តំបន់​ភ្នំ​ជា​ដើម​។ ​

ជនជាតិ​ដើម​ភាគ​តិច​ម៉ុងតាញ៉ា​មួយ​ចំនួន​បាន​ភៀស​ខ្លួន​មក​តាំង​ទី​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​យូរ​មក​ហើយ​ នៅ​ក្នុង​ខែត្រ​ភាគ​​ឦសាន​នៃ​ប្រទេស​កម្ពុជា ហើយ​បាន​បង្ក​បង្កើន​ផល​តាម​ទំនៀម​ទម្លាប់​មិន​ខុស​ពី​ជនជាតិ​ដើម​ភាគ​តិច​ដទៃ​ទៀត​នៅ​កម្ពុជា​ឡើយ។​ ចំពោះ​ម៉ុងតាញ៉ា​ ទើប​រត់​គេច​ពី​អាជ្ញាធរ​វៀតណាម​ចាប់​ខ្លួន​នោះ បាន​មក​រក​ទី​សុវត្ថិភាព​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ ក៏​ប៉ុន្តែ​ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់​ជញ្ជួន​ទៅ​វៀតណាម​វិញ​ជា​បន្ត​បន្ទាប់។ ​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ឲ្យ​របបលោកហ៊ុនសែន បញ្ឈប់​ការ​គំរាមកំហែង​តាមរយៈ​ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​ក្រុម​ជន​ជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។ នាយក​រង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​យូមែន រ៉ៃត៍ វ៉ច្ឆ ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មាន​ប្រសាសន៍​ថា "គ្មាន​កាលៈទេសៈ​ណា​ឡើយ​ដែល​ប្រទេស​កម្ពុជា ត្រូវ​បង្ខំ​ជន​ភៀស​ខ្លួន​ទាំងនេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម វិញ​ឡើយ ជា​ទី​ដែល​ពួកគេ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​សព្វ​បែប​យ៉ាង ដោយសារ​តែ​ហេតុផល​នយោបាយ និង​សាសនា"។ លោក លោក ហ្វីល រ៉ូប៊ឺតសុន បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​បង្ខំ​ជនជាតិ​ដើម​ភាគតិច​ម៉ុងតាញ៉ា ទាំង​នេះ​ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ នោះ​កេរ្តិ៍ឈ្មោះ​ប្រទេស​កម្ពុជា ដែល​ថា ប្រទេស​ឈាន​មុខ​ក្នុង​តំបន់​មួយ​ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ជនភៀសខ្លួន នឹង​ត្រូវ​បាត់បង់៕

No comments: