Saturday, 14 April 2018

មេធាវី​របស់​កាសែត​ ឌឹ ខេមបូឌា ដេលី​ ស្នើ​ឲ្យ​តុលាការ​ កោះហៅ​សារ​ព័ត៌មាន Fresh News


ដោយ មួង ណារ៉េត
2018-04-12

សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧។
RFA/Sorn Chanratha



សវនាការ​នៅ​ថ្ងៃ​ទី​១២ ខែ​មេសា​នេះ ដែល​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បរិហារកេរ្តិ៍ ដែល​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ​របស់​របប​លោក ហ៊ុន សែន ប្ដឹង​ម្ចាស់​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ត្រូវ​លើក​ពេល​ជាថ្មី​ម្ដង​ទៀត ដោយ​គ្មាន​កាលកំណត់ ក្រោយ​មេធាវី​ការពារ​សិទ្ធិ​របស់​កាសែត​ខេមបូឌា ដេលី ស្នើ​ឲ្យ​កោះហៅ​ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ឈ្មោះ​ហ្វ្រេសញូវ (Fresh News) មក​បំភ្លឺ​ក្នុង​រឿង​នេះ។ ប្រព័ន្ធ​ឃោសនា​របស់​លោក ហ៊ុន សែន ឈ្មោះ ហ្វ្រេសញូវ នេះ ត្រូវ​បាន​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​អន្តរជាតិ កាលពី​ឆ្នាំ​២០១៧ ឲ្យ​ឈ្មោះថា ជា​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ ដ៏​ធំ​ជាងគេ​មួយ ក្នុងចំណោម​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ឯទៀត នៅ​កម្ពុជា។



មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​ពីរ​រូប ដែល​ការពារ​សិទ្ធិ​ឲ្យ​ម្ចាស់​ខេមបូឌា ដេលី លោក សេក សោភ័ណ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃទី​១២ ខែ​មេសា ថា ចៅក្រម​ជំនុំជម្រះ ត្រូវ​ការ​ពេលវេលា​បន្ថែម ដើម្បី​ពិភាក្សា​ទៅ​នឹង​សំណើ សុំ​កោះហៅ​កាសែត ហ្វ្រេសញូវ នេះ។

ឯកសារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ដែល​អះអាង​ថា កាសែត ខេមបូឌា ដេលី ជំពាក់​ពន្ធ​រដ្ឋ​រហូត​ដល់ ៦.៣ លាន​ដុល្លារ ត្រូវ​បាន​កាសែត ហ្វ្រេសញូវ នេះ យក​មក​ចុះផ្សាយ នៅ​ថ្ងៃទី៤ ខែ​សីហា ឆ្នាំ ២០១៧ ហើយ​បាន​អះអាង​ថា បាន​មក​ពី​ទំព័រ​ហ្វេសប៊ុក​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ូ ច័ន្ទឫទ្ធិ។

ការ​លើកឡើង​បែបនេះ ត្រូវ​បាន​លោក អ៊ូ ច័ន្ទឫទ្ធិ បដិសេធ​ភ្លាមៗ នៅ​ថ្ងៃ​ដដែល​នោះ ដោយ​លោក​អះអាង​ថា មាន​ជនខិលខូច​លួច​ប្រើ​គណនី​ទំព័រ​ហ្វ៊េសបុក​របស់​លោក ដើម្បី​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ដែល​កាសែត ហ្វ្រេសញូវ យក​ទៅ​ផ្សាយ​បន្ត​នេះ។ លោក អ៊ូ ច័ន្ទឫទ្ធិ នៅ​ពេល​នោះ បាន​បញ្ជាក់​ថា រាល់​ការ​ចុះផ្សាយ​នៅ​លើ​ហ្វេសប៊ុក​លោក​នោះ គឺ​លោក​មិន​ទទួលខុសត្រូវ​នោះ​ឡើយ។

ទោះជា​យ៉ាង​នេះ​ក្តី រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន ឈ្មោះ ហ្វ្រេសញូវ នេះ នៅតែ​បន្ត​ចុះផ្សាយ​អត្ថបទ​បែក​ធ្លាយ​នោះ​ដដែល។

ចំណែក​ឯ​ម្ចាស់​សារព័ត៌មាន ខេមបូឌា ដេលី អ្នកស្រី ដេប្រា គ្រីស័រស្ទាល (Deborah Krisher-Steele) ក៏​ជំទាស់​ទៅ​នឹង​ការ​យក​ព័ត៌មាន​សម្ងាត់ ពាក់ព័ន្ធ​នឹង​រឿងរ៉ាវ​ឯកជន អំពី​ពន្ធដារ​របស់​សារព័ត៌មាន​អ្នកស្រី ទៅ​ចុះផ្សាយ​ជា​សាធារណៈ ទាំង​ម្ចាស់​ខ្លួន មិន​អនុញ្ញាត និង​មិន​ដឹង​មុន​យ៉ាង​ដូច្នេះ​នោះ​ដែរ។ នៅ​ចុងខែ​សីហា ឆ្នាំ​២០១៧ អ្នកស្រី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ដោយ​ចង្អុល​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធដារ ទទួលខុសត្រូវ ចំពោះ​ការ​បែក​ធ្លាយ​ឯកសារ​សម្ងាត់​នេះ។ អ្នកស្រី​ចាត់​ទុក​ការ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ឯកសារ​ផ្ទៃក្នុង​បែបនេះ គឺជា​ចេតនា​នយោបាយ ដើម្បី​ជា​លេស​ក្នុង​ការ​បិទ​សារព័ត៌មាន​របស់​អ្នកស្រី។

ការ​ថ្លែង​បែប​នេះ ត្រូវ​បាន​ខាង​អគ្គនាយកដ្ឋាន​ពន្ធដារ ប្ដឹង​អ្នកស្រី ដេប្រា គ្រីស័រស្ទាល ពី​បទ​បរិហារកេរ្តិ៍។

មួយ​ខែ​ក្រោយ​ការ​លេច​ធ្លាយ​ព័ត៌មាន អំពី​ការចោទប្រកាន់ ជុំវិញ​ការ​ជំពាក់​ពន្ធ​រដ្ឋ​នេះ កាសែត ឌឹ ខេ​មបូឌា ដេលី ដែល​ជា​សារព័ត៌មាន​ឯករាជ្យ ហ៊ាន​ផ្សាយ​រិះគន់​ចំៗ អំពី​ភាព​អសកម្ម​របស់​របប​លោក ហ៊ុន សែន ត្រូវ​បង្ខំចិត្ត​ឈប់​ដំណើរការ​នៅ​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០១៧ បន្ទាប់ពី​ខ្លួន​បាន​បើក​ដំណើរការ​ចំនួន ២៤​ឆ្នាំ និង​១៥​ថ្ងៃ នៅ​ប្រទេស​កម្ពុជា​រួចមក។

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក ហ៊ុន សែន បាន​ប្រើប្រាស់​មធ្យោបាយ​គ្រប់បែប​យ៉ាង ដូចជា​ការ​ប្រើ​អំពើ​ហិង្សា ការ​បំភិតបំភ័យ និង​ការ​បិទ​ស្ថាប័ន​ព័ត៌មាន ក្នុង​គោលដៅ​បំបិទ​សំឡេង​រិះគន់ ដើម្បី​ធានា​ថា ខ្លួន​នឹង​ឈ្នះ​ការ​បោះឆ្នោត​ជាតិ នៅ​ឆ្នាំ​កក្កដា ២០១៨ ខាងមុខ។

សំណុំ​រឿង​នេះ ត្រូវ​បាន​លើក​ពេល​ម្ដង​រួច​មក​ហើយ កាលពី​ថ្ងៃទី២២ ខែ​មីនា កន្លង​ទៅ​នេះ។

ជាទូទៅ រឿង​ក្តី​ដែល​ពាក់ព័ន្ធ នឹង​ករណី​ដែល​មជ្ឈដ្ឋាន​ទូទៅ ចាត់ទុកថា ជា​រឿង​នយោបាយ​បែបនេះ ភាគី​ក្នុង​រឿង​ក្តី ដែល​រង​បណ្ដឹង​ចោទប្រកាន់​ពី​អ្នក​កាន់​អំណាច ឬ​អាជ្ញាធរ ដូច​ក្នុង​ករណី​កាសែត ខេមបូឌា ដេលី នេះ​ជាដើម ច្រើនតែ​ចាញ់​ក្តី៕

2 comments:

Anonymous said...

The Cambodia Daily = Independent News vs. Fresh News = Fake or Fabricated News
Fresh News = Fake or Fabricated News is only good in cowardly attacks.

Anonymous said...

The evil Vietnam has presented a devil one eye monster Hun Sen for Khmer people to solve.

This heartless airhead Hun Sen was never afraid to smash ANYTHING - Khmer people's life, Khmer's natural resource, Khmer's territorial integrity - that posed a threat to his undeserved power.

What should Khmer people do?

If Khmer people really love Cambodia, they should rise up by mounting a sustained nationwide peaceful demonstration demanding for the REINSTATEMENT of the CNRP and its reintegration in this upcoming election. The election is the only means that Khmer people can disrupt Vietnam's plan to swallow Cambodia.

If Khmer people opt to sleep by staying quite during this most critical time, they should not regret and cry later when the Vietnamization of Cambodia is completed in the near future.

Bun Thoeun