ដោយ មាន ឫទ្ធិ
2018-05-14

ព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី។
Photo: RFA
ប្រជារាស្ត្រ និងអ្នកវិភាគ នាំគ្នាថ្វាយព្រះពរព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី មានព្រះជន្មាយុយឺនយូរ និងសូមឱ្យទ្រង់មានអំណាចពេញលេញ ដើម្បីជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ ដែលធ្វើឱ្យប្រជារាស្ត្រ និងសហគមន៍អន្តរជាតិ កំពុងមានក្តីព្រួយបារម្ភយ៉ាងខ្លាំង។ ក្តីប្រាថ្នានេះ ធ្វើឡើងក្នុងឱកាសព្រះរាជពិធីព្រះជន្មាយុព្រះអង្គ។
នៅតាមស្ថាប័ន និងគ្រឹះស្ថានសាធារណៈក្នុងរាជធានីភ្នំពេញ ភាគច្រើនបានដាក់តាំងព្រះ ឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ដោតទង់ជាតិ ទង់ជ្វាលា និងពាក្យស្លោកដែលមានន័យថ្វាយព្រះពរក្នុងថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មាយុព្រះអង្គ។ នៅថ្ងៃទី១៤ ខែឧសភា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហ មុនី មានព្រះជន្មាយុគម្រប់ ៦៥ព្រះវស្សា យាងចូល ៦៦ព្រះវស្សា។
ព្រះអង្គត្រូវពលរដ្ឋខ្មែរដែលគោរពស្រឡាញ់ចាត់ទុកជាព្រះមហាក្សត្រ ដែលមានព្រះទ័យស្លូតបូត មានព្រហ្មវិហារធម៌ និងជាព្រះមហាក្សត្រគោរពសាសនា។ យ៉ាងណា ក៏មានពលរដ្ឋជាច្រើន ប្រាថ្នាអោយព្រះអង្គមានមានអំណាចព្រះរាជសកម្មភាពក្លៀវក្លាដូចព្រះបិតា និងអង្គព្រះមហាក្សត្រមុនៗ។
និស្សិតផ្នែកវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា យុវជន បង ដេត បានថ្វាយព្រះពរដល់ព្រះមហាក្សត្រ ឱ្យមានព្រះរាជសុខភាពល្អ និងធ្វើជាអាជ្ញាកណ្ដាល ជួយអន្តរាគមន៍ដោះស្រាយ បញ្ហានយោបាយ បន្ទាប់ពីគណបក្សប្រឆាំង ត្រូវបានរំលាយចោលដោយរបបលោកហ៊ុន សែន។
យុវនិស្សិតរូបនេះ ក៏មើលឃើញដែរថា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មនេះ គឺមានសារលិខិតថា្វយព្រះពរព្រោងព្រាតពីអ្នករាជការខ្មែរនៅតាមប្រព័ន្ធឃោសនានៃរបបលោក ហ៊ុន សែន ប៉ុន្តែសម្រាប់ការងារជាក់ស្ដែងវិញ ពួកអ្នករាជការមួយចំនួន មិនសូវផ្ដល់តម្លៃដល់អង្គព្រះមហាក្សត្រឡើយ ប្រហែលជាដោយសារព្រះអង្គមិនមានអំណាចដូចលោក ហ៊ុន សែន។ «»
ព្រះរាជពិធីបុណ្យចំរើនព្រះជន្មព្រះមហាក្សត្រ ត្រូវប្រារព្ធធ្វើឡើយចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា រៀងរាល់ឆ្នាំ ប៉ុន្តែប្រជារាស្ត្រខ្មែរភាគច្រើននៅតាមទីជនបទ និងនៅទីក្រុងមួយចំនួន មិនសូវបានដឹងអំពីព្រះរាជពិធីនេះឡើយ ដោយសារពួកគេជាប់រវល់រកស៊ី ហើយអាជ្ញាធរមូលដ្ឋាន មិនសូវខ្វាយខ្វល់ក្នុងការរៀបចំដាក់តាំងព្រះឆាយាល័ក្ខណ៍ព្រះអង្គនោះទេ។
ប្រជាពលរដ្ឋផ្សេងទៀត ក៏ចង់ឃើញព្រះមហាក្សត្រ ជួយដោះស្រាយបញ្ហានយោបាយដែរ ខណៈ ដែលប្រទេសកម្ពុជា កំពុងធ្លាក់ផុងជ្រៅក្នុងជម្លោះនយោបាយ ដែលធ្វើឱ្យសន្តិភាព មានភាពផុយស្រួយបំផុត។
ព្រះបាទ នរោត្តម សីហមុនី ទ្រង់ប្រសូតនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ។ ព្រះអង្គជាព្រះរាជបុត្រារបស់ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ។
ក្នុងប្រវត្តិនៃការសិក្សារបស់ព្រះអង្គបង្ហាញថា ព្រះអង្គមានជំនាញខាងផ្នែកសិល្បៈ របាំ ដូរ្យតន្ត្រី ល្ខោន និងភាពយន្ត។ ព្រះអង្គទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីទីក្រុងប្រាគ (Prague) ក្នុងប្រទេសឆេកូ (Czech Republic)។
ព្រះអង្គធ្លាប់ត្រូវបានជ្រើសតាំងជាឯកច្ឆន្ទ ជាតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងគង់ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជា ប្រចាំអង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃអង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) រួមនឹងស្នាព្រះហស្តជាច្រើនទៀត។ ក្រៅពីភាសាជាតិ ព្រះអង្គចេះភាសាបារាំង ភាសាឆេក និងភាសាអង់គ្លេស។ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ ជ្រើសរើសជាឯកច្ឆន្ទ ជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីថ្វាយព្រះពរព្រះមហាក្សត្រ មានព្រះជន្មាយុយឺនយូរ និងព្រះរាជសុខភាពបរិបូរនោះ ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ថ្លែងថា តាមការសង្កេតកន្លងមក គឺព្រះអង្គបានបំពេញព្រះរាជតួនាទី បានល្អច្រើនហើយ ដូចជាវិស័យមនុស្សធម៌ សង្គម និងវិស័យសិល្បៈ ប្រពៃណី វប្បធម៌ ជាដើម ប៉ុន្តែពុំសូវឃើញព្រះអង្គ លេចធ្លោក្នុងរឿងនយោបាយ ឬដោះស្រាយបញ្ហានយោបាយនោះឡើយ។ លោក ហង្ស វិទូ បន្តថា ថ្វីដ្បិតតែព្រះអង្គសោយរាជ្យ តែមិនកាន់អំណាចក្តី ប៉ុន្តែ ព្រះអង្គមានព្រះរាជតួនាទីសំខាន់ក្នុងការធានាដល់សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសុខដុមរមនារបស់ប្រទេសកម្ពុជា។ ប៉ុន្តែ ការណ៍ដែលព្រះអង្គ មិនសូវបានបំពេញព្រះរាជសកម្មភាពដូចព្រះបិតាព្រះអង្គនោះ អាចមានមូលហេតុនយោបាយនៅខាងក្រោយ ដែលមិនអាចអោយព្រះអង្គបំពេញព្រះរាជសកម្មភាពបានតាមទឹកព្រះទ័យព្រះអង្គ។ «»
ទន្ទឹមគ្នានេះ លោក ហង្ស វិទូ បានទូលស្នើព្រះមហាក្សត្រ ជួយគង់ធ្វើជាម្លប់ដែលត្រជាក់ពិតៗដល់ប្រជានុរាស្ត្រ និងស្នើសុំអោយព្រះអង្គជួយមានព្រះរាជអន្តរាគមន៍ដោះស្រាយការជាប់គាំងនយោបាយនាពេលបច្ចុប្បន្ននេះ។ «»
នៅក្នុងសារលិខិតថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងព្រះរាជពិធីចម្រើនព្រះជន្ម ទាំងអ្នកនយោបាយ ទាំងមន្ត្រីរបបលោក ហ៊ុន សែន បានថ្វាយព្រះពរព្រះអង្គក្នុងព្រះនាមជាព្រះមហាក្សត្រដែលមានព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ ហើយដែលបានរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ។
ទោះយ៉ាងណាក្តី ប្រជាពលរដ្ឋ និងអ្នកវិភាគឯករាជ្យមួយចំនួនទៀត កត់សម្គាល់ថា រយៈពេលជាង១០ឆ្នាំ នៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះអង្គមិនទាន់បានសម្រេចជាសមិទ្ធផលធំធេងណាមួយជូនប្រជារាស្ត្រនៅឡើយទេ។ ពួកគេយល់ថា បញ្ហានេះគឺដោយសារតែរបបលោក ហ៊ុន សែន បានយកអង្គព្រះមហាក្សត្រ ធ្វើជាឧបករណ៍នយោបាយ ផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលបានចែងថា ព្រះមហាក្សត្រមានតួនាទីជាអាជ្ញាកណ្ដាល៕
No comments:
Post a Comment