Tuesday, 15 May 2018

គណបក្ស​ចំនួន​៤​ត្រូវ​បាន​គ.ជ.ប​ទទួល​ស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃ​បិទ​បញ្ចប់​ការ​ចុះ​បញ្ជី


ដោយ មួង ណារ៉េត
2018-05-14 

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។

Photo: RFA



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ប្រកាស​ថា នៅ​ថ្ងៃ​ចន្ទ ទី​១៤ ឧសភា ដែល​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ មាន​តែ​គណបក្ស​ចំនួន ៤ ទេ ដែល​គ.ជ.ប​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ ខណៈ​គណបក្ស​មួយ​ចំនួន​ទៀត កំពុងតែ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឯកសារ បន្ទាប់ពី​បាន​ចុះបញ្ជី​រួចរាល់។ មន្ត្រី​ជាន់ខ្ពស់​គ.ជ.ប​ឲ្យ​ដឹង​ថា គ.ជ.ប​បាន​សម្រេច​ពន្យារ​ពេល ៥​ថ្ងៃ​ទៀត សម្រាប់​គណបក្ស​ដែល​ត្រូវ​បំពេញបែបបទ​បន្ថែម ដើម្បី​ទទួល​បាន​ការ​ទទួល​ស្គាល់​ពី​គ.ជ.ប ជា​ផ្លូវការ។



សហគមន៍​អន្តរជាតិ និង​សង្គម​ស៊ីវិល នៅតែ​ទាមទារ​ឲ្យ​របប​លោក ហ៊ុន សែន បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ អាច​ចូលរួម​ការបោះឆ្នោត បើ​ពុំនោះសោត​ទេ ការបោះឆ្នោត​នា​ពេល​មុខ នឹង​គ្មាន​ការ​ទទួលស្គាល់​ឡើយ។

ការចុះបញ្ជី​គណបក្ស​នយោបាយ សម្រាប់​ចូលរួម​ប្រកួតប្រជែង ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ត្រូវ​បាន​បិទ​នៅ​ថ្ងៃទី១៤ ខែ​ឧសភា​នេះ វេលា​ម៉ោង ៥:៣០ ល្ងាច បន្ទាប់ពី​បាន​បើក​ទទួល​ពាក្យ តាំងពី​ថ្ងៃទី៣០ ខែ​មេសា​មក។

អ្នកនាំពាក្យ​គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍ថា នៅ​ថ្ងៃ​ចុងក្រោយ​នេះ មាន​គណបក្ស​ចំនួន ២០ បាន​ចុះបញ្ជី​រួចរាល់ ប៉ុន្តែ​មានតែ​គណបក្ស​ចំនួន​៤​ប៉ុណ្ណោះ ដែល​គ.ជ.ប បាន​ទទួល​ស្គាល់​ជា​ផ្លូវការ។ ចំណែក​គណបក្ស​ចំនួន ១៦​ទៀត កំពុងតែ​ពិនិត្យ​ឯកសារ។ លោក​បន្ត​ថា គ.ជ.ប បាន​សម្រេច​ទុក​ពេល ៥​ថ្ងៃ​ទៀត សម្រាប់​គណបក្ស​ទាំង​១៦ បំពេញ​បែបបទ​បន្ថែម។ «»

គណបក្ស​៤ ដែល​ត្រូវ​បាន​ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ ដោយ គ.ជ.ប ក្នុង​នោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គណបក្ស​យុវជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញឹក ប៊ុនឆៃ ដែល​ទើប​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ប៉ុន្មាន​ថ្ងៃ កន្លង​ទៅ​នេះ។

លោក ហង្ស ពុទ្ធា បញ្ជាក់​ថា សម្រាប់​គណបក្ស​ផ្សេងទៀត ដែល​មិន​បាន​ចុះបញ្ជី តាម​ការកំណត់​របស់​គ.ជ.ប គឺ​មិន​មានឱកាស បាន​ចូលរួម​ប្រកួតប្រជែង ការ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ឡើយ។

គណបក្ស​នយោបាយ ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ រហូត​មក​ដល់​ពេល​នេះ មាន​ចំនួន​៤១ ប៉ុន្តែ​មិនបាន​ចុះបញ្ជី​នៅ​គ.ជ.ប ទាំងអស់​នោះ​ទេ។ ក្នុងចំណោម​គណបក្ស​នយោបាយ ទាំង ៤១ នេះ គឺ​គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះជាតិ​ទេ ដោយសារតែ​របប​លោក ហ៊ុន សែន បាន​រម្លាយ​គណបក្ស​នេះ​ចោល កាលពី​ខែ វិច្ឆិកា ឆ្នាំ ២០១៧ កន្លង​ទៅ​នេះ និង​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ចំពោះ​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង ៥៥ រូប និង​មន្ត្រី​ជាន់ខ្ពស់ ដែល​ជា​ក្បាលម៉ាស៊ីន​បក្ស​ប្រឆាំង​នេះ​សរុប ១១៨ រូប​ឯណោះ។ ប្រការ​នេះ ធ្វើ​ឲ្យ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បន្ត​អំពាវនាវ កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៅ​បោះឆ្នោត​ឲ្យ​សោះ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គណបក្ស​នយោបាយ​យ៉ាងហោចណាស់ ៥ បាន​ប្រកាស​ធ្វើ​ពហិការ មិន​ចូលរួម​ការ​បោះ​ខាងមុខនេះ​ទេ។ គណបក្ស​ដែល​ប្រកាស​មិន​ចូលរួម ការបោះឆ្នោត​ទាំងនោះ រួមមាន គណបក្ស​អំណាច​ខ្មែរ គណបក្ស​ភ្លើងទៀន (​ដែល​កើត​ចេញ​ពី​គណបក្ស សម រង្ស៊ី) គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ គណបក្ស​សិទ្ធិមនុស្ស (របស់​លោក កឹម សុខា កាលពីមុន​) និង គណបក្ស​ជាតិនិយម។ មូលហេតុ​នៃ​ការប្រកាស​ធ្វើ​ពហិការ​នេះ រួមមាន ការចោទប្រកាន់ ថា គ.ជ.ប​ថា មិន​ឯករាជ្យ ហើយ​ធ្វើ​ការ​មិន​បាន​ល្អ និង​ស្ថានភាព​នយោបាយ​ច្របូកច្របល់ គ្មាន​ការ​ដោះស្រាយ ឬ​បើ​ចូលរួម​បោះឆ្នោត គឺ​គ្រាន់តែ​មក លម្អ​ឆាកល្ខោន ឲ្យ​របប​ផ្ដាច់ការ​រៀបចំ​ការ បោះឆ្នោត​ក្លែងក្លាយ ដើម្បី​បន្ត​កាន់អំណាច​របស់​ខ្លួន​តែប៉ុណ្ណោះ ជាដើម។

ទន្ទឹម​គ្នា​នេះ សហគមន៍​អន្តរជាតិ និង​សង្គម​ស៊ីវិល ក៏​នៅតែ​អំពាវនាវ​ឲ្យ​គ.ជ.ប និង​របប​លោក​ហ៊ុន សែន បើកផ្លូវ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​ការបោះឆ្នោត បើ​ពុំនោះ​លទ្ធផល​ឆ្នោត​នឹង​គ្មាន​ការ ទទួលស្គាល់​ជា​ផ្លូវការ​ឡើយ ទោះបី​ជា​មាន​គណបក្ស​នយោបាយ​តូចៗ​ចូលរួម​ច្រើន​ក្តី។

មន្ត្រី​ផ្នែក​អង្កេត​ជាន់ខ្ពស់​របស់​អង្គការ ខុមហ្រែ​ល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា ការ​ទុក​ពេល​៥​ថ្ងៃ​សម្រាប់​គណបក្ស ដែល​បាន​ចុះ​បញ្ចី តែ​មិនទាន់​បំពេញ​ឯកសារ​គ្រប់គ្រាន់​នេះ គឺ​មិនមែន​ជា​រឿង​ថ្មី និង​គ្មាន​បញ្ហា​ឡើយ ប៉ុន្តែ​សម្គាល់​ឃើញ​ថា គណបក្ស​ដែល​បាន​ចុះ​បញ្ជី​ទាំងនេះ មិន​មាន​កម្លាំង ស្មើ​ជាមួយ​គណបក្ស​កាន់អំណាច​នោះ​ឡើយ។ «»

អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែងប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា គ.ជ.ប គួរតែ​ធ្វើ​អ្វី​តាមតែ​ខ្លួន​អាច​ធ្វើ​ទៅ​បាន ដើម្បី​ឲ្យ​គណបក្ស​នយោបាយ​ទាំងអស់​ចុះឈ្មោះ និង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត ស្រប​ជាមួយ​នឹង​គោលការណ៍​សិទ្ធិមនុស្ស ដែល​ចែងថា​ប្រជាជន​មាន​សិទ្ធិ​ចូលរួម​ក្នុង​រដ្ឋាភិបាល និង​ជ្រើសរើស​មេដឹកនាំ​របស់​ពួកគេ​។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ឈ្នះ​ជាង ៤៤ ភាគរយ​នៃ​សំឡេងឆ្នោត សរុប​នៅ​ក្នុង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ កាលពី​ឆ្នាំទៅ ក៏ប៉ុន្តែ​ត្រូវ​បាន​រំលាយ​ដោយ​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌ ។ ទោះបីជា​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​គណបក្ស តូចៗ​ចូលរួម​ច្រើន​ប៉ុនណា​ក៏ដោយ​ក៏​មិន​អាច​ស្តារ​ការ​ទទួល​ស្គាល់​ចំពោះ​ការ​បោះឆ្នោត​ដែល​ហាម​គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ចូលរួម​នេះ​ដែរ។

លោក​បន្ត​ថា៖ «លោក ហ៊ុន សែន បាន​ឈ្នះ​ការបោះឆ្នោត​រួចទៅ​ហើយ នៅ​ពេល​ដែល​លោក​បាន​សម្រេចចិត្ត​ចាប់ខ្លួន​លោក កឹម សុខា ក្រោម​បទល្មើស​មិន​ពិត និង​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ ។ អំណាច​ស្ថិត​នៅ​ក្នុង​ដៃ​របស់​គណបក្ស​ប្រជាជន​រួច​ទៅ​ហើយ។ អ្វី​ដែល​គណបក្ស​នេះ​ត្រូវការ​នៅ​ពេល​នេះ គឺ​រូបភាព «រដ្ឋាភិបាល​ប្រជាធិបតេយ្យ»។ បញ្ហា​ពិតប្រាកដ​សម្រាប់​លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​ការ​ធ្វើ​ឲ្យ​ប្រាកដ​ថា ការបោះឆ្នោត​នៅ​ខែ កក្កដា ខាងមុខ​មើល​ទៅ​មាន​សភាព​ល្អ ហើយ​ទំនងជា​លោក​គិត​ថា គណបក្ស​នយោបាយ​ចូលរួម​កាន់តែ​ច្រើន កាន់តែ​ធ្វើ​ឲ្យ​ការបោះឆ្នោត​ទទួល​បាន​ការ​ទទួល​ស្គាល់ ពី​សំណាក់​ពិភពលោក​ខាងក្រៅ»៕

1 comment:

Anonymous said...

Hang Rork Puthor