Thursday, 31 May 2018

អ្នក​ឃ្លាំមើល​ភ្ញាក់ផ្អើល​ចំពោះ​សារ​ព្រមាន​អ្នក​មិន​ទៅ​បោះឆ្នោត​ប្រើ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ម្រាមដៃ


Khmer Circle: Forcing people to go and vote, threatening corporate sanctions if they fail to turn up on voting day etc. are already in themselves grievous violations of people's constitutional-civil rights.


&&&

ដោយ មាន ​ឫទ្ធិ
rfa  
ពលរដ្ឋ​ជ្រលក់​ទឹក​ខ្មៅ​ម្រាមដៃ​ក្រោយ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
ពលរដ្ឋ​ជ្រលក់​ទឹក​ខ្មៅ​ម្រាមដៃ​ក្រោយ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ នា​មណ្ឌល​បោះឆ្នោត​មួយ ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA



សង្គម​ស៊ីវិល​ឃ្លាំមើល​ដំណើរការ​បោះឆ្នោត សម្ដែង​ការ​ភ្ញាក់ផ្អើល​ចំពោះ​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព ដែល​ព្រមាន​ចាត់​វិធានការ ទៅ​លើ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដែល​គ្រោង​នឹង​ប្រើ​ទឹក​ថ្នាំ​ខ្មៅ​ជ្រលក់​ម្រាមដៃ​ដោយ​ខ្លួនឯង ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​ដឹង​ថា ពួកគេ​មិនបាន​ទៅ​បោះឆ្នោត និង​ដើម្បី​បញ្ចៀស​ពី​ការ​ធ្វើទុក្ខបុកម្នេញ ឬ​សងសឹក​ណាមួយ​ពី​អាជ្ញាធរ​របប​លោក ហ៊ុន សែន។ អ្នក​ជំនាញ​ចាត់​ទុក​សារ​របស់​លោក គឹម សន្តិភាព នេះ អាច​ជា​ករណី​គំរាមកំហែង​ថ្មី​បន្ថែម​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត ហើយ​មិន​ចង់​ទៅ​បោះឆ្នោត។



មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស រិះគន់​ថា ការ​បញ្ចេញ​សារ​របស់​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូប​នេះ អាច​ជា​ចេតនា​នៃ​ការ​គំរាមកំហែង​ដល់​ពលរដ្ឋ​ទន់ខ្សោយ ដែល​ចង់​អនុវត្ត​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​មិន​ទៅ​បោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ខាងមុខនេះ។ លោក កន សាវាង្ស សង្កត់​ធ្ងន់ៗ​ថា នៅ​មិន​ទាន់​មាន​ច្បាប់​ណា ដែល​ចែង​កំណត់​អំពី​ទោស​ទណ្ឌ​ព្រហ្មទណ្ឌ ចំពោះ​អ្នក​ទាំងឡាយ​ណា​ដែល​គ្រាន់តែ​ជ្រលក់​ទឹកខ្មៅ​នៅ​ម្រាមដៃ​របស់​ពួកគេ​ដោយ​ខ្លួនឯង។ លោក​ថា ការបោះឆ្នោត គឺជា​ការប្រើប្រាស់​សិទ្ធិ​របស់​អ្នក​បោះឆ្នោត ហើយ​ថា​ការ​ប្រើ​សិទ្ធិ​នោះ​រួមមាន​សិទ្ធិ​ក្នុង​ការ​សម្រេចចិត្ត​ដោយ​ខ្លួនឯង ថា​តើ​ត្រូវ​ទៅ​បោះឆ្នោត ឬ​មិន​ទៅ​បោះឆ្នោត។ ដោយឡែក លោក​ថា រឿង​ជ្រលក់​ម្រាមដៃ ក៏​ជា​ផ្នែក​មួយ​ស្ថិត​ក្នុង​ការសម្រេចចិត្ត​របស់​ពលរដ្ឋ​ខ្លួនឯង​ដែរ៖ «បើសិនជា​មិន​មាន​ចំណុច​ដែល​បញ្ជាក់​ឲ្យ​ច្បាស់លាស់​អំពី​ហេតុផល ថា​តើ​ការ​ជ្រលក់​ម្រាមដៃ​នោះ មានទោស​ព្រហ្មទណ្ឌ ឬក៏​ដោយ​ប្រការ​ណាមួយ​ឲ្យ​បាន​ត្រឹមត្រូវ ហ្នឹង​វា​ជា​ការ ហាក់​ដូច​ជា​សារ​ហ្នឹង បង្ហាញ​នូវ​លក្ខណៈ​នយោបាយ​ទៅវិញ។ ដូច្នេះ វា​ហាក់​ដូច​ជា​ការ​បង្ហាញ​លក្ខណៈ​នយោបាយ​ដែល​មាន​លក្ខណៈ​ទៅជា​បង្ខំ​ប្រជាពលរដ្ឋ​ទៅវិញ បើ​តាម​ខ្ញុំ​យល់»។

ប្រតិកម្ម​របស់​លោក​បែប​នេះ គឺ​បន្ទាប់ពី​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹម សន្តិភាព ផ្ដល់​សម្ភាសន៍​ឲ្យ​ឧបករណ៍​ឃោសនា​របស់​លោក ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៣០ ឧសភា ដោយ​បកស្រាយ​ផ្លូវច្បាប់​ថា ការ​បន្លំ​ខ្លួន​ថា បាន​ទៅ​បោះឆ្នោត តាមរយៈ​ការ​ជ្រលក់​ទឹកខ្មៅ​ផ្សេង​នោះ គឺជា​អំពើ​ទុច្ចរិត ដើម្បី​បង្ក​ការ​ភ័ន្ត​ច្រឡំ ទៅ​លើ​ចំនួន​ពិតប្រាកដ​នៃ​ពលរដ្ឋ​ដែល​មិនបាន​ទៅ​បោះឆ្នោត។ លោក គឹម សន្តិភាព អះអាង​ថា នាំ​ឲ្យ​ចំនួន​អ្នកបោះឆ្នោត​ច្រើនជាង​សន្លឹកឆ្នោត ដែល​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​នៅ​ក្នុង​សង្គម​បាន។ លោក​ព្រមាន​ថា អ្នក​ដែល​ប្រព្រឹត្តិ​ដូច្នេះ​មែន នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ​តាមច្បាប់។ ក៏ប៉ុន្តែ លោក​មិន​បាន​ពន្យល់ ថា​តើ​ការ​ផ្ដន្ទាទោស​បែប​នោះ ធ្វើ​ឡើង​ដោយ​ផ្អែក​តាម​មាត្រា​ជាក់លាក់​ណាមួយ​នៃ​ក្រមព្រហ្មទណ្ឌ​នោះ​ឡើយ។

ផ្ទុយ​ពី​ការ​បកស្រាយ​នេះ លោក កន សាវាង្ស ពន្យល់​ដោយ​លើក​ជា​ឧទាហរណ៍​ថា ប្រសិនបើ​ខ្លួន​លោក​មិន​ទៅ​បោះឆ្នោត ហើយ​លោក​បាន​យក​ទឹក​ថ្នាំ​អ្វីមួយ​មក​គូរ ឬ​ជ្រលក់​លើ​ម្រាមដៃ​របស់​លោក ក្រោយមក​លោក​យក​រឿង​នេះ​ទៅ​ប្រាប់​មិត្ត​ភក្ត្រ​របស់​លោក។ លោក​ចោទ​ជា​សំណួរ​ថា តើ​នេះ​ជា​ទោស​ព្រហ្មទណ្ឌ​ដែរ​ឬទេ​?

លោក កន សាវាង្ស ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​បកស្រាយ​ច្បាប់​ឲ្យ​បាន​ច្បាស់លាស់​ជុំវិញ​ករណី​នេះ ព្រោះ​លោក​សម្អាង​ថា ការ​ទៅ​បោះឆ្នោត​មិនមែន​ជា​កាតព្វកិច្ច​នោះ​ទេ ក៏ប៉ុន្តែ វា​គឺជា​ការ​ប្រើប្រាស់​សិទ្ធិ​របស់​ពលរដ្ឋ។ លោក​ពន្យល់​ថា ប្រសិន​បើ​ជា​កាតព្វកិច្ច នោះ​ទើប​មានន័យថា ពលរដ្ឋ​ត្រូវតែ​បំពេញ​នូវ​កាតព្វកិច្ច​នៃ​ការ​ទៅ​បោះឆ្នោត​ឲ្យ​ខាន​តែ​បាន។

ការ​ធ្វើ​ពហិការ​បោះ​ឆ្នោត បាន​ក្លាយ​ជា​ប្រធានបទ​ដ៏​រសើប​មួយ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ និង​ទំនងជា​កាន់​តែ​ច្បាស់​ថា​នឹង​មិន​អាច​ចូលរួម​ប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា នេះ​បាន បាន​អំពាវនាវ និង​ធ្វើ​យុទ្ធនាការ​យ៉ាងសកម្ម ប្រាប់​ទៅដល់​ក្រុម​អ្នកគាំទ្រ​របស់​ខ្លួន​ដែល​មាន​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ កុំ​ឲ្យ​ទៅ​បោះឆ្នោត ដែល​គណបក្ស​នេះ​ថា គ្រាន់តែ​ជា​ឆាកល្ខោន និង​ជា​ការ​បោះឆ្នោត​បែប​ក្លែងក្លាយ​តែប៉ុណ្ណោះ។

ជា​ការ​ឆ្លើយតប​ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​របប​លោក ហ៊ុន សែន រួមមាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មន្ត្រី​តំណាង​ស្ថាប័ន​គ.ជ.ប បាន​បកស្រាយ​ច្បាប់ ដែល​ជា​ការ​មើល​រំលង​ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​យក​ត្រូវតែ​រៀងៗ​ខ្លួន​ថា ការ​អំពាវនាវ​បែបនេះ មានន័យ​ស្មើនឹង​ការរារាំង​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដែល​អាច​ត្រូវ​ផ្ដន្ទាទោស និង​ពិន័យ​តាមច្បាប់​ជា​ធរមាន។

សម្រាប់​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ គ.ជ.ប​គ្រោង​នឹង​ចំណាយ​ប្រាក់​សរុប​ចំនួន ៥៣ លាន​ដុល្លារ​អាមេរិក។ គ.ជ.ប​នឹង​បោះពុម្ព​សន្លឹកឆ្នោត​ផ្លូវការ​សរុប​ចំនួន​ជាង ១០ លាន ៥​សែន​សន្លឹក (១០.៥២៥.៦៥០​សន្លឹក​) ដោយ​ត្រូវ​ចំណាយ​ទឹកប្រាក់ ២,៦​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​សន្លឹកឆ្នោត​គំរូ ជិត​៣​សែន​៣​ម៉ឺន​សន្លឹក (៣២៩.២០០​សន្លឹក​) ខណៈ​ដែល​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​សរុប មាន​ចំនួន​ត្រឹមតែ​ជាង ៨​លាន ៣ សែន​នាក់​ប៉ុណ្ណោះ។ មន្ត្រី​នាំ​ពាក្យ គ.ជ.ប អះអាង​ថា ការ​បោះពុម្ព​សន្លឹកឆ្នោត​ច្រើន​លើស​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​នេះ គឺ​ដើម្បី​សម្រាប់​ទុក​យក​ទៅ​ប្រើប្រាស់​សម្រាប់​បណ្ដុះបណ្ដាល​មន្ត្រី​បោះឆ្នោត អប់រំ​អ្នកបោះឆ្នោត និង​ទុក​ធ្វើ​ជា​សន្លឹកឆ្នោត​បម្រុង៕

No comments: