Thursday, 31 May 2018

"ការ​រិះគន់​បក្ស​តូចៗ​របស់​លោក ហ៊ុន សែន ឡើង​វិញ​គ្រាន់​ជា​ល្បិច​សម្ដែង​ឱ្យ​ពលរដ្ឋ​មើល"


ដោយ ទីន ហ្សាការីយ៉ា
2018-05-30 

​ព្រះអង្គម្ចាស់​ នរោត្តម  រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (ឆ្វេង) និង​​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ (ស្ដាំ)។
​ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច (ឆ្វេង) និង​​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ (ស្ដាំ)។
RFA



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចាប់ផ្ដើម​រិះគន់​គោល​នយោបាយ​របស់​គណបក្ស​តូចៗ​មួយ​ចំនួន ជាថ្មី​ឡើងវិញ ក្រោយ​ពេល​ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច សន្យា​លុបចោល​បំណុល​ធនាគារ ដែល​ពលរដ្ឋ​ជំពាក់ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សន្យា​ផ្ដល់​ថវិកា​ជាតិ​ជូន​ចាស់ជរា។ អ្នកវិភាគ​យល់​ថា នេះ​គ្រាន់តែ​ជា​ល្បិច​សម្ដែង​ឱ្យ​ពលរដ្ឋ​មើល តែ​ប៉ុណ្ណោះ ខណៈ​ដែល​នរណា ក៏​អាច​ដឹង​ពី​លទ្ធផល​ឆ្នោត​រួចហើយ។



លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្រៅពី​បាន​រិះគន់ គណបក្ស​សង្គ្រោះជាតិ ដែល​របប​របស់​លោក​បាន​រំលាយ​ទៅ​ហើយ​នោះ ឥឡូវ​នេះ លោក​បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ដាក់​ចេញ​​គោលនយោបាយ​របស់​គណបក្ស​មួយ​ចំនួន​ដែល​ត្រៀម​នឹង​ប្រកួតប្រជែង​ការបោះឆ្នោត​នៅ​ពេល​ខាងមុខ ជាមួយ​គណបក្ស​របស់​លោក​នោះ។

លោក ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើកដំបូង​ទៅ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គឺ​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ជា​មនុស្ស​ចូល​ដៃ​ចូល​ជើង​ជាមួយ​លោក ក្នុង​ការ​រំលាយ​គណបក្ស​ប្រឆាំង ដែល​បាន​សន្យា​សងបំណុល​ធនាគារ​ឱ្យ​ពលរដ្ឋ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​របស់​ព្រះអង្គ​ឡើងវិញ​នោះ។ លោក ហ៊ុន សែន លើកឡើង​ដោយ​មិន​បញ្ចេញ​ឈ្មោះថា ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ បាន​លួច​សរសេរ​សំបុត្រ​ទៅ​ខ្ចី​លុយ​លោក ១​លាន​ដុល្លារ។ លោក ហ៊ុន សែន គំរាម​នឹង​យក​សំបុត្រ​នោះ​ទៅ​បង្ហាញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ជា​សាធារណៈ​ទៀត​ផង។ «»

លើស​ពី​នេះ​ទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ព្រមាន​ទ្រង់​នរោត្តម រណឫទ្ធិ កុំ​ឱ្យ​យក​ស្ថាប័ន​ព្រះមហាក្សត្រ​ទៅ​ឃោសនា​ផ្សា​ភ្ជាប់​នឹង​បក្ស ព្រោះ​ខ្លាច​គ្មាន​អ្នកគាំទ្រ​បក្ស​ហ៊្វុនស៊ិនប៉ិច នាំ​ឱ្យ​ធ្លាក់​ចុះ​តម្លៃ​នៃ​ស្ថាប័ន​ព្រះមហាក្សត្រ។

ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ក៏​បញ្ចេញ​ប្រតិកម្ម​នឹង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បាន​សន្យា​ដែរ​ថា នឹង​ផ្ដល់​ថវិកា​ប្រចាំខែ​ឱ្យ​ចាស់ជរា ១៥​ម៉ឺន​រៀល ក្នុង​មួយ​ខែ។ លោក ហ៊ុន សែន ប្រាប់​កម្មករ​នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល ថា អ្នក​ដាក់​ចេញ​គោលនយោបាយ​ទាំងនោះ ថា​ជា​ជន​បោកប្រាស់ និង​ជា​មនុស្ស​មិន​ដឹង​ពី​ថវិកាជាតិ។ «»

ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ធ្លាប់​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​ជ័យជំនះ​លើ​ការបោះឆ្នោត​កាលពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ក៏ប៉ុន្តែ​គណបក្ស​របស់​ព្រះអង្គ​បាន​ធ្លាក់​ប្រជាប្រិយ​ភាពជា​បន្តបន្ទាប់​រហូត​មិន​ទទួល​បាន​អាសនៈ​កាលពី​អាណត្តិ​ទី​៥ កន្លងទៅ ដែល​គេ​មើលឃើញ​ថា ព្រះអង្គ​ធ្លាក់​ប្រជាប្រិយភាព​ស្ទើរតែ​មិន​អាច​វិល​ចូល​ឆាក​នយោបាយ​វិញ​បាន ដោយសារតែ​នយោបាយ​របស់​ព្រះ​អង្គ ជា​នយោបាយ​កណ្ដាល​និយម​មិន​ប្រឆាំង ហើយ​តែងតែ​ចង​សម្ព័ន្ធ​មិត្ត​ជាមួយ​លោក ហ៊ុន សែន។ ក្រោយពី​ព្រះអង្គ​បាន​បាត់​មុខ​ពី​ឆាក​នយោបាយ​មួយ​រយៈ ដោយសារតែ​គ្មាន​សំឡេង​នៅ​ក្នុង​សភា​នោះ ទ្រង់ រណឫទ្ធិ ត្រូវ​បាន​អណ្ដែត​ឡើងវិញ​នៅ​លើ​ឆាក​នយោបាយ នៅ​ក្រោយ​ពី​បាន​ចេញ​មុខជា​ដើមបណ្ដឹង ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​បាន​ថ្កោលទោស​នោះ។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ មើល​ឃើញ​ថា ការ​ស្រែក​កំហក​ខ្លាំងៗ​របស់​លោក ហ៊ុន សែន រិះគន់​គោលនយោបាយ​របស់​ទ្រង់ រណឫទ្ធិ ឬ​គណបក្ស​មួយ​ចំនួន​ទៀត គ្រាន់តែ​ជា​ការ​សម្ដែង នឹង​គ្មាន​ប្រសិទ្ធភាព​ទេ។ «»

អាស៊ីសេរី​មិន​អាច​ទាក់ទង អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន បាន​ទេ នៅ​ថ្ងៃ​ទី៣០ ឧសភា ដើម្បី​សុំ​ការ​ឆ្លើយតប​ចំពោះ​ការព្រមាន​របស់​លោក ហ៊ុន សែន ដោយសារ​មិន​លើក​ទូរស័ព្ទ។ ប៉ុន្តែ សារព័ត៌មាន​ក្នុងស្រុក​បាន​ស្រង់​សម្ដី​របស់​លោក ញ៉េប ប៊ុនជិន ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច ពិត​ជា​មាន​គោលនយោបាយ​លុបចោល​បំណុល​ធនាគារ​ដល់​ពលរដ្ឋ​មែន ប្រសិនបើ​បក្ស​លោក​ឈ្នះ​ឆ្នោត។ លោក​ថា ការ​ដែល​គណបក្ស​នេះ សន្យា​ដោះស្រាយ​បំណុល​ជូន​ពលរដ្ឋ​ក្រីក្រ គឺ​ដោយសារតែ​សង្កេត​ឃើញ​ថា ការ​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​សព្វថ្ងៃ មាន​អត្រា​ការប្រាក់​ខ្ពស់​ពេក ហើយ​ការ​ដោះស្រាយ​បំណុល​នេះ គឺ​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់។

ទាក់ទង​នឹង​បំណុល​នេះ គឺជា​ចំណុចរសើប​របស់​លោក​របប​លោក ហ៊ុន សែន។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ចាប់​វាយ​ខ្នោះ​ភ្លាមៗ ចំពោះ​បុគ្គល​នយោបាយ​ណា ដែល​ដើរ​ឃោសនា​តាម​មូលដ្ឋាន ដោយ​សន្យា​ថា ពួកគេ​នឹង​លុប​បំណុល​ជូន​ពលរដ្ឋ ដែល​ជំពាក់​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ នៅ​ពេល​ដែល​គណបក្ស​ពួកគេ​ជាប់ឆ្នោត​នោះ។ លោក ហ៊ុន សែន ចាត់​ទុក​ការឃោសនា​របស់​បុគ្គល​ទាំងនោះ គឺជា​ការសន្យា​បោកប្រាស់​ពលរដ្ឋ ដើម្បី​កេង​ចំណេញ​នយោបាយ ដែល​ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ។ លោក​ហៅ​ការឃោសនា​បែប​នេះ ជា​ការ​ភូត​កុហក​ខ្លាំង ដែល​មិន​អាច​លើកលែង​ឱ្យ​បាន។

ចំណែក​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ អះអាង​ថា គណបក្ស​របស់​លោក មាន​តួលេខ​មនុស្ស​ចាស់ និង​តួលេខ​ថវិកា​ជាតិ​ត្រឹមត្រូវ ហើយ​ជឿ​ថា គោលនយោបាយ​ដែល​ដាក់​ចេញ អាច​អនុវត្ត​បាន។ លោក​ថា ការសន្យា​ផ្ដល់​ប្រាក់​បៀវត្សរ៍​ជូន​មនុស្ស​ចាស់ជរា ម្នាក់​១៥​ម៉ឺន​រៀល ក្នុង​មួយ​ខែ និង​ត្រូវ​ចំណាយ​អស់​ថវិកា​ជាតិប្រមាណ​១៥​ភាគរយ នៃ​ថវិកាជាតិ​សរុប ហើយ​នឹង​ត្រូវ​បើក​ជា​ជំហានៗ ជូន​ចាស់ជរា។ «»

អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់​ថា ការ​ដាក់​ចេញ​ការ​ប្រកួត ឬ​ការ​វាយប្រហារ​គោលនយោបាយ​គ្នា ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ប៉ុន្តែ សម្រាប់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អ្នកវិភាគ​ផ្ដល់​អនុសាសន៍​ថា គួរតែ​មើល​គោលនយោបាយ ខ្លួនឯង​ឡើងវិញ​ផង ព្រោះ​គោលនយោបាយ ដែល​បាន​ដាក់​ចេញ​មួយ​ចំនួន ក៏​ជា​គោលនយោបាយ​បោកប្រាស់​ពលរដ្ឋ​ដែរ ដោយសារ​របប​លោក​មិនទាន់​អនុវត្ត​តាម​គោលនយោបាយ​ដែល​សន្យា​បាន​ត្រឹមត្រូវ​ទេ។

នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ជាង​២០​ឆ្នាំ​កន្លង​មក​នេះ ធ្វើ​ឱ្យ​មាន​វិបត្តិ​ជាច្រើន​កើតឡើង​ដែល​របប​របស់​លោក មិន​អាច​ដោះស្រាយ​បាន​នៅឡើយ ក្នុង​នោះ មាន​វិបត្តិ​ដីធ្លី វិបត្តិ​ពលរដ្ឋ​អត់​ការងារ​ធ្វើ ហើយ​ចំណាកស្រុក វិបត្តិ​ពលរដ្ឋ​ជំពាក់​បំណុល​មីក្រូហិរញ្ញវត្ថុ​កាន់តែ​ច្រើន ដែល​មាន​ការប្រាក់​ខ្ពស់ និង​វិបត្តិ​ផ្សេងៗ​ទៀត។

ធនាគារ​ពិភពលោក​បាន​ចេញ​របាយការណ៍​កាល​ពី​ពេល​ថ្មីៗ​នេះ ព្រមាន​របប​លោក ហ៊ុន សែន ពី​បញ្ហា​ប្រឈម​ចំនួន​៣ ដែល​អាច​ធ្វើ​ឱ្យ​មាន​ហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ។ របាយការណ៍​ចុងក្រោយ​អំពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​តំបន់​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក របស់​ធនាគារ​ពិភពលោក ដែល​មាន​ចំណងជើង​ថា «បង្កើន​សក្ដានុពល» (Enhancing Potential) បង្ហាញ​ថា បញ្ហា​ប្រឈម​ទាំង​៣ របស់​កម្ពុជា​រួមមាន ភាព​មិន​ប្រាកដ​ប្រជា​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា ឆ្នាំ​២០១៨ ខាងមុខ ការ​ធ្លាក់​ចុះ​សមត្ថភាព​ប្រកួតប្រជែង​នៅ​ក្រៅ​ប្រទេស និង​ការ​អូសបន្លាយ​ការ​រីក​លូតលាស់​វិស័យ​សំណង់​ជាដើម៕

No comments: