Monday, 28 May 2018

អ្នកគាំទ្រ​បក្ស​ឆាំង​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​មិន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ


ដោយ មាន ឫទ្ធិ
2018-05-27 
rfa
ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នា​ការិយាល័យ​បោះ​ឆ្នោត​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA
ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ នា​ការិយាល័យ​បោះ​ឆ្នោត​មួយ ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧។ RFA

Photo: RFA




អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​មួយ​ចំនួន ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​(Facebook) ដោយ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ។ សារ​ខ្លះ​សរសេរ​ថា ថ្ងៃ​បោះឆ្នោត​សុខចិត្ត​នៅ​ដេក​ផ្ទះ​ប្រសើរ​ជាង ព្រោះ​មិន​ដឹង​ទៅ​បោះឆ្នោត​ធ្វើ​អី បើ​ពុំ​មាន​គណបក្ស​ដែល​ខ្លួន​ស្រលាញ់​ផង និង​សារ​ខ្លះ​ទៀត​ខ្ញុំ​មិន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​របស់ខ្ញុំ ព្រោះ​គ្មាន​បក្ស​សង្គ្រោះ​ជាតិ​ជាដើម។



អ្នកគាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ខេត្ត​បន្ទាយមានជ័យ​លោក ហេង ឡៃហួ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ឧសភា​ថា លោក​បាន​សរសេរ​សារ​បង្ហោះក្នុង​ហ្វេសប៊ុក ចំនួន ២​ថ្ងៃ​ហើយ ដោយសារតែ​លោក​មិន​ពេញ​នឹង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ខែ​កក្កដា​ខាងមុខ ពុំ​មាន​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត។ លោក ហេង ឡៃហួរ អះអាង​ទៀត​ថា លោក​នឹង​ធ្វើ​យុទ្ធនាការ​បង្ហោះ​សារ​មិន​ទៅ​ចូលរួម​បោះឆ្នោត​នេះ​បន្ត​ទៀត បើ​ទោះ​ជា​កន្លងមក ក្រសួងមហាផ្ទៃ​ព្រមាន​ចាប់​អ្នក​ដែល​ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ក្ដី៖ «ហើយ​ណាមួយ​យើង​ចង់​បង្ហាញ​ថា នេះ​ជា​សិទ្ធិ​សេរីភាព កាតព្វកិច្ច​ពលរដ្ឋ​ម្នាក់​ដែល​យើង​ក្នុង​ការ​បញ្ចេញមតិ​របស់​យើង ព្រោះ​ក្នុង​ច្បាប់​ការ​អំពាវនាវ​គ្រាន់តែ​ជា​ការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​ទេ មិនមែន​ជា​ការ​ធ្វើ​សកម្មភាព​ទៅ​រារាំង​អ្នក​ណាមួយ​នោះ​ទេ គ្រាន់តែ​ជា​ការ​ប្រើ​សារ ឬ​ពាក្យសម្ដី​ប៉ុណ្ណោះ»។

ចំណែក​អ្នក​បង្ហោះ​សារ​មិន​ទៅ​ចូលរួម​បោះឆ្នោត​ម្នាក់ទៀត​លោក នីវ ចំរើន លើកឡើង​ថា មិន​ដឹង​ទៅ​បោះឆ្នោត​ធ្វើ​អី បើ​គ្មាន​គណបក្ស​ដែល​ខ្លួន​ពេញ​ផង ដូច្នេះ​សុខចិត្ត​នៅ​ដេក​ផ្ទះ​ប្រសើរ​ជាង។ លោក​អះអាង​ទៀត​ថា ការ​បង្ហោះ​សារ​នេះ​គឺជា​ការ​បញ្ចេញមតិ​របស់​ផ្ទាល់ខ្លួន ដើម្បី​ចង់​បង្ហាញ​ឱ្យ​ប្រជាពលរដ្ឋ​ផ្សេងទៀត​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​មាន​ភាព​ក្លាហាន​ហ៊ាន​បញ្ចេញមតិ​ដូច​ខ្លួន​ដែរ ព្រោះ​លោក នីវ ចំរើន យល់​ឃើញ​ថា ការ​បោះឆ្នោត​ខាងមុខនេះ គឺជា​ការបោះឆ្នោត​ក្លែងក្លាយ ដើម្បី​បន្លំ​ភ្នែក​អន្តរជាតិ ឱ្យ​គណបក្ស​កាន់​អំណាច​បាន​បន្ត​កាន់អំណាច​ទៀត​ប៉ុណ្ណោះ៖ «ពីព្រោះ​បើសិនជា​យើង​ចេះតែ​នាំគ្នា​ខ្លាច​មិន​នាំគ្នា​ក្រោក​ឡើង គឺ​ពួក​ផ្ដាច់ការ​នឹង​ខ្លាច​ពួក​យើង​វិញ ក៏ប៉ុន្តែ​បើ​យើង​នាំគ្នា​ខ្លាច​ពួក​ផ្ដាច់ការ​នឹង​រឹតតែ​បានដៃ ហើយ​យើង​មិន​អាច​យក​ការ​ខ្លាច​ទៅ​ជួយ​ប្រទេស​បាន​ទេ ដើម្បី​ជួយ​បាន​ទាល់តែ​យើង​ក្រោក​ឈរ​ទាំងអស់​គ្នា ដូច​ថ្មីៗ​នេះ​នៅ​ប្រទេស​ខ្លះ​ដែល​ធ្វើ​ទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ហើយ​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល​ឆ្នោត ហើយ​ខ្ញុំ​ក៏​ចង់បាន​បែបនេះ​ដូចគ្នា»។

មួយ​រយៈ​ចុងក្រោយ​នេះ អ្នកគាំទ្រ​គណបក្សប្រឆាំង​បាន​បង្ហោះ​សារ​នៅ​ក្នុង​ហ្វេសប៊ុក និង​បាន​ចែករំលែក​បន្ត​គ្នា​ពី​មួយ​ទៅ​មួយ​យ៉ាង​ព្រោងព្រាត។ សារ​ខ្លះ​សរសេរ​ថា នៅ​ថ្ងៃ​បោះឆ្នោត​ថ្ងៃ​ទី​២៩​កក្កដា​ខាងមុខ ខ្ញុំ​មិន​ទៅ​បោះឆ្នោត​ទេ ព្រោះ​មិន​ដឹង​បោះ​ឱ្យ​គណបក្ស​ណា ខ្លះ​ថា សន្លឹកឆ្នោត​ខ្ញុំ សិទ្ធិ​ខ្ញុំ ដូច្នេះ​បើ​គ្មាន​សង្គ្រោះជាតិ​ទេ គឺ​នៅ​ដេក​ផ្ទះ​ឈ្នះ​ឯង និង​ខ្លះ​ទៀត​ថែមទាំង​ហ៊ាន​សរសេរ​ថា បើ​គ្មាន​គណបក្ស​សង្គ្រោះជាតិ​ចូលរួម​បោះឆ្នោត​ទេ សូម​បងប្អូន​កុំ​ទៅ​បោះឆ្នោត​ឱ្យ​សោះ ព្រោះ​គ្មាន​គណបក្ស​ណា​ដឹកនាំ​ប្រទេស​ល្អ​ជាង​គណបក្ស​សង្គ្រោះជាតិ​ទេ ជាដើម។

យុទ្ធនាការ​បង្ហោះ​សារ​តាម​ហ្វេសប៊ុក​នេះ ដោយសារ​ថ្មីៗ​នេះ ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ នៅ​ក្រៅ​ប្រទេស ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​នៅ​ក្នុង​ស្រុក កុំ​ឱ្យ​នាំគ្នា​ទៅ​បោះឆ្នោត ព្រោះ​គ្មាន​បក្ស​ប្រឆាំង​ចូលរួម និង​ចាត់ទុកជា​ការបោះឆ្នោត​ក្លែងក្លាយ។

ទាក់ទង​នឹង​បញ្ហា​នេះ​កាលពី​ថ្ងៃ​២៤ ខែ​ឧសភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត​ឱ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃ​ទី​២៩ កក្កដា​ខាងមុខ ហើយ​លោក​ព្រមាន​ថា អ្នក​ដែល​ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​ល្មើសច្បាប់ ត្រូវ​ប្រឈម​នឹង​ទោស​ទណ្ឌ៖ «ការ​អំពាវនាវ​ឱ្យ​បងប្អូន មន្ត្រីរាជការ ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត គឺជា​រឿង​ស្របតាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត ផ្ទុយ​ទៅ​វិញ​អ្នក​ដែល​អំពាវនាវ ញុះញង់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​នា​ពេល​ខាងមុខនេះ គឺជា​អំពើ​ល្មើស​នឹង​រដ្ឋធម្មនុញ្ញ និង​ច្បាប់បោះឆ្នោត»។

ចំណែក​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក៏បាន​ព្រមាន​ម្ដង​រួច​មក​ហើយ​ដែរ​ថា ក្រសួង​មហាផ្ទៃ នឹង​ប្ដឹង​អ្នក​ឃោសនា មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ ជន​ទាំងនោះ។ លោក​ថា មូលហេតុ ដែល​ប្ដឹង​រឹបអូស​ទ្រព្យសម្បត្តិ​បែបនេះ ព្រោះ​ក្រុម​អ្នក​ធ្វើ​សកម្មភាព​នេះ​គឺ កំពុង​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ ការ​ព្រមាន​បែប​នេះ ត្រូវ​បាន​អ្នកច្បាប់ និង​អ្នក​ធ្វើ​ការងារ​ទាក់ទង​នឹង​ការ​បោះឆ្នោត យល់ថា គឺ​ជា​ការ​និយាយ​ហួស​ពី​ច្បាប់​ចែង។ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​អង្គការ ខុមហ្រែ្វល (COMFREL) លោក កន សាវាង្ស មាន​ប្រសាសន៍​ថា សារ​អំពាវនាវ​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​អាច​មាន​ទោស​និង​គ្មាន​ទោស។ លោក កន សាវាង្ស ថា បើ​គ្រាន់តែ​អំពាវនាវ​ធម្មតា​ដោយ​មិន​មាន​សកម្មភាព​ជាក់ស្ដែង​ទេ គឺជា​ការ​បញ្ចេញមតិ ព្រោះ​សិទ្ធិ​សម្រេច ការ​ទៅ​បោះឆ្នោត ឬ​មិន​បោះឆ្នោត អាស្រ័យ​លើ​ពលរដ្ឋ។ចំណែក​ឯ​ការ​ទៅ​បោះឆ្នោត​តិច ឬ​ច្រើន​នោះ គ្រាន់តែ​ជា​ការ​បង្ហាញ​ទៅលើ​សិទ្ធ​នៃ​ការចូលរួម​របស់​ពលរដ្ឋ​ប៉ុណ្ណោះ ដែល​មិន​បង្ហាញ​ថា ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​កម្រិត​ណា​នោះ​ឡើយ​ទេ៖ «ទី​មួយ​ផ្ដោត​ទៅ​លើ​ការចូលរួម​ដោយ​ស្នើ​ភាព​គ្នា ដែល​ជា​ឱកាស​នៃ​ការ​ជ្រើសរើស​របស់​ពលរដ្ឋ ដូច្នេះ​បើ​សិន​អត់​មានការ​ជ្រើសរើស​នៃ​គណបក្ស​ដែល​ពួកគេ​ស្រលាញ់ ហើយ​សិទ្ធ​នៃ​ការ​ធ្វើ​នយោបាយ​អត់​មាន​ទើប​គេ​ធ្វើការ​វាយតម្លៃ​ទៅ​បាន»។

កន្លង​មក​មាន​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​មួយ​ចំនួន បាន​ព្រមាន​ថា​ពួកគាត់​នឹង​មិន​ទៅ​ចូលរួម​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខ​ទេ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​ចូលរួម​បោះឆ្នោត​នោះ ព្រោះ​ពួកគាត់​លើកឡើង​ថា គណបក្ស​តូចៗ​គ្រាន់តែ​ជា​គណបក្ស​ហែហម​បង្គ្រប់​កិច្ច​ឱ្យ​គណបក្ស​កាន់អំណាច​ប៉ុណ្ណោះ ដូច្នេះ​ប្រសិនបើ​ទៅ​បោះឆ្នោត​ក៏​គ្មាន​គណបក្ស​ណា​អាច​យកឈ្នះ គណបក្ស​កាន់អំណាច​បាន​ដែរ។

ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦​ខាងមុខនេះ អង្គការ​និកហ្វិច និង​ខុមហ្វ្រែល ដែល​ជា​បណ្ដុំ​នៃ​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​ការងារ​បោះឆ្នោត​បាន​ប្រកាស​មិន​ចូលរួម​សង្កេតការណ៍ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​នោះ​ទេ ប៉ុន្តែ​បាន​ប្ដូរ​មក​អង្កេតការណ៍​នៅ​ខាងក្រៅ​ការិយាល័យ​បោះឆ្នោត​វិញ​ម្ដង។ ចំណែក​ឯ​សហគមន៍​អន្តរជាតិ រួមមាន​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ព្រមាន​រួចហើយ ថា​នឹង​មិន​ទទួលស្គាល់ ការ​បោះឆ្នោត​ជាតិ​ខាងមុខ​នោះ​ទេ ក្នុង​ស្ថានភាព​គ្មាន​ដំណោះស្រាយ​នយោបាយ​នោះ៕

No comments: