ដោយ មាន ឫទ្ធិ
2018-05-27
rfa

ព្រះមហាក្សត្រ នរោត្ដម សីហមុនី យាងទតព្រះរាជពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦។
RFA
អ្នកនាំពាក្យគណបក្សកាន់អំណាច ចំអកឱ្យលោក សម រង្ស៊ី ថា ការដែលលោក សម រង្ស៊ី ថ្វាយលិខិតទៅព្រះមហាក្សត្រ ដើម្បីសុំឱ្យទ្រង់កុំអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត គឺជានយោបាយទាល់ច្រក។
ប៉ុន្តែ អ្នកវិភាគនយោបាយយល់ផ្ទុយពីនេះ ហើយថា នេះគ្រាន់តែជំហាននយោបាយរបស់លោក សម រង្ស៊ី ប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់ថា លោក សម រង្ស៊ី តែងតែប្រមាថព្រះមហាក្សត្រតាំងពីរជ្ជកាលព្រះបាទសម្ដេច នរោត្តម សីហនុ មក គឺមិនដែលបានគោរពនិងដើរតាមព្រះរាជតម្រិះរបស់ព្រះអង្គម្ដងណាទេ។
លោក សុខ ឥសាន បានសរសេរបន្តនៅលើប្រព័ន្ធតេឡេក្រាមរបស់លោកថា ពេលនេះ ទឹកចូលច្រមុះទើប លោក សម រង្សី នឹកឃើញព្រះបារមីព្រះករុណា ព្រះមហាក្សត្រឱ្យជួយយឹតយោងខ្លួន។
ប្រតិកម្មបែបនេះ របស់អ្នកនាំពាក្យគណបក្សកាន់អំណាច ក្រោយពេលលោក សម រង្ស៊ី សរសេរលិខិតមួយច្បាប់ថ្វាយព្រះមហាក្សត្រ ព្រះបាទសម្ដេច បរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២៤ ខែឧសភា ស្នើទៅព្រះអង្គកុំធ្វើតាមអ្វី ដែលរបបលោក ហ៊ុន សែន កំពុងតែស្នើព្រះអង្គឱ្យធ្វើអន្តរាគមន៍ ដើម្បីជំរុញប្រជាពលរដ្ឋ ឱ្យទៅបោះឆ្នោត ថ្ងៃ២៩ កក្កដា ខាងមុខ។
នៅក្នុងខ្លឹមសារលិខិតនោះ លោក សម រង្ស៊ី លើកឡើងថា ការបោះឆ្នោតដែលគ្មានគណបក្សសង្គ្រោះជាតិចូលរួមគឺជាការបោះឆ្នោតក្លែងក្លាយ។ លោក សម រង្ស៊ី ស្នើព្រះមហាក្សត្រយកតម្រាប់តាមអតីតព្រះមហាក្សត្រ សម្ដេច នរោត្តម សីហនុ។ ឧទាហរណ៍ កាលឆ្នាំ១៩៩៨ និង២០០៣ ព្រះអង្គបានបដិសេធ មិនយាងទៅបើកសម្ពោធរដ្ឋសភាថ្មីណាមួយ ដែលមិនមានវត្តមានអ្នកតំណាងរាស្ត្រជាប់ឆ្នោត មកពីគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេស គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី។
លោក សុខ ឥសាន សរសេរចោទប្រកាន់ បន្តទៀតថា លោក សម រង្សី តែងចងគំនុំនឹងរបបរាជានិយម និងចង់ផ្ដួលរំលំរបបរាជានិយមចោល។
ប៉ុន្តែ ផ្ទុយពីអ្វីដែលលោក សុខ ឥសាន ចោទប្រកាន់បែបនេះ លោក ហ៊ុន សែន ឯកណោះវិញទេ ដែលធ្លាប់ព្រមានព្រះមហាក្សត្រថា លោកនឹងប្ដូររបបដឹកនាំរាជានិយម ទៅជារបបសាធារណរដ្ឋ ក្នុងករណីព្រះមហាក្សត្រមិនចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមថ្មី រវាងព្រំដែនកម្ពុជា-វៀតណាម។ «»
ទាក់ទងការចំអករបស់អ្នកនាំពាក្យគណបក្សកាន់អំណាចទៅលើ លោក សម រង្ស៊ី នេះ ប្រធានក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ថា សំណើរបស់លោក សម រង្ស៊ី បែបនេះ គឺជារឿងត្រឹមត្រូវ។
លោកថា បើលោក សម រង្ស៊ី ទាល់ច្រកមែននោះ គឺលោក សម រង្ស៊ី នឹងអំពាវនាវឱ្យពលរដ្ឋ ងើបបេះបោរប្រឆាំងនឹងរបបលោក ហ៊ុន សែន នោះហើយ។ «»
រដ្ឋធម្មនុញ្ញមាត្រា៨ ចែងថា ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ពលរដ្ឋ។
កាលពីមុនការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ កន្លងទៅព្រះអង្គបានចេញព្រះរាជសារដ៏កម្រមួយស្នើពលរដ្ឋកុំឱ្យចាញ់សម្លុតជនណាម្នាក់ ឬគណបក្សនយោបាយណាមួយ ទាក់ទងនឹងការបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០១៧។ ព្រះរាជសាររបស់ព្រះអង្គនៅពេលនោះ គឺជាការបោះឆ្នោតដែលគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច។
ប៉ុន្តែ សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ មិនទាន់ឃើញព្រះអង្គចេញព្រះរាជសារណាមួយ ទាក់ទងនឹងការបោះឆ្នោតនៅឡើយទេ ខណៈដែលគណបក្សកាន់អំណាចកំពុងធ្វើយុទ្ធនាការឱ្យពលរដ្ឋទៅបោះឆ្នោតមុនកាលកំណត់ ចំណែកគណបក្សប្រឆាំងដែលត្រូវហាមឃាត់មិនឱ្យចូលរួមក្នុងការបោះឆ្នោត កំពុងធ្វើយុទ្ធនាការកុំឱ្យពលរដ្ឋទៅបោះឆ្នោត ដោយចាត់ទុកការបោះឆ្នោតនាពេលខាងមុខនេះជាការបោះឆ្នោតក្លែងក្លាយ៕
No comments:
Post a Comment