ដោយ តាំង សារ៉ាដា
2018-05-17

លោក ថិត យ៉ូហូ (Ted Yoho) តំណាងរាស្ត្រពីខាងគណបក្សសាធារណរដ្ឋប្រចាំរដ្ឋហ្វ្ល័ររីដា (Florida) និងជាប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសទទួលបន្ទុកកិច្ចការ តំបន់អាស៊ីប៉ាស៊ីហ្វិក ចូលរួមក្នុងកម្មវិធីផ្សាយទូរទស្សន៍អាស៊ីសេរី កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨។
Photo: RFA
ក្រុមតំណាងរាស្ត្រអាមេរិកាំង នឹងបើកសវនាការនៅព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ឧសភានេះ ដើម្បីបកស្រាយសេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០១៨ លេខ H.R. ៥៧៥៤ ដើម្បីស្វែងរកវិធានការបង្កកទ្រព្យសម្បត្តិ រឹតត្បិតការចល័តសាច់ប្រាក់ក្នុងស្ថាប័នហិរញ្ញវត្ថុ នៅសហរដ្ឋអាមេរិក និងបិទទិដ្ឋាការលើមន្ត្រីរបបលោក យោធាជាន់ខ្ពស់ មន្ត្រីកងកម្លាំងសន្តិសុខ និងមន្ត្រីសំខាន់ៗ ដែលបានចូលដៃចូលជើងបំផ្លាញដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
សវនាការលើសេចក្ដីព្រាងច្បាប់នេះនឹងមានការចូលរួមដោយតំណាងមកពីគណបក្សនយោបាយធំចំនួនពីរនៅអាមេរិក ក្នុងអគាររដ្ឋសភាសហព័ន្ធសហរដ្ឋអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោន។
សេចក្តីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា លេខ H.R. ៥៧៥៤ គឺជាការច្របាច់បញ្ចូលគ្នារវាងសេចក្ដីព្រាងច្បាប់របស់តំណាងរាស្ត្រ លោក អាឡាន់ ឡូវែនថល (Alan Lowenthal) និងសេចក្ដីព្រាងច្បាប់របស់លោក ថិត យូហូ (Ted Yoho) តាមរយៈការធ្វើវិសោធនកម្មរបស់រដ្ឋសភាសហព័ន្ធ កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ។
ប្រធានទំនាក់ទំនងដើម្បីកម្ពុជារបស់រដ្ឋសភាអាមេរិក លោក អាឡាន់ ឡូវែនថល កាលថ្ងៃអង្គារកន្លងទៅនេះបានអះអាង នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកថា រូបលោកផ្ទាល់ និងសហសេវិក របស់លោកជាច្រើនរូបទៀតៗ បានព្រមានលោក ហ៊ុន សែន ម្ដងហើយម្ដងទៀតថា របបលោក ហ៊ុន សែន ត្រូវតែគោរពកិច្ចព្រមព្រៀងទាំងឡាយ ដែលបានចុះហត្ថលេខាយល់ព្រមរៀបចំឲ្យមានការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែមេដឹកនាំដែលក្ដោបក្ដាប់អំណាចជាង ៣០ឆ្នាំរូបនេះ មិនគោរពកិច្ចសន្យាទាំងនោះ ហើយថែមទាំងធ្វើពុតជា រៀបចំការបោះឆ្នោតដោយមានភាពសេរី និងយុត្តិធម៌ទៅវិញ។
លោកបន្តថា របបលោក ហ៊ុន សែន បានគំរាមកំហែង កម្ទេចស្ថាប័នសារព័ត៌មាន ឯករាជ្យជាច្រើន បណ្ដេញអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ចាប់សកម្មជនគណបក្សប្រឆាំង និងសិទ្ធិមនុស្សដាក់ពន្ធនាគារ និងកម្ទេចគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជា។ តំណាងរាស្ត្រអាមេរិកាំងរូបនេះ ព្រមានថា ដល់ពេលហើយដែលលោក ហ៊ុន សែន ត្រូវសងមកវិញចំពោះទង្វើដែលលោកបានបំផ្លាញពន្លកលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដែលបានរីកដុះដាលពេលកន្លងមក។
ចំណែកលោក ថិត យូហូ (Ted Yoho) ប្រធានអនុគណៈកម្មាធិការ កិច្ចការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក វិញ បានព្រមានរបបលោក ហ៊ុន សែន តាមរយៈសេចក្ដីថ្លែងការណ៍របស់លោក មួយកាលពីសប្ដាហ៍កន្លងទៅនេះ ថា សេចក្ដីព្រាងច្បាប់ស្ដីពីលទ្ធិប្រជាធិបតេយ្យឆ្នាំ២០១៨ នេះធ្វើឡើងក្នុងគោលបំណង ប្រឆាំងនឹងអំពើបំផ្លិចបំផ្លាញប្រជាធិបតេយ្យ និងអំពើរំលោភបំពាន សិទ្ធិមនុស្ស នៃរបបលោក ហ៊ុន សែន។
លោកបន្តថា ច្បាប់នេះនឹងចាត់វិធានការ ម៉ឺងម៉ាត់ទៅលើបុគ្គល ទាំងឡាយណា ដែលប្រព្រឹត្តអំពើរំលោភបំពានដ៏គួរឲ្យស្អប់ខ្ពើមទាំងនេះ។
សេចក្ដីថ្លែងការណ៍របស់លោក ថិត យ៉ូហូ (Ted Yoho) ដដែលប្រកាសថា សហរដ្ឋអាមេរិកនឹងបង្កើតច្បាប់នេះ ឡើងដើម្បីប្រើវិធានការផ្នែករដ្ឋបាលដែលមានស្រាប់ក្នុងការដាក់ទណ្ឌកម្មលើក្រុមមន្ត្រីជាន់ខ្ពស់នៃរបបលោក ហ៊ុន សែន ដែលចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យ របស់ប្រទេស។ លោកបន្តថា ច្បាប់នេះនឹងជួយឲ្យប្រជាពលរដ្ឋខ្មែរ មានលទ្ធភាពក្នុងការតស៊ូដើម្បីប្រជាធិបតេយ្យ ពីព្រោះវិធានការច្បាប់នេះ នឹងអាចបំបែកអំណាចប្រមូលផ្តុំនៃរបបលោក ហ៊ុន សែន បាន៕
No comments:
Post a Comment