ដោយ មួង ណារ៉េត
2018-05-17

សន្និសីទកាសែតរបស់ក្រុមបន្ទប់ស្ថានការណ៍ ដែលធ្វើនៅការិយាល័យអង្គការខុមហ្វ្រែល (COMFREL) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧។
Photo: RFA
អង្គការនិកហ្វិច និងខុមហ្វ្រែល ដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិលធ្វើការងារទាក់ទងការងារបោះឆ្នោត ឲ្យដឹងថា ខ្លួននៅតែចូលរួមសង្កេតការណ៍បោះឆ្នោត ប៉ុន្តែប្ដូរពីការសង្កេតការណ៍នៅតាមការិយាល័យបោះឆ្នោត មកជាការសង្កេតការណ៍បោះឆ្នោតនៅក្រៅការិយាល័យវិញម្ដង។
ការបញ្ជាក់ពីការចូលរួមសង្កេតការណ៍បោះឆ្នោត របស់ក្រុមអង្គការសង្គមស៊ីវិល នៅពេលនេះ ក្រោយពេលគណបក្សកាន់អំណាច និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចោទប្រកាន់អង្គការសង្គមស៊ីវិលទាំងនេះថា មានទំនោរទៅរកបក្សប្រឆាំង។
ប្រធានអង្គការអង្គការនិកហ្វិច លោក សំ គន្ធាមី បញ្ជាក់ថា ការឃ្លាំមើលការបោះឆ្នោតក្រៅការិយាល័យបោះឆ្នោតនេះ គឺក្រុមអង្គការសង្គមស៊ីវិលរបស់លោក មិនបានផ្ញើឈ្មោះអ្នកសង្កេតការណ៍ទៅគ.ជ.ប នោះទេ។ លោកបញ្ជាក់ថា មូលហេតុដែលប្ដូរមកសង្កេតការណ៍ នៅក្រៅការិយាល័យបោះឆ្នោតដូចនេះ ព្រោះអង្គការសង្គមស៊ីវិល យល់ថាការបោះឆ្នោតអាណត្តិនេះ នឹងគ្មានបញ្ហាណាមួយ នៅក្នុងការិយាល័យបោះឆ្នោតនោះទេ ហើយមូលហេតុមួយទៀត គឺមកពីអ្នកសង្កេតការណ៍មួយចំនួនលាឈប់«យើងអត់បានផ្ញើឈ្មោះអង្កេតការណ៍ទៅ គ.ជ.ប ដើម្បីសុំកាត់ឲ្យគាត់ទេ យើងឈរខាងក្រៅបរិវេណនៃមណ្ឌលបោះឆ្នោត បានន័យថាក្រៅផ្លូវការ ប៉ុន្តែសកម្មភាពគឺឃ្លាំមើលការបោះឆ្នោតដដែលទេបាទ»។
ស្រដៀងគ្នានេះដែរ មន្ត្រីជាន់ខ្ពស់នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស ឲ្យអាស៊ីសេរីដឹងថា អង្គការខុមហ្វ្រែល ក៏មិនបានដាក់អ្នកសង្កេតការណ៍ ទៅក្នុងការិយាល័យបោះឆ្នោតដែរ ប៉ុន្តែ លោកថា អង្គការរបស់លោកបានរកពលរដ្ឋស្ម័គ្រចិត្ត ដើម្បីជួយសង្កេតករណី នៅតាមមូលដ្ឋាន ទាក់ទងនិងការគំរាមកំហែងពលរដ្ឋ ការបង្ខិតបង្ខំ និងការទិញសន្លឹកជាដើម។ លោកបញ្ជាក់ថា មូលហេតុដែលអង្គការខុមហ្វ្រែល មិនដាក់អ្នកសង្កេតការណ៍ នៅការិយាល័យបោះឆ្នោត ព្រោះរបបលោក ហ៊ុន សែន បានហាមលែងឲ្យបង្កើតបន្ទប់ស្ថានការណ៍ ដើម្បីឃ្លាំមើលការបោះឆ្នោត តទៅទៀត«យើងឃើញថា កន្លងមកមានការចោទប្រកាន់ថា អតីតបន្ទប់ស្ថានការណ៍ដែលជាបណ្តុំអង្គការសង្គមស៊ីវិលចូលទៅក្នុងសៀវភៅសដែលទាក់ទងទៅនឹងការចូលរួមធ្វើបដិវត្តន៍ពណ៌ គឺចំណុចនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋ សង្គមស៊ីវិលដែលជាអ្នកអង្កេតការណ៍កន្លងមានភ័យខ្លាចធ្វើឲ្យយើងពិបាកជ្រើសរើសអ្នកសង្កេតការណ៍ដើម្បីចូលរួម»។
បន្ទប់ស្ថានការណ៍សម្រាប់ការបោះឆ្នោត ដែលជាសម្ព័ន្ធអង្គការសមាគមសង្គម ស៊ីវិលជិត ៤០ នៅកម្ពុជា បង្កើតឡើងដើម្បីឃ្លាំមើល និងវាយតម្លៃការបោះឆ្នោត ត្រូវបានលោក ហ៊ុន សែន បញ្ជាឲ្យបិទឲ្យលែងមានតទៅទៀត នៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ ២០១៧ ដែលគណបក្សសង្គ្រោះជាតិ ឈ្នះអាសនៈ ជាប្រធានឃុំ និង ចៅសង្កាត់ ជិត ៥០០ ឃុំ-សង្កាត់ និងជាប់ជាក្រុមប្រឹក្សាឃុំ-សង្កាត់រហូតដល់ ជាង ៥០០០ នាក់ (៥.០០៧) ដែលមានអ្នកបោះឆ្នោតគាំទ្រ ជាង ៣ លាននាក់ ឬស្មើនឹង ៤៤% នៃអ្នកចេញទៅបោះឆ្នោតសរុប។ ការបញ្ជាឲ្យបិទបន្ទប់ស្ថានការណ៍បោះឆ្នោតនេះ គឺក្រោយពេលបណ្ដុំអង្គការនេះ បានរកឃើញ អំពីភាពមិនប្រក្រតីជាច្រើន ក្នុងដំណើរការបោះឆ្នោតឃុំ-សង្កាត់នោះ។ លោក ហ៊ុន សែន ចោទបន្ទប់ស្ថានការណ៍នេះ ថាបានចេញរបាយការណ៍លម្អៀងទៅខាងគណបក្សប្រឆាំង និងថាជាក្រុមបដិវត្តន៍ពណ៌ ចង់ផ្ដួលរំលំរបបលោក។
ស្របពេលដែលក្រសួងមហាផ្ទៃ ចោទសកម្មភាពរបស់បន្ទប់ស្ថានការណ៍នេះ ថាផ្ទុយពីច្បាប់ រំលោភមាត្រា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ ការចោទប្រកាន់ទាំងនេះ ត្រូវបានតំណាងបន្ទប់ស្ថានការណ៍ បដិសេធ និងស្នើឲ្យក្រសួងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។ ប៉ុន្តែ ក្រសួងមហាផ្ទៃ នៅតែបញ្ជាឲ្យបិទជាស្ថាពរ។ ហេតុផលមួយ ក្នុងចំណោមហេតុផលជាច្រើន ដែលអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត ធ្វើពហិការ មិនចូលរួមសង្កេតការបោះឆ្នោត ជាផ្លូវការ គឺរួមមានទាំងការមិនអនុញ្ញាតឲ្យបើកបន្ទប់ស្ថានការណ៍បោះឆ្នោតនេះឯង។
ការប្រកាសមិនចូលរួមសង្កេតការបោះឆ្នោតជាផ្លូវការនេះ រងការនិយាយចំអក ពីខាងមន្ត្រីអ្នកនាំពាក្យរបស់គ.ជ.ប និងពីខាងមន្ត្រីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ និយាយចំអកតាមសារលើប្រព័ន្ធតេឡេក្រាមថា អង្គការខុមហ្វ្រែល (Comfrel) និងអង្គការ និកហ្វិច (Necfec) គ្រាន់តែជាអង្គការតូចតាចប៉ុណ្ណោះ ដូច្នេះ អវត្តមានរបស់អង្គការទាំងពីរនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី៦ នេះឡើយ។ អ្នកនាំពាក្យរូបនេះសរសេរបន្ថែមថា នៅពេលនេះ មានសមាគម គ្រឹះស្ថានឧត្ដមសិក្សាកម្ពុជា ដែលមានទីតាំងគោល និងសាខានៅគ្រប់ ២៥ខេត្តក្រុង បានប្រកាសបញ្ជូនសមាជិកប្រមាណ ២.០០០ នាក់ ដើម្បីចូលរួមធ្វើជាអ្នកសង្កេតការណ៍ បោះឆ្នោតនៅ គ.ជ.ប រួចហើយ។
ចំណែកឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏មិនខ្វល់ នឹងការប្រកាសមិនចូលរួមពីអង្គការសង្គមស៊ីវិលទាំងនេះនោះដែរ ព្រោះលោកគោរពសិទ្ធិសម្រេចផ្ទាល់ខ្លួន របស់អង្គការទាំងនេះ។ លោក សុខ ឥសាន សរសេរក្នុងបណ្ដាញតេឡេក្រាមនោះ ដោយឌឺដងឡងសម្ដីទៅវិញថា ប៉ុន្តែ បើអង្គការណាបានប្រកាសខ្លួនឯងហើយ ថាមិនចូលរួមសង្កេតការណ៍បោះឆ្នោត គឺមានន័យអង្គការនោះ បានបោះបង់សិទ្ធិនិយាយរាល់បញ្ហា ដែលពាក់ព័ន្ធនឹងការបោះឆ្នោត ចាប់តាំងពីដំណាក់កាលដំបូងនៃការបោះឆ្នោត រហូតដល់ចប់ការបោះឆ្នោត និងក្រោយការបោះឆ្នោត ទោះបីធ្វើការព្យាករណ៍ ការទស្សន៍ទាយ ការវិភាគ ការលើកឡើងជាមតិ អនុសាសន៍ ក៏ដូចជាការ ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ជាដើមក៏អត់អាចមានដែរ។ លោក សុខ ឥសាន ថែមទាំងថ្លែងបែបផ្ចាញ់ផ្ចាល និងព្រមានថា បើបែរជាថ្ងៃក្រោយ អង្គការទាំងនេះ ដូរចិត្តមកជាចង់ចូលរួមសង្កេតការណ៍បោះឆ្នោតវិញ នោះអង្គការ ទាំងនេះ ត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់ខ្លួន ដោយជៀសមិនរួច។ លោក សុខ ឥសាន ថែមទាំងអំពាវនាវ ឲ្យប្រជាពលរដ្ឋ តាមដាន អង្គការទាំងនេះ ឲ្យដិតដល់ តើមានប្រព្រឹត្តល្មើសសម្ដីរបស់ខ្លួនឬទេ?
ប៉ុន្តែ ប្រធានអង្គការអង្គការនិកហ្វិច លោក សំ គន្ធាមី យល់ថា ប្រហែលជាអ្នកនាំពាក្យទាំងនេះ យល់ច្រឡំថា អង្គការរបស់លោក ធ្វើពហិការមិនចូលរួមសង្កេតការណ៍នៃការបោះឆ្នោត«អ្នកនាំពាក្យគាត់(គ.ជ.ប)ឯកឧត្តម ឌឹម សុវណ្ណរុំ លើកឡើងថាអង្គការពីរហ្នឹងមិនចូលរួម ប្រហែលគាត់យល់ច្រណំថាយើងធ្វើពហិកា ខ្ញុំសូមជម្រាបថា អង្គការនិចហ្វិចមិនបានធ្វើពិហិកាទេ។ ត្រង់ឯកឧត្តមលើកឡើងថា អង្គការតូចអង្គការធំគឺស្រេចតែងឯកឧត្តម »។
ខណៈរបបក្រុងភ្នំពេញនឹងរៀបចំការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ គណបក្សសង្គ្រោះជាតិដែលមិនចូលរួមក្នុងការប្រកួតប្រជែងនេះ បានអំពាវនាវកុំឲ្យពលរដ្ឋបោះឆ្នោតដោយពួកគេលើកឡើងនូវពាក្យស្លោកមួយឃ្លាថា ដេកផ្ទះឈ្នះឆ្នោត។
ការបោះឆ្នោតជាតិអាណត្តិទី៦ខាងមុខ គឺជាលើកទីមួយហើយដែលសង្គមស៊ីវិលធ្វើការងារទាក់ទងការបោះឆ្នោតមិនចូលរួមសង្កេតការណ៍ នៅក្នុងការិយាល័យបោះឆ្នោត ស្របពេលដែលគណបក្សនយោបាយ ដែលចុះបញ្ជីរួចចំនួន៥ រួមទាំងគណបក្សសង្គ្រោះជាតិផង ប្រកាសធ្វើពហិការ បោះឆ្នោតនោះ។ ចំណែកឯសហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានរួចហើយ ថានឹងមិនទទួលស្គាល់ ការបោះឆ្នោតជាតិខាងមុខនោះទេ ក្នុងស្ថានភាពគ្មានដំណោះស្រាយនយោបាយបែបនេះ៕
No comments:
Post a Comment