ដោយ មួង ណារ៉េត
2018-05-22
rfa

រដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) (ឆ្វេង) និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុងជំនួបនៅប្រទេសកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨។
Photo courtesy of Hun Sen's Facebook Page
ពលរដ្ឋខ្មែរនៅក្រៅប្រទេស គ្រោងធ្វើមហាបាតុកម្ម នៅអង្គការសហប្រជាជាតិ ពាក់កណ្ដាលខែ មិថុនា ដើម្បីទាមទារឱ្យប្រទេសជប៉ុន ដកជំនួយបោះឆ្នោត និងស្នើសុំឱ្យប្រទេសជប៉ុន ប្រកាសជាផ្លូវការ កុំគាំទ្រលទ្ធផលបោះឆ្នោតជាតិ រៀបចំដោយរបបលោក ហ៊ុន សែន ដែលបានផាត់ចោលគណបក្សសង្គ្រោះជាតិ មិនឱ្យចូលរួមនោះ។
ប្រធានគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក លោក អ៊ុង រិទ្ធី បានប្រាប់អាស៊ីសេរី ឱ្យដឹងកាលពីថ្ងៃទី២១ ខែឧសភា ថា មហាបាតុកម្ម ដែលគ្រោងធ្វើនៅទី១៦ ខែមិថុនា នៅមុខស្ថានបេសកកម្មអចិន្ត្រៃយ៍ របស់ប្រទេសជប៉ុន ប្រចាំអង្គការសហប្រជាជាតិ និងនៅទីក្រុងញូវយ៉កនេះ គឺជាការផ្ញើសារមួយ ដល់ប្រទេសម្ចាស់ជំនួយដ៏ធំរបស់កម្ពុជាមួយនេះ ឱ្យដាក់សម្ពាធលើរបបលោក ហ៊ុន សែន ឱ្យងាកមកគោរពគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្សឱ្យបានខ្ជាប់ខ្ជួន ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលប្រទេសជប៉ុន ក៏ជាប្រទេសម្ចាស់ហត្ថលេខីមួយដែរ។
លោក អ៊ុង រិទ្ធី អះអាងថា ជំហរទន់ភ្លន់ បែបការទូតរបស់ប្រទេសជប៉ុន និងការមិនព្រមដាក់សម្ពាធណាមួយ គឺជាការបើកដៃឱ្យរបបលោក ហ៊ុន សែន បានចិត្ត នៅតែមានះបន្តរៀបចំការបោះឆ្នោតមួយក្លែងក្លាយ ដែលរងការរិះគន់ពីជុំទិសដូច្នេះនោះ៖ «ជាពិសេសជប៉ុនជាមហាអំណាចសេដ្ឋកិច្ចនៅអាស៊ីហ្នឹង ឱ្យខ្លួនថយ បើសិនជាគេគោរពលទ្ធិប្រជាធិបតេយ្យ។ បើសិនជាគេនៅតែចចេស នៅតែបន្តផ្តល់ជំនួយការបោះឆ្នោតទៅរបបលោក ហ៊ុន សែន យើងនឹងបន្តបាតុកម្មរហូត ដល់ជប៉ុនដកជំនួយចេញពីការបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នោះ»។
លោក អ៊ុង រិទ្ធី បញ្ជាក់បន្ថែមថា ពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ក៏នឹងរៀបចំធ្វើបាតុកម្មមួយដែរ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នៅថ្ងៃទី១៧ ខែ មិថុនាខាងមុខ ក្នុងគោលបំណងដូចគ្នានេះដែរ។
ប្រទេសជប៉ុន តែងតែសម្ដែងក្តីបារម្ភរបស់ខ្លួនជាបន្តបន្ទាប់ អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ក្រោយរបបលោក ហ៊ុន សែន រម្លាយគណបក្សសង្គ្រោះជាតិ។ រដ្ឋាភិបាលជប៉ុន បានបញ្ជាក់ប្រាប់របបលោក ហ៊ុន សែន រាល់ជំនួបផ្លូវការ ថាប្រទេសជប៉ុនចង់ឃើញការបោះឆ្នោតមួយ នៅកម្ពុជាដែលមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដែលឆ្លុះបញ្ចាំងអំពីឆន្ទៈពិតប្រាកដ របស់ពលរដ្ឋម្ចាស់ឆ្នោត។ ប៉ុន្តែ ប្រទេសជប៉ុន នៅតែរក្សាជំហរទន់ភ្លន់ ដោយនៅតែបន្តផ្ដល់ជំនួយដល់គ.ជ.ប និង របបលោក ហ៊ុន សែន ស្របពេលដែលសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក កាត់ផ្ដាច់ជំនួយទាំងស្រុងដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងកាត់ផ្ដាច់ជំនួយដទៃទៀត ដល់របបលោក ហ៊ុន សែន៕
No comments:
Post a Comment