ដោយ ទីន ហ្សាការីយ៉ា
2018-05-22

សន្និសីទកាសែតរបស់ក្រុមបន្ទប់ស្ថានការណ៍ ដែលធ្វើនៅការិយាល័យអង្គការខុមហ្វ្រែល (COMFREL) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៧។
Photo: RFA
អ្នកវិភាគលើកឡើងថា ការបោះឆ្នោតពេលខាងមុខ ដែលគ្មានអ្នកសង្កេតការណ៍ឯករាជ្យចូលរួមឃ្លាំមើលការបោះឆ្នោតនោះ ជាការឆ្លុះបញ្ចាំងឱ្យឃើញថា ការបោះឆ្នោតដែលរៀបចំឡើងដោយមិនសេរី ត្រឹមត្រូវនោះទេ ព្រោះថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានក្លាយទៅជាគ.ជ.បរបស់បក្សកាន់អំណាចទៅហើយ។
អ្នកវិភាគលើកឡើងថា ទោះបីជា គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីតួនាទីរបស់អ្នកសង្កេតការណ៍ឱ្យឯករាជ្យ និងឈរលើគោលការណ៍មិនលម្អៀងក្ដី ប៉ុន្តែ គ.ជ.បដែលជាស្ថាប័នរៀបចំការបោះឆ្នោតឯករាជ្យនោះ មិនត្រូវបានគេចាត់ទុកជា ស្ថាប័នឯករាជ្យទៀតឡើយ។
អ្នកជំនាញខាងកិច្ចការបោះឆ្នោតសំដែងការព្រួយបារម្ភចំពោះអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើការឃ្លាំមើលការបោះឆ្នោតដោយប្រយោលនោះ នឹងរងការចោទប្រកាន់ផ្សេងៗ ពីគ.ជ.ប ដើម្បីដាក់ទោសទណ្ឌស្ថាប័នទាំងនោះ។
អតីតមន្ត្រីផ្នែកច្បាប់នៃអង្គការខុមហ្វ្រែល (Comfrel) លោក យឿង សុធារ៉ា និងជាអ្នកជំនាញកិច្ចការបោះឆ្នោត មានប្រសាសន៍កាលពីថ្ងៃទី២១ ឧសភា ស្វាគមន៍ចំពោះការប្រកាសរបស់គ.ជ.ប ដែលជំរុញឱ្យអ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ត្រូវបំពេញ ការងាររបស់ខ្លួនដោយឯករាជ្យ អព្យាក្រឹត្យនោះ ប៉ុន្តែលោកបញ្ជាក់ថា នៅក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក៏បានព្រមានពីការទោសទណ្ឌ និងផាកពិន័យ ចំពោះស្ថាប័នឃ្លាំមើលការបោះឆ្នោតណា ដែលរំខាន ឬជ្រៀតជ្រែកដល់គ.ជ.បនោះ។ នៅត្រង់ចំណុចនេះ លោក យឿង សុធារ៉ា ពន្យល់ថា ស្ថាប័នឃ្លាំមើលការបោះឆ្នោតដោយប្រយោលនោះ នឹងប្រឈមនិងការចោទប្រកាន់ផ្សេងៗពីគ.ជ.ប។ «»
កាលពីថ្ងៃទី២១ ឧសភា គ.ជ.ប បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីតួនាទី ភារកិច្ចអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដែលកំណត់វិធានសំខាន់ៗ ឱ្យអង្គការក្រៅរដ្ឋាភិបាល សមាគម និងអ្នកសង្កេតការណ៍បោះឆ្នោតអនុវត្តក្នុងការបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយក្រមសីលធម៌ ដោយជំហរអព្យាក្រឹត្យ មិនលម្អៀង ដើម្បីធានាឱ្យកិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិតភាព និងតម្លាភាព។ អ្នកសង្កេតការណ៍បោះឆ្នោត បំពេញការងារដោយពុំមានការជ្រៀតជ្រែក។ កិច្ចសង្កេតការណ៍បោះឆ្នោត ត្រូវធ្វើឡើងដោយសុចរិតភាព និងតម្លាភាព។
អ្នកសង្កេតការណ៍ជាតិ អាចធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា ដោយពុំចាំបាច់មានការអនុញ្ញាត ឬជូនដំណឹងជាមុនឡើយ លើកលែងតែដោយសារមូលហេតុច្បាស់លាស់ ទាក់ទងនិងសន្តិសុខផ្ទាល់ខ្លួន និងករណីផ្សេងៗមួយចំនួនទៀត។
ទន្ទឹងអ្នកសង្កេតការណ៍មានសិទ្ធិនោះ នៅក្នុងសេចក្ដីថ្លែងការណ៍នេះ ក៏មានបម្រាមនៅក្នុងសង្កេតការណ៍បោះឆ្នោតនេះដែរ ដូចជា ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃព្រះរាជាណាចក្រកម្ពុជា ជជែកពិភាក្សាទាក់ទងនឹងបញ្ហាគាំទ្រ ឬប្រឆាំងគណបក្សនយោបាយ ឬបេក្ខជនឈរឈ្មោះបោះឆ្នោតណាមួយ នឹងអ្នកចុះឈ្មោះបោះឆ្នោត ឬអ្នកបោះឆ្នោត ស្ទង់មតិក្នុងគោលបំណងបម្រើឱ្យគណបក្សនយោបាយណាមួយ ឬបេក្ខជនណាម្នាក់។
មាត្រា១៤៨ ត្រូវផាកពិន័យប្រាក់ពី១០លានរៀល ទៅ២០លានរៀល ដោយគ.ជ.ប ចំពោះអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមអន្តរជាតិ ដែលបំពេញការងារក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើសកម្មភាពដោយផ្ទាល់ ឬដោយប្រយោលបំពានលើបញ្ញត្តិនៃមាត្រា៨៤ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ការទទួលខុសត្រូវនេះ មិនលើកលែងការទទួលខុសត្រូវរបស់រូបវន្តបុគ្គល ដែលបញ្ញត្តិនៅក្នុងក្រមព្រហ្មទណ្ឌនោះឡើយ។
នៅក្នុងចំណុចទី១ ក្នុងមាត្រា៨៤ ចែងថា ការចេញសេចក្ដីថ្លែងការណ៍ ការធ្វើសកម្មភាពគាំទ្រ ឬការបង្ហាញភាពលម្អៀងមានជាអាទិ៍ ការសរសេរជាលាយលក្ខណ៍អក្សរ ឬផ្ដល់បទសម្ភាសន៍ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងគាំទ្រគណបក្សនយោបាយណាមួយជាដើម។
អង្គការខុមហ្វ្រែល និងអង្គការនិកហ្វិច បានដកខ្លួនចេញពីការងារសង្កេតការណ៍បោះឆ្នោតតាមការិយាល័យនីមួយៗ ដោយសារតែការរឹតត្បិត និងការចោទប្រកាន់ពីរបបលោក ហ៊ុន សែន ថាអង្គការទាំងនេះ រួមទាំងបន្ទប់ស្ថានការណ៍ផង ថាជាក្រុមអង្គការចង់ធ្វើបដិវត្តន៍ពណ៌ជាដើម។ អង្គការទាំងពីរនេះ នឹងឃ្លាំមើលការបោះឆ្នោតក្នុងនាមជាប្រជាពលរដ្ឋធម្មតា នៅក្រៅការិយាល័យបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់ឃ្លាំមើលការបោះឆ្នោតនៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា បញ្ហាសំខាន់ដែលអង្គការលោកមិនសង្កេតការណ៍បោះឆ្នោតនេះ ព្រោះ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យបើកបន្ទប់ស្ថានការណ៍ ឃ្លាំមើលការបោះឆ្នោតដូចកាលពីអាណត្តិមុន រដ្ឋាភិបាលបានចេញសៀវភៅស ហើយបានចោទប្រកាន់អង្គការខុមហ្វ្រែល និងអង្គការពាក់ព័ន្ធផ្សេងទៀតជាក្រុមបដិវត្តន៍ពណ៌ និង អ្នកសង្កេតការណ៍មានការភ័យខ្លាច មិនហ៊ានចេញមុខនៅទីសាធារណៈ ឬនៅការិយាល័យបោះឆ្នោត ដើម្បីសង្កេតការណ៍បោះឆ្នោត។ លោក កន សាវាង្ស ថា នឹងមានពលរដ្ឋស្ម័គ្រចិត្តប្រមាណ៣០០នាក់ប៉ុណ្ណោះ ដើម្បីឃ្លាំមើលពីការគំរាមកំហែងផ្សេងៗក្នុងពេលបោះឆ្នោត តែមិនមែននៅការិយាល័យបោះឆ្នោតទេ។ «»
កាលពីខែកក្កដា ឆ្នាំ២០១៧ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតផ្លូវការផ្ញើទៅអង្គការខុមហ្វ្រែល និងអង្គការនិកហ្វិច ដែលជាអ្នកសម្របសម្រួលបន្ទប់ស្ថានការណ៍ថា បន្ទប់ស្ថានការណ៍ ដែលជាបណ្ដុំអង្គការសង្គមស៊ីវិល ជាង៤០អង្គការ បានធ្វើសកម្មភាពផ្ទុយទៅនឹងបទបញ្ញត្តិនៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លិខិតដដែល ប្រាប់ទៅអង្គការទាំងពីរ ត្រូវបញ្ឈប់សកម្មភាព ដែលរបបលោក ហ៊ុន សែន អះអាងថា ជាខុសច្បាប់នៃបន្ទប់ស្ថានការណ៍ និងត្រូវអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ លោក ស ខេង បានចេញលិខិតទៅបន្ទប់ស្ថានការណ៍នេះ គឺរយៈពេលប្រាំពីរថ្ងៃ ក្រោយពីការបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យក្រសួងមហាផ្ទៃ ពិនិត្យតាមផ្លូវច្បាប់លើបន្ទប់ស្ថានការណ៍នេះ។ ក៏ប៉ុន្តែ អង្គការខុមហ្វ្រែល និងអង្គការនិកហ្វិច បានចេញលិខិតឆ្លើយតបទៅក្រសួងមហាផ្ទៃវិញ ដោយអះអាងថា បន្ទប់ស្ថានការណ៍ គឺជាវេទិកាអព្យាក្រឹត្យឥតលម្អៀង ដែលធ្វើសកម្មភាពសង្កេតការណ៍បោះឆ្នោត។
អ្នកនាំពាក្យ គ.ជ.ប លោក ឌឹម សុវណ្ណារុំ និយាយចំអកតាមសារលើប្រព័ន្ធតេឡេក្រាមថា អង្គការខុមហ្វ្រែលនិងអង្គការ និកហ្វិច កាលពីពេលថ្មីៗនេះថា អង្គការខុមហ្វ្រែល និងនិកហ្វិច គ្រាន់តែជាអង្គការតូចតាចប៉ុណ្ណោះ ការអវត្តមានរបស់អង្គការទាំងពីរនេះ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការ បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ អាណត្តិទី០៦ ឡើយ។ អ្នកនាំពាក្យ រូបនេះសរសេរបន្ថែមថា នៅពេលនេះ មានសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលមានទីតាំង និងសាខានៅគ្រប់២៥ខេត្តក្រុង បានប្រកាស បញ្ជូនសមាជិកប្រមាណ ២.០០០នាក់ ដើម្បីចូលរួមធ្វើជាអ្នកសង្កេតការណ៍ បោះឆ្នោតនៅគ.ជ.ប រួចហើយ។
ឆ្លើយតបនឹងការលើកឡើងនេះ លោក សំ គន្ធាមី ប្រធានអង្គការអង្គការនិកហ្វិច យល់ថា ប្រហែលជាអ្នកនាំពាក្យទាំងនេះ យល់ច្រឡំថា អង្គការរបស់លោក ធ្វើពហិការមិនចូលរួម សង្កេតការណ៍ការបោះឆ្នោត តែតាមពិតគឺមកពីហេតុផល លោក ហ៊ុន សែន ហាមមិនឱ្យមានបន្ទប់ស្ថានការណ៍ និងបុគ្គលិកលាឈប់ជាដើម។ «»
ដោយឡែក ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសលោក ហ៊ុន សែន វិញ បានប្រកាសកាលពីខែមេសាថា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨នេះ នឹងមានសមាជិកស.ស.យ.ក ប្រមាណជាង ៣ម៉ឺននាក់ ដាក់ពង្រាយនៅការិយាល័យទូទាំង២៥រាជធានីខេត្ត ចូលរួមសង្កេតការណ៍បោះឆ្នោត។ លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា កាលពីបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១៧ សមាជិកស.ស.យ.ក របស់លោកបានឃ្លាំមើលការបោះឆ្នោតមានជាង ៣ម៉ឺន ២ពាន់នាក់។
ទាក់ទងនឹងការពង្រាយអ្នកសង្កេតការណ៍របស់ក្រុមលោក ហ៊ុន ម៉ានី នេះ ក្រុមអ្នកសង្កេតការណ៍ឯករាជ្យ អះអាងថាធ្វើឱ្យរំខានដល់អ្នកការសង្កេតការណ៍ឯករាជ្យច្រើនទម្រង់ ដូចជា ចាយលុយ ដើម្បីអូសទាញអ្នកសង្កេតការណ៍ឯករាជ្យ នាដំណាក់កាលចុងក្រោយ ដែលធ្វើអោយក្រុមបន្ទប់ស្ថានការណ៍ពិបាករកអ្នកជំនួស គំរាមកំហែងដល់អ្នកសង្កេតការណ៍មែនទែន។ គ.ជ.ប រវល់បោះប័ណ្ណអ្នកសង្កេតការណ៍អោយក្រុម ហ៊ុន ម៉ានី ដែលមានចំនួនច្រើនលើសលប់ រួចខកខានមិនបានចែកប័ណ្ណអ្នកសង្កេតការណ៍នេះទៅក្រុមឯករាជ្យ។ ក្រុម ហ៊ុន ម៉ានី នេះ មិនមែនជាអ្នកសង្កេតការណ៍បោះឆ្នោតទេ តែជាទ័ពស្រួចរបស់គណបក្សប្រជាជនកម្ពុជា ធ្វើសកម្មភាពនៅតាមការិយាល័យបោះឆ្នោត សម្រាប់គណបក្សប្រជាជនកម្ពុជាជាដើម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី លើកឡើងថា ក្រុមអ្នកសង្កេតការណ៍របស់លោក ហ៊ុន ម៉ានី នេះ មិនមែនជាស្ថាប័នសង្កេតការណ៍ឯករាជ្យឡើយ ផ្ទុយទៅវិញគឺជាក្រុមសង្កេតការណ៍របស់បក្ស។ «»
ទាំងអ្នកវិភាគ ទាំងអ្នកជំនាញការបោះឆ្នោត សំដែងការព្រួយបារម្ភថា អង្គការនិកហ្វិច និងអង្គការខុមហ្វ្រែល នឹងក្លាយជាគោលដៅដែលគ.ជ.ប នឹងចោទប្រកាន់ផ្សេងៗពីគ.ជ.ប ដោយសារតែពួកគេមិនត្រូវបានក្រសួងមហាផ្ទៃអនុញ្ញាតឱ្យដំណើរការបន្ទប់ស្ថានការណ៍ដែលមានអង្គការទាំងពីរនេះ ជាអ្នករៀបចំ និងមិនបានចុះបញ្ជីអ្នកសង្កេតការណ៍នៅគ.ជ.ប៕
No comments:
Post a Comment