Tuesday, 15 May 2018

លោក ហ៊ុន សែន បង្កើន​ការ​ឃោសនា​រក​សំឡេងឆ្នោត​ពី​ក្រុម​យុវជន​ឥត​ឈប់ឈរ


ដោយ
2018-05-14 

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន ដឹកនាំ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ កាល​ពី​​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៧។
RFA



មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន បាន​បង្កើន​ការ​ឃោសនា​រក​សំឡេងឆ្នោត​ពី​ក្រុម​យុវជន​ឥត​ឈប់ឈរ ទាំង​ការ​ចុះ​ជួប​ផ្ទាល់​ជាមួយ​កម្មករ និង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក។ នៅ​ថ្ងៃអាទិត្យ​ទី១៣ ឧសភា ដែល​ជា​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​នេះ លោក ហ៊ុន សែន បាន​អំពាវនាវ​ជា​ថ្មី​ទៀត ឱ្យ​ពលរដ្ឋ ជាពិសេស យុវជន បោះឆ្នោត​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ឱ្យ​លោក​ក្ដោបក្ដាប់​អំណាច​បន្ត​ទៀត។ អ្នកវិភាគ​យល់ថា គណបក្ស​ប្រជាជន​កម្ពុជា​ពិបាក​នឹង​ទទួល​បាន​ការ​គាំទ្រ​ពី​យុវជន ដោយសារ​បក្ស​នេះ​ដឹកនាំ​ប្រទេស​ដើរ​ខុស​គន្លង​ប្រជាធិបតេយ្យ។



សារ​នយោបាយ​ដែល លោក ហ៊ុន សែន យក​មក​ប្រើ​ប្រាស់​ដើម្បី​ទាក់ទាញ​ចិត្ត​យុវជន​ឱ្យ​បោះឆ្នោត​ឱ្យ​រូបលោក​នៅ​ពេល​នេះ ក៏​មិន​ខុស​ពី​លើក​មុនៗ​ដែរ គឺ​ការ​ការពារ​សន្តិភាព។ លោក ហ៊ុន សែន និយាយ​ភាសា​អ្នកស្រុក​ដោយ​ប្រើ​ពាក្យ ពូ ដើម្បី​ហៅ​ខ្លួនឯង និង​អះអាង​ប្រាប់​យុវជន​ថា បើ​លោក​នៅ​កាន់​អំណាច គ្មាន​នរណា​ម្នាក់​អាច​មក​បំផ្លាញ​ប្រទេស​កម្ពុជា​បាន​នោះ​ទេ។

លោក ហ៊ុន សែន សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី១៣ ឧសភា ដោយ​អន្ទង​ចិត្ត​យុវជន​ថា លោក​ខិតខំ​ដល់​សព្វថ្ងៃ គឺ​ចង់​ឃើញ​កម្ពុជា​រីកចម្រើន និង​ចង់​ឃើញ​យុវជន​មានឱកាស​គ្រប់បែប​យ៉ាង ដូចជា ការ​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ឱកាស​ការងារ និង​ឱកាស​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង។ មេដឹកនាំ​ក្រាញ​អំណាច​រូប​នេះ អះអាង​ទៀ​តថា លោក​ក៏​ចង់​ឃើញ​យុវជន​មាន​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង ដូចជា សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ និង​តំណាងរាស្ត្រ​ដែល​ខ្លួន​ពេញចិត្ត​ជាដើម។

សារ​របស់ លោក ហ៊ុន សែន នៅ​ត្រង់​ចំណុច​នេះ ហាក់​ដូច​ជា មិន​ឆ្លុះបញ្ចាំង​ការពិត​ឡើយ ដ្បិត​លោក​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ក្រុម​យុវជន។ ម្យ៉ាងវិញទៀត របប​ក្រុងភ្នំពេញ​បច្ចុប្បន្ន មិន​បាន​អនុគ្រោះ ឬ​លើកលែង​ឱ្យ​យុវជន​ណា ដែល​ហ៊ាន​រិះគន់ ឬ​និយាយ​វាយប្រហារ​ធ្ងន់ៗ​មក​លើ​លោក ហ៊ុន សែន នោះ​ឡើយ បើ​មាន​ករណី​នេះ​កើតឡើង ពួកគេ​នឹង​ប្រឈម​ការ​ចាប់​ខ្លួន ឬ​ចោទប្រកាន់​តាម​ផ្លូវ​ច្បាប់​ជាក់​ជាមិនខាន។

អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់ឃើញ​ថា យុវជន​កម្ពុជា​សព្វថ្ងៃ​មាន​ទំនោរ​ទៅ​រក​ការដឹកនាំ​បែប​ប្រជាធិបតេយ្យ និង​មិន​ចូលចិត្ត​ការដឹកនាំ​បែប​កុម្មុយនិស្ត ឬ​ផ្ដាច់ការ​នោះ​ទេ ដូច្នេះ​ពួកគេ​ភាគច្រើន​អាច​នឹង​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​កាន់អំណាច​នោះ​ឡើយ ដោយសារ​បក្ស​នេះ​កំពុង​ដឹកនាំ​ប្រទេស​ដើរ​ខុស​ពី​គន្លង​ប្រជាធិបតេយ្យ។ លើស​ពី​នេះ មន្ត្រី​រដ្ឋាភិបាល​ដែល​ចេញពី​បក្ស​កាន់​ប្រជាជន​កម្ពុជា មិនបាន​ធ្វើ​កំណែ​ទម្រង់​លើ​របៀប​ដឹកនាំ​របស់​ខ្លួន​ឡើយ ធ្វើ​ឱ្យ​យុវជន​ដែល​ជា​អ្នកមាន​ការ​យល់​ដឹង​ច្រើន និង​តែង​តាមដាន​រឿង​នយោបាយ​ជាប់​ជាប្រចាំ​នោះ គ្មាន​ទំនុកទុកចិត្ត​ចំពោះ​ការដឹកនាំ​ជាតិ​របស់​បក្ស​នេះ​ទៀត​ឡើយ។ សំខាន់​ជាង​នេះ​ទៅ​ទៀត យុវជន​គឺជា​ក្រុម​មនុស្ស​ដែល​ត្រូវការ​សិទ្ធិ​សេរីភាព​ខ្លាំង ខណៈ​របប​លោក ហ៊ុន សែន បាន​បន្ត​យុទ្ធនាការ​បំបិទ​សិទ្ធ​សេរីភាព​របស់​ពលរដ្ឋ។ លោក​បន្ត​ថា ការ​មិន​អើពើ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ និង​យុវជន​នៅ​ក្រោយ​ការបោះឆ្នោត ក៏​សុទ្ធ​សឹង​ជា​មូលហេតុ​ដែល​ធ្វើ​ឱ្យ​យុវជន​មិន​គាំទ្រ​ការដឹកនាំ​របស់​បក្ស​កាន់អំណាច​ផង​ដែរ៖ «ការណ៍​ដែល​រដ្ឋាភិបាល ឬក៏​តុលាការ​រំលាយ​ចោល​គណបក្ស​សង្គ្រោះជាតិ​ចោល​នេះ វា​ជា​ការ​រំលោភ​សិទ្ធិ​មួយ​រួចទៅ​ហើយ អ៊ីចឹង​បើ​លោកនាយក​រដ្ឋមន្ត្រី គាត់​និយាយ​អំពី​ការ​ចង់​ឃើញ ការ​ចង់​លើកកម្ពស់​សិទ្ធិមនុស្ស ឬក៏​ជាពិសេស ចង់​ឃើញ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បោះឆ្នោត លុះ​ត្រា​ណា​តែ​អនុវត្ត​លក្ខខណ្ឌ​ពីរ​យ៉ាង។ ទីមួយ​គឺ​លុប​បំបាត់​ចោល​ឱ្យ​បាន​នូវ​ការគាបសង្កត់​ផ្នែក​នយោបាយ​ទៅលើ​បក្ស​ប្រឆាំង​តែម្ដង។ ប្រសិនបើ​បន្ធូរបន្ថយ ឬ​លុបបំបាត់​បាន នោះ​ទើប​យុវជន​មាន​សិទ្ធិ​ពេញលេញ។ ទី​ពីរ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​បាន​លុះត្រាតែ​រដ្ឋាភិបាល​ប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​ស៊ីជម្រៅ មិនមែន​លក្ខណៈ​ចង់បាន ឬក៏​នឹកឃើញ​ចេះតែ​ចេញ​បទបញ្ជា ដែល​ដូច​យើង​ឃើញ​ហើយ កន្លងមក​មិនដែល​មាន​ប្រសិទ្ធភាព​នោះ​ទេ។ កំណែទម្រង់​ស៊ីជម្រៅ​នេះ​លុះត្រាតែ​រដ្ឋាភិបាល​ចេញ​ជា​យន្តការ​ច្បាស់លាស់ ហើយ​មាន​ឆន្ទៈ​អនុវត្ត​ឱ្យ​ចេញ​ជា​សកម្មភាព​ជាក់ស្ដែង»។

ការស្រាវជ្រាវ​របស់​សម្ព័ន្ធ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍ បង្ហាញ​ថា បញ្ហា​ប្រឈម​សំខាន់​របស់​យុវជន មាន ៣​យ៉ាង គឺ​ទីមួយ​បញ្ហា​អប់រំ ដោយ​យុវជន​បារម្ភ​ពី​គុណភាព​អប់រំ​នៅ​មាន​កម្រិត និង​ឱកាស​ទទួល​បាន​ការអប់រំ​នៅ​មិន​ទាន់​មាន​ភាព​ល្អ​ប្រសើរ​នៅឡើយ។ ទី​ពីរ គឺ​ភាព​គ្មាន​ការងារ​ធ្វើ ដែល​បណ្តាល​មក​ពី​ប្រាក់ខែ​ទាប ខ្វះ​ជំនាញ​ដែល​ស្របតាម​តម្រូវការ​ទីផ្សារ ខ្វះ​ឱកាស​ការងារ​សមរម្យ និង​បញ្ហា​បក្សពួកនិយម​ក្នុង​វិស័យ​ការងារ និង​ទី​បី គឺ​បញ្ហា​សន្តិសុខ ដោយ​យុវជន​លើកឡើង​ពី​ក្តី​កង្វល់​ថា ពួកគេ​ព្រួយបារម្ភ​ពី​សកម្មភាព​ក្មេង​ទំនើង គ្រោះថ្នាក់​ចរាចរណ៍ ការរំលោភ​សិទ្ធិមនុស្ស និង​ការប្រើប្រាស់​គ្រឿងញៀន។

និស្សិត​ផ្នែក​ច្បាប់​មួយ​រូប គឺ​លោក ហេង គឹមហុង យល់ឃើញ​ថា ការបោះឆ្នោត​ក្នុង​សង្គម​ប្រជាធិបតេយ្យ គឺ​គេ​ប្រកួតប្រជែង​គ្នា​ឈរ​លើ​គោលនយោបាយ និង​កម្មវិធី​នយោបាយ មិនមែន​ជា​ការ​បំបិទ​គណបក្ស​មួយទៀត​មិន​ឱ្យ​មានការ​គាំទ្រ​នោះ​ទេ បើ​ធ្វើ​បែបនេះ ពលរដ្ឋ​នឹង​មិន​បោះឆ្នោត​ឱ្យ​គណបក្ស​ដែល​រំលាយ​គេ​នោះ​ទេ។ យុវជន ហេង គឹមហុង បញ្ជាក់​ថា ក្នុងនាម​ជា​យុវជន លោក​នឹង​បោះឆ្នោត​ជូន​គណបក្ស​ណា​ដែល​មាន​កម្មវិធី​នយោបាយ​ច្បាស់លាស់​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​យុវជន៖ «នៅ​ពេល​ដែល​គណបក្ស​នយោបាយ​មួយ​មាន​ឥទ្ធិពល​ខ្លាំង ប្រើ​វិធីសាស្ត្រ​បិទ​ផ្លូវ មាន​ន័យថា បំបិទ​គណបក្ស​នយោបាយ​មួយទៀត​មិន​ឱ្យ​មាន​ការ​គាំទ្រ ខ្ញុំ​ជឿជាក់​ថា បក្ស​នយោបាយ​ទាំងនោះ​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​គ្រប់​ជ្រុងជ្រោយ​នោះ​ទេ គឺ​អាច​ទទួល​បានតែ​អ្នក​ធ្លាប់​គាំទ្រ​ខ្លួន​តែប៉ុណ្ណោះ ចំណែក​អ្នក​មិន​ធ្លាប់​គាំទ្រ​នោះ គឺ​នៅតែ​បន្ត​មិន​គាំទ្រ​ដដែល។ គេ​មិន​គាំទ្រ​គណបក្ស​ណាមួយ​ដោយសារ​បក្ស​នោះ​មិន​មាន​គោលនយោបាយ​ត្រឹមត្រូវ។ យើង​មិន​ព្រម​ពង្រឹង​គោល​នយោបាយ​ខ្លួនឯង​ឱ្យ​បាន​ប្រសើរ​ឡើង បែរ​ជា​យក​វិធីសាស្ត្រ​បំបិទ​គណបក្ស​នយោបាយ​មួយទៀត ដើម្បី​កុំ​ឱ្យ​មានការ​គាំទ្រ ដែល​វិធីសាស្ត្រ​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាត់ទុកថា មិន​ត្រឹមត្រូវ ឬ​មិន​មាន​តម្លាភាព​ក្នុង​ការ​ប្រកួតប្រជែង​នោះ គាត់​មិន​គាំទ្រ​ទេ»។

ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ នៃ​រដ្ឋសភា គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី២៩ កក្កដា ខាងមុខ។ ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​នេះ កំពុង​រង​ការរិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​ថា ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ដើម្បី​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន បន្ត​កាន់អំណាច​នៅ​កម្ពុជា​តទៅទៀត​តែប៉ុណ្ណោះ ដោយសារ​លោក ហ៊ុន សែន បាន​រំលាយ​បក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា និង​បាន​ហាមឃាត់​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ជាង ១០០ នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ។ បន្ថែម​ពីលើ​នេះ របប​ក្រុងភ្នំពេញ​បាន​បន្ត​យុទ្ធនាការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ឥត​ឈប់ឈរ ដែល​ធ្វើ​ឱ្យ​បាត់បង់​នូវ​ធាតុ​ផ្សំ​មួយ​ដ៏​សំខាន់​នៃ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ព្រោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រាយការណ៍​ព័ត៌មាន​ពិត​ឥត​លម្អៀង​អំពី​ដំណើរការ​បោះឆ្នោត ដើម្បី​ឱ្យ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ក្នុង​ការ​បោះឆ្នោត​ជូន​គណបក្ស​ដែល​ខ្លួន​ពេញចិត្ត៕

No comments: