ដោយ សេក បណ្ឌិត
2018-05-14

សកម្មជនបរិស្ថានតំបន់អារ៉ែង លោក វ៉ែន អែត ដែលត្រូវគេលបបាញ់ប្រហារ កាលពីយប់ថ្ងៃទី១២ ខែឧសភា ស្វះស្វែងរកអន្តរាគមន៍ពីអង្គការសិទ្ធិមនុស្សនៅក្នុងខេត្តកោះកុង។ រូបថតថ្ងៃទី១៣ ឧសភា ឆ្នាំ២០១៨។
Photo Provided
សកម្មជនបរិស្ថានតំបន់អារ៉ែង ដែលរងការគំរាមកំហែងដល់អាយុជីវិតពីសំណាក់អាជ្ញាធរឃុំជំនាប់ ត្រូវបានជនមិនស្គាល់មុខលួចបាញ់ប្រហារចំនួនមួយគ្រាប់កាលពីយប់ថ្ងៃសៅរ៍ ទី១២ ឧសភា។ ការបាញ់ប្រហារនេះ ធ្វើឡើងនៅចំណុចផ្ទះរបស់គាត់តែម្ដង។ ជនរងគ្រោះ និងមន្ត្រីសិទ្ធិមនុស្សទាមទារឱ្យសមត្ថកិច្ចចុះស៊ើបអង្កេត និងចាប់ជនបង្កយកទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។
សកម្មជនបរិស្ថានតំបន់អារ៉ែង លោក វ៉ែន អែត អះអាងប្រាប់អាស៊ីសេរីថា ការលួចបាញ់ប្រហារលើរូបលោកនោះ កើតឡើងនៅម៉ោងជាង ១០យប់ ពេលលោកកំពុងដើរទៅតម្រង់ទៅបន្ទប់ទឹក ចម្ងាយប្រហែល ១០ម៉ែត្រពីផ្ទះរបស់លោក ប៉ុន្តែសំណាងល្អគ្រាប់កាំភ្លើងនោះ មិនបង្កគ្រោះថ្នាក់អ្វីដល់រូបលោកនោះទេ។ ទោះបីជាយ៉ាងណា លោកអះអាងថា ហេតុការណ៍លបបាញ់ប្រហារនេះ ធ្វើឱ្យលោកភិតភ័យ និងព្រួយបារម្ភកាន់តែខ្លាំងពីសុវត្ថិភាពផ្ទាល់ខ្លួន៖ «ខ្ញុំមានអារម្មណ៍ថា ភ័យខ្លាច និងបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។ ខ្ញុំគិតថា លើកនេះគេបាញ់ខុស តែបើថ្ងៃក្រោយគេបាញ់ត្រូវ នោះជីវិតរបស់ខ្ញុំនឹងត្រូវចប់ហើយ។ ការបាញ់នេះមិនមែនជារឿងល្អនោះទេ ដូច្នេះសំណូមពរដល់កម្លាំងប្រដាប់អាវុធមានដូចជា ប៉ូលិស ជាដើម សូមជួយអន្តរាគមន៍ស៊ើបសួរតាមដាន រកអ្នកមានកាំភ្លើងដែលបានបាញ់ខ្ញុំកាលពីយប់មុននោះ»។
ហេតុការណ៍លបបាញ់ប្រហារលើលោក វ៉ែន អែត នេះ កើតឡើងក្រោយពេលលោកបានត្រឡប់ទៅភូមិវិញកាលពីសប្ដាហ៍មុន ដើម្បីទៅបំភ្លឺករណីគំរាមសម្លាប់ពីជំទប់ទីមួយឃុំជំនាប់ ឈ្មោះ ទិល ចាន់។ លោកបានសម្របសម្រួលបញ្ចប់ករណីនេះ កាលពីថ្ងៃទី៩ ឧសភា កន្លងទៅ នៅអធិការដ្ឋាននគរបាលស្រុកថ្មបាំង។
លោក វ៉ែន អែត បញ្ជាក់ថា លោកមិនបានស្គាល់មុខជនប្រព្រឹត្តនោះទេ ដោយសារជុំវិញផ្ទះ មានសភាពងងឹតមើលអ្វីមិនឃើញ។ លោកបន្តថា លោកមិនបានរាយការណ៍រឿងនេះទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជំនាប់នោះទេ ព្រោះក្រុមសមត្ថកិច្ចទាំងនេះមិនសូវអើពើនឹងករណីគំរាមកំហែងដល់អាយុជីវិតឡើយ ជាពិសេស ពួកគេមិនបានចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលាចំពោះបណ្ដឹងគំរាមសម្លាប់រូបលោកឡើយ។ លោក វ៉ែន អែត យល់ថា មូលហេតុនៃការគំរាមសម្លាប់ និងឈានដល់ការលបបាញ់ប្រហាររូបលោកនេះ អាចបណ្ដាលមកពីមូលហេតុពីរយ៉ាង គឺទីមួយលោកជាអតីតសកម្មគណបក្សសង្គ្រោះជាតិនៅមូលដ្ឋានដែលមិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច និងទីពីរលោកជាសកម្មជនការពារបរិស្ថានតំបន់អារ៉ែង៖ «ទិសដៅសំខាន់ជាងគេទីមួយ គេកៀរគរខ្ញុំឱ្យចូលទៅខាងគណបក្សប្រជាជនកម្ពុជា។ ខ្ញុំជាអតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅពេលគេកៀរគរឱ្យចូល ខ្ញុំអត់ព្រមចូល។ ទីពីរ ខ្ញុំជាសកម្មជនព្រៃឈើទៀត ហើយរឿងព្រៃឈើនេះ ក៏ជាទិសដៅសំខាន់មួយទៀតដែរ។ អ្នករកស៊ីឈើ គេធ្វើអ្វីមិនបានដូចចិត្តគេ ហើយឈ្មួញឈើ និងអាជ្ញាធរមួយចំនួនស៊ុមគ្រលុំគ្នា ដូច្នេះយើងជាអ្នកការពារ ហើយគេជាអ្នកបំផ្លាញអីចឹង វាមិនត្រូវគ្នាទេ»។
អាស៊ីសេរីមិនអាចទាក់ទងសមត្ថកិច្ចនគរបាលឃុំជំនាប់ និងសមត្ថកិច្ចស្រុកថ្មបាំង ដើម្បីសាកសួរអំពីរឿងនេះបានទេកាលពីថ្ងៃទី១៣ ឧសភា។
កាលពីថ្ងៃទី ១៧ មេសា កន្លងទៅ សកម្មជនបរិស្ថានតំបន់អារ៉ែង លោក វ៉ែន អែត បានរងការគំរាមកំហែងដល់អាយុជីវិតពីសំណាក់ជំទប់ទីមួយឃុំជំនាប់មកពីគណបក្សប្រជាជនកម្ពុជា លោក ទិល ចាន់។ លោកបានប្ដឹងករណីគំរាមសម្លាប់នេះទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជំនាប់ ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយពីសំណាក់ក្រុមសមត្ថកិច្ចទាំងនោះ ទើបធ្វើឱ្យលោកបង្ខំចិត្តនាំប្រពន្ធកូនរត់ភៀសខ្លួនចេញពីផ្ទះ នៅភូមិច្រកឫស្សី ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ទៅរស់នៅលាក់ខ្លួននៅកន្លែងដទៃជាបណ្ដោះអាសន្នសិន ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន។
ក្រោយរត់ភៀសខ្លួនបាន ២សប្ដាហ៍ លោក វ៉ែន អែត បានធ្វើដំណើរត្រឡប់មកផ្ទះវិញតែម្នាក់ឯង ដោយទុកឱ្យប្រពន្ធកូនរបស់លោកនៅសំងំលាក់ខ្លួនសិន។ ការត្រឡប់មកវិញនេះ គឺដើម្បីទៅឆ្លើយបំភ្លឺលើពាក្យបណ្ដឹងរបស់លោកដែលប្ដឹងលោក ទិល ចាន់ អំពីករណីគំរាមសម្លាប់នោះ នៅមុខសមត្ថកិច្ចនគរបាលស្រុកថ្មបាំង ហើយភាគីទាំងសងខាងបានសុខចិត្តសម្របសម្រួលដើម្បីបញ្ចប់រឿងនេះ ក៏ប៉ុន្តែស្រាប់តែនៅយប់ថ្ងៃទី១២ ឧសភា មានជនមិនស្គាល់មុខបានលបបាញ់ប្រហារលោក វ៉ែន អែត បែបនេះ។
មន្ត្រីប្រឹក្សាច្បាប់គម្រោងពន្ធនាគារនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក ហ៊ួរ អ៊ីន ថ្លែងថា ករណីលបបាញ់ប្រហារ លោក វ៉ែន អែត នេះ បណ្តាលមកពីសមត្ថកិច្ចនគរបាលបំពេញការងាររបស់ខ្លួនមិនបានត្រឹមត្រូវទាក់ទងនឹងការគំរាមសម្លាប់ លោក វ៉ែន អែត កាលពីលើកមុន ដោយអាជ្ញាធរគ្រាន់តែសម្របសម្រួលបញ្ចប់សំណុំរឿង ប៉ុន្តែមិនបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀតឡើយ។ លោកអំពាវនាវឱ្យសមត្ថកិច្ចបើកការស៊ើបអង្កេតស្វែងរកមុខជនបង្កហេតុយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាបន្ទាន់៖ «ទន្ទឹមនឹងការចរចាគ្នានេះ គេក៏បានសួរទៅឈ្មោះ ទិល ចាន់ ដែរថា មានអ្នកនៅពីក្រោយដែរឬអត់នៅក្នុងរឿងនេះ? តែឈ្មោះ ទិល ចាន់ អត់ហ៊ានប្រាប់ទេ ដូច្នេះកន្លែងនេះយើងអាចសន្និដ្ឋានបានថា រឿងនេះពិតជាមានភាគីទីបីនៅខាងក្រោយហើយ។ អ៊ីចឹងនៅក្នុងករណីនេះ មន្ត្រីនគរបាលស្រុកថ្មបាំង មិនអាចបិទសំណុំរឿងនេះត្រឹមហ្នឹងនោះទេ ទោះបីជាភាគីទាំងពីរព្រមព្រៀងគ្នាក៏ដោយ ព្រោះវាជារឿងព្រហ្មទណ្ឌ ហើយរហូតដល់ថ្ងៃម្សិលមិញនេះ ក៏មានការលួចបាញ់ប្រហារទៅលើ វ៉ែន អែត ទៀត អ៊ីចឹងប៉ូលិសត្រូវតែមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ថាតើអ្នកណានៅពីក្រោយរឿងនេះ។ ធ្វើបែបនេះ យើងនឹងអាចរកឃើញអ្នកដែលលួចបាញ់រូបគាត់ហ្នឹង»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ រកឃើញថា លោក វ៉ែន អែត រងការរើសអើង និងគំរាមកំហែងដល់អាយុជីវិត ដោយសារលោកបានឡើងទៅដាក់ញត្តិនៅក្រសួងអភិវឌ្ឍន៍ជនបទ និងស្ថាប័នពាក់ព័ន្ធមួយចំនួនដើម្បីសុំអន្តរាគមន៍ពន្លឿនការធ្វើស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចជងតំបន់អារ៉ែង។ លើសពីនេះ លោកជាសកម្មជនបរិស្ថានម្នាក់ដ៏សកម្មដែលធ្លាប់តស៊ូមតិមិនឱ្យមានការសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង។ សំខាន់ជាងនេះទៅទៀត លោក វ៉ែន អែត គឺជាអតីតបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំជំនាប់ និងជាសកម្មជនគណបក្សសង្គ្រោះជាតិនៅមូលដ្ឋាន ដែលមិនព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment