ដោយ សេក បណ្ឌិត
2018-05-29

ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក (រូបកណ្ដាល) ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧។
Photo: RFA
លំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតនៅថ្ងៃ២៩ ខែកក្កដាខាងមុខ បានចេញជាផ្លូវការហើយ បន្ទាប់ពីសម្តេចព្រះសង្ឃរាជទាំង ២គណៈ បានចាប់ឆ្នោតកំណត់លេខរៀងនៅថ្ងៃទី២៩ ឧសភា នេះ។ អ្នកវិភាគនយោបាយ និងអ្នកជំនាញកិច្ចការបោះឆ្នោត យល់ឃើញស្របគ្នាថា ការចាប់លេខរៀងគណបក្សនយោបាយនេះ គ្រាន់តែជាការអនុវត្តនីតិវិធីរបស់គ.ជ.ប ប៉ុណ្ណោះ ប៉ុន្តែបញ្ហាសំខាន់ គឺអវត្តមានបក្សសង្គ្រោះជាតិ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តអ្នកបោះឆ្នោតជាច្រើន ដែលធ្លាប់គាំទ្របក្ស មួយនេះ។
គណបក្សដែលទទួលបានលេខរៀងទី១ នៅលើសន្លឹកឆ្នោតនោះ គឺគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ។
គណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាច ទទួលបានលេខរៀងទី២០ គឺជាលេខរៀងចុងក្រោយគេបង្អស់នៃលំដាប់លេខរៀងគណបក្សនយោបាយនៅលើសន្លឹកឆ្នោត។ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចរបស់ទ្រង់ រណឫទ្ធិ ទទួលបានលេខរៀងទី១៣ នៅលើសន្លឹកឆ្នោត។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ ទទួលបានលេខរៀងទី៦ ចំណែកបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ដែលជាអ្នកនយោបាយនិយាយឥតសំចៃមាត់វិញ ទទួលបានលេខរៀងទី១០។ ដោយឡែក បក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យេង វីរៈ និងក្រុមបញ្ញវ័ន្តមួយចំនួនទៀតនោះ ទទួលបានលេខរៀងទី៧ ដែលជាលេខរៀងចាស់របស់គណបក្សសង្គ្រោះជាតិ កាលពីអំឡុងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៣ កន្លងទៅ ខណៈបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងធំជាងគេនោះ គ្មានឈ្មោះនៅក្នុងបញ្ជីគណបក្សនយោបាយរបស់គ.ជ.ប ឡើយ។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជានោះ សរសេរក្នុងហ្វេសប៊ុក (Facebook) របស់លោកថា លេខរៀងទី២០ គឺជាលេខរៀងល្អសម្រាប់គណបក្សរបស់លោក ព្រោះពលរដ្ឋងាយស្រួលចាំ ហើយបុរសខ្លាំងរូបនេះជឿជាក់ថា ពលរដ្ឋនឹងបន្តបោះឆ្នោតឱ្យបក្សលោកតទៅទៀត។ ចំណែក លោក សាម អ៊ីន ដែលជាអគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋានដែលទទួលបានលេខ ៧ នោះ សរសេរថា ស្មារតីលេខ៧ រស់ឡើងវិញ ដែលទំនងជាលោកចង់សំដៅថា បក្សរបស់លោកនឹងដើរតួជំនួសគណបក្សសង្គ្រោះជាតិដែលត្រូវបានរបបក្រុងភ្នំពេញរំលាយចោលនោះ។
ប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក ថ្លែងថា លំដាប់លេខរៀងនេះ នឹងជួយឱ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតងាយស្រួលក្នុងការឃោសនារកសំឡេងឆ្នោត និងជួយឱ្យអ្នកបោះឆ្នោតសម្គាល់បាននូវគណបក្សដែលខ្លួនពេញចិត្ត ប៉ុន្តែលោកមិនបាននិយាយដល់អវត្តមានបក្សសង្គ្រោះជាតិដែលពលរដ្ឋធ្លាប់បោះឆ្នោតគាំទ្រជិត ៣លាននាក់ នោះទេ។ «»
អ្នកជំនាញកិច្ចការបោះឆ្នោត លោក យឿង សុធារ៉ា ថ្លែងថា ការចាប់លេខរៀងគណបក្សនយោបាយនេះ គឺជាការអនុវត្តនីតិវិធីរបស់គ.ជ.ប ប៉ុន្តែរឿងដែលគួរឱ្យសោកស្ដាយ គឺពលរដ្ឋម្ចាស់ឆ្នោតដែលធ្លាប់គាំទ្របក្សសង្គ្រោះជាតិ ត្រូវបាត់បង់ជម្រើសដែលខ្លួនពេញចិត្ត។ លោកបន្តថា ចំនួនអ្នកទៅបោះឆ្នោតនៅអាណត្តិនេះ អាចនឹងតិចជាងមុន ព្រោះអ្នកគាំទ្របក្សប្រឆាំងខ្លះអាចនឹងមិនទៅបោះឆ្នោត ដោយសារអាក់អន់ស្រពន់ចិត្ត នៅពេលឃើញគណបក្សដែលពួកគាត់ធ្លាប់គាំទ្រមិនបានចូលរួមប្រកួតប្រជែង។ លោកយល់ឃើញថា គណបក្សប្រជាជនកម្ពុជាមានភាគរយខ្ពស់ជាងគេក្នុងការឈ្នះឆ្នោតនៅអាណត្តិនេះ ព្រោះគណបក្សដទៃមិនមានកម្លាំងគ្រប់គ្រាន់ ឬសំឡេងគាំទ្រប្រហាក់ប្រហែលគ្នានឹងបក្សកាន់អំណាចឡើយ។ «»
ចំណែកអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ យល់ឃើញថា ការចាប់ឆ្នោតបានលេខរៀងណាមួយនោះ គឺជារឿងចៃដន្យប៉ុណ្ណោះ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ។ លោកសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នោះ គឺអវត្តមានគណបក្សសង្គ្រោះជាតិទៅវិញទេ ព្រោះមានតែបក្សនេះប៉ុណ្ណោះទើបជាដៃគូប្រកួតប្រជែងជាមួយបក្សប្រជាជនកម្ពុជាបាន។ លោកបន្តថា ចំពោះគណបក្សចំនួន១៩ ផ្សេងទៀត គ្មានសង្ឃឹមថា អាចតទល់ឈ្នះបក្សប្រជាជនកម្ពុជាបានឡើយ ហើយបើទោះជា ១៩ គុណនឹង ២ ដងទៀត ក៏មិនអាចផ្តួលបក្សកាន់អំណាចបានដែរ ដោយសារពួកគេជាបក្សទើបបង្កើតថ្មី ឬជាបក្សដែលពលរដ្ឋលែងគាំទ្ររួចទៅហើយ។ «»
អ្នកវិភាគរូបនេះ ប៉ាន់ស្មានថា ចំនួនអ្នកទៅបោះឆ្នោតនៅអាណត្តិនេះ នឹងថយចុះជាងមុន ដោយសារតែអវត្តមានបក្សសង្គ្រោះជាតិដែលពលរដ្ឋធ្លាប់បោះឆ្នោតគាំទ្រកាលពីពេលកន្លងទៅ។ លោកបន្តថា ដោយសារតែមើលឃើញពីជ័យជំនះក្រោយការរំលាយបក្សសង្គ្រោះជាតិរួចនោះហើយ ទើបធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងជាញឹកញាប់ថា លោកនឹងបន្តដឹកនាំប្រទេសតទៅទៀត។
កាលពីការបោះឆ្នោតជាតិអាណត្តិទី៥ ឆ្នាំ២០១៣ កន្លងទៅ គណបក្សប្រជាជនកម្ពុជាឈរនៅលេខរៀងទី៤ ក្នុងចំណោមគណបក្សប្រកួតប្រជែងទាំងអស់ចំនួន ៨ គណបក្ស។ គណបក្សនេះបានបន្តឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល តែបានបាត់បង់អាសនៈចំនួន ២២ ទៅខាងបក្សសង្គ្រោះជាតិដែលទទួលបាន ៥៥ អាសនៈ ដែលឈរនៅលេខរៀងទី៧ នៅពេលនោះ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះ គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៩ កក្កដា ខាងមុខ ហើយពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតរបស់គ.ជ.ប មានជាង ៨លាននាក់ (៨,៣៨០,២១៧)៕
No comments:
Post a Comment