RFA
2018-05-29

រថភ្លើងឆ្លងកាត់ពីក្រុងសិរីសោភ័ណទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បើកដំណើរការសាកល្បង កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៨។
រូបថតពីហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
ប្រជាពលរដ្ឋរស់នៅអមផ្លូវរថភ្លើងនៅខេត្តបន្ទាយមានជ័យ រិះគន់ការសម្ពោធដាក់ឲ្យដំណើរការផ្លូវរថភ្លើងពីក្រុងបាត់ដំបងទៅខេត្តពោធិ៍សាត់ថា ជាការអភិវឌ្ឍន៍ក្លែងក្លាយ ដើម្បីទាញប្រយោជន៍ពីប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សកាន់អំណាច។ ការរិះគន់នេះ ដោយសារតែរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងនៅក្នុងពិធីសម្ពោធដាក់ដំណើរការបណ្ដោះអាសន្នផ្លូវរថភ្លើងនៅព្រឹកថ្ងៃទី២៩ ឧសភាថា ជាការអភិវឌ្ឍន៍រីកចំរើនថ្មីមួយទៀត ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
ប្រជាពលរដ្ឋរស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក សេង ចាន់ហាក់ ឲ្យដឹងនៅថ្ងៃទី២៩ ឧសភាថា ការសម្ពោធដាក់ដំណើរផ្លូវរថភ្លើងនៅក្រុងបាត់ដំបងទៅខេត្តពោធិ៍សាត់ មិនមែនជាការអភិវឌ្ឍពិតប្រាកដនោះឡើយ។ លោក សេង ចាន់ហាក់ លើកឡើងថា មូលហេតុដែលលោកមិនគាំទ្រនឹងការអភិវឌ្ឍនេះ ព្រោះក្រសួងសាធារណការ និងដឹកជញ្ជូនមិនទាន់ដោះស្រាយសំណងជូនពួកគាត់ ដែលរងគ្រោះដោយសារគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនេះនៅឡើយ៖ «ការអភិវឌ្ឍន៍ខ្ញុំទទួលស្គាល់ ប៉ុន្តែបើដឹកនាំប្រទេសមិនអភិវឌ្ឍន៍តើគាត់ទៅធ្វើអី? ព្រោះការអភិវឌ្ឍន៍ជាតួនាទីរបស់រដ្ឋាភិបាល ប៉ុន្តែសុំឲ្យអោយការអភិវឌ្ឍន៍នោះឲ្យប្រជាពលរដ្ឋបានសេចក្ដីសុខផង ហើយធ្វើឡើងដោយតម្លាភាពនិងត្រឹមត្រូវ ព្រោះការអភិវឌ្ឍន៍ដោយអំពើពុករលួយខ្ញុំមិនអាចទទួលយកបានទេ»។
ចំណែកពលរដ្ឋរស់នៅអមផ្លូវរថភ្លើងម្នាក់ទៀត លោក តុប សុខា ថ្លែងថា អាជ្ញាធរបង្ខំដាក់ដំណើរការផ្លូវរថភ្លើងនៅកៀកថ្ងៃបោះឆ្នោតនេះ មិនមែនធ្វើឡើងដោយចិត្តស្មោះត្រង់នោះទេ គឺដើម្បីផ្គាប់ចិត្តប្រជាពលរដ្ឋឲ្យបោះឆ្នោតជូនគណបក្សកាន់អំណាចដើម្បីឲ្យថ្នាក់ដឹកនាំគណបក្សនេះបានដឹកនាំប្រទេសបន្តទៀត។ លោកតុប សុខាហៅការអភិវឌ្ឍន៍បែបនេះថាជាការអភិវឌ្ឍន៍ក្លែងក្លាយ ហើយលោកក៏មិនគាំទ្រនឹងការអភិវឌ្ឍន៍បែបនេះដែរ៖ «រដ្ឋាភិបាលអភិវឌ្ឍន៍នេះនៅលើគំនរទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវរថភ្លើងប្រឈមនឹងគ្រោះថ្នាក់អាយុជីវិត ខ្ញុំមិនគាំទ្រទេ ការអភិវឌ្ឍន៍បែបនេះ ព្រោះដោះស្រាយពុករលួយកិបកេងដីពីប្រជាពលរដ្ឋ ធ្វើបានពលរដ្ឋ កម្ទេចផ្ទះពលរដ្ឋ ទាំងគេទាំងខ្ញុំទឹកភ្នែកទឹកសម្បោរ ហើយរស់នៅបានព្រឹកខ្វះល្ងាច»។
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ ថុល អះអាងនៅក្នុងពិធីសម្ពោធដាក់ដំណើរផ្លូវរថភ្លើងពីក្រុងបាត់ដំបង ទៅទីរួមខេត្ត ពោធិ៍សាត់នៅព្រឹកថ្ងៃទី២៩ឧសភាថា ការអភិវឌ្ឍន៍រីកចំរើននេះ ដោយសារប្រទេសមានសុខសន្តិភាព ហើយក្រោមការដឹកនាំរបស់លោក ហ៊ុន សែន៖ «នៅក្នុងប្រទេសយើងមានអ្នកថាមានអ្នកធ្វើមានអ្នកឈរមើលនិងអ្នកទិតៀនប៉ុន្តែថ្ងៃនេះខ្ញុំសំណូមពរឲ្យអ្នកថា ទាំងនោះរួបរួមគ្នាថែរក្សាសុខសន្តិភាព សាមគ្គីភាពគ្នាដើម្បីទុកឱកាសឲ្យសម្ដេចហ៊ុនសែនដឹកប្រទេសបន្តទៀត»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្តបន្ទាយមានជ័យលោក ស៊ុំ ច័ន្ទគា លើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងមិនសំខាន់ទេ ព្រោះមិនមានរនាំងការពារសុវត្ថិភាពនៅលើផ្លូវឆ្លងកាត់នៅឡើយ។ លោក ស៊ុំ ច័ន្ទគា កត់សំគាល់ថា ដោយសារតែមិនមានរនាំងការពារនេះ កន្លងមកអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវដែកតែងជួបគ្រោះថ្នាក់ដោយរថភ្លើងបុកស្លាប់និងរងរបួសជាច្រើនករណីហើយ៖ «សំណូមពរសុំឲ្យមានរនាំងបាំងផ្លូវរថភ្លើង និងសុំឲ្យមានប៉ុស្តិ៍សម្រាប់អ្នកយាមការពារ ព្រោះកន្លងមកអ្នកយាមឈរកណ្ដាលថ្ងៃគ្មានទីជម្រក រង់ចាំតែរថភ្លើងមកអាងចេញទៅស្ទាក់ឡានមិនល្អទេ»។
ផ្លូវរថភ្លើងពីក្រុងបាត់ដំបងទៅទីរួមខេត្តពោធិ៍សាត់ប្រវែងជាង១០០គីឡូម៉ែត្រ បើកដំណើរបណ្ដោះអាសន្នឲ្យពលរដ្ឋ ដោយឥតគិតលុយរហូតដល់ថ្ងៃទី១សីហាឆ្នាំ២០១៨ គឺនៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្ររួច។ លោក ស៊ុន ចាន់ថុល អះអាងថា នៅថ្ងៃទី៤កក្កដាខាងមុខនឹងបើកដំណើរការបណ្ដោះអាសន្នផ្លូវរថភ្លើងពីទីរួមខេត្តពោធិ៍សាត់ទៅរាជធានីភ្នំពេញបន្តទៀត៕
No comments:
Post a Comment