ដោយ មាន ឫទ្ធិ
2018-07-10

ម្ដាយលោកបណ្ឌិត កែម ឡី លោកស្រី ភោគ សេ (រូបស្ដាំ) ពេលទទួលរូបសំណាកបណ្ឌិត កែម ឡី នៅស្រុកកំណើតនាខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។
Photo: RFA
ថ្ងៃទី១០ កក្កដា នេះ គឺជាខួបគម្រប់ ២ ឆ្នាំគត់ នៃឃាតកម្មលើបណ្ឌិត កែម ឡី។ ប្រជាពលរដ្ឋ មន្ត្រីសិទ្ធិមនុស្ស ថ្នាក់ដឹកនាំសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួនដែលជាអ្នកគោរពស្រឡាញ់ ឬជារាប់អានគ្នាជាមួយបណ្ឌិត កែម ឡី បាននាំគ្នាយកបាច់ផ្កាទៅដាក់នៅមុខហាងលក់ទំនិញស្ដារម៉ាតកាល់តិច (Caltex) ស្តុបបូកគោ ទីដែលលោកបណ្ឌិតត្រូវបានឃាតកបាញ់សម្លាប់កាលពី ២ ឆ្នាំមុន។ អ្នកខ្លះទៀតក៏បាននាំគ្នាទៅគោរពវិញ្ញាណក្ខន្ធរបស់លោកដល់ឯខេត្តតាកែវ។ សារសំខាន់ដែលពួកគាត់លើកឡើងនោះ គឺការទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលមិនត្រូវបិទបញ្ចប់ត្រឹមបុគ្គល ជួប សម្លាប់ នោះឡើយ។
ថ្នាក់ដឹកនាំសហជីព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទទូចឱ្យតុលាការបង្ហាញលទ្ធផលស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿងបណ្ឌិត កែម ឡី ដែលត្រូវបានទុកឱ្យស្ងប់ស្ងាត់បាត់ឈឹងអស់រយៈពេលជាច្រើនខែកន្លងទៅនេះ។
ប្រធានសហភាពសហជីពកម្ពុជា (CCU) លោក រ៉ុង ឈុន ថ្លែងក្រោយពេលដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅទីតាំងហាងសាំងកាល់តិចស្តុបបូកគោថា មកទល់នឹងពេលនេះ លោកនៅតែមានអារម្មណ៍រន្ធត់ចំពោះអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ។ លោកបន្តថា លោកនៅតែគោរព និងកោតសរសើរដល់វីរភាពរបស់បណ្ឌិត កែម ឡី ចំពោះការវិភាគ និងហ៊ាននិយាយការពិតអំពីភាពអយុត្តិធម៌សង្គមដែលបានកើតឡើងលើប្រជាពលរដ្ឋខ្មែរ។ លោកទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចលាតត្រដាងការពិតជុំវិញអំពើឃាតកម្មដ៏កក្រើកមួយនេះ ដើម្បីលាងជម្រះមន្ទិលសង្ស័យរបស់សាធារណជន អំពីភាពអសមត្ថភាពរបស់អាជ្ញាធរ ឬការជាប់ពាក់ព័ន្ធជាមួយបុគ្គលមានអំណាចនៅពីក្រោយខ្នងរឿងនេះ៖ «ក្នុងនាមសហភាពសហជីពកម្ពុជា យើងចង់ឱ្យអាជ្ញាធរក្រុងភ្នំពេញបង្កើតគណៈកម្មការស៊ើបអង្កេតករណីបាញ់សម្លាប់បណ្ឌិត កែម ឡី និងស្វែងរកជនដែលនៅក្រោយខ្នងនៃអំពើឃាតកម្មនេះ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ និងផ្ដល់យុត្តិធម៌ទៅដល់ក្រុមគ្រួសារ កូន ប្រពន្ធ មិត្តភ័ក្ដិ និងប្រជាពលរដ្ឋទូទាំងប្រទេសផងដែរ»។
ក្រៅពីការកាត់ទោសបុគ្គល ជួប សម្លាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីចុងខែមីនា ឆ្នាំ ២០១៧ រួចមក សំណុំរឿងបណ្ឌិត កែម ឡី នេះ គ្មានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ឡើយ ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ។ តុលាការក្រុងភ្នំពេញ ថ្វីដ្បិតតែបានបំបែកសំណុំរឿងនេះជាពីរ ក៏ប៉ុន្តែគ្មានបុគ្គលពាក់ព័ន្ធណាម្នាក់ត្រូវបាននាំខ្លួនមកសាកសួរ ឬកាត់ទោស ក្រៅពីបុគ្គល ជួប សម្លាប់ ដែលមានឈ្មោះពិតពីកំណើតថា អឿត អាង នោះឡើយ។ សំខាន់ជាងនេះ គឺតុលាការនៃរបបលោក ហ៊ុន សែន បានខកខានក្នុងការបញ្ចេញព័ត៌មានឱ្យសាធារណជនបានដឹង ទាក់ទងនឹងសំណុំរឿងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតរបស់ ជួប សម្លាប់ ដែលតុលាការអះអាងថា ជាសំណុំរឿងដែលត្រូវស្វែងរកមុខអ្នកពាក់ព័ន្ធផ្សេងទៀតយកមកផ្ដន្ទាទោសតាមច្បាប់នោះ។
ទាំងតុលាការក្រុងភ្នំពេញ និងទាំងសាលាឧទ្ធរណ៍សុទ្ធតែបានចាត់ការរឿងក្តីនេះ ក្នុងរបៀបតែមួយ គឺពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើចម្លើយសារភាពរបស់បុគ្គល អឿត អាង ដែលតែងតែឆ្លើយដាក់បន្ទុកខ្លួនឯងថា ជាអ្នកសម្លាប់បណ្ឌិត កែម ឡី ដោយម្នាក់ឯងមិនជាប់ពាក់ព័ន្ធនឹងបុគ្គលណាផ្សេងទៀតឡើយ។
ចៅក្រមស៊ើបសួរក្នុងសំណុំរឿងនេះ គឺលោក សេង លាង ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដីកាលពីថ្ងៃទី៩ កក្កដា ម្សិលមិញថា សំណុំរឿងនេះលោកកំពុងតែបន្តស៊ើបអង្កេតនៅឡើយ។ ហើយទាក់ទងនឹងការបំបែកសំណុំរឿងជាពីរ លោកថាមិនទាន់បិទការស៊ើបអង្កេតនៅឡើយទេ។ នៅពេលភ្នំពេញប៉ុស្តិ៍សួរថា តើមានជនពាក់ព័ន្ធប៉ុន្មាននាក់ដែលកំពុងត្រូវបានស៊ើបអង្កេតនោះ លោកចៅក្រមស៊ើបសួរ សេង លាង ថ្លែងថា នេះជាការសម្ងាត់មិនអាចឱ្យដឹងបានឡើយ។ ប៉ុន្តែយោងតាមកាសែតភ្នំពេញប៉ុស្តិ៍ដដែល ស្នងការរងរាជធានីភ្នំពេញលោក សុង លី បានថ្លែងកាលពីម្សិលមិញថា លោកមិនទាន់បានទទួលដីកាឲ្យស៊ើបអង្កេតពីតុលាការលើសំណុំរឿងនេះនៅឡើយទេ ហើយលោកបានបង្វែរសំណួរឲ្យទៅសួរតុលាការវិញ។
ចំណែក សមាជិកព្រឹទ្ធសភាឯកបក្ស និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន វិញ បានប្រាប់ក្រុមអ្នកកាសែតក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា សំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី នេះ ត្រូវបានតុលាការកម្ពុជាស៊ើបអង្កេត និងកាត់ក្តីរួចហើយ ដូច្នេះរឿងនេះគ្មានអ្វីត្រូវស៊ើបអង្កេតទៀតឡើយ។ លោកបានឆ្លើយតបទៅនឹងសំណើសុំឱ្យមានការបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងអព្យាក្រឹត្យរបស់គណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) ថា គឺជាការជ្រៀតជ្រែក និងរំលោភលើឯករាជ្យភាព និងសមត្ថកិច្ចរបស់តុលាការកម្ពុជា ដែលជារឿងមិនអាចទទួលយកបានឡើយ។
ទោះបីជាយ៉ាងណា ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការចូលរួមស៊ើបអង្កេតពីអ្នកឯករាជ្យ មិនមែនជាការជ្រៀតជ្រែកកិច្ចការងាររបស់អាជ្ញាធរកម្ពុជាឡើយ ប៉ុន្តែមានន័យថា ជាកិច្ចសហការទៅវិញទេ ហើយកម្ពុជាមានឧទាហរណ៍ច្រើនរួចទៅហើយទាក់ទងនឹងការចូលរួមស៊ើបអង្កេតពីអ្នកឯករាជ្យនេះ តួយ៉ាងដូចជា សាលាក្តីខ្មែរក្រហម ជាដើម។ លោកយល់ថា ការបដិសេធ ឬមិនចង់ឱ្យមានការចូលរួមស៊ើបអង្កេតពីអ្នកឯករាជ្យនេះ ទំនងដោយសារអាជ្ញាធរកម្ពុជាគ្មានឆន្ទៈពិតប្រាកដក្នុងការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ឬខ្វះឯករាជ្យភាពក្នុងការបំពេញតួនាទីរបស់ខ្លួន ដូចជា រងសម្ពាធ ឬរងការគំរាមកំហែងពីអ្នកមានអំណាច ជាដើម៖ «ពេលដល់ខួបពីរឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី នេះ សំណុំរឿងនេះគួរតែត្រូវបានតុលាការចាត់ការបន្ត ដើម្បីបង្ហាញឱ្យឃើញពីការខិតខំរបស់អាជ្ញាធររដ្ឋាភិបាលរកអ្នកពាក់ព័ន្ធ និងអ្នកដែលនៅពីក្រោយ។ យើងដឹងហើយថា តុលាការបានបំបែកសំណុំរឿងនេះជាពីរ គឺទីមួយអ្នកដៃដល់ និងទីពីរអ្នកផ្តល់មធ្យោបាយ និងធនធាន ដូចជា អាវុធ ជាដើម ទៅឱ្យឃាតក ហើយយើងមើលទៅលទ្ធភាពរបស់ ជួប សម្លាប់ មិនអាចរកអាវុធបែបហ្នឹងបានទេ។ អ៊ីចឹងសភាពស្ងប់ស្ងាត់របស់តុលាការនេះ វាជាចំណុចមួយដែលគួរឱ្យសង្ស័យថា មានឥទ្ធិពលអ្វីមួយដែលធ្វើឱ្យតុលាការនៅស្ងៀម មិនធ្វើឱ្យរឿងនេះមានដំណើរការតទៅទៀត ខណៈអ្នក កែម ឡី និយមរាប់លាននាក់ កំពុងរង់ចាំយុត្តិធម៌សម្រាប់លោកបណ្ឌិត កែម ឡី»។
ក្នុងឱកាសខួប ២ឆ្នាំ នៃការធ្វើឃាតបណ្ឌិត កែម ឡី នេះ ក្រុមគ្រួសាររបស់លោកក៏បានរៀបចំពិធីបុណ្យតាមបែបប្រពៃណីពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោកផងដែរ ដែលពិធីបុណ្យនោះប្រារព្ធឡើងនៅគេហដ្ឋានរបស់លោកស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ លោក សន ជ័យ ដែលមានវត្តមាននៅទីនោះថ្លែងថា គិតត្រឹមរសៀលថ្ងៃទី១០ កក្កដា អ្នកចូលពិធីបុណ្យនៅមានចំនួនតិចនៅឡើយ មិនឃើញមានមនុស្សច្រើនអ៊ូអរដូចកាលពីបុណ្យខួបគម្រប់ ១ឆ្នាំ របស់លោកបណ្ឌិតនោះទេ។
ពលរដ្ឋម្នាក់នៅខេត្តតាកែវ ថ្លែងថា លោកគោរពស្រឡាញ់បណ្ឌិត កែម ឡី ជាខ្លាំងតាមរយៈការវិភាគ និងការផ្ដល់ទស្សនៈល្អៗនៅតាមប្រព័ន្ធផ្សព្វផ្សាយ។ លោកបន្តថា លោកមានការឈឺចាប់ជាខ្លាំងនៅពេលនឹកឃើញដល់អំពើឃាតកម្មនេះ និងបានទន្ទឹងរង់ចាំមើលដំណើរការរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី មកទល់សព្វថ្ងៃ ប៉ុន្តែនៅមិនទាន់ឃើញលេចចេញជារូបរាងនៅឡើយ។ លោកបន្ថែមថា លោកគ្មានជំនឿថា តុលាការនៃរបបក្រុងភ្នំពេញនឹងអាចរកយុត្តិធម៌ជូនលោកបណ្ឌិត កែម ឡី ឡើយ ព្រោះស្ថាប័នយុត្តិធម៌នេះគ្មានភាពឯករាជ្យក្នុងការបំពេញមុខងាររបស់ខ្លួនឡើយ៖ «ខ្ញុំចង់ណាស់ ចង់ឱ្យតុលាការបង្ហាញភាពត្រឹមត្រូវ បង្ហាញមុខជនពាក់ព័ន្ធផ្សេងទៀត ដែលគាត់និយាយថាស្វែងរកនោះ។ ប៉ុន្តែជាក់ស្ដែង ខ្ញុំយល់ថា វាគ្រាន់តែលេស គ្រាន់តែជាការនិយាយលួងចិត្តប្រជាពលរដ្ឋ តែជាក់ស្ដែងនោះតុលាការមិនហ៊ានធ្វើនោះទេ ខ្ញុំជឿថាមិនអាចរកឃើញនោះទេ។ យើងទន្ទឹងរង់ចាំរហូត ប៉ុន្តែការទន្ទឹងរង់ចាំនេះ មើលទៅដូចជាមិនមានពន្លឺយុត្តិធម៌សោះ។ កាលណាសង្គមយើង របបដឹកនាំយើងនៅតែដដែល នោះយុត្តិធម៌នឹងមិនមានទេសម្រាប់ពលរដ្ឋខ្មែរ»។
ក្រៅពីការថ្លែងដោយផ្ទាល់បែបនេះ ប្រជាពលរដ្ឋ មន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកកែម ឡី និយមមួយចំនួន ក៏បាននាំគ្នាប្ដូររូបភាពផ្ទាល់ខ្លួន ឬបង្ហោះរូបភាពបណ្ឌិត កែម ឡី អមដោយសារនឹករលឹកបញ្ញវន្តរូបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។ ពួកគេនៅតែទាមទារ និងដង្ហោយរកយុត្តិធម៌ពិតប្រាកដជូនលោកបណ្ឌិត កែម ឡី ដែលជាវីរបុរសនៅក្នុងដួងចិត្តរបស់ពួកគេជាប់ជានិច្ចនោះ៕
No comments:
Post a Comment