Tuesday, 3 July 2018

លោក សុខ ឥសាន ទទួល​ស្គាល់​ថា ការ​ធ្វើ​ក្រមា​របស់​លោក ហ៊ុន ម៉ានី គឺ​ដើម្បី​​សន្លឹកឆ្នោត


ដោយ សេក បណ្ឌិត
2018-07-02

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA



អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ទទួល​ស្គាល់​ថា ការ​ធ្វើ​ក្រមា​១០០០​ម៉ែត្រ​ដែល​រៀបចំ​ដោយ​លោក ហ៊ុន ម៉ានី គឺ​ដើម្បី​ចង់​រក​សន្លឹកឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​លើកឡើង​បែបនេះ​របស់​លោក សុខ ឥសាន ក្នុង​ពេល​ដែល​គណៈកម្មការ​នៃ​ស្ថាប័ន​កំណត់ត្រា​ពិភពលោក (Guinness World Record) បាន​ដាក់​បញ្ចូល​ក្រមា​ប្រវែង​១០០០​ម៉ែត្រ​ទៅ​ក្នុង​កំណត់ត្រា​ពិភពលោក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម (Telegram) របស់​លោក​ថា ការ​និយាយ​ថា ផលិត​ក្រមា​នេះ​ដើម្បី​សន្លឹកឆ្នោត​ក៏​ថា​បាន​ដែរ​ព្រោះ​គេ មិន​ដែល​ខិតខំ​ដើម្បី​បំផ្លាញ​សន្លឹកឆ្នោត​នោះ​ទេ។



អ្នកនាំពាក្យ​រូប​នេះ​ថែមទាំង​ថ្លែង​ចំអក​ទៅ អ្នក​រិះគន់​ថា ការ​ធ្វើ​ក្រមា​នេះ​គ្រាន់បើ​ខ្លាំង​ជាង​អ្នក​ដែល​អត់​បាន​ធ្វើ​អី​សោះ ហើយ​ចាំតែ​រិះគន់ ទាំង​ងងឹតងងល់។

ប្រតិកម្ម​បែបនេះ​របស់​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច ក្នុងពេលដែល​កូនប្រុស​ទីពី​របស់​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច និង​ជា​ប្រធាន​សហព័ន្ធ​សហភាព​យុវជន​កម្ពុជា​ផង បាន​ដឹកនាំ​យុវជន​រាប់ពាន់​នាក់​ចូលរួម​ក្នុង​ពិធី​លាត​ក្រមា​ប្រវែង​១០០០​ម៉ែត្រ​នៅ​ទីក្រុង​កោះពេជ្រ ថ្ងៃ​ទី​០១ ខែ​កក្កដា ដើម្បី​ឲ្យ​ស្ថាប័ន​កំណត់ត្រា​ពិភពលោក ត្រួតពិនិត្យ​មុន​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​កំណត់ត្រា​ពិភពលោក​ហើយ​ស្ថាប័ន​មួយ​នេះ​ក៏បាន​សម្រេច​ប្រគល់​ប័ណ្ណ​កំណត់ត្រា​នៃ​ការ​បំបែក​ឯតទគ្គកម្ម​ត្បាញ​ក្រមា​ខ្មែរ​វែង​ជាងគេ​ដល់​ក្រុម​យុវជន​លោក ហ៊ុន ម៉ានី។

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) រិះគន់​ថា ការ​ធ្វើ​ក្រមា​វែង​ជាងគេ​លើ​លោក​របស់​កូន​ប្រុស​លោក ហ៊ុន សែន គឺ​គ្រាន់តែ​ជា​ការ​ធ្វើ​ដើម្បី​ចង់​កេង​ចំណេញ​នយោបាយ​ជា​ជាង​ការ​គិត​ពី​ប្រយោជន៍​ជាតិ។

យុទ្ធនាការ​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​ប្រវែង​១០០០​ម៉ែត្រ​ក្រោម​ការ ដឹកនាំ​របស់​លោក ហ៊ុន ម៉ានី និង​ចលនា Go Go Cambodia បាន​រៀបចំ​កម្មវិធី​មួយ​មានឈ្មោះ ថា «រួមគ្នា​ជឿ​ថា​ខ្មែរ​អាច​ធ្វើ​បាន» ដើម្បី​រួមគ្នា​ត្បាញ​ក្រមា​នៃ​កម្មវិធី “​បំបែក​ឯតទគ្គកម្ម​ក្រមា វែង​ជាងគេ​នៅ​លើ​ពិភពលោក” បាន​ផ្ដើម​កាលពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨។ យុទ្ធនាការ​នេះ ត្រូវ​បាន​ធ្វើ​យ៉ាង​ទូលំទូលាយ​សូម្បីតែ​មេដឹកនាំ​របប​ក្រុងភ្នំពេញ លោក ហ៊ុន សែន ក៏បាន​ចូលរួម​ត្បាញ​ក្រមា​នេះ​ដែរ។

ទោះជា​យ៉ាងណា យុទ្ធនាការ​ត្បាញ​ក្រមា​នេះ​ធ្វើឡើង​ខណៈ​ប្រទេស​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ និង​កៀក​ថ្ងៃ​បោះឆ្នោត​ដូចនេះ​មិន​ទទួល​បាន​ស្វាគមន៍​ពី​អ្នក​ធ្វើ​ការងារ​សង្គម និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ​ទេ។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊​ក​ឈ្មោះ ឆន ប៊ុនហ៊ី បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​អម​ដោយ​រូបភាព​ក្រុម​យុវជន​នាំគ្នា​កាន់​បង្ហាញ​ក្រមា​នោះ​ថា ចិន​ធ្វើ​អគារ​បង្អួត​លោកា ខ្មែរ​ធ្វើ​ក្រមា​បង្អួត​លោកីយ៍។

សកម្មភាព​ក្រុម​យុវជន​លាត​ត្រដាង​ក្រមា ក្នុង​ព្រឹត្តិការណ៍​ដាក់​បញ្ចូល​ក្រមា​ប្រវែង​១ពាន់​ម៉ែត្រ ក្នុង​កំណត់ត្រា​ពិភពលោក ដែល​រៀបចំ​នៅ​បរិវេណ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៨។
សកម្មភាព​ក្រុម​យុវជន​លាត​ត្រដាង​ក្រមា ក្នុង​ព្រឹត្តិការណ៍​ដាក់​បញ្ចូល​ក្រមា​ប្រវែង​១ពាន់​ម៉ែត្រ ក្នុង​កំណត់ត្រា​ពិភពលោក ដែល​រៀបចំ​នៅ​បរិវេណ​កោះពេជ្រ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៨។ Photo Screenshot


នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់ថា បើ​កូន​ប្រុស​លោក ហ៊ុន សែន មានការ​យកចិត្ត​ទុក​លើ​ក្រមា​ខ្មែរ​មែន​នោះ គួរ​រក​វិធី​ជួយ​ជ្រោមជ្រែង ទីផ្សារ​ជូន​ក្រមា​ខ្មែរ និង​ទប់ស្កាត់​ផលិតផល​បរទេស​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទីផ្សារ​ក្រមា​ខ្មែរ នៅ​ក្នុង​ស្រុក​ជា​ការ​ល្អ​ជាង។ លោក​បញ្ជាក់​ថា លោក ហ៊ុន ម៉ានី និង​ក្រុម​យុវជន​របស់​លោក​គឺ មានលទ្ធភាព​អាច​ចូលរួម​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន។ «»

សមាជិក​ក្រុម​អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់ថា យុទ្ធនាការ​នេះ​ធ្វើ​ដើម្បី​តែ​កេង​ចំណេញ​នយោបាយ​របស់​អ្នកនយោបាយ​ប៉ុណ្ណោះ។ ថ្វីត្បិតតែ​លោក ហ៊ុន ម៉ានី បាន​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ពិតមែន​ប៉ុន្តែ​អ្នកតំណាងរាស្ត្រ​រូប​នេះ មិនបាន​បង្ហាញ​ពី​ដំណោះស្រាយ​ណាមួយ​ដើម្បី​ជួយ​រក​ទីផ្សារ​ក្រមា​នោះ​ទេ។ អ្នកវិភាគ​វ័យក្មេង​រូប​នេះ យល់ថា យុវជន​ត្រូវ​មាន ភាព​ឆ្លាត​វ័យ​ក្នុង​ការចូលរួម​សកម្មភាព​នានា បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​អ្នកនយោបាយ​បោក​ប្រើ។ «»

លោក ហ៊ុន ម៉ានី ក៏​ធ្លាប់​បាន​ដឹកនាំ​ក្រុម​យុវជន និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ធ្វើ​នំ​អន្សម​យក្ស ចាប៉ី​ដងវែង និង​រាំ​ចង្វាក់រាំ​ម៉ាឌីហ្ស៊ុន ដើម្បី​បំបែក​កំណត់ត្រា​ពិភពលោក នា​ពេល​កន្លងមក​ដែរ។ ប៉ុន្តែ​ក្រោយ​ចូល​ក្នុង​សៀវភៅ Guinness World Records នេះ​ហើយ គេ​មិន​ឃើញ​លោក ហ៊ុន ម៉ានី បំផុស​ឲ្យ​យុវជន​សិក្សា​ពី​ចាប៉ី​ដងវែង ឬ​រក​ទីផ្សារ​សិល្បៈ​ចាប៉ី​ដងវែង និង​ទីផ្សារ​នំអន្សម​នោះ​ទេ៕

No comments: