ដោយ មាន ឫទ្ធិ
2018-07-01

លោក ហ៊ុន ម៉ាណែត មេបញ្ជាការរងកងទ័ពជើងគោក និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ក្នុងពិធីរៀបចំការចូលប្រឡងជ្រើសរើសនាយទាហាន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥។
RFA
របបលោក ហ៊ុន សែន ត្រៀមនឹងដំឡើងឋានន្តរសក្ដិកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាឧត្ដមសេនីយ៍ឯកផ្កាយមាស៣ ឲ្យក្លាយទៅជានាយឧត្ដមសេនីយ៍ផ្កាយមាស៤ ខណៈនៅមិនដល់១ខែមុនការបោះឆ្នោតដ៏ចម្រូងចម្រាស។ អ្នកវិភាគនយោបាយ ព្រមានថា ការប៉ុនប៉ងដំឡើងផ្កាយកូនប្រុសច្បងបង្កើតលោក ហ៊ុន សែន ក្នុងជួរកំពូលយោធានាយ៉ាងឆាប់រហ័សបែបនេះ អាចនឹងធ្វើឲ្យផ្ទៃក្នុងគណបក្សកាន់អំណាច និងជួរកងទ័ពរង្គោះរង្គើ ព្រមទាំងអាចឈានទៅរកការធ្វើរដ្ឋប្រហារ ឬបក្សប្រហារ ប្រសិនបើលោក ហ៊ុន សែន នៅតែបន្តធ្វើដូច្នេះដោយមិនអើពើដល់គុណសម្បត្តិរបស់មន្ត្រីជាន់ខ្ពស់យោធាចាស់វស្សាដទៃទៀត ដែលជាសមមិត្តរួមអាវុធជាមួយលោក។
អ្នកវិភាគនយោបាយលោកបណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់អាស៊ីសេរី តាមសារអេឡិចត្រូនិក កាលពីថ្ងៃទី១ កក្កដា ថា លោកមើលឃើញមានហេតុផល៣យ៉ាងជុំវិញការប៉ុនប៉ងដំឡើងផ្កាយដល់កម្រិតកំពូលឲ្យលោក ហ៊ុន ម៉ាណែត នាមុនពេលបោះឆ្នោតនេះ។ ហេតុផលទាំងបីនោះគឺ ទី១) គឺដើម្បីឲ្យមេបញ្ជាការកំពូលចាស់ៗ ទៅឈរឈ្មោះបោះឆ្នោត ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ជំរុញឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតឲ្យបានច្រើន។ ហេតុផលទី២ លោកថា គឺដើម្បី បញ្ចូលឈាមថ្មីទៅជំនួសឈាមចាស់ ដើម្បីឲ្យកងទ័ពមានថាមពលថ្មី។ ដោយឡែកសម្រាប់ហេតុផលទី៣វិញ លោកបណ្ឌិត ឡៅ ម៉ុងហៃ មើលឃើញថា គឺដើម្បីពង្រឹងអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារមេបញ្ជាការកំពូលថ្មីៗ ជាមនុស្សជំនិត និងស្មោះត្រង់ នៅក្រោមបង្គាប់នាយករដ្ឋមន្ត្រី ជាងមេបញ្ជាការកំពូលៗចាស់ៗ ដែលជាសមមិត្តរួមអាវុធរបស់លោក។
ការលើកឡើងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ នាពេលនេះ គឺក្រោយពីមានការព័ត៌មាន បង្ហើបពីតម្រុយនៃការដំឡើងឋានន្តរសក្ដិកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដ៏ឆាប់រហ័ស គឺភ្លាមៗខណៈដែលលោកទើបបានឡើងកាន់តំណែងជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការកងទ័ពជើងគោកស្ដីទី បន្ថែមលើមុខងារបច្ចុប្បន្ន ដែលជាមេបញ្ជាការកម្លាំងពិសេសប្រឆាំងភេរវកម្ម ជំនួសឲ្យនាយឧត្ដមសេនីយ៍ គន់ គីម ដែលត្រូវទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រខេត្តឧត្តរមានជ័យសម្រាប់ការបោះឆ្នោតអាណត្តិទី៦នេះ។
ការឡើងកាន់តំណែងនាពេលនេះ គឺជាការបើកផ្លូវឲ្យលោកអាចទៅកាន់មុខតំណែងកំពូលក្នុងជួរកងទ័ព ទំនងជាដើម្បីការពារអំណាចឪពុករបស់លោក។ ពិធីផ្ទេរតំណែងនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ក្រោមអធិបតីភាពលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ។
កាសែតកម្ពុជាថ្មី ដែលស្និទ្ធនឹងរបបលោក ហ៊ុន សែន ចុះផ្សាយកាលពីថ្ងៃ៣០ មិថុនា បានស្រង់ប្រសាសន៍ លោក ទៀ បាញ់ និងអ្នកនាំពាក្យ ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ឲ្យដឹងថា លោក ហ៊ុន ម៉ាណែត អាចនឹងទទួលបានការដំឡើងឋានន្តរសក្ដិ ជានាយឧត្ដមសេនីយ៍ផ្កាយមាស ៤ នាពេលឆាប់ៗខាងមុខនេះ ដោយសារតែលោក ហ៊ុន ម៉ាណែត នាពេលនេះ បានក្លាយជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ហើយជានាយសេនាធិការចម្រុះស្ដីទី និងជាមេបញ្ជាការស្ដីទីកងទ័ពជើងគោក។
សម្រាប់ការបោះឆ្នោតដ៏ចម្រូងចម្រាសនៅអាណត្តិទី៦នេះ លោក ហ៊ុន សែន ហាក់កំពុងរៀបចំយុទ្ធសាស្ត្រ និងសេនារីយ៉ូ ឲ្យកូនប្រុសរបស់លោក ឡើងទៅកាន់តំណែងកំពូលជិតផុតលេខក្នុងជួរយោធា គឺនៅសល់តែមួយកាំប៉ុណ្ណោះ នៅពីក្រោមតំណែងជានាយករដ្ឋមន្ត្រី ដែលជានាយឧត្ដមសេនីយ៍ផ្កាយមាស៥ ផុតលេខ។ យុទ្ធសាស្ត្រនេះ ធ្វើឡើងតាមរយៈការតម្រូវឲ្យមេទ័ពកំពូលៗ ដែលជាមន្ត្រីស្និទ្ធនឹងលោក ទៅឈរឈ្មោះជាតំណាងរាស្ត្រ ក្នុងនោះរួមមានឧត្ដមសេនីយ៍ផ្កាយមាស៤ លោក ប៉ុល សារឿន ដែលជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានប្រកាសទៅឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រលេខរៀងទី១ នៅមណ្ឌលព្រះសីហនុ ខណៈតំណែងរបស់លោក ត្រូវបានជំនួសដោយលោក សៅ សុខា ឲ្យកាន់តំណែងជាអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ។
ក្រៅពីនោះ លោក គន់ គីម ទៅឈរឈ្មោះជាតំណាងរាស្ត្រពេញសិទ្ធិតែមួយគត់ នៅមណ្ឌលឧត្តរមានជ័យ ខណៈនាយឧត្ដមសេនីយ៍ មាស សុភា ដែលជាមេបញ្ជាការកងទ័ពជើងគោក ក៏ត្រូវព្យួរតំណែងទៅឈរជាបេក្ខជនតំណាងរាស្ត្រពេញសិទ្ធិតែមួយគត់នៅមណ្ឌលព្រះវិហារ ចំណែកឯលោក ទៀ បាញ់ ក៏នឹងត្រូវឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រ នៅមណ្ឌលសៀមរាប។
ការព្យួរមុខតំណែងសំខាន់ៗរបស់មេទ័ពធំៗស្និទ្ធនឹងលោក ហ៊ុន សែន នេះ ត្រូវមន្ត្រីរបបលោក ហ៊ុន សែន អះអាងថា ធ្វើឡើងស្របតាមមាត្រា ២៥ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលតម្រូវឲ្យមន្ត្រីរាជការ មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះជាតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលាចាកសិក្ខាបទរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ។
អ្នកវិភាគនយោបាយម្នាក់ទៀត គឺលោក ហង្ស វិទូ ព្រមានចំៗថា គណបក្សកាន់អំណាច និងជួរកងទ័ព អាចនឹងមានការរង្គោះរង្គើ ប្រសិនបើលោក ហ៊ុន សែន មិនមានការឆ្លាតវៃ ហើយនៅតែបន្តចង់លើកបន្តុបកូនឲ្យក្លាយជាអនាគតនាយករដ្ឋមន្ត្រីកម្ពុជា បន្តវេនពីរូបលោក ដោយមិនឆ្លងកាត់ការបោះឆ្នោតត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញនោះ៖ «អ៊ីចឹង បើសិនជាលោក ហ៊ុន ម៉ាណែត គាត់ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសឪពុក នោះគឺខុសរដ្ឋធម្មនុញ្ញហើយ។ អ៊ីចឹងវាអត់អាចទៅរួចទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាអាចទៅរួចល្គឹកណាតែគណបក្សប្រជាជនកម្ពុជា គាត់ជាប់ឆ្នោត ហើយថ្ងៃណាមួយ លោក ហ៊ុន ម៉ាណែត គាត់អាចឈ្នះចិត្តនៅក្នុងបក្សហ្នឹង ក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រី នោះគឺគាត់អាចនៅពេលដែលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត។ ប៉ុន្តែ ខ្ញុំមើលឃើញថា ជាទូទៅប្រហែលជាមិនអាចទេ ទោះបីជាព្យាយាមក្នុងការដំឡើងតំណែងកូនចៅរហូតដល់ផ្កាយបីផ្កាយបួនក៏ដោយ ព្រោះថាបញ្ហាផ្ទៃក្នុងបក្សនឹងអាចកើតមានឡើងប្រសិន បើគាត់លេងរបៀបហ្នឹង។ វាអត់មានអ្នកណាអាចបំបែកអំណាចគាត់បានទេ ប៉ុន្តែខ្ញុំជឿជាក់ថា បើសិនជាគាត់ចង់បន្តតំណែងដល់កូនដល់ចៅទៀត វាអាចធ្វើឲ្យអ្នកខាងក្នុងគេទាស់ចិត្ត ដែលនាំឲ្យមានបញ្ហាផ្ទៃក្នុងធ្ងន់ធ្ងរ»។
លោក ហង្ស វិទូ បន្តថា ការប៉ុនប៉ងដំឡើងឋានន្តរសក្ដិឆាប់រហ័សពេកឲ្យលោក ហ៊ុន ម៉ាណែត ដោយសារតែលោកជាកូនប្រុសនាយករដ្ឋមន្ត្រីនេះ នឹងធ្វើឲ្យមន្ត្រីយោធាថ្នាក់ក្រោមឱវាទដែលធ្លាប់តស៊ូជាមួយលោក ហ៊ុន សែន អាក់អន់ស្រពន់ចិត្ត ដែលជាហេតុអាចជំរុញឲ្យពួកគេធ្វើរដ្ឋប្រហារជាដើម៖ «ជាទូទៅដូចយើងឃើញហើយ ដូចជាប្រទេសនៅអាព្រិក ដែលមានការកើតឡើងការធ្វើរដ្ឋប្រហារអីផ្សេងៗហ្នឹងគឺកើតឡើងដោយសារតែនាយករដ្ឋមន្ត្រី ឬក៏ប្រធានាធិបតី បន្តុបបណ្ដាក់កូនឯងក្រុមគ្រួសារឯង ឲ្យក្លាយជាអ្នកធំខ្ពស់បំផុត។ អាណ្ណឹង វាធ្វើឲ្យកើតមាននូវជម្លោះផ្ទៃក្នុងបក្សដោយជៀសមិនរួចទេ។ ប៉ុន្តែបើសិន ជាគាត់មានភាពវ័យឆ្លាត គាត់ជៀសអាហ្នឹងបាន ខ្ញុំយល់ឃើញថា នឹងមិនអាចគ្មានរឿងហ្នឹងកើតឡើងបានទេ។ ប៉ុន្តែប្រសិនជាមិនបង្អង់ដៃ ហើយនៅតែលើកបន្តុបកូនចៅឯងឲ្យធ្វើជាអ្នកធំ ក្នុងលក្ខណៈមួយរក្សាតំណែងដោយពុំមានការបោះឆ្នោតត្រឹមត្រូវ នោះនឹងអាចធ្វើឲ្យមានជម្លោះផ្ទៃក្នុង»។
កាលពីថ្ងៃទី២៨ មិថុនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយ ស្ដីពី «បុគ្គលនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់១២រូបរបស់កម្ពុជា៖ ប្រវត្តិរំលោភសិទ្ធិមនុស្សដ៏យូរអង្វែងនៃនាយឧត្ដមសេនីយ៍របស់លោក ហ៊ុន សែន» ដែលលាតត្រដាងឲ្យឃើញថា កម្ពុជាកាន់តែប្រែក្លាយទៅរករបបផ្ដាច់ការ និងការដឹកនាំបែបឯកបក្ស ដោយសារតែនាយឧត្ដមសេនីយ៍មានបាតដៃកខ្វក់ទាំង១២រូប ក្នុងជួរកងកម្លាំងសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើជាខ្នងបង្អែកនៃរបបនយោបាយមួយពោរពេញទៅដោយអំពើរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងមានចរិតផ្ដាច់ការនិយម។
អង្គការនេះ ជំរុញឲ្យមានការបើកការស៊ើបអង្កេតទៅលើក្រុមបុគ្គលដែលមានឈ្មោះក្នុងរបាយការណ៍នេះ ដើម្បីកាត់ទោសពួកគេតាមច្បាប់អន្តរជាតិ និងជំរុញឲ្យមានការធ្វើកំណែទម្រង់ទាំងស្រុងលើវិស័យសន្តិសុខនៅកម្ពុជា ដើម្បីធានាឲ្យបាននូវកងកម្លាំងសន្តិសុខប្រកបដោយវិជ្ជាជីវៈ និងមានឯករាជ្យដាច់ស្រឡះពីការត្រួតត្រារបស់គណបក្សកាន់អំណាច ដែលពិតជាមានសារៈសំខាន់បំផុត ដើម្បីបញ្ចប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាប្រព័ន្ធ និងបង្កើតបានស្ថាប័នប្រជាធិបតេយ្យពិតប្រាកដមួយ។ អង្គការនេះ ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលដែលពាក់ព័ន្ធ ប្រទេសម្ចាស់ជំនួយដល់កម្ពុជា អង្គការសហប្រជាជាតិ និងតួអង្គដែលមានឥទ្ធិពលផ្សេងទៀត ពិចារណាដាក់ទណ្ឌកម្មតាមគោលដៅលើក្រុមបុគ្គលដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ឬមន្ត្រីទាំងនោះ ដូចជាការហាមប្រាមលើការធ្វើដំណើរ ការបង្កកទ្រព្យសម្បត្តិ ជាដើម ដូចដែលសហរដ្ឋអាមេរិកបានដាក់ចេញមកលើនាយឧត្ដមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្សលោក ហ៊ុន សែនកាលពីពេលថ្មីៗនេះ ជាដើម៕
No comments:
Post a Comment