Friday, 6 July 2018
ពលរដ្ឋខេត្តរតនគិរីភ្ញាក់ផ្អើលឃើញអាជ្ញាធរទប់ស្កាត់បទល្មើសព្រៃឈើបានល្អមុនការបោះឆ្នោត
ដោយ ជី វិតា
2018-07-05
rfa
ព្រៃសហគមន៍កែងសាន់ ឋិតក្នុងភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ខែត្ររតនគិរី ដែលត្រូវឈ្មួញយកគ្រឿងចក្រឈូសឆាយ។
Photo provided
ជនជាតិដើមភាគតិចទំពួនរស់នៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អះអាងថា អាជ្ញាធរហាក់ដូចជាចាប់ផ្ដើមជាយកចិត្តទុកដាក់ការពារព្រៃឈើ នៅគ្រាដែលបោះឆ្នោតជាតិកាន់តែកៀកជិតមកដល់។ អ្នកភូមិថា អាជ្ញាធរ បានបញ្ជូននគរបាល មន្ត្រីបរិស្ថាន និងប្រជាការពារភូមិ ឲ្យឈរជើងប្រចាំការនៅដែនជម្រកសត្វព្រៃលំផាត់ ប្រមាណ ២សប្ដាហ៍មកហើយ។
ជនជាតិដើមភាគតិចទំពួន រស់នៅភូមិកែងសាន់ ឲ្យដឹងនៅថ្ងៃទី៤ កក្កដាថា នគរបាល មន្ត្រីបរិស្ថាន និងប្រជាការពារភូមិមួយក្រុម ហាក់បង្ហាញជំហរសកម្មចុះការពារព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់នៅរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ធ្វើឲ្យអ្នកភូមិភ្ញាក់ផ្អើល។ អ្នកភូមិថា វត្តមានមន្ត្រីទាំងនោះ ធ្វើឲ្យបទល្មើសគ្រប់ប្រភេទថយចុះខ្លាំង តែពួកគេមានមន្ទិលថា វិនាសកម្មព្រៃឈើដែនជម្រកសត្វព្រៃលំផាត់បានបាត់បង់ស្ទើរទាំងស្រុង ទើបតែប្រទះឃើញអាជ្ញាធរយកចិត្ត នៅមុនពេលបោះឆ្នោតជាតិ។
ជនជាតិដើមភាគតិចទំពូន លោក ខាំ និន ប្រាប់ថា ព្រៃសហគមន៍ភូមិកែងសាន់ ដែលឋិតក្នុងដែនជម្រកសត្វព្រៃលំផាត់ ត្រូវគេកាប់ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ អស់៤ពាន់ហិកតារ។ រីឯឈើមានតម្លៃ និង ឈើប្រណិតត្រូវបានគេកាប់លក់ធ្វើអាជីវកម្ម និងដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាមអស់ទាំងស្រុង។ លោកថា មន្ត្រីទាំងនោះបានប្រាប់អ្នកភូមិឲ្យផ្តល់ដំណឹងទៅពួកគេ ប្រសិនប្រទះឃើញបទល្មើសព្រៃឈើ៖ «ទោះបីជាគាត់ចុះមកទប់ស្កាត់ចង់ហួសពេល វាបាត់បង់អស់ហើយ។ អ៊ីចឹងបានថា ដើមឈើចង់អស់ហើយ ព្រៃឈើបាត់បង់ហើយ តែនៅសល់ដែរ ១ពាន់ហិកតារ។ គាត់ចុះមកបង្ក្រាបមុនពេលបោះឆ្នោត គាត់មកបង្ក្រាប»។
អាស៊ីសេរីបានព្យាយាមទាក់ទងមេឃុំសេដា លោក អង់ ប៊ុនធឿង តែទូរស័ព្ទហៅចូលច្រើនដង ពុំមានអ្នកទទួលនៅថ្ងៃទី៤ កក្កដា។ ចំណែកមេភូមិកែងសាន់ លោក ញ៉ូង គួត បានផ្ដាច់ទូរស័ព្ទនៅពេលអាស៊ីសេរីទូរស័ព្ទចូល។
ព្រៃសហគមន៍ភូមិកែងសាន់ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃលំផាត់ មានផ្ទៃដីជាង ៤ពាន់ហិកតារ បានទទួលរងការកាប់បំផ្លាញយកឈើ និងកាប់ព្រៃរានព្រៃយកដីអស់ជាងពាក់កណ្តាល។ ចំណែកឈើមូលធំៗ ដូចជា គគីរ ផ្ចឹក និងសុក្រំជាដើម ត្រូវគេកាប់លក់ឲ្យឈ្មួញដឹកទៅវៀតណាមអស់ទាំងស្រុង។ សហគមន៍ថា អ្នកភូមិអស់ជំនឿលើប្រសិទ្ធភាពការពារមន្ត្រីរបប លោក ហ៊ុន សែន រឿងទប់ស្កាត់បទល្មើសព្រៃឈើ ហើយកន្លងទៅ ជនជាតិដើមភាគតិចបានដាក់ពាក្យប្ដឹងអាជ្ញាធរ ៧នាក់ ទៅតុលាការ ពីបទអនុគ្រោះកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឌិន ខន្នី អង្កេតឃើញថា បើទោះបីជាទំហំបទល្មើសព្រៃឈើកើតមានឡើងទ្រង់ទ្រាយធំជាយូរមកហើយក្តី ពុំឃើញមានអាជ្ញាធរណា ឃាត់ខ្លួនជនល្មើសដាក់ទណ្ឌកម្មច្បាប់នោះទេ។ តែយ៉ាងណាលោកគិតថា ជារឿងល្អ បើសមត្ថកិច្ចពាក់ព័ន្ធមានឆន្ទៈការពារព្រៃឈើ ក៏ប៉ុន្តែហាក់ដូចជាយឺតពេល ព្រោះដែនជម្រកសត្វព្រៃលំផាត់ បានវិនាសហិនហោចស្ទើរទាំងស្រុង។ លោកថា ការយកកងកម្លាំងសមត្ថកិច្ចទប់ស្កាត់បទល្មើសព្រៃឈើ នៅមុនពេលបោះឆ្នោត ហាក់ដូចជាគំរាមកំហែងដល់ការសម្រេចចិត្តទៅបោះឆ្នោតរបស់ពលរដ្ឋ៖ «ខ្ញុំយល់ឃើញថា ហាក់ដូចជាការសម្ដែង ដោយសារតែកន្លងទៅហើយ កាប់ឈើគគ្រឹកគគ្រេង ពុំទាន់ឃើញជនល្មើសណាមួយចាប់ខ្លួន ទើបតែខំប្រឹង។ ជិតបោះឆ្នោត យកកម្លាំងសមត្ថកិច្ចបែបនេះ ជូនកាលអាចជះផលមិនល្អដល់ការបោះឆ្នោត»។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ គិតថា ការបញ្ជូនកម្លាំងការពារព្រៃ មុនពេលបោះឆ្នោត ទំនងជាការយកចិត្តប្រជាពលរដ្ឋ និងទប់ស្កាត់កុំឲ្យប្រព័ន្ធផ្សព្វផ្សាយ ចុះផ្សាយពីបទល្មើសឧក្រិដ្ឋព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់។ លោកថា ដែនជម្រកសត្វព្រៃលំផាត់ត្រូវបានគេពុះចែកគ្នាលក់ ធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់យ៉ាងពេញទំហឹង ទើបតែសមត្ថកិច្ចពាក់ព័ន្ធចុះការពារមុនពេលបោះឆ្នោត នាំឲ្យអ្នកភូមិមានមន្ទិល។ លោកពន្យល់ថា ព្រៃអភិរក្សជាប្រភេទដីសាធារណៈរបស់រដ្ឋ ហើយការលក់ដូរណាមួយ ដោយពុំទាន់ធ្វើអនុប្រយោគឬបម្លែងនោះទេ គឺជាទង្វើល្មើសច្បាប់ ហើយតុលាការមានសិទ្ធិមោឃភាពដីទាំងនោះមកជាសម្បត្តិសាធារណៈវិញ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment