Friday, 6 July 2018

សហភាព​អឺរ៉ុប​បញ្ជូន​គណៈប្រតិភូ​ទៅ​កម្ពុជា​មុននឹង​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ


ដោយ មួង ណារ៉េត
2018-07-05 
rfa
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។
អ្នកស្រី Federica Mogherini នាយិកា​រង​គណៈកម្មការ​អឺរ៉ុប ឬ​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ និង​ជា​តំណាង​ពិសេស​របស់​សហភាព​អឺរ៉ុប ដើម្បី​សិទ្ធិមនុស្ស។
Photo courtesy of her Facebook



សមាជិកសភា​អឺរ៉ុប​អ្នកស្រី បាបារ៉ា ឡុចប៊ីល័​រ (Babara Lochbihler) សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) ថា សហភាព​អឺរ៉ុប​បាន​បញ្ជូន​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត រយៈពេល​មួយ​សប្ដាហ៍​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​១១ កក្កដា។ បេសកកម្ម​នេះ​ធ្វើឡើង ដើម្បី​វាយតម្លៃ​ពី​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​គោរព​សិទ្ធិមនុស្ស ដូច​មាន​ចែង​ក្នុង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំពោះ​ទំនិញ​នាំចូល​ពី​កម្ពុជា។ អ្នកស្រី បាបារ៉ា និង​សមាជិកសភា​អឺរ៉ុប ១៧​រូប​ទៀត ក៏បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​នៅ​ពេល​នេះ ហើយ​ទាមទារ​អោយ​មាន​ការ​បង្ហាញ​លទ្ធ​ផល​ជា​សាធារណៈ​ទៅកាន់​ប្រជាពលរដ្ឋ​និង​សភា​អឺរ៉ុប នៅ​ចុង​បញ្ចប់​នៃ​បេសកកម្ម​ស្វែងរក​ការពិត​នោះ​ដើម្បី​ឲ្យ​មាន​តម្លាភាព។



ក្រុម​សមាជិកសភា​អឺរ៉ុប​ចំនួន​១៨​រូប ចាត់​ទុក​ការ​សម្រេច​បញ្ជូន​គណៈប្រតិភូ​ទៅ​ត្រួតពិនិត្យ និង​វាយតម្លៃ ពី​ការ​បំពេញ​កាតព្វកិច្ច របស់​របប​លោក ហ៊ុន សែន ក្នុង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​ពេល​នេះ ថា​ជា «​ជំហាន​វិជ្ជមាន​មួយ» ស្របតាម​សេចក្ដី​សម្រេច នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​ស្ដីពី​កម្ពុជា​កាលពី​ចុងខែ​កុម្ភៈ។

ការ​លើកឡើង​របស់​ក្រុម​សមាជិកសភា​អឺរ៉ុប​នេះ ធ្វើឡើង​តាមរយៈ​លិខិត​ចំហ​មួយ​ចុះ​ថ្ងៃ​ទី​៤ ខែ​កក្កដា ផ្ញើ​ទៅកាន់​តំណាង​ជាន់ខ្ពស់ នៃ​សហភាព​អឺរ៉ុប និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប​ទទួល​បន្ទុក​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ អ្នកស្រី ហ្វេដេរីកា ម៉ូហ្គារីនី (Federica Mogherini) ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​ពីរ​រូប​ទៀត​នៃ​ស្ថាប័ន​នីតិប្រតិបត្តិ មួយ​នេះ។

ក្រុម​សមាជិកសភា​អឺរ៉ុប​ទាំង​១៨​រូប បញ្ជាក់​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា ពួកគេ​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត ដ៏​ទាន់​ពេល​វេលា​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​ជំនួយ​គ្រប់​រូបភាព​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ហើយ​ពួកគេ​រំពឹង​ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប និង​បុគ្គលិក​ស្ថានទូត នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប នឹង​ដក​ខ្លួន​ចេញ​ពី​សកម្មភាព​នានា ដែល​អាច​ឲ្យ​របប​លោក​ហ៊ុន សែន យក​ទៅ​បកស្រាយ​ថា សហភាព​អឺរ៉ុប ផ្ដល់​ភាព​ស្របច្បាប់​ណាមួយ ដល់​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ធ្វីតធើ (Twitter) របស់​លោក​ថា «​វា​ជា​ដំណឹង​ដ៏​ល្អ​ប្រសើរ​មួយ ដែល​ទីបំផុត​សហភាព​អឺរ៉ុប ងើប​តតាំង​ដើម្បី​បើក​ការ​ត្រួតពិនិត្យ​អោយ​បាន​ពេញលេញ នូវ​បរាជ័យ​ដ៏​អាក្រក់​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បំពេញ​កាតព្វកិច្ច​គោរព​សិទ្ធិមនុស្ស ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប»។ លោក​បន្ត​ថា ចំណាត់​ការ​នេះ​«​គួរតែ​ជា​ការ​បញ្ជូនសារ​ដាស់តឿន​ដល់​ម្ចាស់​រោងចក្រ​នៅ​របប​ក្រុងភ្នំពេញ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន»។

ទោះយ៉ាងណា អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន យល់​ថា ការ​ចាត់​បញ្ជូន​ប្រតិភូ​របស់​សហភាព​អឺរ៉ុប​នេះ​មក​កម្ពុជា ថា​ជា​រឿង​ល្អ​សម្រាប់​របប​លោក ហ៊ុន សែន ទៅវិញ​ទេ ព្រោះ​លោក​អះអាង​ថា នៅ​មានរឿង​ច្រើន​ណាស់ ដែល​សហភាព​អឺរ៉ុប មិន​បាន​ទទួល​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ អំពី​បច្ចុប្បន្នភាព​កម្ពុជា ដែល​លោក​អះអាង​ថា មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដូចជា​ដំណោះស្រាយ​រឿង​ដីធ្លី និង​ការ​យកចិត្តទុកដាក់​លើ​កម្មករ​រោងចក្រ ជាដើម។

លោក​ជឿ​ថា ដំណើរ​បេសកកម្ម​មួយ​នេះ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​រវាង​កម្ពុជា​និង​អឺរ៉ុប ហើយ​ជា​ឱកាស​ល្អ របស់​របប​ក្រុងភ្នំពេញ ក្នុង​ការ​ពន្យល់​ដល់​ភាគី​អឺរ៉ុប ឲ្យ​បាន​ជ្រាប​ច្បាស់ អំពី​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ជុំវិញ​ចំណាត់ ការ​ក្នុង​ការ​រម្លាយ​សំឡេង​ប្រឆាំង​នៅ​កម្ពុជា។ លោក ផៃ ស៊ីផាន បន្តទៀត​ថា លោក​សង្ឃឹមថា សហភាព​អឺរ៉ុប នឹង​មិន​ផ្ដាច់ការ​អនុគ្រោះ​ពន្ធ បើ​ផ្អែក​ទៅ​លើ​ការ​វាយតម្លៃ​ស្ថានការណ៍​ជាក់ស្ដែង ជាជាង​ការសម្រេច​ណាមួយ ដែល​ឈរ​លើ​ទិដ្ឋភាព​នយោបាយ៖ «អឺរ៉ុប​ធ្វើការ​តាម​គោលការណ៍ និង​នីតិវិធី​របស់​គេ រវាង​ស្ថាប័ន​នីតិ​បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​មិនមែន​ឈរ​ទៅលើ​បញ្ហា​នយោបាយ​ទេ គឺ​ឈរ​ទៅលើ​ការអនុវត្ត​គោលការណ៍ និង នីតិវិធី​រវាង​កម្ពុជា និង EU។ ដូច្នេះ ការ​ជួប​ជុំគ្នា​នេះ មិនមែន​ជា​ការ​បង្ហាញ​ភាពជា​ម្ចាស់​របស់ EU មក​លើ​កម្ពុជា​ទេ គឺ​បង្ហាញ​ភាពជា​ដៃគូ ដោយ​យើង​ជជែក​គ្នា ពាក់ព័ន្ធ​នឹង​អ្វី​ដែល​បាន​សន្យា​គ្នា​ជាមួយ EU»។

បើ​តាម​អ្វី​ដែល​កម្ពុជា​បាន​សន្យា​ជាមួយ​សហភាព​អឺរ៉ុប មុននឹង​អាច​ទទួល​បានការ​អនុគ្រោះ​ពន្ធ​នេះ គឺ កម្ពុជា​ត្រូវ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ ប៉ុន្តែ សហភាព​អឺរ៉ុប បាន​ដាក់​ទណ្ឌកម្ម​របបលោក ហ៊ុន សែន ខ្លះ​រួចទៅ​ហើយ ក្រោយ​របប​នេះ បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង ធ្វើទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ ទណ្ឌកម្ម​ដំបូង​នោះ គឺ​ការ​កាត់ផ្ដាច់​ជំនួយ​ទាំងស្រុង​ដល់​គ.ជ.ប។ មិនតែប៉ុណ្ណោះ សហភាព​អឺរ៉ុប​ក៏បាន​ព្រមាន​តាំងពី​ដំបូង ថា​នឹង​ដក​ការ​អនុគ្រោះ​ពន្ធ ប្រសិនបើ​របប​ក្រុងភ្នំពេញ មិន​ស្តារ​លទ្ធិប្រជាធិបតេយ្យ ឡើងវិញ​នោះ។

ដោយសារតែ​ការ​ព្រមាន​នេះ របប​លោក ហ៊ុន សែន ក៏បាន​ចាត់​បញ្ចូន​ប្រតិភូ​មួយ​ក្រុម ទៅ​សហភាព​អឺរ៉ុប​ដែរ ពី​ថ្ងៃ​ទី១៨ មិថុនា ដល់​ថ្ងៃទី១ ខែ​កក្កដា ក្នុង​បំណង​បញ្ចុះបញ្ចូល​ស្ថាប័ន​កំពូល​មួយ​នេះ កុំ​អោយ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «​គ្រប់​មុខទំនិញ​លើកលែងតែ​សព្វាវុធ​» (Everything-But-Arms Scheme) ចំពោះ​ទំនិញ​នាំចូល​ពី​កម្ពុជា។

ទោះជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង ពី​របប​ក្រុងភ្នំពេញ ក្នុង​ការ​បញ្ជូន​គណៈប្រតិភូ ទៅ​បញ្ចុះបញ្ចូល​សហភាព​អឺរ៉ុប កុំ​ឲ្យ​ដក​ការ​អនុគ្រោះ​ពន្ធ​នេះ​ក៏ដោយ ក៏​មន្ត្រី​គណបក្ស​ប្រឆាំង និង​ជា​ប្រធាន​ចលនា​សង្គ្រោះជាតិ​លោក សម រង្ស៊ី យល់​ថា គ្មាន​ប្រយោជន៍​នោះ​ដែរ ដោយសារតែ​ទំហំ​នៃ​ការរំលោភ​សិទ្ធិ មនុស្ស និង​ប្រជាធិបតេយ្យ មាន​លក្ខណៈ​ធំធេង ដែល​តម្រូវ​ឲ្យ​សហគមន៍​អន្តរជាតិ មិន​អាច​អត់ឱន​ឲ្យ​របប​លោក ហ៊ុន សែន បាន​នោះ​ឡើយ៖ «មាន​គណៈប្រតិភូ​ពី​កម្ពុជា មក​អឺរ៉ុប​ដែរ ប៉ុន្តែ​មក​ជា​ឡប់ឡែ អត់​មាន​នរណា​គេ​ឲ្យ​តម្លៃ ពីព្រោះ​មក​ហ្នឹង គឺ​គ្រាន់តែ​សូត្រ​ការឃោសនា ដូច​អ្វី​ដែល​លោក ហ៊ុន សែន និយាយ​ពី​ស្រុក​ខ្មែរ​មក គេ​ឮ​អស់ហើយ។ អត់​ចូល​ត្រចៀក​ទេ មក​សូត្រ​នៅ​អឺរ៉ុប ក៏​គ្មាន​អ្នកណា​ស្ដាប់​ដែរ​។ តែ​អ្វី​ដែល​សំខាន់ គឺ​គណៈប្រតិភូ​អឺរ៉ុប នឹង​ទៅ​ប្រមូល​ព័ត៌មាន ហើយ​ចង់​ទទួល​ការ​បញ្ជាក់​ថា​តើ​របប​លោក ហ៊ុន សែន បាន​សម្លាប់​លទ្ធិប្រជាធិបតេយ្យ មែន​ឬក៏​យ៉ាង​ដូចម្តេច​? ហើយ​បើ​ឃើញ​ថា​ការបោះឆ្នោត អត់​មានការ​ចូលរួម​ពី​គណបក្សប្រឆាំង​ដ៏​ធំ​ជាងគេ ដែល​អាច​ដណ្ដើម​យក​ជ័យជំនះ​លើ​គណបក្ស​កាន់អំណាច ហើយ​បើ​ពេលនោះ លោក ហ៊ុន សែន នៅតែ​បញ្ជាក់​ថា មិន​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ក្នុង​ការ​បោះឆ្នោត​ទេ ហើយ​បើ​គាត់​នៅតែ​ទទូច បោះឆ្នោត​បែក​ក្លែងក្លាយ បែប​បាយឡុកបាយឡ នោះ​អឺរ៉ុប​នឹង​ចាត់វិធានការ​ហើយ»។

តួលេខ​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ថា ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ទំនិញ​កម្ពុជា​នាំចូល​ទៅ​ទីផ្សារ​អឺរ៉ុប​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៦​ពាន់​លាន ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៧ ភាគច្រើន​ជា​ផលិតផល​វាយនភណ្ឌ ស្បែកជើង និង​ផលិតផល​កសិកម្ម។ ប៉ុន្តែ​លក្ខខណ្ឌ​ចម្បង​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ គឺ​ការ​បំពេញ​កាតព្វកិច្ច​គោរព​សិទ្ធិ​សេរីភាព ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

មួយ​ខែ​ក្រោយ​ការ​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ សភា​សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​សម្រេច​មួយ ចុះ​ថ្ងៃ​ទី​១៤ ធ្នូ ឆ្នាំ​២០១៧ ថ្កោលទោស​របប​ក្រុងភ្នំពេញ​ដោយ​ប្រើ​ភាសា​ធ្ងន់ៗ ជុំវិញ​ការ​ចាប់ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា ការ​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​អង្គការ​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ជាដើម​នោះ។ លើសពីនេះទៅទៀត សភា​សហភាព​អឺរ៉ុប ក៏បាន​អំពាវនាវ​ឱ្យ​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប និង​ជា​តំណាង​ជាន់ខ្ពស់​របស់​សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ការបរទេស និង​គោលនយោបាយ​សន្តិសុខ អ្នកស្រី ហ្វេដេរីកា ម៉ូហ្គឺរីនី (Federica Mogherini) ប្រើប្រាស់​គ្រប់​វិធានការណ៍​ទាំងអស់​ដែល​មាន ដើម្បី​ការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ធានា​អំពី​គោលការណ៍​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ឱ្យ​បាន​ខ្ជាប់ខ្ជួន​ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​កម្ពុជា ធ្លាប់​លើកឡើង​ថា របប​លោក ហ៊ុន សែន ពិបាក​នឹង​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម ពី​សហគមន៍​អន្តរជាតិ​បាន​ណាស់ លើកលែងតែ​របប​នេះ ស្តារ​វិបត្តិ​នយោបាយ និង​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ទៅ​រក​សភាព​ដើម​វិញ៕

No comments: