ដោយ ទីន ហ្សាការីយ៉ា
2018-07-11

ជនជាតិអូស្ត្រាលី លោក ជេមស៍ រីកឃិតសិន (James Ricketson) នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៩ មិថុនា ឆ្នាំ២០១៧។ លោកត្រូវបានចាប់ខ្លួនបន្ទាប់ពីបង្ហោះដ្រូន ថតសកម្មភាពហែក្បួនឃោសនារបស់គណបក្សប្រឆាំង កាលពីថ្ងៃទី៣ មិថុនា។
រូបថតគេផ្ដល់ឲ្យ
អ្នកផលិតខ្សែភាពយន្តឯកសារជនជាតិអូស្ត្រាលីវ័យ ៦៩ឆ្នាំ លោក ជែម រីកឃិតសិន (Jame Ricketson) សុំទោសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចំពោះការថ្លែងរបស់លោកនៅក្នុងបណ្ដាញសារព័ត៌មានក្នុងស្រុក ដែលលោកអះអាងថា ករណីនេះបានរំខានដល់ប្រទេសកម្ពុជា និងមិនមានព័ត៌មានគ្រប់គ្រាន់។ ការដាក់លិខិតសុំទោសលោក ហ៊ុន សែន នៅមុនពេលសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះក្ដីលោក នៅពេលខាងមុខ។
សាលាដំបូងរាជធានីភ្នំពេញនឹងបើកសវនាការលោក ជែម រីកឃិតសិន (Jame Ricketson) នៅថ្ងៃច័ន្ទ ទី១៦ កក្កដា ពាក់ព័ន្ធនឹងករណីចោទប្រកាន់ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយដល់ការការពារជាតិ។
មេធាវីការពារក្ដី លោក ជែម រីកឃិតសិន (Jame Ricketson) អ្នកស្រី ពឹង យក់ហៀប ឲ្យដឹងថា កូនក្ដីរបស់អ្នកស្រី បានដាក់លិខិតសុំទោសលោក ហ៊ុន សែន នៅថ្ងៃទី១១ កក្កដា តាមរយៈអ្នកបកប្រែរបស់លោក។ អ្នកស្រីបន្ថែមថា អ្នកស្រីគ្មានយោបល់ទៅលើការដាក់លិខិតសុំទោសនេះទេ ព្រោះនេះជាសិទ្ធិរបស់កូនក្ដីអ្នកស្រី។ រីឯការជម្រះក្ដីវិញ គឺក្រុមមេធាវីធ្លាប់បានសុំសាលាដំបូងពន្យារពេលបើកសវនាការម្ដងរួចមកហើយ កាលពីខែមិថុនា ដោយសារតែតុលាការជូនដំណឹងមកអ្នកស្រី ពីការជំនុំជម្រះក្ដីនេះ រយៈពេលខ្លីពេក ក្រុមមេធាវីរៀបចំខ្លួនការពារក្ដីមិនទាន់ ហើយក៏សុំពន្យារពេលដល់ថ្ងៃទី១៦ កក្កដា៖ «ពួកខ្ញុំពន្យារពេលម្ដងដោយសារអញ្ជើញពួកខ្ញុំតែរយៈពេលកន្លះខែ ពួកយើងអត់ទាន់បានសំណុំរឿងយកមកអានចុះឡើង តើមានភស្ដុតាងអីខ្លះ យកមកដាក់បន្ទុកកូនក្ដី ហើយគេព្រមនៅថ្ងៃទី១៦ មិនដឹងជាគេបើកសវនាការ ឬមិនបើក។ តែទោះជាយ៉ាងណាខ្ញុំត្រូវតែទៅ»។
លិខិតសុំទោសរបស់អ្នកផលិតខ្សែភាពយន្តអូស្ត្រាលីលោក James Ricketson ផ្ញើជូនលោក ហ៊ុន សែន ដែលកាសែតខ្មែរថែម (Khmer Time) បានចុះផ្សាយនៅថ្ងៃទី១១ កក្កដា មានខ្លឹមសារថា លោកសូមអភ័យទោស ចំពោះកំហុសឆ្គងរបស់លោក ហើយបើសិនជាមានអ្វីដែលលោកអាចធ្វើបាន ដើម្បីលុបលាងកំហុស សូមឲ្យលោកដឹង លោកនឹងធ្វើសម្រាប់លោកនាយករដ្ឋមន្រ្តី និងប្រទេសកម្ពុជា។ លោកសូមអរគុណទុកជាមុនចំពោះការអនុគ្រោះដល់លោកជាជនបរទេស ដែលមិនមានការយល់ដឹងច្បាស់លាស់អំពីកម្ពុជាដូចជាលោក។
លោក ជែម រីកឃិតសិន ត្រូវបានអាជ្ញាធរចាប់ឃុំខ្លួនបណ្តោះអាសន្ន អស់រយៈពេលជាងមួយឆ្នាំមកហើយ។ តុលាការបានចោទប្រកាន់ពីបទប្រមូលផ្ដុំព័ត៌មានជាអាទិ៍ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ តាមមាត្រា ៤៤៦ ដែលចែងថា អំពើទទួល ឬប្រមូលផ្ដុំដើម្បីផ្ដល់ទៅឲ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសាលាកបត្រ ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នំា ទៅ ១០ឆ្នាំ។
អ្នកស្រី ពឹង យក់ហៀប ជាមេធាវីលោក ជែម រីឃិតសិន មានប្រសាសន៍ថា កូនក្ដីអ្នកស្រីមិនបានធ្វើខុសឆ្គងដូចការចោទប្រកាន់ធ្ងន់ធ្ងរតាមមាត្រា ៤៤៦ នៃក្រមព្រហ្មទណ្ឌនេះទេ។ អ្នកស្រីសង្ឃឹមថា តុលាការនឹងដោះលែងកូនក្ដីអ្នកស្រីវិញ នៅថ្ងៃទី១៦ កក្កដានោះ៖ «កន្លងមក គាត់ប្រមូលព័ត៌មានមិនមែនមតិគាត់ទាំងអស់ទេ។ គាត់មានមតិគ្រប់មជ្ឈដ្ឋាន ទាក់ទងរឿងបញ្ហាហ្នឹង ព្រោះរឿងហ្នឹង គេនិយាយតាំងពីឆ្នាំ១៩៩៥ មក ហើយគាត់ជាអ្នកព័ត៌មាន គាត់មានមតិកណ្ដាល»។
សារព័ត៌មានអូស្ត្រាលី ABC បានដកស្រង់សំដីលោក ជែម រីកឃិតសិន ចុះផ្សាយកាលពីថ្ងៃទី១២ ខែមិថុនាថា លោកនឹងទទួលបានការបកស្រាយពីតុលាការថា តើហេតុអ្វីបានជាករណីរបស់លោក ត្រូវបន្តដំណើរការទៅមុខទៀតដូច្នេះ?
លោក ជេមស៍ រីកឃិតសិន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ដោយសារតែលោកបានបង្ហោះយន្តហោះដ្រូន ថតក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃចុងក្រោយ នៃការឃោសនាបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ។
កូនប្រុសរបស់លោក ជេមស៍ រីកឃិតសិន (James Ricketson) ឈ្មោះ អ៊ីសាយ ជេសស៊ី រីកឃិតសិន (Jesse Ricketson) អះអាងថា ឪពុករបស់លោកអាចស្លាប់នៅក្នុងពន្ធនាគារ ដោយសារសុខភាពកំពុងដុនដាបជាខ្លាំង ហើយត្រូវរស់នៅក្នុងបន្ទប់តូចចង្អៀតណែនតាន់តាប់ គ្មានអនាម័យ និងខ្វះខាតការព្យាបាលនៅខាងក្នុងគុកថែមទៀត។
លោក ជេមស៍ រីកឃិតសិន ត្រូវបានតុលាការឃុំខ្លួននៅពន្ធគារព្រៃស ម១។ អ្នកស្រីមេធាវី ពឹង យក់ហៀប បញ្ជាក់ថា ឥឡូវនេះកូនក្ដីរបស់អ្នកស្រី មានសុខភាពគ្រាន់បើជាងកាលពីមុនបន្តិចហើយ ហើយអ្នកស្រីរំពឹងថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអនុគ្រោះដល់កូនក្ដីរបស់អ្នកស្រី ហើយដោះលែងឲ្យនៅក្រៅឃុំវិញ ក្រោយពីទទួលបានលិខិតសុំទោសនេះ៕
No comments:
Post a Comment