ដោយ មួង ណារ៉េត
2018-07-11

តំណាងសហជីពកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ផ្ដល់បទសម្ភាសន៍កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។
RFA
អង្គការសង្គមស៊ីវិល និងថ្នាក់ដឹកនាំសហជីពឯករាជ្យមួយចំនួន ស្នើសុំឱ្យសហភាពអឺរ៉ុបជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់សិទ្ធិសេរីភាពគ្រប់បែបយ៉ាង ពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន។
សំណើសុំរបស់មន្ត្រីសិទ្ធិមនុស្ស និងសហជីពនេះ ធ្វើឡើងក្នុងជំនួបជាមួយក្រុមប្រតិភូពិសេសរបស់សហភាពអឺរ៉ុប ដែលកំពុងបំពេញបេសកម្មស្វែងរកការពិតនៅកម្ពុជា មុននឹងឈានទៅសម្រេចថា ត្រូវផ្តាច់ ឬត្រូវបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជា។
មន្ត្រីសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំសហជីពឯករាជ្យមួយចំនួន បានលើកឡើងពីក្តីព្រួយបារម្ភរបស់ខ្លួនចំពោះការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្ស ការរឹតត្បិតលើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ និងបញ្ហាវិបត្តិនយោបាយរ៉ាំរ៉ៃ ដែលកំពុងរុញច្រានកម្ពុជាទៅរកចំណុចរបត់ដ៏គ្រោះថ្នាក់ ប្រាប់ទៅប្រតិភូពិសេសរបស់សហភាពអឺរ៉ុបដើម្បីឱ្យជួយអន្តរាគមន៍។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក សឺង សែនករុណា ឱ្យដឹងថា សមាគម អាដហុក និងអង្គការដៃគូមួយចំនួនទៀត បានជួបប្រជុំជាមួយគណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រសបា្តហ៍មុន និងបានបង្ហាញពីក្តីព្រួយបារម្ភទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាដែលកំពុងរងការរំលោភបំពានធ្ងន់ធ្ងរ។ លោកបន្តថា ខាងប្រតិភូសហភាពអឺរ៉ុប បានទទួលយកនូវក្តីព្រួយបារម្ភរបស់អង្គការសិទ្ធិមនុស្ស ដើម្បីជាផ្នែកមួយនៃមូលដ្ឋានក្នុងការពិចារណា ទៅលើជំហានបន្ទាប់ទៀតរបស់ខ្លួន។ មន្ត្រីសិទ្ធិមនុស្សរូបនេះស្នើសុំឱ្យរដ្ឋាភិបាលក្រុងភ្នំពេញយកចិត្តទុកដាក់ និងឆ្លើយតបជាវិជ្ជមាន ចំពោះសំណើសុំរបស់សហភាពអឺរ៉ុបទាក់ទងនឹងការស្តារឡើងវិញ នូវលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បើពុំដូច្នេះទេកម្ពុជាអាចនឹងខាតបង់ប្រយោជន៍ច្រើន ដោយសារសម្ពាធរបស់សហភាពអឺរ៉ុប ជាពិសេស គឺការផ្តាច់អនុគ្រោះពន្ធពីកម្ពុជា៖ «»
ក្រោយការរម្លាយគណបក្ស សង្គ្រោះជាតិ សហភាពអឺរ៉ុបបានថ្កោលទោសរបបលោក ហ៊ុន សែន និង ព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើមិនស្តារស្ថានការណ៍បច្ចុប្បន្ន ឲ្យវិលទៅរកភាពដើមវិញ ដើម្បីរៀបចំឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ចំណែកប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ដែលជាភាគីសហជីពឯករាជ្យវិញ បញ្ជាក់ថា លោក និងសហជីពឯករាជ្យមួយចំនួនទៀត បានជួបប្រជុំជាមួយប្រតិភូពិសេសរបស់សហភាពអឺរ៉ុបកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ លោកឱ្យដឹងថា ខាងប្រតិភូពិសេសរបស់សហភាពអឺរ៉ុបបានសួរនាំពួកលោក អំពីសេរីភាពនៃការបញ្ចេញមតិ សេរីភាពនៃការធ្វើកូដកម្ម ការធ្វើទុកបុកម្នេញលើថ្នាក់ដឹកនាំសហជីព និងការរឹតត្បិតទៅលើសិទ្ធិសេរីភាព របស់សហជីពតាមរយៈការអនុវត្តច្បាប់សហជីព។ ប៉ុន្តែខាងប្រតិភូពិសេសរបស់សហភាពអឺរ៉ុបមិនបាននិយាយ ពីរឿងកិច្ចព្រមព្រៀងស្តីពីប្រព័ន្ធអនុគ្រោះព័ន្ធ ឬអ៊ីប៊ីអេ (EBA) ឡើយ ដោយផ្តោតសំខាន់ តែទៅលើលក្ខខណ្ឌការងារប៉ុណ្ណោះ ដោយសារពេលវេលាខ្លី៖ «»
បេសកកម្មស្វែងរកការពិតរបស់គណៈប្រតិភូពិសេសសហភាពអឺរ៉ុបនេះ ធ្វើឡើងរយៈពេលមួយសបា្តហ៍ គឺពីថ្ងៃទី៥ ដល់ទី១១ កក្កដា ដើម្បីវាយតម្លៃពីការអនុវត្តកាតព្វកិច្ចរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគោរពសិទ្ធិមនុស្ស ដូចមានចែងក្នុងប្រព័ន្ធអនុគ្រោះពន្ធ ដែលសហភាពអឺរ៉ុបបានផ្តល់ឱ្យកម្ពុជាក្នុងរយៈពេលកន្លងទៅ។ បេសកកម្មនេះជាការប្រមូលនូវព័ត៌មានលម្អិតនានា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងការបំផ្លាញលិទ្ធិប្រជាធិបតេយ្យ ប្រព្រឹត្តដោយអាជ្ញាធរនៃរបបលោក ហ៊ុន សែន ហើយក៏ជាមូលដ្ឋាននៃការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ទាក់ទងនឹងការផ្តាច់ ឬបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាផងដែរ បន្ទាប់ពីសហភាពអឺរ៉ុបបានកាត់ផ្តាច់ជំនួយដល់ គ.ជ.ប រួចទៅហើយ ក្រោយពេលមានការរំលាយគណបក្ស សង្គ្រោះជាតិ នោះ។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក ជច អេដហ្គា (George Edgar) ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិច កាលពីថ្ងៃទី១១ ខែកក្កដាថា គណៈប្រតិភូនេះ បានជួបជាមួយដៃគូសន្ទនាជាច្រើន មានតាំងពីខាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីពកម្មករ វិស័យឯកជន និងសហគមន៍អន្តរជាតិ។ លោក ជច អេដហ្គា បញ្ជាក់ទៀតថា គោលបំណងនៃបេសកកម្មនេះ គឺដើម្បីស្វែងយល់បន្ថែមទៀត អំពីស្ថានការណ៍នៅកម្ពុជា ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងសិទ្ធិកម្មករ ក្នុងក្របខណ្ឌនៃការចូលរួមចំណែករបស់សហភាពអឺរ៉ុបជាមួយកម្ពុជា ក្រោមកិច្ចព្រមព្រៀង ដែលមានឈ្មោះថា “អ្វីៗ ទាំងអស់លើកលែងតែសព្វាវុធ” ឬ EBA ។ ព័ត៌មានដែលគណៈប្រតិភូនេះ ប្រមូលបានហើយ នឹងយកធ្វើជាមូលដ្ឋាន ក្នុងដំណើរការសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប និងផ្នែកការទូត ការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប។
ស្របពេលគណៈប្រតិភូសហភាពកំពុងបំពេញបេសកកម្មនៅកម្ពុជានេះ ក្រុមសហជីពចំនួន ៥ ដែលមាននិន្នការគាំទ្ររបបលោក ហ៊ុន សែន បានចេញញត្តិរួមគ្នាកាលពីថ្ងៃទី១០ កក្កដា ស្នើសុំឱ្យសហភាពអឺរ៉ុបបន្តប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាតទៅទៀត។ ក្រុមសហជីពទាំងនេះបានលើកឡើងពីផលប្រយោជន៍ ដែលពលរដ្ឋខ្មែរទទួលបាន ពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដូចជា ការបង្កើតការងាររាប់ម៉ឺនកន្លែង និងការលើកស្ទួយជីវភាពពលរដ្ឋឱ្យរួចផុតពីភាពក្រីក្រជាដើម។ ពួកគេស្នើសុំយ៉ាងទទូច ដល់សហភាពអឺរ៉ុបពិចារណា ឱ្យបានហ្មត់ចត់អំពីផលប៉ះពាល់ នៃការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ព្រោះវានឹងជះឥទ្ធិពលអវិជ្ជមាន ដោយផ្ទាល់ទៅលើវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលជាប្រភពចំណូលសំខាន់របស់កម្ពុជា។
ទោះបីជាយ៉ាងណា ការស្នើសុំរបស់ក្រុមសហជីពទាំងនេះ ត្រូវបានអ្នកច្បាប់មួយរូបរិះគន់ថា ជាការបក់ផ្សែង មិនទៅពន្លត់ភ្លើង។ មេធាវី ផែង ហេង ដែលកំពុងការពារក្តីឱ្យប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ថ្លែងថា សហភាពអឺរ៉ុបមិនមែនជាអ្នកបង្កើតបញ្ហានោះទេ ប៉ុន្តែរដ្ឋាភិបាលទៅវិញទេ ដែលជាអ្នកបង្កើតរឿងទាំងនេះឡើង។ លោកយល់ឃើញថា សហភាពអឺរ៉ុបគ្រាន់តែចង់ឃើញការគោរពសិទ្ធិមនុស្ស សិទ្ធិកម្មករ និងលិទ្ធិប្រជាប្រជាធិបតេយ្យ ដូចដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មតែប៉ុណ្ណោះ ហើយបើរដ្ឋាភិបាលគោរពគោលការណ៍ទាំងនេះបាន នោះបញ្ហាដែលកំពុងចោទឡើងទាំងឡាយនឹងអាចដោះស្រាយបាន។ លោកជំរុញឱ្យក្រុមសហជីពទាំងនោះដាក់ញត្តិជូនគណបក្សប្រជាជនកម្ពុជា ដែលជាបក្សដឹកនាំរដ្ឋាភិបាលវិញ ដើម្បីរកដំណោះស្រាយបញ្ហាជាតិ និងដើម្បីកុំឱ្យសហភាពអឺរ៉ុបផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា៖ «»
អាស៊ីសេរីមិនអាចទាក់ទងមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ដើម្បីសាកសួរអំពីជំនួបរវាងគណៈប្រតិភូពិសេសរបស់សហភាពអឺរ៉ុបបានទេ នៅថ្ងៃទី១១ កក្កដា ដោយលោកបញ្ជាក់ថា កំពុងជាប់រវល់ប្រជុំ។ ទោះយ៉ាងណានេះក្តី លោកធ្លាប់លើកឡើងនៅពេលថ្មីៗ នេះថា ការចាត់បញ្ជូនប្រតិភូរបស់សហភាពអឺរ៉ុបនេះមកកម្ពុជា ជារឿងល្អសម្រាប់របបលោក ហ៊ុន សែន ទៅវិញទេ ព្រោះជាឱកាសល្អសម្រាប់របបក្រុងភ្នំពេញ ក្នុងការពន្យល់ដល់ភាគីអឺរ៉ុប ឲ្យបានជ្រាបច្បាស់ អំពីការអនុត្តច្បាប់នៅកម្ពុជា ជុំវិញចំណាត់ការរម្លាយសំឡេងប្រឆាំងនៅកម្ពុជាជាដើម។ លោក ផៃ ស៊ីផាន បន្តទៀតថា លោកសង្ឃឹមថា សហភាពអឺរ៉ុប នឹងមិនផ្ដាច់ការអនុគ្រោះពន្ធទេ បើផ្អែកទៅលើការវាយតម្លៃស្ថានការណ៍ជាក់ស្ដែង ជាជាងការសម្រេចណាមួយ ដែលឈរលើទិដ្ឋភាពនយោបាយ។
សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញផលិតផលធំជាងគេបំផុតរបស់កម្ពុជា ហើយទំនិញទាំងនោះត្រូវបានផលិតឡើងដោយកម្មករប្រមាណ ៤០ម៉ឺននាក់ នៅទូទាំងប្រទេស។ តួលេខពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលកម្ពុជាបង្ហាញថា ក្រោមប្រព័ន្ធអនុគ្រោះពន្ធនេះ ទំនិញកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបមានទឹកប្រាក់ សរុបប្រមាណជាង ៦ពាន់លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ដែលភាគច្រើននៃទំនិញទាំងនោះ គឺជាផលិតផលវាយនភណ្ឌសម្លៀកបំពាក់ និងស្បែកជើង ព្រមទាំងផលិតផលកសិកម្ម។ ដោយសារប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានរួចផុតពីកាតព្វកិច្ចពន្ធជិត ៧ រយលានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ចំពោះទំនិញនាំចេញទៅទីផ្សារអឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ចនេះដែរ គណៈប្រតិភូសហភាពអឺរ៉ុប ក៏បានជួបភរិយាលោក កឹម សុខា ប្រធានគណបក្ស សង្គ្រោះជាតិ គឺលោកស្រី តែ ចន្ទមនោ កាលពីថ្ងៃទី១០ ខែកក្កដា។ ប្រធានខុទ្ធកាល័យលោក កឹម សុខា លោក មុត ចន្ថា បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃដដែលនោះថា បេសកកម្មស្វែងរកការពិតរបស់គណៈប្រតិភូសហភាពអឺរ៉ុបនេះ បានសម្តែងការព្រួយបារម្ភ អំពីការបន្តឃុំខ្លួនលោក កឹម សុខា និងបន្តទាមទារឲ្យដោះលែងរូបលោកជាបន្ទាន់៕
No comments:
Post a Comment