Friday, 6 July 2018
"សង្គមដែលបំភ្លេចចោលយុត្តិធម៌នឹងត្រូវញាំញីដោយនិទណ្ឌភាព"
ដោយ ជី វិតា
2018-07-05
rfa
រថក្រោះរបស់កងទាហានស្មោះនឹងនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន ក្នុងព្រឹត្តិការណ៍បង្ហូរឈាមកណ្ដាលក្រុងភ្នំពេញ នាថ្ងៃ៥-៦ កក្កដា ១៩៩៧ ។
AFP File Photo
នៅដើមខែកក្កដា ឆ្នាំ១៩៩៧ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលកាលណោះជានាយករដ្ឋមន្ត្រីទី១ ត្រូវបានលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីទី២ ប្រើកម្លាំងបាយទម្លាក់ពីអំណាច។
រដ្ឋប្រហារបង្ហូរឈាមនៅពេលនោះ បានបណ្តាលអោយមនុស្សជាច្រើនរយនាក់ស្លាប់ និងរបួស ដែលក្នុងនោះ ពលទាហាន និងមន្ត្រីប៉ូលិស យោធាជាន់ខ្ពស់ស្មោះត្រង់នឹងសម្តេចក្រុមព្រះ រាប់សិបនាក់ត្រូវបានកងកម្លាំងស្មោះត្រង់នឹងលោក ហ៊ុន សែន សម្លាប់ក្រៅប្រព័ន្ធច្បាប់។
មន្ត្រីការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិលើកឡើងថា គេត្រូវតែរកយុត្តិធម៌ជូនជនរងគ្រោះ បើទោះជាពេលវេលាកន្លងផុតទៅជាង ២ទសវត្សហើយក្តី ដើម្បីទប់ស្កាត់អំពើនិទណ្ឌភាព ដែលមានន័យថា ការបណ្តែតបណ្តោយអោយជនល្មើសច្បាប់រួចទោសទណ្ឌ។
ក្នុងខួបទី២១ឆ្នាំនៃរដ្ឋប្រហារនេះ លោក ជី វិតា សូមជូនសេចក្តីរាយការណ៍មួយជុំវិញរឿងនេះ៖
អង្គការការពារសិទ្ធិមនុស្សជាតិ និងអន្តរជាតិហៅការសម្លាប់កងកម្លាំងរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលគ្មានអាវុធក្នុងដៃនៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារឆ្នាំ១៩៩៧ ថា ជាការសម្លាប់ខុសច្បាប់ ដែលជាឧក្រិដ្ឋកម្មសង្រ្គាម។
ប្រធានគ្រប់គ្រងផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា រដ្ឋប្រហារថ្ងៃ ៥-៦ កក្កដា ឆ្នាំ១៩៩៧ ជាព្រឹត្តិការណ៍គួរអោយសោកស្តាយ ដែលបានបណ្តាលអោយមនុស្សស្លាប់ និងរបួសរាប់រយនាក់ ហើយជាង ២០ឆ្នាំកន្លងទៅនេះ មិនមានបុគ្គលណាម្នាក់ទទួលខុសត្រូវចំពោះបញ្ហានេះទេ។ ទោះជាយ៉ាងណាលោកបន្តថា គេត្រូវចងចាំព្រឹត្តិការណ៍បង្ហូរឈាមនេះ ដើម្បីជួយគ្នាទប់ស្កាត់ការរំលោភសិទ្ធិមនុស្សស្រដៀងគ្នានេះនៅថ្ងៃមុខ៖ «មកទល់ពេលនេះយើងមិនទាន់ឃើញពន្លឺយុត្តិធម៌នៅឡើយទេ វាបង្កទៅជានិទណ្ឌភាពមួយយ៉ាងធំ ហើយកង់ប្រវត្តិសាស្ត្រវាអាចនឹងវិលមករកវិញ ប្រសិនបើមិនមានគំរូនៅក្នុងការទប់ស្កាត់ទៅអនាគតបាទ។ ត្រូវតែមានការស៊ើបអង្កេតផ្តល់តម្លាភាព ហើយបង្ហាញរបាយការណ៍នៃការស៊ើបអង្កេតហ្នឹង ដើម្បីឲ្យជនរងគ្រោះ និងគ្រូសារជនរងគ្រោះទទួលបានភាពយុត្តិធម៌»។
បីថ្ងៃក្រោយការផ្ទុះអាវុធ លោកថូម៉ាស់ ហេមម៉ាប៊ើក (Thomas Hammarberg) តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ហៅព្រឹត្តិការណ៍នោះថា ជារដ្ឋប្រហារដឹកនាំដោយលោកហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ទម្លាក់នាយករដ្ឋមន្ត្រីទីមួយដែលជាប់ឆ្នោត គឺសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ពីអំណាច។
ស្នូរគ្រាប់កាំភ្លើងតូចធំបានផ្ទុះឡើងកងរំពង នៅថ្ងៃទី៥-៦ កក្កដា បង្កអោយមានភាពវឹកវរជ្រួលច្របល់ក្នុងរាជធានីទាំងមូល។ អ្នកភ្នំពេញជាច្រើនពាន់នាក់បានភៀសខ្លួនចេញទៅសម្ងំនៅតាមបណ្តាខេត្តមួយរយៈ ដើម្បីគេចចេញពីគ្រាប់កាំភ្លើង។
អ្នកស្រី ខេន ឃីម គឺជាពលរដ្ឋម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើនទៀត ដែលបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួននៅក្នុងថ្ងៃរដ្ឋប្រហារនោះ។ អង្គុយនៅលើគ្រែជាមួយកូនប្រុសតូចដែលមានរបួសក្បាលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែត អ្នកស្រី ឃីម បានរៀបរាប់ប្រាប់ទូរទស្សន៍ ABC អូស្រ្តាលី (Australia) ថា គ្រាប់កាំភ្លើងបានផ្តាច់ជីវិតកូនប្រុសរបស់លោកស្រីពីរនាក់៖ «ឲ្យកូនៗ ក្រាបក្រោមផ្ទះ ស្រាប់តែគ្រាប់វាមកបុកផ្ទះខ្ញុំ ហើយជះទៅលើកូនៗ ខ្ញុំ។ ខ្ញុំឈរនៅម្នាក់ឯងអត់អីទេ។ ងាកទៅប្តីៗ ដួល ងាកទៅកូនស្លាប់អស់។ កូនខ្ញុំស្លាប់ពីរនាក់ អាមួយ ១០ឆ្នាំ អាមួយ ៩ឆ្នាំ អាមួយដាច់ក អាមួយដេកដួល។ កូនខ្ញុំស្លូត..រៀនបានចំណាត់ថ្នាក់លេខមួយ មិនគួរកូនខ្ញុំស្លាប់សោះ! អាយុខ្លីត្រូវដាច់ក»។
ផ្អែកតាមរបាយការណ៍ស៊ើបអង្កេតរបស់ការិយាល័យសិទ្ធិមនុស្ស នៃអង្គការរសហប្រជាជាតិ ប្រចាំនៅកម្ពុជា ក្រៅតែពីមានមនុស្សស្លាប់ និងរបួសដោយសារការប្រយុទ្ធគ្នារវាងកងទ័ពរបស់នាយករដ្ឋមន្ត្រីទាំងពីររូបនោះ ក៏មានពលទាហាន និងមន្រ្តីជាន់ខ្ពស់ដែលស្មោះត្រង់នឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រមាណ ៦០នាក់ ត្រូវបានប្រហារជីវិតក្រៅប្រព័ន្ធច្បាប់ដោយកងកម្លាំងស្មោះត្រង់នឹងលោក ហ៊ុន សែន។ របាយការណ៍ដដែលនេះ បញ្ជាក់និយមន័យនៃពាក្យ «ការសម្លាប់ក្រៅប្រព័ន្ធច្បាប់» ថា ជាអំពើដែលភ្នាក់ងាររដ្ឋសម្លាប់មនុស្សមិនមានច្បាប់អនុញ្ញាត ខណៈកំពុងស្ថិតក្នុងការឃុំខ្លួន និងគ្មានអាវុធក្នុងដៃ។
រដ្ឋប្រហារបង្ហូរឈាមនេះ ចាប់ផ្តើមពីថ្ងៃទី២រហូតដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩៩៧ ដោយកម្លាំងរបស់លោកហ៊ុន សែននាយករដ្ឋមន្ត្រីទី២ ដណ្តើមយកមកគ្រប់គ្រងនូវមូលដ្ឋានទ័ពជើងទឹករបស់សម្តេចក្រុមព្រះនៅព្រែកតាទែន។
មន្ត្រីប៉ូលិស និងយោធាជាន់ខ្ពស់របស់គណបក្ស ហ៊ុនស៊ីប៉ិច ដែលត្រូវបានសម្លាប់ក្រៅប្រព័ន្ធច្បាប់នោះ រួមមាន៖
លោក ហូ សុខ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងខណៈកំពុងជាប់ឃុំក្នុងក្រសួងមហាផ្ទៃ។ មន្ត្រីស្មោះត្រង់នឹងសម្តេចក្រុមព្រះ ដទៃទៀតដែលអ្នកខ្លះត្រូវបានរងទារុណកម្មហើយ ទើបសម្លាប់នៅទីកន្លែងផ្សេងៗគ្នានោះ រួមមាន៖ ឧត្តមសេនីយចៅ សម្បត្តិ ហៅង៉ូវ។ ឧត្តមសេនីយ ក្រូច យឿម។ ឧត្តមសេនីយ ព្រំ ឌិន។ ឧត្តមសេនីយ លី សេងហុង។ ឧត្តមសេនីយ ម៉ែន ប៊ុន ថន។ លោក ជា ឬទ្ធី ឈុត។ វរៈសសេនីយឯក សុខ វីរៈ។ វរៈសសេនីយឯក ថ្លាង ច័ន្ទសុវណ្ណាឫទ្ធិ។ វរៈសសេនីយឯក ហ៊ូវ សម្បត្តិ ព្រមទាំងពលទាហាន និងនាយទាហានជាច្រើនទៀត។
បើទោះជាការិយាល័យសិទ្ធិមនុស្សអង្គការរសហប្រជាជាតិ ប្រចាំនៅកម្ពុជា បានផ្ញើរបាយការណ៍ស្តីពីការសម្លាប់ក្រៅច្បាប់នេះ ជូនទៅរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ និងទទូចឲ្យមានការស៊ើបអង្កេត ដើម្បីនាំមកនូវការផ្តន្ទាទោសបុគ្គល ដែលទទួលខុសត្រូវលើការសម្លាប់ក្រៅច្បាប់នេះក្តី ក៏រយៈពេល ២១ឆ្នាំកន្លងមកនេះ មិនមានការស៊ើបអង្កេតណាមួយបានធ្វើឡើងនោះទេ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បញ្ជាក់ប្រាប់អាស៊ីសេរី ថ្មីៗ នេះថា បញ្ហានេះចប់យូរហើយ មិនមានការស៊ើបអង្កេតទេ ហើយរដ្ឋាភិបាលនៅក្រោយការប្រយុទ្ធគ្នាថ្ងៃទី៥-៦ ខែកក្កដានោះ ក៏បានចេញសៀវភៅសមួយ ដើម្បីពន្យល់បកស្រាយអំពីព្រឹត្តិការណ៍នោះដែរ៖ «អត់មានទេពីព្រោះសម្តេចក្រុមព្រះជាមួយសម្តេចហ៊ុន សែន គឺមានសម្បទាននយោបាយដើម្បីរក្សាសណ្តាប់ធ្នាប់នយោបាយ និងផលប្រយោជន៍សង្គម គឺសន្តិភាពនិងស្ថេរភាព។ សៀវភៅសដែលរដ្ឋាភិបាលបានចេញស្តីពីការបង្ក្រាបកម្លាំងអនាធិបតេយ្យ អាហ្នឹងជាឯកសារជាក់ស្តែងចេញឆ្នាំ១៩៩៧ហ្នឹងឯង ក្នុងរវាងខែវិច្ឆកា។ សៀវភៅសមានពីរភាសាគឺភាសាខ្មែរ និងភាសាអង់គ្លេស ដែលជាអំណះអំណាងបង្ក្រាបក្រុមអនាធិបតេយ្យប្រដាប់អាវុធ»។
ក្រោយព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ភាគីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដែលបានគ្រប់គ្រងរាជរដ្ឋាភិបាលផ្តាច់មុខបានចេញសៀវភៅ«ស» មួយព្យាយាមបកស្រាយអះអាងប្រាប់សហគមន៍ជាតិ និងអន្តរជាតិពីមូលហេតុចាំបាច់ និងស្របច្បាប់របស់ខ្លួន ក្នុងការប្រើកម្លាំងយោធាបង្ក្រាបកម្លាំងសម្តេចក្រុមព្រះ។ សៀវភៅ «ស» សរសេរថា ព្រឹត្តិការណ៍យោធាថ្ងៃទី ៥-៦ គឺជាការសកម្មភាពយោធាប្រឆាំងសម្តេចក្រុមព្រះ និងកម្លាំងយោធារបស់ព្រះអង្គ ក្នុងគោលដៅទប់ស្កាត់ការវិលមកវិញនៃកងទ័ពខ្មែរក្រហម។ សៀវភៅ «ស» បន្តចោទប្រកាន់សម្តេចក្រុមព្រះ ថាបានសហការជាមួយខ្មែរក្រហប្រឆាំងលោកហ៊ុន សែន ហើយថា ព្រះអង្គបានប៉ុនប៉ងនាំអាវុធខុសច្បាប់ចូលក្រុងភ្នំពេញទៀតផង។
ទោះជាយ៉ាងណា ចំពោះការនាំអាវុធចូលសម្តេចក្រុមព្រះ មិនបដិសេធទេ។ ព្រះអង្គធ្លាប់មានបន្ទូលថា ក្នុងនាមព្រះអង្គជានាយករដ្ឋមន្ត្រីទី១ ព្រះអង្គមានសិទ្ធិបញ្ជាទិញអាវុធ។ ប៉ុន្តែភាគីលោកនាយករដ្ឋមន្ត្រីទី២ ហ៊ុន សែន តបវិញថា អាចធ្វើដូច្នោះទៅបាន លុះត្រាតែធ្វើតាមរយៈក្រសួងការពារជាតិ។ ទោះជាយ៉ាងណាក៏ដោយចុះ លោក ប៊្រែដ អាដាមស៍ (Brad Adams) នៃអង្គការសិទ្ធិមនុស្ស Human Rights Watch អោយដឹងថា បើនិយាយពីរឿងនាំអាវុធចូលខុសច្បាប់នោះ គ្មានអ្នកណានាំចូលច្រើនជាងលោក ហ៊ុន សែន នោះទេ៖ «គាត់ទិញអាវុធនាំចូលច្រើណាស់ យកមកប្រើប្រាស់សំរាប់ក្រុមអង្គរក្សឯកជនរបស់គាត់។ ត្រូវចាំថា ជាផ្លូវការលោកហ៊ុន សែន មានអង្គរក្សការពារគាត់តាមរយៈកងវេរៈសេនាធំលេខ៧០ រួចទៅហើយ ប៉ុន្តែគាត់បានទៅបង្កើតអង្គភាពកងទ័ពឯកជនដ៏ធំមួយ ដែលមានគ្នាយ៉ាងតិចមួយពាន់(១០០០)នាក់ ក្នុងខែកក្កដា ឆ្នាំ១៩៩៧។ កងទ័ឯកជនដែលស្ថិតក្រោមបញ្ជាផ្ទាល់របស់លោកហ៊ុន សែន នេះ គឺអាចនិយាយបានថា ត្រូវបានបំពាក់អាវុធ និងឧបករណ៍យោធាទំនើបៗ ព្រមទាំងទទួលបានការហ្វឹកហ្វឹនប្រសើរជាងអង្គភាពផ្សេងទៀតនៃកងទ័ពជាតិទៀតផង។ ហើយភារៈកិច្ចរបស់ពួកគេគឺមិនមែនការពារផលប្រយោជន៍ជាតិទេ។ ភារៈកិច្ចរបស់ពួកគេគឺធ្វើអ្វីៗ តាមតែបញ្ជារបស់លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយក្រុមអង្គរក្សនេះ ក៏ត្រូវបានប្រើក្នុងការធ្វើរដ្ឋប្រហារដែរ។ ដូច្នេះ លោក ហ៊ុន សែន មិនអាចនិយាយថា ហ៊្វុនស៊ីនប៉ិច នាំអាវុធចូលខុសច្បាប់ ប៉ុន្តែខ្លួនគាត់វិញនាំចូលច្រើនជាងទៅទៀតនោះ»។
ចំពោះការចោទក្នុងសៀវភៅសថា សម្តេចក្រុមព្រះបាននាំទ័ពខ្មែរក្រហមចូលក្រុងភ្នំពេញនោះ លោក ប៊្រែដ អាដាមស៍ (Brad Adams) ដែលជាមន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា នៅពេលនោះ និយាយថា លោកបានស្រាវជ្រាវរឿងនោះដែរ ប៉ុន្តែមិនឃើញមានខ្មែរក្រហមទេ៖ «លោក ឱម យិនទៀង ទីប្រឹក្សារបស់លោកហ៊ុន សែន បានទូរស័ព្ទទៅការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដែលមានខ្ញុំធ្វើការនៅទីនោះ ហើយប្រាប់ថា ការិយាល័យយើងគួរតែចុះទៅមើលមូលដ្ឋានយោធាមួយនៅជាយក្រុងភ្នំពេញ ដែលមានកងទ័ពខ្មែរក្រហមជាច្រើននាក់នៅទីនោះ ដើម្បីអាចបញ្ជាក់ថា គណបក្សហ៊្វុនស៊ីនប៉ិចបាននាំខ្មែរក្រហមចូលក្រុងភ្នំពេញ។ លោកឱម យិនទៀង បន្ថែមថា ពួកខ្មែរក្រហមទាំងនោះកំពុងត្រូវបានឃុំខ្លួននៅតាំងក្រសាំង។ យើងក៏បញ្ជូនក្រុមយើងទៅដែលមានទាំងរូបខ្ញុំផង។ ពេលទៅដល់យើងបានសម្ភាសន៍មនុស្សទាំងអស់នោះដាច់ដោយឡែកពីគ្នា។ យើងបានរកឃើញថា ពួកគេមិនមែនខ្មែរក្រហមទេ ហើយគ្មាននណាម្នាក់មកពីអន្លង់វែង ដូចរដ្ឋាភិបាលអះអាងនោះឡើយ។ ភាគច្រើននៃអ្នកទាំងនោះប្រាប់យើងថា ពួកគេមកពីខេត្តស្វាយរៀង និងព្រៃវែង ទីដែលគ្មានខ្មែរក្រហមយូរមកហើយ។ ពួកគេប្រាប់ថា ត្រូវបានគេល្បួងយកមកភ្នំពេញដើម្បីទទួលបានការងារធ្វើ ហើយមិនយល់សោះថា ហេតុអ្វីបានជាពួកគេត្រូវបានចាប់ខ្លួន។ ដូច្នេះយើងក៏ពន្យល់ប្រាប់ទៅលោកឱម យិនទៀង វិញថា យើងរកមិនឃើញមានខ្មែរក្រហមទេ។ ពេលនោះលោកឱម យិនទៀង មិនបានខំប្រកែកអ្វីសោះជាមួយយើងទេ ពោលគឹគាត់មិនបានឆ្លើយតបអ្វីមួយម៉ាត់សោះ ពីព្រោះគាត់ខ្មាស់យើង។
លោក ប៊្រែដ អាដាមស៍ (Brad Adams) បន្ថែមថា អ្នកដែលប្រើប្រាស់កម្លាំងខ្មែរក្រហមមែនទែននោះ គឺលោក ហ៊ុន សែន ទៅវិញទេ។ យ៉ាងហោចណាស់មានអតីតមេបញ្ជាការខ្មែរក្រហមពីររូប គឺលោក កែវ ពង្ស និងលោក ភុន ភាព បានដឹកនាំកូនទាហានរបស់ខ្លួនចួលរួមធ្វើសកម្មភាពយោធាទម្លាក់សម្តេចក្រុមព្រះពីនាយករដ្ឋមន្ត្រីទី១។
សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដែលបានភៀសខ្លួនចេញពីទីក្រុងភ្នំពេញមួយថ្ងៃមុនថ្ងៃរដ្ឋប្រហារទៅប្រទេសបារាំង ហើយបន្ទាប់មកបានមានបន្ទូលប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក កូហ្វី អាណន់ នៅឯរដ្ឋធានី Washington សហរដ្ឋអាមេរិកថា លោកជាជនរងគ្រោះនៃរដ្ឋប្រហារ ហើយទទូចអោយអង្គការសហប្រជាជាតិកុំទទួលស្គាល់រដ្ឋាភិបាលក្រោយរដ្ឋប្រហារ៖ អង្គការសហប្រជាជាតិមិនត្រូវទទួលស្គាល់រដ្ឋាភិបាលណាមួយកើតចេញពីរដ្ឋប្រហារនោះឡើយ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ១៩៩៣ ដឹកនាំដោយនាយករដ្ឋមន្ត្រីពីររូប គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិចដែលឈ្នះឆ្នោត ជានាយករដ្ឋមន្ត្រីទីមួយ និងលោកហ៊ុន សែន ជានាយករដ្ឋមន្រ្តីទីពីរ តំណាងអោយគណបក្សប្រជាជនកម្ពុជា។ រូបមន្តដឹកនាំរដ្ឋថ្មីចែសបែបនេះ គឺជាលទ្ធផលនៃការសម្របសម្រួលនយោបាយផ្សះផ្សារជាតិរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលចាញ់ឆ្នោត ប៉ុន្តែមិនសុខចិត្តបានប្រើកម្លាំងទាហាននិងប៉ូលិសបណ្តេញទាហានអង្គការសហប្រជាជាតិ អ៊ុនតាក់ចេញពីខេត្តចំនួន៧ ហើយគំរាមបំបែកប្រទេសកម្ពុជាជាពីរ។
ទោះជាយ៉ាងណា លោក ប៊្រែដ អាដាមស៍ (Brad Adams) នៃអង្គការសិទ្ធិមនុស្ស Human Rights Watch និងជាអតីតមន្ត្រីជាន់ខ្ពស់នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា និយាយថា អង្គហេតុនានាដែលកើតឡើងនៅចន្លោះពីថ្ងៃទី២ដល់ថ្ងៃទី៧កក្កដា ឆ្នាំ១៩៩៧នោះ បញ្ជាក់ថា លោកហ៊ុន សែន ជាអ្នកធ្វើរដ្ឋប្រហារ។ លោកបន្តអះអាងថា នៅក្នុងខែ មេសា ឆ្នាំ ១៩៩៦ តំណាងរបស់អគ្គលេខាអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា លោក បិននី វិដយ៉ួណូ (Benny Widyono) បានផ្ញើរសារសម្ងាត់ឯកជនមួយទៅកាន់ទីក្រុងញូយក ដោយពន្យល់ថា លោក ហ៊ុន សែន ចង់ឡើងកាន់អំណាចដោយការប្រើកម្លាំងទ័ព៖ «លោក ហ៊ុន សែន ខឹងក្រេវក្រោធ ដោយសារតែព្រះអង្គម្ចាស់រណឫទ្ធិ កាលពីខែ មករា ឆ្នាំ ១៩៩៦ នៅក្នុងកិច្ចប្រជុំរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច សម្រេចព្រះទ័យថា មិនអាចធ្វើរដ្ឋាភិបាលចម្រុះជាមួយលោក ហ៊ុន សែន បានតទៅ ទៀតនោះឡើយ។ សូមកុំភ្លេចថា លោក ហ៊ុន សែន និង គណបក្សប្រជាជនកម្ពុជា ដឹងច្បាស់ណាស់ថា ខ្លួនបានចាញ់ឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះពួកគេ រិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា សម្រាប់ការបោះឆ្នោតលើកក្រោយ ធ្វើយ៉ាងណាឲ្យលោក ហ៊ុន សែន អាចឈ្នះ បន្តក្រាញអំណាចតទៅទៀត។ លោក ហ៊ុន សែន ជឿជាក់ថាគណបក្សប្រជាជន កម្ពុជា មានសិទ្ធិ និងត្រូវតែកាន់រដ្ឋាភិបាលរហូត មិនខ្វល់ថា បន្តកាន់អំណាចតាមរយៈការបោះឆ្នោត ឬ តាមរយៈកម្លាំងទ័ពនោះឡើយ។ ដូច្នេះហើយ បានលោក ហ៊ុន សែន ចាប់ផ្តើមជជែកជាមួយមន្រ្តីគណបក្សប្រជាជន កម្ពុជាឯទៀត អំពើការប្រើកម្លាំងទ័ព ដើម្បីកម្ទេចគណបក្សហ្វ៊ុនស៊ិនប៉ិចចោល។ នោះហើយ គឺជាអ្វីដែល Benny Widyono រាយការណ៍ទៅញូយក កាលពីខែ មករា ឆ្នាំ ១៩៩៦ នោះ»។
កាលណោះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ស៊ីម និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ មិនបានយល់ព្រមជាមួយលោកហ៊ុន សែន ក្នុងការធ្វើរដ្ឋប្រហារនោះឡើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៊្រែដ អាដាមស៍។
ទោះជាយ៉ាងណា ឆ្លើយតបទៅនឹងសំនួររបស់អ្នកកាសែតបរទេសក្រោយពីកំចាត់សម្តេចក្រុមព្រះបានជោគជ័យ លោកហ៊ុន សែន បានចោទសម្តេចក្រុមព្រះ ថា ជាអ្នកប្រើកម្លាំងមុន។
សម្លេងអ្នកកាសែតបទេស៖ Do you regret the use of force? តើលោកមានស្តាយពីការប្រើកម្លាំងទេ?
សម្លេងលោកហ៊ុន សែន៖ អត់មានស្តាយអីទាំងអស់ រឿងដែលគេប្រើគេប្រើម៉ោតើស។ ម៉េចបានជាអ្នកឯងនៅតែនិយាយពីអាបញ្ហាហ្នឹង បញ្ហាគឺ [prince] រណឬទ្ធិជាអ្នកប្រើកម្លាំងខ្ញុំ[មិន]បានកម្លាំងឯណា? ខ្ញុំប្រើកម្លាំងគ្រាន់តែទប់ ឥឡូវលោកឯងអោយខ្ញុំដកថយ ឬអោយខ្ញុំទប់? ឥឡូវលោកឯងទៅអន្លង់វែងខ្លួនឯងទៅយកក្បាលទៅរងគ្រាប់ខ្លួនឯងទៅ។ You can go to Anlung Veng for shooting by Pol Pot។
លោក ប្រ៊ែដ អាដាម ថា គឺលោក ហ៊ុន សែន ទៅវិញទេ ដែលខ្លាចចាញ់ការបោះឆ្នោតឆ្នាំ១៩៩៨ ទើបបានធ្វើរដ្ឋប្រហារ។ លោកថា រដ្ឋប្រហារឆ្នាំ១៩៩៧ គឺជាការបំផ្លាញចោលលទ្ធផលបោះឆ្នោតឆ្នាំ១៩៩៣ ដែលកើតចេញេពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ គឺក្រោយពេលពលរដ្ឋកម្ពុជាទើបតែបានងើបចេញពីរបបកុម្មុយនិស្តខ្មែរក្រហម និងរបបគ្រប់គ្រងដោយកងទ័ពកុម្មុយនិស្តវៀតណាម។
សម្រាប់ពលរដ្ឋកម្ពុជា ការបោះឆ្នោតឆ្នាំ១៩៩៣ ដែលរៀបចំដោយ អាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិនៅកម្ពុជា ហៅកាត់ថា អ៊ុនតាក់ (UNTAC) គឺជាថ្នាលសម្រាប់បណ្តុះនូវពន្លកសេរីភាពនានា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ នៅពេលក្រោយមក។
លោក ប៊្រេដអាដាំ ថា កាលណាមនុស្សអត់សេរីភាពមនុស្សក៏អស់សង្ឃឹមដែរ ប៉ុន្តែ អ៊ុនតាក់ បាននាំមកនូវសេចក្តីសង្ឃឹមដល់ប្រជាជាតិកម្ពុជានៅពេលនោះ៖ «អ៊ុនតាក់ ខំយកសេរីភាព ដែលមិនធ្លាប់មាន មកជូនពលរដ្ឋខ្មែរ មានទាំងសេរីភាពព័ត៌មាន សេរីភាពក្នុងការប្រមូលផ្តុំតវ៉ា សេរីភាពក្នុងការបើកអង្គការសមាគម សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយជាដើម។ អ៊ុនតាក់ ក៏បាននាំមកនូវការបោះឆ្នោតមួយសម្រាប់កម្ពុជាដែរ ហើយការបោះឆ្នោតកាលណោះ គឺអង្គការសហប្រជាជាតិជាអ្នករៀបចំ។ ជាអកុសល រដ្ឋប្រហារឆ្នាំ១៩៩៧ បានទាញប្រទេសកម្ពុជា ឲ្យដើរបញ្ច្រាសទៅក្រោយ ទៅយុគសម័យខ្មៅងងឹតមួយ ដែលមេដឹកនាំខ្មែរ នាំគ្នាដណ្តើមអំណាចគ្នា តាមរយៈកម្លាំងប្រដាប់អាវុធ និងអំពើហិង្សា។ ស្ថានភាពបែបនេះ ធ្វើឲ្យពលរដ្ឋខ្មែររងទុក្ខយ៉ាងខ្លាំង។ រដ្ឋប្រហារដដែលនោះ ក៏បានធានាឲ្យលោក ហ៊ុន សែន បន្តក្រាញអំណាចជាមេដឹកនាំ និងជាមេបក្សប្រជាជនកម្ពុជា។ ភ្លាមៗ ក្រោយរដ្ឋប្រហារ លោក ហ៊ុន សែន ចាប់ផ្តើមគ្រប់គ្រងបក្សទាំងស្រុង។ គាត់ចាប់ផ្តើមបញ្ចូលមនុស្សរបស់គាត់ ទៅក្នុងជួរមន្រ្តីជាន់ខ្ពស់ក្នុងកងទ័ព និងនគរបាលជាតិ។ គាត់ចាប់ផ្តើមជម្រុះខ្សែលោក ស ខេង និងលោក ជា ស៊ីម។ រដ្ឋប្រហារនោះ ធ្វើឲ្យលោក ហ៊ុន សែន ក្លាយជាបុរសខ្លាំង និងជាអ្នកមានអំណាចដឹកនាំតែម្នាក់ឯងគត់។ ដោយសារតែគាត់ហ៊ានធ្វើរដ្ឋប្រហារ ដោយមិនចាំបាច់មានការយល់ព្រមពីគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ហ៊ានធ្វើអ្វីស្រេចតែក្បាលចិត្ត។ គាត់បបួលឲ្យមន្រ្តីក្នុងជួរបក្សតតាំងនឹងគាត់ ប៉ុន្តែគ្មាននរណាហ៊ានក្អកនោះឡើយ។ គ្មានមន្រ្តីណាហ៊ានឃាត់ទង្វើផ្តាច់ការរបស់លោក ហ៊ុន សែន ឡើយ»។
មេធាវីការពារសិទ្ធិមនុស្សអន្តរជាតិ លោក ប្រ៊ែដ អាដាម បន្តថា បើទោះជាឧក្រិដ្ឋកម្មសម្លាប់មនុស្សក្រៅច្បាប់នេះកន្លងទៅជាង ២០ឆ្នាំក្តី ការវែកមុខរកជនដៃដល់ និងអ្នកពាក់ព័ន្ធមកផ្តន្ទាទោស នៅតែមានសារៈសំខាន់ខ្លាំង ដោយសារមានមូលហេតុចម្បងពីរយ៉ាង គឺមូលហេតុផ្ទាល់ខ្លួនរបស់ជនរងគ្រោះ និងមូលហេតុនយោបាយ៖ «បើនិយាយពីរឿងបុគ្គលផ្ទាល់ខ្លួន គឺកាលណាសមាជិកគ្រួសាររបស់អ្នក ត្រូវគេចាប់ខ្លួន សម្រាតសម្លៀកបំពាក់ ចាប់វាយខ្នោះ រួចហើយដឹកចេញទៅក្រៅក្រុងភ្នំពេញ ក្រោយមកក៏គេបាញ់តម្រង់ក្បាល ដើម្បីសម្លាប់ចោល អ្នកច្បាស់ជាចង់រកយុត្តិធម៌ឲ្យជនរងគ្រោះនោះ។ អ្នកច្បាស់ជាចង់ឲ្យគេធ្វើយ៉ាងណា ផ្តន្ទាទោសជនដៃដល់ ដែលបាញ់សម្លាប់មនុស្សបែបនេះ។ ការចង់បានយុត្តិធម៌បែបនេះ គឺជាកត្តាសត្យានុម័ត តាមបែបធម្មជាតិរបស់មនុស្សលោក។ កាលណោះ ខ្ញុំធ្វើការឲ្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ហើយខ្ញុំខ្លួនឯងហ្នឹង ជាអ្នកជីកគាស់សាកសពជនរងគ្រោះទាំងនោះ ដោយផ្ទាល់ដៃថែមទៀតផង។ អ្នកដែលគេចាប់ និងបាញ់សម្លាប់ចោលទាំងនោះ អ្នកខ្លះគេដឹកចេញទៅកំពង់ស្ពឺ អ្នកខ្លះគេយកទៅសម្លាប់ចោលនៅជ្រោះពេជ្រនិល។ ខ្ញុំកាយរកឃើញសាកសពមនុស្សប្រុសម្នាក់ មានស្លៀកតែខោខ្លី ដៃជាប់ខ្នោះទាំងពីរ និងមានរន្ធគ្រាប់កាំភ្លើងផុងក្នុងលលាដ៏ក្បាលគាត់។ សាកសពរបស់គាត់ គេកាយដីកប់រាក់ៗ ប៉ុណ្ណោះ។ ខ្ញុំ និងមន្រ្តីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ រកឃើញសាកសពនោះ។ ក្រោយមកទើបយើងកំណត់អត្តសញ្ញាណដឹងថា អ្នកស្លាប់ជាអ្នកណា»។
លោក ប្រ៊ែដ អាដាម បន្តថា រីឯហេតុផលនយោបាយនោះ គឺថា ការស្រេកឃ្លានយុត្តិធម៌ផ្ទាល់ខ្លួន ក៏វាមានភាពពាក់ព័ន្ធគ្នានឹងយុត្តិធម៌ក្នុងសង្គមទាំងមូលដែរ ពីព្រោះអ្នកដែលប្រព្រឹត្តអំពើបែបនេះ នឹងបន្តធ្វើវាតទៅទៀត កាលណាគ្មាននរណាហ៊ានចាប់ទោសអូសដំណើរពួកគេនោះ៖ «មនុស្សរបស់លោក ហ៊ុន សែន ដែលពាក់ព័ន្ធក្នុងរដ្ឋប្រហារនោះ សុទ្ធតែរួចទោសទាំងអស់។ មិនតែប៉ុណ្ណោះ ជនដៃដល់ ដែលជាឃាតករសម្លាប់មនុស្សកាលណោះ មានច្រើននាក់ណាស់ ដែលបានឡើងបុណ្យស័ក្តិ ពាក់ផ្កាយពេញស្មាថែមទៀតផង។ មិនបាច់ទៅមើលឯណាឆ្ងាយ ក្នុងនោះមានឧត្តមសេនីយ៍ ចាប ភក្តី មួយដែរ។ គាត់ជាប់ពាក់ព័ន្ធនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ពោលគឺនៅក្រោយរដ្ឋប្រហារនោះ។ កាលណោះគាត់មានឋានៈត្រឹមតែវរៈសេនីយ៍ឯក ឬស័ក្តិ ៥ ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ គាត់ឡើងស័ក្តិដល់ឧត្តមសេនីយ៍ ពាក់ផ្កាយហើយ។ គាត់ជាមនុស្សជំនិតរបស់លោក ហ៊ុន សែន។ មិនតែប៉ុណ្ណោះ យើងរកឃើញបន្ថែមទៀតថា នៅឆ្នាំ ២០១៤ កាលផ្ទុះបាតុកម្មតវ៉ាទ្រង់ទ្រាយធំក្រោយបោះឆ្នោតជាតិ គឺក្រុមទាហានក្នុងកងរបស់គាត់ហ្នឹងហើយ ដែលចូលដៃក្នុងការបង្ក្រាបអ្នកតវ៉ាយ៉ាងហិង្សានោះ។ ដូច្នេះអ្នកដែលចូលដៃក្នុងអំពើហិង្សាក្នុងរដ្ឋប្រហារកាលឆ្នាំ ១៩៩៧ ឥឡូវនៅតែបន្តអំពើហិង្សាតទៅទៀត រហូតដល់ឥឡូវនេះទៀត ដោយគ្មានទោសពៃរ៍អ្វីទាំងអស់។ យើងត្រូវតែបញ្ចប់វប្បធម៌និទណ្ឌភាពបែបនេះ។ យើងត្រូវរួមគ្នា បំបាត់វប្បធម៌នេះចោល មិនត្រូវឲ្យមនុស្សរបស់លោក ហ៊ុន សែន ឡើងចាង ធ្វើអ្វីបំពានបានស្រេចតែនឹងចិត្ត និងរួចខ្លួនរហូតបែបនេះបានឡើយ»។
ទាំងលោក អំ សំអាត នៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) និងលោក ប្រ៊ែដ អាដាម នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) យល់ថា ការទាមទាមរកយុត្តិធម៌ជូនជនរងគ្រោះនៅពេលបច្ចុប្បន្ននេះ ពិតជាពិបាក ប៉ុន្តែគេមិនត្រូវអស់សង្ឃឹម ហើយបោះបង់ចោលការទាមទារនេះទេ។ លោក ប្រ៊ែដ អាដាមស៍ ថា ការរំលឹក និងការផ្សាព្វផ្សាយនូវអំពើរំលោភសិទ្ធិមនុស្សក្នុងកាលទេសៈណាក៏ដោយ វាមានសារៈសំខាន់ណាស់៖ «គ្មានអ្វីជាអមតៈនោះទេ។ គ្មាននរណាមានភ្នែកទិព្វ ឬអាចព្យាករណ៍ថា នឹងមានអ្វីកើតឡើងទៅថ្ងៃខាងមុខនោះទេ។ ប៉ុន្តែ ខ្ញុំសុំជម្រាបថា នៅប្រទេសភូមា និងប្រទេសម៉ាឡេស៊ី ប្រហែលជាអ្វីៗ មិនអាចផ្លាស់ប្តូរទៅរួច ដូចសព្វថ្ងៃនេះឡើយ បើកុំតែពលរដ្ឋភូមា និងម៉ាឡេស៊ី បន្តផ្សាយព័ត៌មានពិត បន្តហ៊ាននិយាយការពិតអំពីទង្វើអាក្រក់របស់អ្នកកាន់អំណាច បង្ហាញមុខជនរំលោភសិទ្ធិមនុស្ស ជនប្រព្រឹត្តអំពើពុករលួយ និងបន្តធ្វើយុទ្ធនាការ និងចូលរួមយ៉ាងសកម្មក្នុងការតវ៉ា ដើម្បីឲ្យមានការផ្លាស់ប្តូរ។ ខ្ញុំមិនហ៊ានទស្សន៍ទាយមុនថា ប្រទេសកម្ពុជា នឹងក្លាយទៅជាយ៉ាងណានោះទេ។ ក៏ប៉ុន្តែ ខ្ញុំជឿជាក់ថា ជនដែលប្រព្រឹត្តអំពើអាក្រក់ ដែលប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹង នឹងចៀសមិនផុតពីការកាត់ទោសនៅថ្ងៃណាមួយជាក់ជាមិនខាន។ ថ្ងៃណាមួយ អ្នកទាំងនោះនឹងធ្លាក់ពីអំណាច។ ពេលនោះ រាល់ការតស៊ូមតិ និងតវ៉ារបស់សកម្មជនការពារសិទ្ធិមនុស្ស និងការខំប្រឹងប្រែងផ្តល់ព័ត៌មានពិតរបស់អ្នកសារព័ត៌មាន នឹងទទួលបានផ្លែផ្កានៅថ្ងៃណាមួយ»។
លោក ប៊្រែដ អាដាម និយាយថា ការសម្លាប់ពេលនោះ គឺចូលជាបទឧក្រិដ្ឋរំលោភច្បាប់សង្គ្រាម។ លោកថា ប្រសិនបើការបាត់បង់ជីវិតមនុស្សដ៏ច្រើននៅក្នុងថ្ងៃរដ្ឋប្រហារនោះ បណ្ដាលមកពីការប្រយុទ្ធគ្នាលើសមរភូមិ ឬក៏ជាការសម្លាប់ដោយភ័ន្តច្រឡំ គេអាចទទួលយកបាន។ ប៉ុន្តែលោកថា នៅពេលដែលជនរងគ្រោះទាំងនោះត្រូវបានគេដេញតាមចាប់ ហើយសម្រាតសំលៀកបំពាក់ចេញពីខ្លួន ចងមុខចងស្លាបសេក ឬដាក់ខ្នោះ រួចប្រើកាំភ្លើងបាញ់បំបែកលលាដ៍ក្បាល ហើយកប់ក្នុងរណ្ដៅរាក់ៗ នោះគឺជារឿងមួយដែលអសីលធម៌ និងអមនុស្សធម៌គួរឲ្យស្អប់ខ្ពើម។
យោងតាមច្បាប់អន្តរជាតិ ឧក្រិដ្ឋកម្មមួយចំនួនមិនមានអាជ្ញាយុកាលទេ ពោលទោះជាបទល្មើសនោះកន្លងផុតទៅយូរយារប៉ុណ្ណាក្តី ក៏ជនល្មើសមិនអាចរួចខ្លួនបានឡើយ ដូចជា ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។
ដោយហេតុថា ឧក្រិដ្ឋកម្មទាំង ៣ប្រភេទនេះ មិនមានអាជ្ញាយុកាលនេះហើយ ទើបផ្ដល់ជាមូលដ្ឋានច្បាប់ដល់កម្ពុជា ឲ្យបង្កើតបានសាលាក្ដីខ្មែរក្រហម ដែលកំពុងជំនុំជម្រះទោសអតីតមេដឹកនាំរបបខ្មែរក្រហមនាពេលបច្ចុប្បន្ន បើទោះជាឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមបានកន្លងផុតទៅជាង ៣៩ឆ្នាំហើយក្តី។ ការសម្លាប់ឈ្លើយសឹក ការសម្លាប់មនុស្សគ្មានអាវុធក្នុងដៃ ឬការសម្លាប់ជនស៊ីវិល គឺជាឧក្រិដ្ឋកម្មសង្គ្រាម។
ទាក់ទងនឹងការសម្លាប់មនុស្សក្រៅច្បាប់នូវមន្ត្រីប៉ូលិស និងយោធារាប់សិបនាក់ ដែលស្មោះត្រង់នឹងនាយករដ្ឋមន្ត្រីទី១ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅក្នុងអំឡុងពេលរដ្ឋប្រហារឆ្នាំ១៩៩៧ នោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ហៅការសម្លាប់នោះថា ជាឧក្រិដ្ឋកម្មសង្គ្រាម ដែលជាបទល្មើសរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលត្រូវតែមានការស៊ើបអង្កេត និងផ្តន្ទាទោសតាមច្បាប់ ដើម្បីទប់ស្កាត់អំពើនិទណ្ឌភាព៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment