Friday, 6 July 2018
"លោក ហ៊ុន សែន បិទបាំងអំពើអាក្រក់ខ្លួនដោយលាបពណ៌ថាការរំលាយបក្សប្រឆាំងដើម្បីបញ្ចៀសសង្គ្រាម"
ដោយ តាំង សារ៉ាដា
2018-07-05
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ថ្លែងក្នុងវេទិកាយុវជននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦។
RFA
មន្ត្រីជាន់ខ្ពស់ ចលនាយុវជនគណបក្សសង្គ្រោះជាតិអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លាបពណ៌អំពីការរំលាយបក្សប្រឆាំង ដើម្បីជៀសវាងសង្គ្រាម គឺដើម្បីចង់បិទបាំងអំពើអាក្រក់របស់ខ្លួន។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន បានព្រមានពីសង្គ្រាមជាថ្មី ប្រាប់ទៅក្រុមកម្មករនៅខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៥ កក្កដា។ អ្នកវិភាគ ថា នេះជាយុទ្ធសាស្ត្រចាប់ត្រីស្អុយ ដាក់កន្ត្រកអ្នកដទៃរបស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន ដែលមន្ត្រីសិទ្ធិមនុស្សអន្តរជាតិ ចាត់ទុកជាមេដឹកនាំយោធាផ្ដាច់ការនៅកម្ពុជា នៅថ្ងៃព្រហស្បតិ៍ទី៥ ខែកក្កដានេះ បានបន្តអះអាងជាថ្មីថា សកម្មភាពរំលាយគណបក្សសង្គ្រោះជាតិ ជាសកម្មភាពត្រឹមត្រូវ និងដើម្បីបញ្ចៀសកម្ពុជា ពីភ្នក់ភ្លើងសង្គ្រាម។ ថ្លែងនៅក្នុងពិធីឃោសនារកសំឡេងឆ្នោតមុនអាណត្តិ ពីក្រុមកម្មករជាង២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី៥ កក្កដា លោក ហ៊ុន សែន ព្រមានថា ប្រសិនមិនរំលាយគណបក្សប្រឆាំងទេ សង្គ្រាមនឹងកើតមានឡើង។ លោកបានព្រមានទៀតថា ជម្រើសតែមួយគត់ ដើម្បីកុំឲ្យមានសង្គ្រាម គឺត្រូវតែបោះឆ្នោតឲ្យបក្សលោក។
ការព្រមានពីសង្គ្រាមនេះ មិនមែនជារឿងថ្មីទេ។ នៅមុនការ បោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ លោក ហ៊ុន សែន និងមន្ត្រី ក្នុងរបបលោក បានព្រមានថា បើគណបក្សកាន់អំណាចចាញ់ឆ្នោត នឹងមានសង្គ្រាម វាយបំបាក់ធ្មេញ ឬសំពងក្បាលពលរដ្ឋ នឹងគល់ឫស្សីជាដើម។ ប៉ុន្តែ លទ្ធផលក្រោយការបោះឆ្នោតនោះ គណបក្សប្រឆាំង បានកើនសំឡេងយ៉ាងច្រើន។
កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិទាំងកណ្ដាលអាធ្រាត្រ របបលោក ហ៊ុន សែន បានជំរុញឲ្យមន្ត្រីបក្ស និងមន្ត្រីរាជការ បង្កើនការចេញឃោសនា ហើយព្យាយាមពន្យល់ពលរដ្ឋថា ការរំលាយបក្សប្រឆាំង គឺ ដើម្បីបញ្ចៀសសង្គ្រាមពីកម្ពុជា។
ប្រធានចលនាយុវជនរបស់គណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ដ ហៅការអះអាងរបស់ លោក ហ៊ុន សែន ថា ដើម្បីបិទបាំងពីអំពើអាក្រក់របស់ខ្លួន ក្នុងបំណងការពារ អំណាចបន្ដទៀត។ លោក ហ៊ីង សុខសាន្ដ អះអាងថា វត្តមានរបស់គណបក្សសង្គ្រោះជាតិ មិនអាចធ្វើឲ្យកម្ពុជាមានសង្គ្រាមទេ ដោយសារគណបក្សប្រឆាំងគ្មាន កងកម្លាំងប្រដាប់អាវុធ នោះឡើយ។ «»
លោក ហ៊ុន សែន អះអាងថា វត្តមានបក្សសង្គ្រោះជាតិ នាំឲ្យកើតមានសង្គ្រាម គឺដោយសារគណបក្សប្រឆាំង ប្រើប្រាស់នយោបាយ សងសឹក លើគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អះអាងតាមសេចក្ដីថ្លែងការណ៍ ពីក្នុងពន្ធនាគារត្រពាំងផ្លុង កាលពីខែមេសា ឆ្នាំ២០១៨ ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ថា លោកអហោសិកម្ម ឲ្យអ្នកនយោបាយគ្រប់បែបយ៉ាង ដើម្បីសេចក្ដីសុខកម្ពុជា និងទាមទារឲ្យមានការចរចាបង្រួបបង្រួមជាតិ។ ផ្ទុយទៅវិញ គឺលោក ហ៊ុន សែន ជាអ្នកប្រកាសបិទផ្លូវចរចាបង្រួបបង្រួមជាតិ និងតាមធ្វើទុក្ខបុកម្នេញអ្នកនិយមប្រជាធិបតេយ្យដល់ទីបញ្ចប់។
សមាជិកក្រុមអ្នកវិភាគនយោបាយវ័យក្មេង លោក បុង ដេត សង្កេត ឃើញថា ក្នុងការកាន់អំណាច ជាង៣០ឆ្នាំមកនេះ គណបក្សកាន់អំណាច តែងប្រើប្រាស់យុទ្ធសាស្ត្ររុញកំហុសឲ្យគេ។ លោក បុង ដេត យល់ថា ការព្រមានពីការធ្វើសង្គ្រាមជាថ្មី របស់លោក ហ៊ុន សែន គឺដើម្បី ចង់បំភ័ន្តភ្នែកពលរដ្ឋ និងអន្តរជាតិថា លោកសម្រេចចិត្តត្រឹមត្រូវ ក្នុងការរំលាយគណបក្សប្រឆាំង កុំឲ្យរងការរិះគន់ពីអ្នកនិយមប្រជាធិបតេយ្យ។ «»
លោក ហ៊ុន សែន ក៏បានលើកឡើងពីហេតុផលថ្មីស្រឡាងមួយទៀត គឺការកាន់អំណាចរបស់ លោក នឹងបន្ដរហូតដល់គ្មានវត្តមាន ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ព្រោះលោក សម រង្ស៊ី ចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
ប៉ុន្តែ សម្រាប់អ្នកនិយមប្រជាធិបតេយ្យ ហៅការលើកឡើងនេះថា គ្រាន់តែជាលេសមួយដើម្បីបន្តក្រាញអំណាច ព្រោះលោក ហ៊ុន សែន ភ័យខ្លាចពលរដ្ឋផ្ដន្ទាទោសដូចមេដឹកនាំផ្ដាច់ការ ពុករលួយ បក្ខពួក គ្រួសារនិយម ដទៃទៀត ក្រោយពេលអស់អំណាច៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment