ដោយ មាន ឫទ្ធិ
2018-07-02

លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតរបស់អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វែ្រល (COMFREL) នៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០១៦។
RFA
អង្គការ COMFREL គូសបញ្ជាក់សាជាថ្មីជុំវិញជំហររបស់ខ្លួនអំពីការដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្តដើម្បីតាមឃ្លាំមើលបរិយាកាសនយោបាយ និងសិទ្ធិមនុស្ស នៅតាមឃុំសង្កាត់មួយចំនួនក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០១៨។ តាមគម្រោង អង្គការនេះ ត្រៀមនឹងដាក់ពលរដ្ឋស្ម័គ្រចិត្តចំនួន ៣០០នាក់ សម្រាប់សកម្មភាព ហើយរហូតមកទល់ពេលនេះអង្គការរកបានពលរដ្ឋស្ម័គ្រចិត្តចូលរួម បានចំនួន ១៦៨នាក់ហើយ។
ការគូសបញ្ជាក់សាជាថ្មីអំពីជំហរឥតកែប្រែរបស់អង្គការខុមហ្វ្រែលនេះ ធ្វើឡើង ក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី៣០ មិថុនា បានចេញសេចក្ដីជូនដំណឹងដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងការធ្វើសកម្មភាពរបស់អង្គការ ខុមហ្វ្រែលនេះ។ លិខិតជូនដំណឹងដែលចុះហត្ថលេខាដោយ អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា គូសបញ្ជាក់ថា សកម្មភាពរបស់អង្គការខុមហ្វ្រែលនេះ គ.ជ.ប ពិនិត្យឃើញថា ពុំមែនជាសកម្មភាពសង្កេតមើលការបោះឆ្នោត ដែលត្រូវបានអនុញ្ញាត និងទទួលស្គាល់ដោយគ.ជ.បឡើយ។
គ.ជ.ប ក៏បានក្រើនរំឮកអំពីច្បាប់ និងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដោយលើកឡើងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួមសង្កេតការណ៍ការបោះឆ្នោតនេះ នៅតែអាចស្នើសុំចុះឈ្មោះអ្នកសង្កេតការណ៍បោះឆ្នោតរបស់ខ្លួន មកកាន់គ.ជ.ប និងបំពេញលក្ខខណ្ឌតាមការកំណត់របស់គ.ជ.ប ដើម្បីទទួលបានបណ្ណីសម្គាល់ និងមានសិទ្ធិចូលរួមសង្កេតមើលគ្រប់ដំណើរការរៀបចំការបោះឆ្នោតនេះ។ យ៉ាងណាក៏ដោយសេចក្ដីជូនដំណឹងរបស់ គ.ជ.បនេះ មិនបានបញ្ជាក់ឲ្យច្បាស់លាស់ទេថា តើសកម្មភាពរបស់អង្គការខុមហ្វ្រែលនេះ ជាសកម្មភាពខុសច្បាប់ឬយ៉ាងណានោះ។
មន្ត្រីជាន់ខ្ពស់ផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល បានបញ្ជាក់ប្រាប់អាស៊ីសេរីនៅថ្ងៃទី២ កក្កដា នេះថា អង្គការរបស់លោកនៅតែធ្វើសកម្មភាពដូចដែលបានគ្រោងទុកនេះ ជាដដែលដោយសារតែអង្គការរបស់លោកយល់ថា សកម្មភាពដាក់ពង្រាយពលរដ្ឋស្ម័គ្រចិត្តតាមឃ្លាំមើលបរិយាកាសទូទៅនៃការបោះឆ្នោតនេះ គឺពុំមានអ្វីខុសទាស់នឹងច្បាប់ចែងឡើយ៖ «ដោយអនុលោមតាមច្បាប់អង្គការសង្គមស៊ីវិល ហើយនិងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ បានប្រាប់ថា អង្គការសង្គមស៊ីវិលទាំងឡាយដែលធ្វើសកម្មភាព ត្រូវជូនព័ត៌មានទៅអាជ្ញាធរមានសមត្ថកិច្ច។ ហើយទាក់ទងរឿងសកម្មភាពនេះ យើងក៏បានជូនសេចក្ដីជូនដំណឹងទៅខាងអាជ្ញាធរមូលដ្ឋានរួចហើយ។ ហើយរឿងការឲ្យ ឬមិនឲ្យគឺស្រេចទៅលើលោកទៅចុះ។ បើលោកមានការហាមឃាត់ អាហ្នុង យើងក៏ឈប់ត្រឹមហ្នឹងទៅ តែបើសិនជាលោកយល់ឃើញថា កិច្ចការងាររបស់យើង វាស្របច្បាប់ វាអត់មានអីខុសឆ្គង អាហ្នុង យើងនឹងបន្តទៀតទៅ»។
លោក កន សាវាង្ស បន្តថា សកម្មភាពរបស់អង្គការលោក មិនស្ថិតក្រោមស្ថាប័នគ.ជ.បនោះទេ ព្រោះអង្គការរបស់លោក មិនបានទៅចុះឈ្មោះដាក់អ្នកសង្កេតការណ៍ផ្លូវការជាមួយស្ថាប័នគ.ជ.បនោះទេ។ ហើយសកម្មភាពរបស់អង្គការខុមហ្វ្រែលនេះ មិនពាក់ព័ន្ធទៅនឹងការវាយតម្លៃ ចំពោះដំណើរការបោះឆ្នោតនោះទេ ព្រោះថា អ្នកស្ម័គ្រចិត្តទាំងនោះមិនបានទៅចូលសង្កេតការណ៍នៅខាងក្នុងការិយាល័យបោះឆ្នោតនោះឡើយ៖ «កិច្ចការងារដែលយើងធ្វើនេះ គឺទាក់ទងទៅលើភាព ហៅថា ការគំរាមកំហែង ការបំភិតបំភ័យទៅលើឆន្ទៈប្រជាពលរដ្ឋ ឬក៏បរិយាកាសអ្នកបោះឆ្នោតនៅក្នុងមូលដ្ឋានថាតើលោកមានស្ថានភាពបែបណា មានលក្ខណៈភ័យខ្លាចដែរឬអត់ទេ។ ត្រូវបានគេបំភិតបំភ័យ ឬក៏ត្រូវបានគេបង្ខំឆន្ទៈរបស់លោកដែរឬអត់ទេ។ អាហ្នឹង យើងមើល។ ហើយលក្ខណៈទាំងអស់ហ្នឹងគឺថា សិទ្ធិមនុស្សដទៃក៏គេធ្វើការងារទាំងអស់ហ្នុងដែរ។ ហើយកិច្ចការហ្នឹង មិនចាំបាច់ចូលទៅដល់ការិយាល័យនោះទេ។ យើងធ្វើជាប្រជាពលរដ្ឋធម្មតា»។
លោកថា អង្គការខុមហ្វ្រែលរបស់លោក នៅតែបន្តលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឲ្យមានការចូលរួមដើម្បីឃ្លាំមើលករណីនៃការរំលោភលើស្ថានភាពសិទ្ធិមនុស្សទូទៅនៅតាមមូលដ្ឋាននេះ ដោយលោកសង្កត់ធ្ងន់ៗថា សំខាន់អង្គការលោក បានបណ្ដុះបណ្ដាល និងណែនាំពលរដ្ឋស្ម័គ្រចិត្តទាំងនោះ ឲ្យបានយល់ដឹងយ៉ាងច្បាស់លាស់អស់ហើយថា ពួកគេមិនអាចមានសិទ្ធិទៅចូលពិនិត្យមើលខាងក្នុងការិយាល័យបោះឆ្នោត ឬធ្វើការវាយតម្លៃអំពីដំណើរការនៃការបោះឆ្នោតនោះឡើយ។ លោក កន សាវាង្ស អះអាងថា អង្គការរបស់លោក នឹងមិនចេញសេចក្ដីថ្លែងការណ៍វាយតម្លៃណាមួយនោះឡើយ ជុំវិញការបោះឆ្នោតនេះ ដោយគ្រាន់តែសរសេររបាយការណ៍ទូទៅទុកជាព័ត៌មាន៖ «របាយការណ៍នេះ ក៏យើងនឹងមិនចេញដែរ គឺយើងទុកជាព័ត៌មាន។ ក៏ប៉ុន្តែបើសិនជាមានករណីរំលោភធ្ងន់ធ្ងរទៅលើសិទ្ធិ នៃការសម្រេចចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួម ឬមិនចូលរួម នៃការបោះឆ្នោត អាហ្នឹង យើងអាចធ្វើជាសេចក្ដីថ្លែងការណ៍បាន ព្រោះនេះ ជារឿងទូទៅ»។
សេចក្ដីប្រកាសព័ត៌មានរបស់គ.ជ.ប កាលពីថ្ងៃទី២៧ មិថុនា ឲ្យដឹងថា គិតត្រឹមថ្ងៃទី២៦ មិថុនា គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ នៃសមាគម អង្គការមិនមែនរដ្ឋាភិបាលប្រមាណជាង ៥ម៉ឺននាក់ មកពី៨២ស្ថាប័ន ក្នុងគ.ជ.ប អួតថាមានអ្នកសង្កេតការណ៍អន្តរជាតិមកពីប្រទេសមីយ៉ាន់ម៉ា ប្រទេសចិន និងប្រទេសសិង្ហបុរី ហើយគ.ជ.ប កំពុងពិនិត្យមើលលើពាក្យស្នើសុំរបស់អ្នកសង្កេតការណ៍ប្រមាណជា ៨០០នាក់ បន្ថែមទៀត។ គ.ជ.ប នឹងបិទបញ្ចប់ លែងទទួលពាក្យអ្នកសង្កេតការណ៍ជាតិនៅថ្ងៃទី១៨ កក្កដា និងអ្នកសង្កេតការណ៍អន្តរជាតិនៅថ្ងៃទី ២៥កក្កដា។ យ៉ាងណាក៏ដោយស្ថាប័នរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានបដិសេធ លិខិតអញ្ជើញសង្កេតការណ៍ការបោះឆ្នោតរបស់គ.ជ.បកម្ពុជានេះ ដោយសារតែខ្លួនជាប់រវល់រៀបចំការបោះឆ្នោតក្នុងស្រុក។
ចំណែកអង្គការសង្គមស៊ីវិល ឯករាជ្យសំខាន់ៗ ចំនួនបីនៅក្នុងស្រុកគឺអង្គការខុមហ្វ្រែល អង្គការនិកហ្វិក និងអង្គការតម្លាភាពកម្ពុជា បានសម្រេច មិនដាក់អ្នកសង្កេតការណ៍ជាផ្លូវការដើម្បីឃ្លាំមើលការបោះឆ្នោតនេះឡើយ ដោយសារតែរបបលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យមានបន្ទប់ស្ថានការណ៍ដើម្បីឃ្លាំមើលការបោះឆ្នោត និងដោយសារតែបរិយាកាស និងលក្ខខណ្ឌនយោបាយ នៅមុនការបោះឆ្នោត មិនមានលក្ខណៈអំណោយផល។ ក្នុងចំណោមអ្នកសង្កេតការណ៍ដែលគ.ជ.បអះអាងនេះ មិនមានអ្នកសង្កេតការណ៍ផ្លូវការមកពីក្រុមប្រទេសបស្ចិមលោក រួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនោះឡើយ៕
No comments:
Post a Comment