ដោយ យន់ សាមៀន
2018-07-07

ឡានក្បួនយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្ស ប្រជាជនកម្ពុជា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៨។ រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូបពីហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
គណបក្សប្រជាជនកម្ពុជា នៅថ្ងៃសៅរ៍ ទី៧ កក្កដា បានសម្រុកធ្វើយុទ្ធនាការរកសំឡេងឆ្នោតពីប្រជាពលរដ្ឋនៅទូទាំងប្រទេស ស្របពេលដែលប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី បានបង្ហោះសារ នៅក្នុងហ្វេសប៊ុក (Face book) របស់លោក ដោយបានពន្យល់អត្ថន័យពិតប្រាកដនៃការបោះឆ្នោតក្លែងក្លាយរៀបចំដោយរបបផ្ដាច់ការ នៅថ្ងៃទី២៩កក្កដាខាងមុខ។ លោក សម រង្ស៊ី លើកឡើងថា ជម្រើសពិតប្រាកដមានតែពីរគត់ គឺបើគាំទ្រគណបក្សសង្គ្រោះជាតិកុំទៅបោះឆ្នោត ហើយបើចង់បានរបបដឹកនាំយោធាផ្តាច់ការដូចសព្វថ្ងៃ ទៅបោះឆ្នោត។ ចំណែកមន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តមួយចំនួនលើកឡើងថា យុទ្ធនាការរកសំឡេងឆ្នោតក្នុងថ្ងៃដំបូងនេះ មានតែគណបក្សកាន់អំណាចតែមួយគត់ដែលធ្វើយុទ្ធនាការទ្រង់ទ្រាយធំ ចំណែកឯបក្សតូចៗវិញមិនសូវមានសកម្មភាពដូចកាលពីបោះឆ្នោតឆ្នាំមុនៗនោះទេ។
លោក ហ៊ុន សែន ដែលអង្គការសិទ្ធិមនុស្សអន្តរជាតិចាត់ទុកជាមេដឹកនាំយោធាផ្តាច់ការនោះ បានបើកយុទ្ធនាការឃោសនាក្នុងថ្ងៃនេះដំបូងនេះ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមរាប់ម៉ឺននាក់ ដោយរថយន្តរាប់ពាន់គ្រឿង ។លោក ហ៊ុន សែន ជំរុញឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំប្រទេសជាង៣០ឆ្នាំ លោកអះអាងថា ដើម្បីឲ្យមានសុខសន្តិភាពនិងការរីកចម្រើនទៅមុខទៀត៖ «»
គណបក្សកាន់អំណាចក្រៅអំពីឃោសនាទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញហើយ នៅតាមខេត្តទូទាំងប្រទេសក៏មានការរៀបចំយ៉ាងច្រើនដែរ ដូចជានៅខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ កំពង់ចាម និងខេត្តពោធិ៍សាត់ជាដើម ដែលមានអ្នកចូលរួមរាប់ពាន់នាក់។ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនៅថ្ងៃដំបូងនៃការចាប់ផ្តើមឃោសនាបោះឆ្នោតនេះ បានបង្ហោះខិត្តប័ណ្ណ នៅលើទំព័រហ្វេសប៊ុក (Facebook) បង្ហាញអត្ថន័យពិតប្រាកដនៃការបោះឆ្នោតក្លែងក្លាយរៀបចំដោយរបបផ្ដាច់ការ នៅថ្ងៃទី ២៩កក្កដា។ ខិត្តប័ណ្ណសរសេរថា ជម្រើសពិតប្រាកដមានតែ ២គត់ គឺ មិនទៅបោះឆ្នោត គឺគាំទ្រគណបក្សសង្គ្រោះជាតិក្នុងចិត្ត ហើយចង់គណបក្សនេះមកដឹកនាំប្រទេសដើម្បីការផ្លាស់ប្ដូរជា វិជ្ជមាន និងការទៅបោះឆ្នោត។ តែបើទោះបីជាទៅបោះឲ្យគណបក្សណាក៏ដោយ គឺគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយចង់ឲ្យគណបក្សនេះដឹកនាំប្រទេសតទៅទៀតដូចសព្វថ្ងៃ។ លោក សម រង្ស៊ី ក៏អំពាវនាវឲ្យប្រជាពលរដ្ឋចែកចាយខិត្តប័ណ្ណនេះទៅអ្នកដទៃ ចាប់ពីថ្ងៃទី៧កក្កដាតទៅ។
ភ្លាមក្រោយពីលោក សម រង្ស៊ី បង្ហោះសារអំពាវនាវ អ្នកគាំទ្រគណបក្សប្រឆាំងបានចែករំលែកខិត្តប័ណ្ណនោះតាមហ្វេសប៊ុករបស់ខ្លួនពីមួយទៅមួយជាបន្តបន្ទាប់ ហើយអ្នកខ្លះថែមទាំងបានប្រកាសមិនទៅចូលរួមបោះឆ្នោតនោះទេ។
អ្នកនាំពាក្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការឃោសនាថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅដោយរលូន ហើយមានគណបក្សនយោបាយចំនួន៥គណបក្សហែក្បួនធំជាងគេ ដូចជាគណបក្សប្រជាជនកម្ពុជាមានអ្នកចូលរួមជាង ៦ម៉ឺននាក់ (៦០.០០០) គណបក្ស ហ្វ៊ុនស៊ិនប៉ិច ប្រមាណ ២ពាន់នាក់ (២.០០០) និងគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានជាង ១ម៉ឺននាក់(១០,០០០)ជាដើម។ ទោះជាយ៉ាងណា អ្នកនាំពាក្យគ.ជ.បរូបនេះមិនទាន់មានប្រតិកម្មអ្វីជុំវិញនឹងខិត្តប័ណ្ណរបស់សម រង្ស៊ី នៅឡើយទេ៖ «»
នៅក្នុងយុទ្ធនាការឃោសនារកសំឡេងថ្ងៃដំបូងនេះ គណបក្សតូចៗ នៅតាមបណ្ដាខេត្តមួយចំនួនរួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ សៀមរាប កំពង់ធំ និងខេត្តឧត្ដរមានជ័យជាដើម មិនសូវមានសកម្មភាពដូចគណបក្សកាន់អំណាចនោះទេ។ មន្ត្រីជាន់ខ្ពស់អង្គការ ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស លើកឡើងថា ការឃោសនាតិច ឬច្រើនអាស្រ័យធនធានរបស់គណបក្សនយោបាយនិមួយៗ ហើយមិនទាន់មានច្បាប់ណាកំណត់លើថវិកាចំណាយក្នុងការឃោសនារបស់គណបក្សនយោបាយនៅឡើយទេ។ ទោះជាយ៉ាងណា សង្គមស៊ីវិលរូបនេះអះអាងថា ការបោះឆ្នោតលើកនេះ គឺពលរដ្ឋភាគច្រើនបានយល់ច្បាស់អំពីសកម្មភាពរបស់គណបក្សនយោបាយអស់ហើយ៖ «»
យុទ្ធនាការឃោសនាបោះឆ្នោត ចាប់ផ្ដើមនៅថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា៕
No comments:
Post a Comment