ដោយ មួង ណារ៉េត
2018-07-07

លោក គល់ បញ្ញា ប្រធានអង្គការខុមហ្វ្រែល (Comfrel) ថ្លែងទៅកាន់អ្នកកាសែត នៅសណ្ឋាគារអ៊ីមភើរៀល រាជធានីភ្នំពេញ នៅថ្ងៃទី ២០ មករា ២០១៥។
RFA
អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ទទួលស្គាល់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពិតជាបានចំណាយថវិកាជាតិច្រើនលានដុល្លារ ក្នុងពិធីចុះជួបជាមួយកម្មករ ដើម្បីស្វែងរកសំឡេងឆ្នោតកន្លងមក។ ការទទួលស្គាល់នេះ បន្ទាប់ពីមានការចុះផ្សាយថា លោក ហ៊ុន សែន បានចំណាយលុយជាតិអស់ជាង ៣លាន ៤សែនដុល្លារ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតពីក្រុមកម្មកររោងចក្រក្នុងរយៈពេល ១០ខែអង្គការសង្គមស៊ីវិល ដែលមានជំនាញខាងបោះឆ្នោតលើកឡើងថា ការយកលុយជាតិសម្រាប់ឃោសនា ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សមួយ គឺខុសគោលការណ៍ ស្តីពីការបោះឆ្នោតដោយយុត្តិធម៌ និងជាអំពើពុករលួយនយោបាយធ្ងន់ធ្ងរទៀតផង។
អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា ការចំណាយសម្រាប់ចុះជួបកម្មករ-កម្មការិនី និងការចែកលុយឲ្យកម្មកររាល់លើក គឺជាថវិកាជាតិ ហើយលោកអះអាងថា មិនមានកំហុសឆ្គងនោះទេ ព្រោះសកម្មភាពទាំងនោះ ធ្វើឡើងក្នុងនាមជានាយករដ្ឋមន្ត្រី ដែលមានមនោសញ្ចេតនាជាមួយកម្មករគ្រប់និន្នាការនយោបាយ។ លោកបន្តថា ការយកថវិកាជាតិ
ចែកចាយឲ្យកម្មករនេះ មិនមែនជារឿងសូកប៉ាន់ ឬទិញទឹកចិត្តនោះទេ ហើយថវិកាទាំងនេះ បានមកពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លោកបន្ថែមថា ចំនួនលុយដែលចាយវាយក្នុងអំឡុងយុទ្ធនាការជួបកម្មករនោះ អាចមានចំនួនលើសពីជាង ៣លាន ៤សែនដុល្លារ ប្រសិនបើបូកទាំងប្រាក់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះជាដើមទៀតនោះ៖ «»។
ការលើកឡើងនេះ បន្ទាប់ពីគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានផ្សព្វផ្សាយឲ្យដឹងថា លោក ហ៊ុន សែន បានជួបកម្មករសរុប ៤៩លើក ដែលមានកម្មករជិត ៧សែននាក់ ក្នុងចំណោមកម្មករ-កម្មការិនីសរុបប្រមាណជាជាង ៨សែននាក់នៅទូទាំងប្រទេស។
ប្រភពដដែលបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ផ្តើមចេញជួបកម្មករលើកដំបូងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ នឹងរហូតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ដែលជាលើកចុងក្រោយ។ ក្នុងជំនួបម្តងៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងចែកអំណោយជាថវិកាចំនួន ២ម៉ឺនរៀល ឬស្មើនឹង ៥ដុល្លារអាមេរិក ដល់កម្មករកម្មការិនីម្នាក់ៗ ដែលសរុបទៅមិនតិចជាង ៣លាន ៤សែនដុល្លារអាមេរិកនោះទេ ក្នុងការចែកអំណោយទាំង ៤៩លើកនេះ។
ទោះជាលោក ហ៊ុន សែន យកថវិកាជាតិទៅចែកកម្មករក៏ដោយ ក៏លោកតែងតែអំពាវនាវឲ្យកម្មករ ដែលបានទទួលប្រាក់ទាំងនេះ បោះឆ្នោតគាំទ្រគណបក្សរបស់លោកជានិច្ច ដើម្បីឲ្យលោកអាចបន្តក្រាញអំណាចបានយូរតទៅទៀត។ ស្របពេលការបោះឆ្នោតជាតិ កាន់តែខិតជិតមកដល់។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងជាប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ប្រសិនបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាបានចំណាយថវិកាជាតិ ឃោសនារកសំឡេងឆ្នោតមែននោះ គឺលោក ហ៊ុន សែន ធ្វើមិនត្រឹមត្រូវឡើយ ហើយបានរំលោភច្បាប់បោះឆ្នោតថែមទៀត។ លោក រ៉ុង ឈុន បញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗ គឺត្រូវតែប្រើប្រាស់កញ្ចប់ថវិការបស់គណបក្សសាមីនីមួយៗ នោះ ពោលគឺ មិនអាចប្រើប្រាស់ថវិកាជាតិបាននោះទេ៖ «»។
លោក រ៉ុង ឈុន លើកឡើងថា ករណីនេះ គឺមិនត្រឹមតែខុសឆ្គង ទៅនឹងច្បាប់បោះឆ្នោតនោះទេ ប៉ុន្តែ វាក៏ជាអំពើពុករលួយបែបនយោបាយដែរ ដែលខាងអង្គភាពប្រឆាំងអំពើពុករលួយ គួរតែស៊ើបអង្កេត៖ «»។
រីឯអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា លើកឡើងថា លោកមិនបានដឹងករណីនេះទេ ហើយលោកក៏មិនហ៊ានឆ្លើយថាលោក ហ៊ុន សែន ចាយលុយជាតិនេះខុស ឬត្រូវយ៉ាងណាដែរ ព្រោះលោកខ្លាចមានបញ្ហាដល់ខ្លួន ប្រសិនបើលោកនិយាយមិនបានត្រឹមត្រូវ។ ទោះយ៉ាងណាក្តីលោក ហង្ស ពុទ្ធា ថា លោកនឹងរាយការណ៍ជូនទៅក្រុមការងាររបស់ គ.ជ.ប ដើម្បីពិនិត្យមើលគេហទំព័ររបស់ទីស្តីការគណៈរដ្ឋមន្រ្តីថា តើព័ត៌មាននេះពិត ឬមិនពិត៖ «»។
ដោយឡែក នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ការយកលុយជាតិសម្រាប់ឃោសនា ដើម្បីផលប្រយោជន៍នយោបាយរបស់បក្សមួយ គឺខុសគោលការណ៍ស្តីពីការបោះឆ្នោតដោយយុត្តិធម៌។ លោក គល់ បញ្ញា ក៏បានសរសេរដែរថា ការប្រើប្រាស់ទឹកលុយ ដើម្បីទិញសន្លឹកឆ្នោត មិនមែនជាសកម្មភាពយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋដោយស្មោះត្រង់នោះទេ ប៉ុន្តែវាជាអំពើពុករលួយបែបនយោបាយ ដែលរំលោភច្បាប់ និងបំពានគោលការណ៍បោះឆ្នោតធ្ងន់ធ្ងរ។ លោក គល់ បញ្ញា បន្ថែមថា អំពើពុករលួយបែបនេះ នឹងផ្តល់ផលវិបាកដល់សង្គម។
ការចុះឃោសនាទិញទឹកចិត្តកម្មករ និងសំឡេងឆ្នោតមុនរដូវកាលបែបនេះ លោក ហ៊ុន សែន រងការរិះគន់ជុំទិស ប៉ុន្តែ គ្មានស្ថាប័នពាក់ព័ន្ធណាមួយឈឺឆ្អាលដោះស្រាយបញ្ហានេះឡើយ។ លោក ហ៊ុន សែន ធ្លាប់អះអាងរួចហើយថា ក្រោមការដឹកនាំរបស់លោក គ្មាននរណាអាចហាមឃាត់លោកមិនឲ្យឃោសនាទិញទឹកចិត្តម្ចាស់ឆ្នោតមុនរដូវកាលឃោសនាបោះឆ្នោតនោះឡើយ។
ប៉ុន្តែ ក្រោយពីឃោសនារកសំឡេងឆ្នោតអស់ចិត្ត ទាំងមិនទាន់ដល់រដូវកាលយុទ្ធនាការបោះឆ្នោត កាលពីចុះជួបកម្មកររោងចក្រជាលើកចុងក្រោយ កាលពីថ្ងៃទី៥ ខែកក្កដា លោក ហ៊ុន សែន បែរជាក្រើនរម្លឹកឲ្យអាជ្ញាធរ និងបក្សរបស់លោក ប្រកាន់ភាពអព្យាក្រិត្យក្នុងដំណើរការបោះឆ្នោតនេះទៅវិញ៖ «យើងជាគណបក្សប្រជាជន យើងចង់ឈ្នះឆ្នោតហើយ ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន ថាយើងជាបក្សកំពុងកាន់អំណាច ដែលត្រូវមានការទទួលខុសត្រូវ។ យើងមិនមែនគិតតែពីរឿងឈ្នះ ដោយភ្លេចគិតអំពីស្ថានភាព ដែលយើងកំពុងតែការពារ នូវដំណើរការបោះឆ្នោតទាំងមូល ឲ្យត្រឹមត្រូវ យុត្តិធម៌ តាំងពីដើមរហូតដល់ចប់។ ស្ថានប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរក្សានូវបរិយាកាសនយោបាយ អព្យាក្រឹត្យ ដើម្បីធានាទៅដល់ការបោះឆ្នោត ដែលសេរី យុត្តិធម៌ និងត្រឹមត្រូវ»។
ទោះជាយ៉ាងនេះក្តី សហគមន៍ជាតិ និងអន្តរជាតិ បានថ្កោលទោសរបបលោក ហ៊ុន សែន រួចទៅហើយថា ការបោះឆ្នោតជាតិខាងមុខនេះ នឹងគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទៅរួចនោះទេ ដោយសារតែគ្មានវត្តមានគណបក្សប្រឆាំង និងការបំបិទសិទ្ធិសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលឯករាជ្យ និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិជាដើមនោះ៕
No comments:
Post a Comment