Saturday, 4 August 2018
ទឹកជំនន់លិចស្រូវខូចរាប់ពាន់ហិកតារនៅខេត្តបន្ទាយមានជ័យ និងបាត់ដំបង
ដោយ ថន ថារ៉ូ
2018-08-03
rfa
អាជ្ញាធរខេត្តបាត់ដំបងដែលជាប់ខេត្តបន្ទាយមានជ័យ ជួបកសិករច្រូតស្រូវលិចទឹកនៅក្នុងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដែលកំពុងលិចលង់ដោយទឹកជំនន់ ថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៨។
រូបថត៖ រដ្ឋបាលសាលាខេត្តបាត់ដំបង
ស្រូវរបស់ប្រជាកសិករនៅស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ រាប់ពាន់ត្រូវទឹកជំនន់លិចខូចខាត។ កសិករអះអាងថា ស្រូវនៅតំបន់ខ្លះទឹកលិចកម្ពស់ប្រហែលមួយម៉ែត្រកន្លះ ហើយទឹកនៅតែបន្តឡើងមិនទាន់ស្រកនៅឡើយទេ។
កសិករមួយចំនួននៅស្រុកមង្គលបូរីកំពុងខ្វល់ខ្វាយខ្លាចដាច់ពោះស្លាប់ ដោយសារទឹកលិចដំណាំ ស្រូវរបស់ពួកគាត់ខូចអស់។
កសិករនៅឃុំរហាត់ទឹក ស្រុកមង្គលបូរី លោក យឹន កុសល ឲ្យដឹងនៅថ្ងៃទី៣ សីហាថា ដំណាំស្រូវរបស់លោកចំនួន៤ហិកតារទុំជិតល្មមប្រមូលផលហើយ ស្រាប់តែទឹកជំនន់ឡើងលិចគ្មានសល់។ កសិកររូបនេះបន្តថា សព្វថ្ងៃប្រជាពលរដ្ឋបង្ខំចិត្តប្រមូលផលស្រូវនៅក្នុងទឹកជម្រៅប្រហែលមួយម៉ែត្រកន្លះ ព្រោះប្រសិនបើមិនប្រមូលផលហើយរង់ចាំដល់ទឹកស្រក គឺផលស្រូវនឹងរលួយខូចអស់ជាមិនខាន៖ «ស្រូវរបស់ខ្ញុំកំពង់តែច្រូតដៃដោយកណ្ដៀវ គឺមុជច្រតក្នុងទឹក រួចដាក់ស្រូវនៅលើថង់ស្បោង ហើយអូសយកទៅដាក់នៅទីទូល ប៉ុន្តែមានចម្ងាយឆ្ងាយពិបាក។ខ្ញុំមើលនៅខាងឃុំបត់ត្រង់ជិតឃុំរហាត់ទឹកដែរ គេមិនបានបើកទ្វារទឹករំដោះទឹកចេញខ្លះនោះទេ ដូច្នេះប្រជាពលរដ្ឋត្រូវតែប្រមូលផលស្រូវក្នុងទឹក»។
កសិករ យឹន កុសល បន្ថែមទៀតថា ប្រជាកសិករក្នុងភូមិសម្ដែងការសោកស្ដាយ ដោយសារមិនឃើញអាជ្ញាធរបញ្ចេញកម្លាំងសមត្ថកិច្ចចុះជួយពួកគាត់ដូចកាលពីបោះឆ្នោតកន្លងទៅ ហើយពួកគាត់នឹងអាចប្រមូលផលស្រូវបានច្រើនជាងនេះ តែផ្ទុយទៅវិញនៅតំបន់ពួកគាត់រស់នៅគ្មានអាជ្ញាធរណាចុះទៅជួយពួកគាត់នៅឡើយទេ។
អភិបាលស្រុកមង្គលបូរី លោក រ័ត្ន ដាស៊ីណាង មានប្រសាសន៍ថា ទឹកជំនន់នេះដោយសារកន្លងមកថ្មីៗ នេះនៅខេត្តបន្ទាយមានជ័យនិងតំបន់ព្រំដែនខេត្តបាត់ដំបងមានភ្លៀងជាច្រើនថ្ងៃជាប់ៗ គ្នាបណ្ដាលឲ្យបរិមាណទឹកយ៉ាងច្រើននៅតំបន់ព្រំដែន និងតំបន់មួយចំនួនក្នុងស្រុកបវេល បានហូរធ្លាក់មកស្ទឹងមង្គលបូរី ហើយបណ្ដាលទៅជាទឹកជំនន់ហូរចូលនៅក្នុងឃុំរហាត់ទឹក។ លោកបន្ថែមទៀតនៅថ្ងៃទី៣ សីហានៅតំបន់ខ្លះទឹកបានស្រុកទៅវិញបណ្ដើរៗ ហើយ៖ «តំបន់ខ្លះវាស្រកតំបន់ខ្លះទឹកកើតបន្តិចទេ ដោយសារទឹកជន់មកខាងព្រៃខ្ពស់ ប៉ុន្តែកាលពីថ្ងៃទី២ និងថ្ងៃទី៣ មេឃស្រឡះមិនមានភ្លៀងទេ ហើយយើងក៏បានបើកមុខទឹកតាមប្រឡាយមេធំៗ និងនៅស្ទឹងមង្គលបូរីយើងបានបើកទ្វារទឹកនៅពោធិ៍ ២ដើមរួចអស់ហើយ និយាមជារួម គឺគ្រប់មុខទឹកយើងបានបើកអស់ហើយ ក៏ប៉ុន្តែវានៅតែមានទឹកហូរមកខ្លះមិនអាចរំដោះទឹកទាំងអស់នោះទេ»។
ទោះជាយ៉ាងណាកសិករយឹន កុសល អះអាងថា នៅតំបន់ពួកគាត់រស់នៅក្នុងភូមិចកលិចឃុំរហាត់ទឹក បរិមាណទឹកតែបន្តហក់ឡើង មិនទាក់ស្រកទៅវិញនៅឡើយទេ ហើយកន្លែងខ្លះបានលិចផ្ទះរបស់ប្រជាពលរដ្ឋអស់ជាច្រើនខ្នងទៀតផង។ អភិបាលស្រុកមង្គលបូរីលោក រ័ត្ន ដាស៊ីណាង ឲ្យដឹងថា ដំណាំស្រូវរបស់កសិករដែលរងការខូចខាតមានប្រមាណ ២ពាន់ហិកតារ (២,០០០) ប៉ុន្តែលោក យឹន កុសលអះអាងថា ទឹកជំនន់លិចស្រូវរបស់អ្នកស្រុកអាចលើសពី ៣ពាន់ហិកតារ (៣,០០០) ព្រោះតំបន់ខ្លះដីស្រែមើលឃើញតែទឹកសល្ហាច គ្មានដើមស្រូវមួយដើម ខណៈដែលស្រូវភាគច្រើនចាប់ផ្ដើមទុំបណ្ដើរៗ ជិតប្រមូលផលបានទៅហើយនោះ។
រីឯខេត្តបាត់ដំបងជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យក៏រងការលិចលង់ធ្ងន់ធ្ងរដែរ៖
របាយការណ៍លើហ្វេសប៊ុករបស់រដ្ឋបាលសាលាខេត្តបាត់ដំបង បង្ហាញថា ស្ថានភាពស្រូវរបស់កសិករកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ ដែលមន្ទីរកសិកម្មខេត្តបាត់ដំបងស្រង់តួលេខបានត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ មានចំនួន ៣.៧០៨ហិកតារ។ ប្រៀបធៀបពីថ្ងៃទី២ សីហា ដែលប៉ះពាល់ចំនួន ២.៤៤២ហិកតារនោះ គឺកើន ១.២៦៦ហិកតារ។ រីឯការខូចខាតទាំងស្រុងមានចំនួន ២.៧៩៩ហិកតារ បើប្រៀបធៀបនឹងថ្ងៃទី២ សីហា បានកើនឡើង ៩៧២ហិកតារ។ មានស្រុកចំនួន ៥ នៃខេត្តបាត់ដំបង បានរងការលិចលង់ គឺស្រុកបវេល ស្រុកថ្មគោល ស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ ដែលជាស្រុកប៉ះពាល់ច្រើនជាងគេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment