Friday 3 August 2018

ថវិកា​បាន​ពី​ពិធី​ចូល​និវត្ត​របស់​លោក ហុង លីម មួយ​ផ្នែក​ធំ​នឹង​ឲ្យ​អ្នកតស៊ូ​មតិ​នៅ​កម្ពុជា


ដោយ ជាតិ ចំណាន
2018-08-03 

​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម
​តំណាងរាស្ត្រ​ខ្មែរ-​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) លោក ហុង លីម
 RFA/Chun Chanboth



តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ លោក ហុង លីម ដែល​មាន​ឈ្មោះ​ល្បី​ក្រោយ​ពេល​លោក​ប្រកាស​ចាត់​ទុក​របប​លោក ហ៊ុន សែន ជា​របប​តិរច្ឆាន បាន​ប្រកាស​ចូលនិវត្តន៍ ក្រោយ​ពេល​បាន​ក្លាយ​ជា​តំណាងរាស្ត្រ​អស់​រយៈពេល ២២​ឆ្នាំ។ លោក​បញ្ជាក់​ថា ថវិកា​ដែល​បាន​ពី​ពិធី​ជួបជុំ​នៃ​ការ​ចូល​និវត្ត​របស់​លោក​មួយ​ផ្នែកធំ​នឹង​យក​ទៅ​ជួយ​ដល់​អ្នកតស៊ូ​មតិ​នៅ​កម្ពុជា។

ការរៀបចំ​ពិធីជប់លៀង​សប្បុរសធម៌​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​ធ្វើ​នៅ​ថ្ងៃ សុក្រ ទី ០៣ ខែ សីហា​នេះ​ដើម្បី​បង្ហាញ​ពី​ការ​គោរព​ស្រលាញ់​របស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ចំពោះ​លោក ហុង លីម ដែល​បាន​ជួយ​លើកស្ទួយ​កិត្តិយស​ខ្មែរ តាមរយៈ​ការងារ​របស់​ខ្លួន​នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី។ កម្មវិធី​ជួបជុំ​មាន​ឈ្មោះថា ពិធីជប់លៀង​អបអរសាទរ៖ «គ្មាន​ថ្ងៃ​លា​គ្នា​ទេ»។ កម្មវិធី​នេះ​ឲ្យ​ដឹង​ថា ពិធី​នេះ​មាន​អ្នកចូលរួម​ជាង ៤០០​នាក់។



លោក ហុង លីម សមាជិកសភា​អូស្ត្រាលី ប្រចាំ​រដ្ឋ​វ៉ិកតូរីយ៉ា និយាយ​ថា នេះ​ជាម​ហា​កិត្តិយស​ណាស់​ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​គោរព​ស្រលាញ់​រូបលោក។ លោក ហុង លីម បន្តទៀត​ថា ដោយ​មើល​ឃើញ​ពី​ការ​លំបាក​របស់​ពលរដ្ឋ​ខ្មែរ​ជា​អ្នកតស៊ូ​មតិ​កំពុង​ជួប​ការ​លំបាក​ដែល​អ្នកខ្លះ​ត្រូវ​រត់ចោល​ស្រុក អ្នកខ្លះ​កំពុង​ជាប់​ពន្ធនាគារ ដូច្នេះ​លោក​នឹង​យក​ថវិកា​មួយ​ភាគ​ធំ​ប្រមូល​បាន​ពី​ពិធី​នេះ​ផ្តល់​ជូន​ដល់​អ្នកតស៊ូ​មតិ​ទាំងអស់​នេះ។ «»

លោក ហុង លីម ឲ្យ​ដឹង​ទៀត​ថា ការ​ចូលនិវត្តន៍​គឺជា​ការសម្រេចចិត្ត​របស់​លោក​ផ្ទាល់​ព្រោះ​ចង់​ទុក​ឱកាស​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ធ្វើ​កិច្ច​ការងារ​នេះ​ម្តង​។ ម្យ៉ាងវិញទៀត​លោក​គិត​ថា ការ​លា​ឈប់​ពី​កិច្ចការ​នយោបាយ​នៅ​ប្រទេស​អូស្ត្រាលី​នៅ​ពេល​នេះ គឺ​លោក​ចង់​មាន ពេលវេលា​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការងារ​ជួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ដែល​កំពុង​ស្រេកឃ្លាន​ប្រជាធិបតេយ្យ​ពិតប្រាកដ។ «»

ពិធីជប់លៀង​សប្បុរសធម៌​ដើម្បី​អបអរ​ការ​បំពេញ​ការងារ​២២​ឆ្នាំ របស់​លោក ហុង លីម និង​ការ​ចូលនិវត្តន៍​ពី​សភា​រដ្ឋ​វ៉ិកតូរីយ៉ា នៅ​ពេល​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក អ្នកចូលរួម​ត្រូវ​បរិច្ចាគ​ថវិកា​ម្នាក់ ៧០​ដុល្លារ។ ពិធី​នេះ​នឹង​រៀបចំ​ធ្វើជា​លើក​ទី​០២ នៅ​ថ្ងៃ​ទី​០៥ ខែ​សីហា។

កម្មវិធី​នេះ​ក៏​មាន​ការចូលរួម​ពី​មន្ត្រី​អ្នកមុខអ្នកការ​នៅ​ប្រទេស​អូស្ត្រាលី អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ដែល​ត្រូវ​របប​លោក ហ៊ុន សែន រំលាយ​ចោល អ្នកស្រី មូរ សុខហួរ និង​កូនស្រី​លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា។

ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​អូស្ត្រាលី​ម្នាក់ លោកស្រី វ៉ា ម៉ាលីណា ដែល​ចូលរួម​ក្នុង​ពិធី​នេះ​និយាយ​ថា លោកស្រី មាន​មោទនភាព​ចំពោះ​លោក ហុង លីម ដែល​មាន​ដើមកំណើត​ខ្មែរ បាន​កាន់​តួនាទី​សំខាន់​នៅ​ប្រទេស​អូស្ត្រាលី។ លោកស្រី វ៉ា ម៉ាលីណា បន្ត​ទៀត​ថា លោក ហុង លីម ក៏បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ជួយ​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការ​តស៊ូ​មតិ​ជាមួយ​រដ្ឋសភា និង​រដ្ឋាភិបាល​អូស្ត្រាលី​ពី​បញ្ហា​ប្រទេស​កម្ពុជា។ «»

លោក ហុង លីម តែង​ចេញ​តស៊ូ​មតិ តាមរយៈ​រដ្ឋសភា និង​រដ្ឋាភិបាល​អូស្ត្រាលី ជំរុញ​ទៅ​របប​ក្រុង​ភ្នំពេញ​ឲ្យ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក​តែងតែ​មានមុខ​ដឹកនាំ​បាតុកម្ម​ទាមទារ​ប្រឆាំង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា និង​ប្រឆាំង​នឹង​វត្តមាន​របស់​លោក ហ៊ុន សែន មក​ប្រទេស​អូស្ត្រាលី​ជាដើម រហូត បាន​ហៅ​របប​កម្ពុជា ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន សែន ថា​ជា​របប​តិរច្ឆាន។ កាលពី​ឆ្នាំ​២០១៦ របប​ក្រុងភ្នំពេញ បាន​ចេញ​បម្រាម​ហាម​មិន​ឲ្យ​លោក​ចូល​ទឹកដី​កម្ពុជា។ លោក ហុង លីម សព្វថ្ងៃ​មាន​អាយុ​៧០​ឆ្នាំ តាមច្បាប់​អូស្ត្រាលី​លោក ហុង លីម អាច​បន្ត​ធ្វើ​នយោបាយ​នឹង​ឈរ​ឈ្មោះ​ជា​តំណាងរាស្ត្រ​អស់​មួយ​ជីវិត៕

No comments: