Friday 3 August 2018

រដ្ឋាភិបាល​ស៊ុយអែត​ថា ការ​បោះឆ្នោត​របស់​របប​លោក ហ៊ុន សែន ខ្វះ​ភាព​ស្របច្បាប់



Khmer Circle: It is time to write or say 'Sweden' in Khmer if that be the name of a country. The francophone culture and Cambodians' anachronistic loyalty to its application is largely out of touch with the reality that English is - for younger generations - the next language of choice. Few young Cambodians will be able to say what country "ស៊ុយអែត" [Sweden] is​! It sounds as if this is a reference to Kuwait!

For most Cambodian youths, trying to learn and muster a new language is hard enough...


&&&

ដោយ តាំង សារ៉ាដា
2018-08-03 
rfa
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's page



ប្រទេស​ស៊ុយអែត (Sweden) ចាត់​ទុក​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ កក្កដា ថា​ធ្វើ​ឡើង​ដោយ​ខ្វះ​ភាព​ស្រប​ច្បាប់ ដោយសារ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ​នោះ​។ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់ មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ឡើយ ដោយសារ​ពួកគេ​យល់ថា វា​ត្រូវ​បាន​ធ្វើឡើង​ដោយ​មិន​សេរី និង​មិន​យុត្តិធម៌។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស​ស៊ុយអែត អ្នកស្រី ម៉ាហ្គត វ៉លស្ត្រម (Margot Wallstrom) ថ្លែង​ចំៗ​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី២៩ កក្កដា ដែល​របប​ក្រុងភ្នំពេញ​បាន​រៀបចំ​ធ្វើឡើង​នោះ ជា​ការ​បោះឆ្នោត​ខ្វះ​ភាព​ស្របច្បាប់។ អ្នកស្រី​សរសេរ​ក្នុង​បណ្ដាញ​សង្គម​ធ្វីតទ័រ (Twitter) ថា កង្វះ​ភាព​ស្របច្បាប់​នោះ គឺ​ដោយសារតែ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​ត្រូវ​បាន​រំលាយ និង​មិន​អនុញ្ញាត​ឱ្យ​ចូល​រួមការ​​បោះឆ្នោត​បាន។ អ្នកស្រី​អះអាង​ទៀត​ថា ស៊ុយអែត និង​សហភាព​អឺរ៉ុប ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។



នេះ​មិនមែន​ជា​លើកទីមួយ​ទេ ដែល​ស៊ុយអែត​ជា​ប្រទេស​មាន​ឥទ្ធិពល​មួយ​ក្នុង​សហភាព​អឺរ៉ុប បាន​ថ្លែង​រិះគន់​ចំៗ​ចំពោះ​ការ​វិវឌ្ឍ​នយោបាយ​នៅ​កម្ពុជា។ កាលពី​ចុង​ឆ្នាំ ២០១៧ ក្រោយពេល​របប​ក្រុងភ្នំពេញ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ហើយ​នោះ ប្រទេស​ស៊ុយអែត​បាន​ប្រកាស​ពិនិត្យ​មើល​ឡើងវិញ​នូវ​ទំនាក់ទំនង​ជាមួយ​កម្ពុជា ហើយ​សមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ បាន​សម្រេច​លែង​បង្កើត​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយ​របប​លោក ហ៊ុន សែន តទៅទៀត លើកលែងតែ​ក្នុង​វិស័យ​អប់រំ និង​ការស្រាវជ្រាវ​ប៉ុណ្ណោះ។

ចំណែក​អនុប្រធាន​អ្នកនាំពាក្យ​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ លោក ហ្វាហាន ហាក (Farhan Haq) វិញ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ទី៣០ កក្កដា ថា រាល់​ការ​បោះឆ្នោត រួម​ទាំង​នៅ​កម្ពុជា​ផង​ដែរ គឺ​ត្រូវតែ​មាន​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ចាំបាច់​ត្រូវតែ​បង្ក​លក្ខណៈ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​ចូលរួម​បាន​ដោយ​សេរី។

រហូត​មក​ទល់នឹង​ពេលនេះ ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​លោក​ខាងលិច​ជាច្រើន​ប្រទេស ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប កាណាដា អូស្ត្រាលី អង់គ្លេស បារាំង និង​អាល្លឺម៉ង់ ជាដើម បាន​ចេញ​សេចក្ដីថ្លែងការណ៍​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ ថា ជា​ការ​បោះឆ្នោត​ពិតប្រាកដ​ឡើយ ដោយសារ​របប​លោក ហ៊ុន សែន បាន​បង្កើត​ព្រឹត្តិការណ៍​ជាច្រើន ដែល​បំផ្លាញ​ដល់​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ នៅ​មុន​ការបោះឆ្នោត​មក​ដល់។ ហេតុការណ៍​ទាំងនោះ​រួមមាន ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាមប្រាម​ថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន ១១៨ នាក់ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ​រយៈ​ពេល ៥ ឆ្នាំ ការចាប់ខ្លួន​លោក កឹ​ម សុខា ដាក់​ពន្ធនាគារ​ជិត ១ឆ្នាំ ដោយ​គ្មាន​ការ​កាត់ទោស ការ​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ការ​វាយ​បង្ក្រាប​ឥត​ឈប់ឈរ​លើ​សារព័ត៌មាន​ឯករាជ្យ​ជាដើម។ ដោយឡែក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​វិញ គឺ​ពោរពេញ​ដោយ​ការទិញ​ទឹកចិត្ត និង​ការ​បំភិតបំភ័យ​វិញ។ ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាមកំហែង​ពលរដ្ឋ​ថា បើ​អ្នកណា​មិន​ទៅ​បោះឆ្នោត អ្នកនោះ​នឹង​ត្រូវ​ទទួលរង​ការ​ដាក់​ទោស​ទណ្ឌ​ជាដើម។ ទង្វើ​អស់ទាំង​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាត់បង់​សំឡេង និង​សិទ្ធិ​ជ្រើសរើស​របស់​ពួកគេ ក្នុង​ការ​កំណត់​ជោគវាសនា​នៃ​ប្រទេស​របស់​ខ្លួន។

ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនេះ​ជំរុញ​ឱ្យ​របប​ក្រុងភ្នំពេញ ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ តាមរយៈ​ការ​ដោះលែង​លោក កឹម សុខា និង​អ្នក​ទោស​នយោបាយ​ផ្សេងទៀត ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើងវិញ ព្រមទាំង​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​អង្គការ​សង្គម​ស៊ីវិល​បំពេញ​តួនាទី​ដ៏​សំខាន់​របស់​ពួកគេ​ដោយ​គ្មាន​ការ​រារាំង។

ទោះបីជា​យ៉ាងណា មន្ត្រី​នាំ​ពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាន​អះអាង​ថា នេះ​គ្រាន់តែ​ជា​សិទ្ធិ និង​ការ​បញ្ចេញមតិ​របស់​ក្រុម​ប្រទេស​ទាំងនេះ​តែប៉ុណ្ណោះ។ លោក​ថា ការបោះឆ្នោត​ថ្ងៃ​ទី២៩ កក្កដា ធ្វើឡើង​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ ហើយ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​ចេញទៅ​បោះឆ្នោត​សម្ដែង​ឆន្ទៈ​របស់​ខ្លួន។ លោក​បន្ត​ថា រដ្ឋាភិបាល​ថ្មី ជា​រដ្ឋាភិបាល​ស្របច្បាប់ និង​មិន​បារម្ភ​ពី​ទណ្ឌកម្ម​របស់​ក្រុម​ប្រទេស​លោក​ខាងលិច​ឡើយ៖ «រាជរដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​នេះ ជា​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ផ្លូវការ​តំណាង​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។ ហើយ​រដ្ឋាភិបាល​ទាំងឡាយ​ត្រូវតែ​មាន​កាតព្វកិច្ច​មួយ ពិភាក្សា និង​ដោះស្រាយ​ជាមួយ​នឹង​រាជរដ្ឋាភិបាល​នេះ ដែល​មិន​អាច​ដើរ​ចេញពី​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​មូលដ្ឋាន​ទ្វេភាគី និង​ពហុភាគី»។

ចំណែក​ប្រទេស​ចិន​ដែល​ជា​ខ្នងបង្អែក​របស់​របប​លោក ហ៊ុន សែន វិញ បាន​ប្រកាស​ទទួលស្គាល់​ការបោះឆ្នោត​នេះ និង​បាន​ហាមប្រាម​ក្រុម​ប្រទេស​លោក​ខាងលិច កុំ​ឱ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ។ របប​ក្រុង​ប៉េកាំង​អះអាង​ថា ខ្លួន​នឹង​បន្ត​ផ្ដល់​ជំនួយ​ដល់​របប​ថ្មី​របស់​លោក ហ៊ុន សែន តទៅទៀត និង​ប្ដេជ្ញា​យ៉ាង​មុតមាំ​ជួយ​កម្ពុជា​ប្រឆាំង​នឹង​ការ​ជ្រែក​ជ្រែក​របស់​ប្រទេស​ដទៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកវិភាគ និង​អ្នកឃ្លាំមើល​បញ្ហា​កម្ពុជា យល់ឃើញ​ស្របគ្នា​ថា ប្រទេស​ចិន​មិន​អាច​ជួយ​កម្ពុជា​បាន​ច្រើន​ឡើយ ប្រសិនបើ​ក្រុម​ប្រទេស​លោក​ខាងលិច​ពិតជា​សម្រេច​ដាក់ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន មែន​នោះ ព្រោះ​ចិន​មិនមែន​ជា​ទីផ្សារ​សំខាន់​សម្រាប់​នាំចេញ​ផលិតផល​របស់​កម្ពុជា​ឡើយ។ កម្ពុជា​ពឹង​ពាក់​ការ​ធ្វើ​ពាណិជ្ជកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ នៃ​ផលិតផល​វាយនភណ្ឌ សំលៀកបំពាក់ និង​ស្បែកជើង ព្រមទាំង​ផលិតផល​កសិកម្ម​របស់​ខ្លួន លើ​ទីផ្សារ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​។ លើស​ពី​នេះ កម្ពុជា​ក៏​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ផង​ដែរ ក្រោម​កម្មវិធី​មួយ​ចំនួន ដូចជា GSP(Generalized System of Preferences) និង EBA (Everything But Arms) ជាដើម ដែល​ធ្វើ​ឱ្យ​កម្ពុជា​រួច​កាតព្វកិច្ច​ពន្ធ​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ៕

No comments: