អាស៊ីសេរី
2018-08-08

ក្រុមការងាររៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតនៅមណ្ឌលសាលាយុគន្ធរ រាជធានីភ្នំពេញ ថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៤។
RFA
ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រកាសពី ភាពត្រឹមត្រូវនៃការរាប់សន្លឹកឆ្នោត ពលរដ្ឋនៅខេត្តមួយចំនួន ក្នុងនោះក៏មានប្រធានការិយាល័យម្នាក់ដែរយល់ថា តួលេខដែលគ.ជ.បយកមកប្រកាសគឺជាតួលេខមិនឆ្លុះបញ្ចាំងពីការពិត និងបានរៀបរាប់ប្រាប់អាស៊ីសេរី នូវភាពមិនប្រក្រតីមួយចំនួនដែលពួកគាត់សង្កេតឃើញនៅតំបន់ដែលពួកគាត់រស់នៅ។
ប្រធានការិយាល័យម្នាក់ក្នុងខេត្តកំពត ថ្លែងប្រាប់អាស៊ីសេរីក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា ក្នុងនាមលោកជាអ្នករៀបចំការបោះឆ្នោត និងជាប្រជាជនកម្ពុជាមួយរូបដែលស្រឡាញ់របបលទ្ធិប្រជាធិបតេយ្យ លោកមានការឈឺចាប់យ៉ាងខ្លាំង ចំពោះការរៀបចំបោះឆ្នោតក្លែងក្លាយដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនេះ។ លោកចាត់ទុកការបោះឆ្នោតនោះថា ពុំបានឆ្លុះបញ្ចាំងពីឆន្ទៈអ្នកបោះឆ្នោតតាមបែបសង្គមប្រជាធិបតេយ្យឡើយ។
ប្រធានការិយាល័យរូបនេះលើកឡើងថា មន្ត្រីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតមួយចំនួន មិនបានបិទកញ្ចប់សុវត្ថិភាព (ក) និងចាក់សោឃ្លុំលើកញ្ចប់សុវត្ថិភាព (ខ)នោះទេ ដែលធ្វើអោយលោកសង្ស័យថា ទង្វើទាំងនោះគឺ ដើម្បីទុកឱកាសអោយមានការកែឡើងវិញ ឬបន្ថែមបន្ថយលើលទ្ធផលបោះឆ្នោតប្រសិនបើមានការស្នើសុំពីថ្នាក់ខេត្ត។
លោកបន្ថែមថា អ្នកសង្កេតការណ៍ឃ្លាំមើលដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតដែលសុទ្ធសឹងជាសមាសភាពមកពីគណបក្សកាន់អំណាច និងសមាគមដែលមានទំនោរគាំទ្រគណបក្សប្រជាជនកម្ពុជា បានត្រឹមតែកត់ត្រាចំនួនអ្នកបោះឆ្នោត និងសម្គាល់មុខអ្នកមកបោះឆ្នោតតែប៉ុណ្ណោះ។
លោកកត់សម្គាល់ថា ថ្ងៃបោះឆ្នោតអាណត្តិទី៦នេះមានភាពស្ងប់ស្ងាត់ខុសពីការបោះឆ្នោតអាណត្តិមុនៗ ហើយនៅរៀងរាល់មួយម៉ោងម្តង មន្រ្តីការិយាល័យបោះឆ្នោតត្រូវរាយការណ៍ជូនគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត (គ.ឃ.ស.ប) អំពីចំនួនអ្នកមកបោះឆ្នោត។ ការធ្វើរបៀបនេះនាំអោយលោកសង្ស័យថា គឺដើម្បីផ្ដល់ព័ត៌មានដល់មេភូមិ និងប្រជាការពារឲ្យទៅដេញប្រជាពលរដ្ឋចេញមកបោះឆ្នោតទាំងចិត្តមិនចង់។
លោកលើកឡើងថា អ្នកបោះឆ្នោតខ្លះត្រូវបានគេទិញ ឬជួលឲ្យមកបោះឆ្នោត ខណៈអ្នកខ្លះទៀតទៅបោះឆ្នោតទាំងបង្ខំចិត្ត ដើម្បីបញ្ចៀសការប្រឈមនឹងអាជ្ញាធរមូលដ្ឋាន ឬចៅហ្វាយនាយនៅកន្លែងធ្វើការ ព្រោះថាសន្លឹកឆ្នោតមិនបានការមានចំនួនច្រើនជាងកាលពីពេលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣។
តួលេខបឋមរបស់គ.ជ.ប បង្ហាញថា នៅខេត្តកំពត អត្រាសន្លឹកឆ្នោតមិនបានការមានរហូតដល់ ៩%នៃចំនួនសន្លឹកឆ្នោតសរុបក្នុងខេត្តទាំងមូល ខណៈអត្រានៅទូទាំងប្រទេសមានជិត ៩ភាគរយ។
បញ្ហាចំនួនសន្លឹកឆ្នោតមិនបានការច្រើនក្នុងអត្រាខ្ពស់មិនធ្លាប់មានពីមុនមកនេះ កើតមានទាំងនៅមណ្ឌលដែលគណបក្សសង្គ្រោះជាតិបាននាំមុខគណបក្សកាន់អំណាច ទាំងនៅមណ្ឌលដែលបក្សកាន់អំណាចនាំមុខបក្សប្រឆាំង កាលពីពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ មុនពេលគណបក្សប្រឆាំងដ៏ធំមួយនេះត្រូវបានរបបលោកហ៊ុន សែនរំលាយចោល។ ក្នុងនោះ នៅរាជធានីភ្នំពេញ អត្រាសន្លឹកឆ្នោតមិនបានការមានរហូតដល់ជិត ១៥% ដែលជាអត្រាខ្ពស់ជាងគេ។ ក្រៅពីនេះ មានខេត្តកំពង់ចាម កណ្ដាល ត្បូងឃ្មុំ ព្រៃវែង សៀមរាប ព្រះសីហនុ តាកែវ ប៉ៃលិន បាត់ដំបង ដែលអត្រាសន្លឹកឆ្នោតមិនបានការមានយ៉ាងហោចណាស់ប្រមាណ៧ភាគរយ។
ជាក់ស្ដែង កំណត់ហេតុនៃការរាប់សន្លឹកឆ្នោតទម្រង់១១០២ នៅសាលាសំណាក់ភូមិបេង ស្ថិតក្នុងឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប ដែលជាឃុំគណបក្សប្រឆាំងឈ្នះកាលពីបោះឆ្នោតឆ្នាំ២០១៧ បង្ហាញថា ក្នុងចំណោមសន្លឹកឆ្នោតសរុប ២៥១ ដែលមាននៅក្នុងហិបបោះឆ្នោត មានតែ៤៤សន្លឹកប៉ុណ្ណោះ ជាសន្លឹកឆ្នោតបានការ។
កាលពីថ្ងៃទី៧ ខែកក្កដា គ.ជ.បបានអះអាងថា តួលេខដែលខ្លួនប្រមូលបានពីគ្រប់ការិយាល័យបោះឆ្នោតទូទាំងប្រទេស ត្រូវបានផ្ទៀងផ្ទាត់ត្រឹមត្រូវអស់ហើយ។
ប៉ុន្តែ សម្រាប់ជនជាតិដើមភាគតិចម្នាក់រស់នៅខេត្តស្ទឹងត្រែង លោក ថាន់ រ៉ន ការអះអាងរបស់គ.ជ.ប ដែលថា អត្រាពលរដ្ឋចេញទៅបោះឆ្នោតមានរហូតដល់ជាង៨២ភាគរយនោះគឺជាការបំប៉ោងតួលេខ៖ «វាអត់មានដូចគ.ជ.បនិយាយទេ ព្រោះប្រជាពលរដ្ឋរបស់ខ្ញុំ បើនៅភូមិខ្ញុំវាមាន២ការិយាល័យ ហើយនៅឃុំឯណោះវាមាន៣ អ៊ីចឹងទេ បោះឆ្នោតរាល់ដង វាបានប្រមាណ ៧០០នាក់ តែឥឡូវនេះ បោះឆ្នោតវាសរុបទៅវាមិនចង់បានពាក់កណ្ដាលផងហ្នឹង»។
លោកលើកឡើងថា ក្នុងតំបន់ដែលលោករស់នៅ ពលរដ្ឋចេញទៅបោះឆ្នោតតិចជាងកាលពីពេលបោះឆ្នោតអាណត្ដិមុនឆ្ងាយ ដោយសារពលរដ្ឋជាច្រើនមិនពេញចិត្តនឹងការអភិវឌ្ឍបែបបង្កការរំខានដល់ការរស់នៅរបស់ពួកគាត់៖ «ភូមិខ្ញុំ ប្រជាពលរដ្ឋល្ងង់ខ្លៅបំផុត តែអ្វីដែលគេមិនបានបោះឆ្នោតនេះ វារ៉ែវានៅជិតភូមិនេះ នៅចម្ងាយពីភូមិប្រហែលជា៨គីឡូ ទាំងយប់ទាំងថ្ងៃ លាន់រហូត ម៉ាស៊ីនគេធ្វើរ៉ែថ្មម៉ាប។ ការពិតកន្លែងហ្នឹងបើតាមចាស់បុរាណគេនិយាយថា ភ្នំហ្នឹងវាមានមាស វាមិនចេញជាមាសទេឥឡូវ គេធ្វើរ៉ែ សុទ្ធតែថា ថ្មម៉ាប ថ្មម៉ាំងអីឯណា ខ្ញុំមិនស្គាល់ផង»។
លោកយល់ថា ទោះបីពលរដ្ឋក្នុងតំបន់ដែលលោករស់នៅភាគច្រើនទទួលបានការអប់រំ តិចតួចក៏ដោយ ក៏ពួកគាត់អាចត្រិះរិះពិចារណាបានដែរថា ការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដាកន្លងទៅ ជាការបោះឆ្នោតមិនមានតម្លៃ៖ «ភូមិខ្ញុំមនុស្សល្ងង់ខ្លៅច្រើន នៅតែគាត់យល់ដឹង ខ្ញុំស៊ើបសួរគេទៅ ថាម៉េចបានមិនទៅបោះឆ្នោត គេថា អ្ហូ! ទៅធ្វើអីទេ បើស្ដាប់ព័ត៌មានទៅថា អន្តរជាតិមិនទទួលស្គាល់អីណាអីណី។ យើងសង្ឃឹមនឹងអន្តរជាតិហ្អី បើគេទទួលស្គាល់ក្រែងលោគេបានអោយនេះ អោយនោះ ប្រទេសយើងអ្នកក្រីក្រ គេជំនួយនេះជំនួយនោះ ដាក់វិនិយោគទុនអីទេ ដល់ទៅគេមិនទទួលស្គាល់ ខ្ជិលណាស់។ ខ្ញុំក៏បានថា ប្រយ័ត្នគេផាកពិន័យ អឺ!ផាកអីផាកទៅ វាចាញ់បាត់ទៅហើយ ហើយអ្នកថា ហ្នឹងមិនមែននៅគណបក្សសង្គ្រោះជាតិទេណា គណបក្សប្រជាជនណា៎»។
លោក ថាន់ រ៉ន បន្តថា ពលរដ្ឋដែលសម្រេចចិត្តទៅបោះឆ្នោតមួយចំនួនទៅទាំងបង្ខំចិត្ត ព្រោះរងគំនាបអាជ្ញាធរមូលដ្ឋានដែលយករឿងពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុមកបំភ័យ។ ជនជាតិដើមភាគតិចរូបនេះយល់ថា ការគាបសង្កត់ និងបំភិតបំភ័យពលរដ្ឋនៅតំបន់ដែលលោករស់នៅ មិនមានអ្វីថ្មីនោះទេ ដោយចាត់ទុកទង្វើទាំងនោះថា ជារបៀបដឹកនាំតាមរបបខ្មែរក្រហម ដែលមិនទាន់សាបរលាបនៅឡើយ៖ «នៅកន្លែងនេះ មិនត្រឹមតែ២០១៨នេះទេ និយាយរួមទៅ ប៉ុល ពត នៅទាំងអស់ គោលនយោបាយ។ តាំងពី៧៩មក អារឿងបំភិតបំភ័យ រាត្រីឆ្កែព្រុស វាមានគ្រប់លក្ខណៈ បញ្ចុះបញ្ចូល ថាសំបូរហូរហៀរណាស់កន្លែងណាស់។ តែឥឡូវប្រជាពលរដ្ឋគេមើលឃើញអស់ហើយ គេដឹងអស់ហើយ អ្នកណាយ៉ាងម៉េចៗ ក៏គេដឹងអស់ហើយ»។
អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាម្នាក់រស់នៅសង្កាត់វាល់វង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ថ្លែងក្នុងលក្ខខណ្ឌមិនបង្ហាញអត្តសញ្ញាណថា នៅការិយាល័យដែលអ្នកស្រីបានទៅបោះឆ្នោត មេភូមិបានចែកស្រោមសំបុត្រដែលក្នុងនោះមានលុយ១០ដុល្លារ ដល់សមាជិកគណបក្សប្រជាជនកម្ពុជាណាដែលបានទៅបោះឆ្នោត ដោយផ្អែកលើបញ្ជីឈ្មោះអ្នកដែលបានចូលរួមហែរសកម្មភាពឃោសនាបក្ស។
អ្នកស្រីបញ្ជាក់ថា ការផ្ដល់លុយ១០ដុល្លារនោះ ធ្វើឡើងភ្លាមៗនៅនឹងទីតាំងជ្រលក់ម្រាមដៃ ក្នុងការិយាល័យបោះឆ្នោតតែម្ដង។ ទោះបីយ៉ាងនេះក្ដី អ្នកស្រីក៏យល់ឃើញថា ពលរដ្ឋក្នុងភូមិរបស់អ្នកស្រីមិនសូវចេញទៅបោះឆ្នោតច្រើនដូចកាលពីបោះឆ្នោតឆ្នាំមុនទេ។
លទ្ធផលបឋមរបស់គ.ជ.ប បង្ហាញថា នៅសង្កាត់វាល់វង់ ក្រុងកំពង់ចាម ចំនួនសន្លឹកមិនបានការមានរហូតដល់២០ភាគរយនៃចំនួនសន្លឹកឆ្នោតសរុប (ក្នុងចំណោមសន្លឹកឆ្នោត ក្នុងហិបសរុប៦.៤៥៩សន្លឹក សន្លឹកឆ្នោតមិនបានការមានរហូតដល់១.៣២៥សន្លឹក)៕
1 comment:
Good night KC, Good night SOV!
https://www.youtube.com/watch?v=fMq8uQ8bek0
Hope for the better tomorrow?
ខាល
Post a Comment