Thursday, 9 August 2018

មតិ​ពលរដ្ឋ​ជុំវិញ​តួលេខ​អ្នក​ចេញ​ទៅ​បោះឆ្នោត​ និង​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត


អាស៊ីសេរី
2018-08-08

ក្រុម​ការងារ​រៀបចំ​ការ​បោះឆ្នោត​​​រាប់​សន្លឹក​ឆ្នោត​នៅ​មណ្ឌល​សាលា​យុគន្ធរ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៤។
ក្រុម​ការងារ​រៀបចំ​ការ​បោះឆ្នោត​​​រាប់​សន្លឹក​ឆ្នោត​នៅ​មណ្ឌល​សាលា​យុគន្ធរ រាជធានី​ភ្នំពេញ ថ្ងៃ​ទី​១៨ ឧសភា ឆ្នាំ​២០១៤។
RFA



ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ប្រកាស​ពី ​ភាព​ត្រឹមត្រូវ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត ពលរដ្ឋ​នៅ​ខេត្ត​មួយ​ចំនួន​ ក្នុង​នោះ​ក៏​មាន​ប្រធាន​ការិយាល័យ​ម្នាក់​ដែរ​យល់​ថា តួលេខ​ដែល​គ.ជ.ប​យក​មក​ប្រកាស​គឺ​ជា​តួលេខ​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត និង​បាន​រៀបរាប់​ប្រាប់​អាស៊ី​សេរី នូវ​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​ពួកគាត់​សង្កេត​ឃើញ​នៅ​តំបន់​ដែល​ពួកគាត់​រស់​នៅ។

ប្រធាន​ការិយាល័យ​ម្នាក់​ក្នុង​ខេត្ត​កំពត ថ្លែង​ប្រាប់​អាស៊ី​សេរីក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា ក្នុង​នាម​លោក​ជា​អ្នក​រៀបចំ​ការ​បោះ​ឆ្នោត និង​ជា​ប្រជាជន​កម្ពុជា​មួយ​រូប​ដែល​ស្រឡាញ់​របប​លទ្ធិ​ប្រជាធិបតេយ្យ លោក​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ចំពោះ​ការ​រៀបចំ​បោះ​ឆ្នោត​ក្លែងក្លាយ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា កន្លង​ទៅ​នេះ។ លោក​ចាត់​ទុក​ការ​បោះឆ្នោត​នោះ​ថា ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​អ្នក​បោះឆ្នោត​តាម​បែប​សង្គម​ប្រជាធិបតេយ្យ​ឡើយ។



ប្រធាន​ការិយាល័យ​រូប​នេះ​លើក​ឡើង​ថា មន្ត្រី​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​មួយ​ចំនួន មិន​បាន​បិទ​កញ្ចប់​សុវត្ថិភាព (ក) និង​ចាក់​សោ​ឃ្លុំ​លើ​កញ្ចប់​សុវត្ថិភាព (ខ)នោះ​ទេ ដែល​ធ្វើ​អោយ​លោក​សង្ស័យ​ថា ទង្វើ​ទាំងនោះ​គឺ ដើម្បី​ទុក​ឱកាស​អោយ​មាន​ការ​កែ​ឡើង​វិញ​ ឬ​បន្ថែម​បន្ថយ​លើ​លទ្ធផល​បោះឆ្នោត​ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពី​ថ្នាក់​ខេត្ត។

លោក​បន្ថែម​ថា អ្នក​សង្កេត​ការណ៍​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត និង​រាប់​សន្លឹក​ឆ្នោត​ដែល​សុទ្ធ​សឹង​ជា​សមាសភាព​មក​ពី​គណបក្ស​កាន់អំណាច​ និង​សមាគម​ដែលមាន​ទំនោរ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ត្រឹម​តែ​កត់ត្រា​ចំនួន​អ្នក​បោះ​ឆ្នោ​ត និង​សម្គាល់​មុខ​អ្នក​មក​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ។

លោក​កត់​សម្គាល់​ថា ថ្ងៃ​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ​មាន​ភាព​ស្ងប់​ស្ងាត់​ខុស​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​មុនៗ ហើយ​នៅ​រៀង​រាល់​មួយ​ម៉ោង​ម្តង ​មន្រ្តី​ការិយាល័យ​បោះឆ្នោត​ត្រូវ​រាយការណ៍​ជូន​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះ​ឆ្នោត (គ.ឃ.ស.ប) អំពី​ចំនួន​អ្នក​មក​បោះ​ឆ្នោត។ ការ​ធ្វើ​របៀប​នេះ​នាំ​អោយ​លោក​សង្ស័យ​ថា គឺ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដល់​មេ​ភូមិ និង​ប្រជា​ការពារ​ឲ្យ​ទៅ​ដេញ​ប្រជាពលរដ្ឋ​ចេញ​មក​បោះ​ឆ្នោត​ទាំង​ចិត្ត​មិន​ចង់។

លោក​លើក​ឡើង​ថា អ្នក​បោះ​ឆ្នោត​ខ្លះ​ត្រូវ​បាន​គេ​ទិញ ឬ​ជួល​ឲ្យ​មក​បោះ​ឆ្នោត ខណៈ​អ្នក​ខ្លះ​ទៀត​ទៅ​បោះ​ឆ្នោត​ទាំង​បង្ខំ​ចិត្ត ដើម្បី​បញ្ចៀស​ការ​ប្រឈម​នឹង​អាជ្ញាធរ​មូលដ្ឋាន​ ឬ​ចៅហ្វាយ​នាយ​នៅ​កន្លែង​ធ្វើការ​ ព្រោះ​ថា​​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​ចំនួន​ច្រើន​ជាង​កាល​ពី​ពេល​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ២០១៣។

តួលេខ​បឋម​របស់​គ.ជ.ប បង្ហាញ​ថា នៅ​ខេត្ត​កំពត អត្រា​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​រហូត​ដល់ ៩%​នៃ​ចំនួន​សន្លឹក​ឆ្នោត​សរុប​ក្នុង​ខេត្ត​ទាំង​មូល ខណៈ​អត្រា​នៅ​ទូទាំង​ប្រទេស​មាន​ជិត ៩ភាគ​រយ។

បញ្ហា​ចំនួន​សន្លឹក​ឆ្នោត​មិន​បាន​ការ​ច្រើន​ក្នុង​អត្រា​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​នេះ​ កើត​មាន​ទាំង​នៅ​មណ្ឌល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​នាំ​មុខ​គណបក្ស​កាន់​អំណាច ទាំង​នៅ​មណ្ឌល​ដែល​បក្ស​កាន់​អំណាច​នាំ​មុខ​បក្ស​ប្រឆាំង កាល​ពី​ពេល​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឆ្នាំ២០១៧ មុន​ពេល​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ​ត្រូវ​បាន​របប​លោក​ហ៊ុន សែន​រំលាយ​ចោល។ ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ អត្រា​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​រហូត​ដល់​ជិត ១៥% ដែល​ជា​អត្រា​ខ្ពស់​ជាង​គេ។ ក្រៅ​ពី​នេះ មាន​ខេត្ត​កំពង់​ចាម កណ្ដាល ត្បូង​ឃ្មុំ ព្រៃវែង សៀមរាប ព្រះសីហនុ តាកែវ ប៉ៃលិន បាត់​ដំបង ដែល​អត្រា​សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​យ៉ាង​ហោច​ណាស់​ប្រមាណ​៧ភាគរយ។

ជាក់​ស្ដែង កំណត់ហេតុ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ទម្រង់​១១០២ នៅ​សាលា​សំណាក់​ភូមិ​បេង ស្ថិត​ក្នុង​ឃុំ​ដានរុន ស្រុក​សូត្រនិគម ខេត្ត​សៀមរាប ដែល​ជា​ឃុំ​គណបក្ស​ប្រឆាំង​ឈ្នះ​កាល​ពី​បោះឆ្នោត​ឆ្នាំ​២០១៧ បង្ហាញ​ថា ក្នុង​ចំណោម​សន្លឹក​ឆ្នោត​សរុប ២៥១ ដែល​មាន​នៅ​ក្នុង​ហិប​បោះឆ្នោត មាន​តែ​៤៤​សន្លឹក​ប៉ុណ្ណោះ ​ជា​សន្លឹក​ឆ្នោត​បាន​ការ។

កាល​ពី​ថ្ងៃ​ទី៧ ខែ​កក្កដា គ.ជ.ប​បាន​អះអាង​ថា តួលេខ​ដែល​ខ្លួន​ប្រមូល​បាន​ពី​គ្រប់​ការិយាល័យ​បោះឆ្នោត​ទូទាំង​ប្រទេស ត្រូវ​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​អស់​ហើយ។

ប៉ុន្តែ សម្រាប់​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​រស់​នៅ​ខេត្ត​ស្ទឹងត្រែង​ លោក ថាន់ រ៉ន ការ​អះអាង​របស់​គ.ជ.ប ដែល​ថា អត្រា​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​មាន​រហូត​ដល់​ជាង​៨២ភាគរយ​នោះ​គឺ​ជា​ការ​បំប៉ោង​តួលេខ៖ «វា​អត់​មាន​ដូច​គ.ជ.ប​និយាយ​ទេ ព្រោះ​ប្រជាពលរដ្ឋ​របស់​ខ្ញុំ​ បើ​នៅ​ភូមិ​ខ្ញុំ​វា​មាន​២​ការិយាល័យ ហើយ​នៅ​ឃុំ​ឯណោះ​វា​មាន​៣ អ៊ីចឹង​ទេ បោះឆ្នោត​រាល់​ដង វា​បាន​ប្រមាណ ៧០០​នាក់ តែ​ឥឡូវ​នេះ បោះឆ្នោត​វា​សរុប​ទៅ​វា​មិន​ចង់​បាន​ពាក់​កណ្ដាល​ផង​ហ្នឹង»។

លោក​លើក​ឡើង​ថា ក្នុង​តំបន់​ដែល​លោក​រស់​នៅ ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​តិច​ជាង​កាល​ពី​ពេល​បោះឆ្នោត​អាណត្ដិ​មុន​ឆ្ងាយ​ ដោយ​សារ​ពលរដ្ឋ​ជា​ច្រើន​មិន​ពេញ​ចិត្ត​នឹង​ការ​អភិវឌ្ឍ​បែប​បង្ក​ការ​រំខាន​ដល់​ការ​រស់​នៅ​របស់​ពួកគាត់៖ «ភូមិ​ខ្ញុំ ប្រជាពលរដ្ឋ​ល្ងង់​ខ្លៅ​បំផុត តែ​អ្វី​ដែល​គេ​មិន​បាន​បោះឆ្នោត​នេះ វា​រ៉ែ​វា​នៅ​ជិត​ភូមិ​នេះ នៅ​ចម្ងាយ​ពី​ភូមិ​ប្រហែល​ជា៨គីឡូ ទាំង​យប់​ទាំង​ថ្ងៃ​ លាន់​រហូត ម៉ាស៊ីន​គេ​ធ្វើ​រ៉ែ​ថ្ម​ម៉ាប។ ការ​ពិត​កន្លែង​ហ្នឹង​បើ​តាម​ចាស់​បុរាណ​គេ​និយាយ​ថា ភ្នំ​ហ្នឹង​វា​មាន​មាស វា​មិន​ចេញ​ជា​មាស​ទេ​ឥឡូវ​ គេ​ធ្វើ​រ៉ែ សុទ្ធតែ​ថា ថ្ម​ម៉ាប ថ្ម​ម៉ាំង​អី​ឯណា ខ្ញុំ​មិន​ស្គាល់​ផង»។

លោក​យល់​ថា ទោះ​បី​ពលរដ្ឋ​ក្នុង​តំបន់​ដែល​លោក​រស់​នៅ​ភាគ​ច្រើន​ទទួល​បាន​ការ​អប់រំ តិច​តួច​ក៏​ដោយ ក៏​ពួកគាត់​អាច​ត្រិះរិះ​ពិចារណា​បាន​ដែរ​ថា ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី​២៩ កក្កដា​កន្លង​ទៅ ជា​ការ​បោះឆ្នោត​មិន​មាន​តម្លៃ៖ «ភូមិ​ខ្ញុំ​មនុស្ស​ល្ងង់​ខ្លៅ​ច្រើន នៅ​តែ​គាត់​យល់​ដឹង ខ្ញុំ​ស៊ើប​សួរ​គេ​ទៅ ថា​ម៉េច​បាន​មិន​ទៅ​បោះឆ្នោត គេ​ថា អ្ហូ! ទៅ​ធ្វើ​អី​ទេ បើ​ស្ដាប់​ព័ត៌មាន​ទៅ​ថា អន្តរជាតិ​មិន​ទទួល​ស្គាល់​អី​ណា​អី​ណី។ យើង​សង្ឃឹម​នឹង​អន្តរជាតិ​ហ្អី បើ​គេ​ទទួល​ស្គាល់​ក្រែង​លោ​គេ​បាន​អោយ​នេះ អោយ​នោះ ប្រទេស​យើង​អ្នក​ក្រីក្រ គេ​ជំនួយ​នេះ​ជំនួយ​នោះ ដាក់​វិនិយោគទុន​អី​ទេ ដល់​ទៅ​គេ​មិន​ទទួល​ស្គាល់ ខ្ជិល​ណាស់។ ខ្ញុំ​ក៏​បាន​ថា ប្រយ័ត្ន​គេ​ផាក​ពិន័យ អឺ!ផាក​អី​ផាក​ទៅ វា​ចាញ់​បាត់​ទៅ​ហើយ ហើយ​អ្នក​ថា ហ្នឹង​មិន​មែន​នៅ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​ណា គណបក្ស​ប្រជាជន​ណា៎»។

លោក ថាន់ រ៉ន បន្ត​ថា ពលរដ្ឋ​ដែល​សម្រេច​ចិត្ត​ទៅ​បោះ​ឆ្នោត​មួយ​ចំនួន​ទៅ​ទាំង​បង្ខំ​ចិត្ត ព្រោះ​រង​គំនាប​អាជ្ញាធរ​មូលដ្ឋាន​ដែល​យក​រឿង​ពលរដ្ឋ​ជំពាក់​បំណុល​មីក្រូ​ហិរញ្ញវត្ថុ​មក​បំភ័យ។ ជនជាតិ​ដើម​ភាគ​តិច​រូប​នេះ​យល់​ថា ការ​គាប​សង្កត់ និង​បំភិត​បំភ័យ​ពលរដ្ឋ​នៅ​តំបន់​ដែល​លោក​រស់​នៅ មិន​មាន​អ្វី​ថ្មី​នោះ​ទេ ដោយ​ចាត់​ទុក​ទង្វើ​ទាំង​នោះ​ថា ជា​របៀប​ដឹក​នាំ​តាម​របប​ខ្មែរ​ក្រហម ដែល​មិន​ទាន់​សាប​រលាប​នៅ​ឡើយ៖ «នៅ​កន្លែង​នេះ មិន​ត្រឹម​តែ២០១៨នេះ​ទេ និយាយ​រួម​ទៅ ប៉ុល ពត នៅ​ទាំង​អស់ គោល​នយោបាយ។ តាំង​ពី​៧៩​មក អា​រឿង​បំភិត​បំភ័យ រាត្រី​ឆ្កែ​ព្រុស វា​មាន​គ្រប់​លក្ខណៈ បញ្ចុះ​បញ្ចូល ថា​សំបូរ​ហូរហៀរ​ណាស់​កន្លែង​ណាស់។ តែ​ឥឡូវ​ប្រជា​ពលរដ្ឋ​គេ​មើល​ឃើញ​អស់​ហើយ គេ​ដឹង​អស់​ហើយ អ្នក​ណា​យ៉ាង​ម៉េចៗ ក៏​គេ​ដឹង​អស់​ហើយ»។

អ្នក​គាំ​ទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​រស់​នៅ​សង្កាត់​វាល់វង់ ក្រុង​កំពង់ចាម​ ខេត្ត​កំពង់​ចាម ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បង្ហាញ​អត្តសញ្ញាណ​ថា នៅ​ការិយាល័យ​ដែល​អ្នក​ស្រី​បាន​ទៅ​បោះ​ឆ្នោត មេភូមិ​បាន​​ចែក​ស្រោម​សំបុត្រ​ដែល​ក្នុង​នោះ​មាន​លុយ​១០ដុល្លារ​ ដល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ណា​ដែល​​បាន​ទៅ​បោះឆ្នោត ដោយ​ផ្អែក​លើ​​បញ្ជី​ឈ្មោះ​អ្នកដែល​បាន​ចូលរួម​ហែរ​សកម្មភាព​ឃោសនា​បក្ស។

អ្នក​ស្រី​បញ្ជាក់​ថា ការ​ផ្ដល់​លុយ​១០​ដុល្លារ​នោះ ធ្វើ​ឡើង​ភ្លាម​ៗ​នៅ​នឹង​ទីតាំង​ជ្រលក់​ម្រាមដៃ ក្នុង​ការិយាល័យ​បោះឆ្នោត​តែ​ម្ដង។ ទោះ​បី​យ៉ាង​នេះ​ក្ដី អ្នកស្រី​ក៏​យល់ឃើញ​ថា ពលរដ្ឋ​ក្នុង​ភូមិ​របស់​អ្នក​ស្រី​មិន​សូវ​ចេញ​ទៅ​បោះឆ្នោត​ច្រើន​ដូច​កាល​ពី​បោះឆ្នោត​ឆ្នាំ​មុន​ទេ។

លទ្ធផល​បឋម​របស់​គ.ជ.ប បង្ហាញ​ថា នៅ​សង្កាត់​វាល់វង់ ក្រុង​កំពង់ចាម ចំនួន​សន្លឹក​មិន​បាន​ការ​មាន​រហូត​ដល់​២០ភាគរយ​នៃ​ចំនួន​សន្លឹក​ឆ្នោត​សរុប (ក្នុង​ចំណោម​សន្លឹក​ឆ្នោត ក្នុង​ហិប​សរុប​៦.៤៥៩​សន្លឹក​ សន្លឹក​ឆ្នោត​មិន​បាន​ការ​មាន​រហូត​ដល់​១.៣២៥សន្លឹក)៕

1 comment:

Karl [Kalonh] Chuck said...

Good night KC, Good night SOV!

https://www.youtube.com/watch?v=fMq8uQ8bek0


Hope for the better tomorrow?

ខាល