វ៉ែន សុមេធ
2018-08-21
rfa

តំណាងគណបក្ស១៦ ចូលជួបប្រជុំជាមួយលោក ហ៊ុន សែន នាទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨។
Photo courtesy of Hun Sen Facebook page
នៅថ្ងៃអង្គារ ទី២១ សីហា នេះ មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បើកកិច្ចប្រជុំពិគ្រោះយោបល់ជាមួយគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោតដែលគេចាត់ទុកថា ក្លែងក្លាយកាលពីថ្ងៃទី២៩ កក្កដា។ លោក ហ៊ុន សែន បានប្រាប់ទៅគណបក្សទាំងនោះថា ការបោះឆ្នោតបានកន្លងផុតទៅហើយ ដូច្នេះបញ្ហានេះត្រូវទុកមួយអន្លើ ដោយគណបក្សទាំងអស់ត្រូវចូលរួមកសាងជាតិជាមួយគ្នា។ ថ្នាក់ដឹកនាំនៃគណបក្សទាំងនោះក៏នឹងទទួលបានងារជាឯកឧត្ដម និងទទួលបានតួនាទីផងដែរ។ អ្នកវិភាគយល់ថា ឧត្ដមក្រុមប្រឹក្សានេះគ្មានភាពចាំបាច់ឡើយ ព្រោះរបបលោក ហ៊ុន សែន មានក្រសួង និងស្ថាប័នសេនាធិការជាច្រើនរួចទៅហើយ គ្រាន់តែត្រូវពង្រឹងប្រសិទ្ធភាពការងារស្ថាប័នទាំងនោះប៉ុណ្ណោះ។
មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន អះអាងថា លោក ហ៊ុន សែន បានលើកជាគំនិតបង្កើត “ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់” ដែលមានសមាសភាពពីគណបក្សនយោបាយដែលបានចូលរួមក្នុងការបោះឆ្នោត ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ លោកថា គណបក្សទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំបានឆ្លើយតបភ្លាមៗថា ពួកគេគាំទ្រ និងស្ម័គ្រចិត្តចូលរួមក្នុងឧត្ដមក្រុមប្រឹក្សានេះ លើកលែងតែប្រធានគណបក្សសាធារណរដ្ឋ លោក លន់ ឫទ្ធិ កូនប្រុសលោកសេនាប្រមុខ លន់ នល់ ប៉ុណ្ណោះ ដែលសុំទៅពិគ្រោះយោបល់ជាមួយសមាជិករបស់លោកជាមុនសិន។ លោកថា ថ្នាក់ដឹកនាំនៃគណបក្សទាំងនោះនឹងត្រូវទទួលបានតំណែងបន្ថែមជាទីប្រឹក្សារដ្ឋាភិបាល ដើម្បីងាយស្រួលចុះធ្វើសកម្មភាពនយោបាយសម្រាប់គណបក្សរបស់ពួកគេនៅថ្នាក់មូលដ្ឋាន៖ «សម្ដេចលើកឡើងបន្ថែមទៀតថា ប្រធានគណបក្សទាំងនោះទទួលបានងារជាទីប្រឹក្សារាជរដ្ឋាភិបាល ដោយមានលទ្ធភាពចុះទៅមូលដ្ឋានជួបអ្នកគាំទ្រដោយគ្មានឧបសគ្គ»។
គណបក្សដែលបានចូលរួមប្រជុំជាមួយលោក ហ៊ុន សែន មានចំនួន ១៦គណបក្ស ដោយឡែកគណបក្ស ៤ផ្សេងទៀត មិនចូលរួមឡើយ រួមមានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សសម្ពន្ធដើម្បីប្រជាធិបតេយ្យ គណបក្សខ្មែរឈប់ក្រ និងគណបក្សមាតុភូមិយើង។
លោក ផៃ ស៊ីផាន អះអាងថា គណបក្សដែលមិនបានចូលរួមក្នុងវេទិកាជាមួយលោក ហ៊ុន សែន នេះ នៅតែអាចចូលរួមក្នុងឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់បានដដែល ព្រោះការចូលរួមឈរលើគោលការណ៍ស្ម័គ្រចិត្ត និងការយល់ព្រមពីលោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ លោក ហង្ស វិទូ យល់ថា របបលោក ហ៊ុន សែន មានក្រសួង ស្ថាប័ន និងសេនាធិការចំណុះជាច្រើនរួចទៅហើយ ដូច្នេះការបង្កើតឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ មិនមែនជាការចាំបាច់ឡើយ រឿងសំខាន់គឺត្រូវពង្រឹងការអនុវត្តការងារ និងភារកិច្ចរបស់ស្ថាប័នទាំងនោះទៅវិញទេ។ លោកថា ការបង្កើតស្ថាប័ននេះ គ្រាន់តែជាការលួងលោមចិត្ត និងជាការបង្វែរដានពីការបោះឆ្នោតបែបបង្គ្រប់កិច្ចកាលពីចុងខែមុនប៉ុណ្ណោះ៖ «ខ្ញុំមើលទៅហាក់បីដូចជារូបភាពមួយដែលលួងលោមវិញ វាយក្មេងឱ្យយំហើយ លួងឱ្យស្ករគ្រាប់ ២-៣ គ្រាប់ទៅ។ បើគាត់ជាក្មេងមែន គាត់ប្រាកដជាសុខចិត្តហើយ តែបើគាត់មានភាពចាស់ទុំមែន គាត់នឹងយល់ថា នេះគ្រាន់តែស្ករគ្រាប់លួងគាត់ប៉ុណ្ណោះ។ បើគាត់មានឧត្ដមគតិ ឬមនសិការច្បាស់លាស់ គឺគាត់មិនទទួលយកស្ករគ្រាប់ ២-៣ គ្រាប់នោះទេ»។
អ្នកវិភាគវ័យក្មេងរូបនេះ បន្តថា គណបក្សទាំងនោះគួរតែចូលរួមជាមួយគណបក្សកាន់អំណាចតែម្តងទៅ ប្រសិនបើពួកគេទទួលយកតួនាទីជាទីប្រឹក្សារបបថ្មីលោក ហ៊ុន សែន នោះ ព្រោះលោកជឿថា តួនាទីនោះនឹងមិនអាចធ្វើអ្វីបានច្រើនសម្រាប់ប្រយោជន៍ជាតិឡើយ៖ «ខ្ញុំគិតថា នេះជាការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារួចទៅហើយ អ៊ីចឹងបក្សដែលយើងបង្កើតមកមានន័យអ្វី? បើធ្វើបែបនេះ មានន័យដូចជាយើង ដើរតាមមាគ៌ារបស់គណបក្សប្រជាជនរួចទៅហើយ អញ្ចឹងបក្សរបស់យើងបង្កើតមកដើម្បីអ្វី? ជាង ១០ គណបក្សនោះ ទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាតែម្តងទៅ វាស្រួលជាង មិនបាច់បង្កើតគណបក្សនាំតែអស់លុយច្រើន ហើយធ្វើឱ្យប្រជាពលរដ្ឋវិលមុខឈឺក្បាលធ្វើអ្វីទេ»។
លោកសង្កត់ធ្ងន់ថា ឯកភាពជាតិ និងការរួបរួមជាតិពិតប្រាកដ គឺការជជែកគ្នាជាមួយគណបក្សសង្គ្រោះជាតិឯណោះទៅវិញទេ ព្រោះគណបក្សនេះ តំណាងឆន្ទៈពលរដ្ឋប្រមាណកន្លះប្រទេស តាមរយៈអាសនៈសភាចំនួន៥៥ ដែលកើតចេញពីការបោះឆ្នោតឆ្នាំ២០១៣ និងអាសនៈឃុំសង្កាត់ជាង ៥ពាន់អាសនៈ ដែលកើតចេញពីការបោះឆ្នោត ឆ្នាំ២០១៧៕
1 comment:
ស្ករគ្រាប់សែនផ្អែមស្ករគ្រាប់សែនឆ្ងាញ់ សំរាប់បក្សចាញ់ចម្រាញ់គ្រប់ស្នៀត
ទទួល១ហើយសឹងសុំ២ទៀត? ក្រពះឆ្អិតឆ្អែតសម្ពាធក្រៅក្នុង។
សែនលើកបន្តុបបក្សផ្សេងផ្សេងថ្មី ស្ករគ្រាប់ពេញដៃសែនទុកបំរុង
"រង្សី"រលាយចប់ដើមចប់ចុង រយបក្សប្រឆាំងសែនអស់ភ័យព្រួយ។
ចិនយួនពេញស្រុកសែនថាត្រឹមត្រូវ បោះត្រាភ្លាមទៅមហាក្សត្រត្រូវជួយ
បង្កើតច្បាប់ថ្មីឆាប់ៗមួយៗ ឆ្អាបឆ្អេះរលួយគួយភ្នងគឺខ្មែរ?
ស្ករគ្រាប់សែនផ្អែមស្ករគ្រាប់សែនឆ្ងាញ់ "ប៊ុនហ៊ាង""ទាបាញ់"ប្រវ័ញ្ចប្រវា
នាំគ្នាសំលាប់ឲ្យអស់ជីវា ខេមរភាសាខេមរះពូជខ្មែរ៕
សុទ្ធសាធ
Post a Comment