Tuesday, 7 August 2018
ហ៊ុន សែន បញ្ជាឲ្យមន្ត្រីខ្លួនសិក្សាច្បាប់ ដើម្បីរៀបចំរដ្ឋាភិបាលថ្មីឲ្យបានមុនខែកញ្ញា
ដោយ សេក បណ្ឌិត
2018-08-06
rfa
លោក ហ៊ុន សែន ក្នុងពិធីជួបកីឡាករ កីឡាការិនី នៅវិមានសន្តិភាព ព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ ២០១៨។
Photo courtesy of Samdech Hun Sen, Cambodian Prime Minsister
លោក ហ៊ុន សែន ក្រោយពីការបោះឆ្នោតដែលពុំមានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតនោះ បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួនសិក្សាលទ្ធភាពផ្លូវច្បាប់ ដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិថ្មីឲ្យបានឆាប់ គឺនៅចុងខែសីហា ឬយ៉ាងយូរដើមខែកញ្ញា ក្រោមហេតុផលដើម្បីឲ្យទាន់ចូលរួមប្រជុំអង្គការសហប្រជាជាតិខាងមុខ។ អ្នកវិភាគលើកឡើងថា សម្ដីរបស់លោក ហ៊ុន សែន គ្រាន់តែជាការចង់ឈ្នះចង់ចាញ់ទៅថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលបានរិះគន់លោកកន្លងមក។ ប៉ុន្តែមិនផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិនោះទេ។
លោក ហ៊ុន សែន អះអាងនៅព្រឹកថ្ងៃទី៦សីហាថា ក្រោយពីបោះឆ្នោតរួចមក តាមមើលទៅដូចជាគ្មានបញ្ហាអ្វីស្មុគស្មាញ ដោយគណបក្សនយោបាយត្រូវប្ដឹងតវ៉ាអំពីលទ្ធផលបោះនោះទេ។ បុរសខ្លាំងរូបនេះ ក៏បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួនសិក្សាផ្លូវច្បាប់ ដើម្បីបង្កើតរដ្ឋាភិបាលអាណត្តិថ្មីឲ្យបានឆាប់បំផុត។ លោក ហ៊ុន សែន អះអាងទៀតថា ការបង្កើតរដ្ឋាភិបាលថ្មីអាណត្តិនេះ ដើម្បីឲ្យលោកបានទៅចូលរួមប្រជុំនៅអង្គការសហប្រជាជាតិ នៅសហរដ្ឋអាមេរិកខែកញ្ញាខាងមុខ៖ «ស្នើសុំព្រះមហាក្សត្រកោះប្រជុំព្រោះយើងការតែប៉ុន្មានទេ អត់មានស្អីទេ អត់មានអីត្រូវញ៉ិមញ៉ុមផង ហើយខ្ញុំនឹងទៅអង្គារសហប្រជាជាតិឲ្យអ្នកឯងមើល អ្នកខ្លះថាបន្តិចទៀតគេនឹងចាប់ហ៊ុន សែន ដោយតុលាការអន្តរជាតិ ខ្ញុំនឹងទៅអឺរ៉ុបក្បែរកន្លែងតុលាការអន្តរជាតិឲ្យចាប់ខ្ញុំតែម្ដងទៅ ហើយខ្ញុំនឹងទៅអាមេរិក ខ្ញុំនឹងទៅអង្គការសហប្រជាជាតិគឺជាទីកន្លែងដែលគេត្រូវទៅដែរ ទោះអ្នកឯងហាមឃាត់យ៉ាងមិចក៏ដោយ»។
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលអាណត្តិថ្មីនេះ មានសមាជិកគណៈរដ្ឋមន្ត្រីប្រមាណ ៣០នាក់ប៉ុណ្ណោះ ហើយមានឋានៈចាប់ពីរដ្ឋមន្ត្រីដល់នាយករដ្ឋមន្ត្រី ចំណែករដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួងនីមួយៗ នោះ មិនបានរាប់បញ្ចូលទៅក្នុងគណៈរដ្ឋមន្ត្រីដូចកាលពីអាណត្តិមុនៗ នោះទេ ហើយមន្ត្រីទាំងនេះនឹងត្រូវតែងតាំងនៅក្រោយពីរៀបចំគណៈរដ្ឋមន្ត្រីថ្មីរួច។
អ្នកវិភាគនយោបាយ និងជាអតីតទីប្រឹក្សាអនុប្រធានទី១រដ្ឋសភាគណបក្សសង្គ្រោះជាតិ លោក បណ្ឌិត ឡៅ មុង ហៃ មានប្រសាសន៍ថា លោកហ៊ុន សែន ចង់ធ្វើអ្វីបានគ្រប់យ៉ាងមិនមានអ្វីពិបាកនោះទេ ព្រោះអំណាចទាំងអស់ស្ថិតនៅលើដៃរបស់បុរសរូបនេះតែម្នាក់គត់ទៅហើយនោះ៖ «អ្នកដែលរៀបចំការបោះឆ្នោតនឹងគេគិតហើយស្រេចអស់ទៅហើយបាទ! គឺគេចង់បានលទ្ធផលបែបនឹងហើយគេរៀបចំអីចឹងទៅ ព្រោះគេថា នេះជាផលប្រយោជន៍ប្រទេសជាតិ ព្រោះរដ្ឋធម្មនុញ្ញបានចែងថាសភាប្រជុំក្នុងរយៈពេល ៦០ថ្ងៃក្រោយការបោះឆ្នោត ហើយក្នុងរយៈពេលនឹងគេប្រជុំបានភ្លាមៗ»។
ចំណែកអ្នកវិភាគនយោបាយវ័យក្មេង លោក ហង្ស វិទូ លើកឡើងថា សម្ដីរបស់លោកហ៊ុន សែននេះ គ្រាន់តែជាការឌឺដងចង់ឈ្នះចង់ចាញ់ទៅមន្ត្រីគណបក្សប្រឆាំងដែលថ្មីៗ នេះ បានរិះគន់ថា រដ្ឋាភិបាលថ្មីនេះ នឹងរងសម្ពាធពីសហគមន៍អន្តរជាតិ ដោយសារការបោះឆ្នោតកន្លងមកមិនត្រឹមត្រូវមិនយុត្តិធម៌ និងលួចបន្លំសន្លឹកឆ្នោតនោះ។ ប៉ុន្តែអ្នកវិភាគរូបនេះអះអាងថា ការឌឺដងនេះនឹងមិនមានប្រយោជន៍ដល់ប្រទេសជាតិនោះទេ ហើយម្យ៉ាងទៀតបើលោកហ៊ុន សែនគិតពីប្រយោជន៍ជាតិ គួរតែងាកទៅរកការចរចាជាមួយគណបក្សសង្គ្រោះជាតិ ហើយរួមសាមគ្គីគ្នាអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនប្រសើរជាង៖ «ដើម្បីឲ្យអ្នកនយោបាយបក្សទាំងសង្ខាងបានបម្រើជាតិដូចៗគ្នា មិនមែនការបម្រើជាតិនឹងមានតែគណបក្សប្រជាជនកម្ពុជាទេ។ហើយធ្វើយ៉ាងមិចយើងពូកែសម្របសម្រួលជាមួយអន្តរជាតិ ដើម្បីកុំឲ្យប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិកនឹងគេដាក់ទណ្ឌកម្មមកលើកម្ពុជា ដែលនាំខូចខាតផលប្រយោជន៍នោះ ដែលជារឿងត្រូវដោះស្រាយ»។
កន្លងមកប្រធានចលនាសង្គ្រោះជាតិលោក សម រង្ស៊ី បានប្រៀបប្រដូចលទ្ធផលការបោះឆ្នោតកាលពីថ្ងៃទី២៩ កក្កដា ដែលមន្ត្រីគណបក្សប្រជាជនកម្ពុជាសម្ដែងមោទនភាពថា បក្សខ្លួនទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនោះថា ជាជ័យជម្នះដោយសារការលួចបន្លំសន្លឹកឆ្នោត និងបំប៉ោងចំនួនអ្នកទៅបោះឆ្នោត ព្រោះការបោះឆ្នោតនេះមិនមានអ្នកអង្កេតការណ៍ឯករាជ្យនោះទេ។ កន្លងមក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន អះអាងថា លទ្ធផលការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងដ៏ធំជាងគេចូលរួមប្រកួតនោះ គឺគណបក្សខ្លួនទទួលបានអាសនៈចំនួន ១២៥អាសនៈ។
ប៉ុន្តែថ្មីៗ នេះក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចរួមមាន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី អង់គ្លេស បារាំង អាល្លឺម៉ង់ និងជប៉ុនជាដើម បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ សម្ដែងការខកចិត្ត និងមិនទទួលស្គាល់ការបោះឆ្នោតនេះថា ជាការបោះឆ្នោតពិតប្រាកដឡើយ ដោយសាររបបលោក ហ៊ុន សែន បានបង្កើតព្រឹត្តិការណ៍ជាច្រើន ដែលបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតមកដល់។ ហេតុការណ៍ទាំងនោះរួមមាន ការរំលាយគណបក្សសង្គ្រោះជាតិ និងហាមប្រាមថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារជិត ១ឆ្នាំដោយគ្មានការកាត់ទោស ការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល និងការវាយបង្ក្រាបឥតឈប់ឈរលើសារព័ត៌មានឯករាជ្យជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment