Tuesday, 7 August 2018
សង្គមស៊ីវិលជំរុញអាជ្ញាធរខេត្តមណ្ឌលគិរីឲ្យស៊ើបអង្កេតការលក់ដីព្រៃអភិរក្ស ២រយហិកតារឲ្យឈ្មូញ
ដោយ ថន ថារ៉ូ
2018-08-06
rfa
ទិដ្ឋភាពកាប់ទន្ទ្រានដែនជម្រកសត្វព្រៃភ្នំព្រេច ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី កាលពីខែ ឧសភា ឆ្នាំ ២០១៨។
រូប៖ ដោយសហគមន៍
មន្ត្រីសង្គមស៊ីវិលជំរុញអាជ្ញាធរខេត្តមណ្ឌលគិរី ឲ្យស៊ើបអង្កេតសកម្មភាពឈួសឆាយព្រៃអភិរក្ស និងការកាប់ទន្ទ្រានដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចធ្វើអាជីវកម្មអស់រាប់រយហិកតារ។ ការលើកឡើងនេះ បន្ទាប់ពីរកឃើញថា ដែនជម្រកសត្វព្រៃភ្នំព្រេច ឋិតក្នុងឃុំរយ៉ ស្រុកកោះញ៉ែក ត្រូវបានអ្នកភូមិមូលដ្ឋានមួយចំនួនលក់ដីព្រៃ ២រយហិកតារឲ្យឈ្មូញកាលពីពេលថ្មីៗ នេះ។
ចំណែកអ្នកភូមិរយ៉បានទទួលស្គាល់ថា ពិតជាបានលក់ដីព្រៃ ២រយហិកតារឲ្យឈ្មូញ ដោយសារជីវភាពខ្វះខាត និងគ្មានប្រាក់សងធនាគារ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគម អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សម្តែងក្តីបារម្ភជាថ្មីទៀត ពីការថយចុះទំហំព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច បន្ទាប់ពីព្រៃអភិរក្សមួយនេះរងការកាប់ទន្ទ្រាន និងឈួសឆាយជាកម្មសិទ្ធិឯកជន ដោយគ្មានការទទួលខុសត្រូវ។ លោកថា អាជ្ញាធរមួលដ្ឋាន ត្រូវទទួលខុសត្រូវរឿងនេះ បើរកឃើញថា អនុគ្រោះកើតមានបទល្មើសព្រៃឈើ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ លោកបន្ថែមថា ការលក់ដីព្រៃអភិរក្សឲ្យឈ្មូញ គឺទង្វើខុសច្បាប់ ហើយអាជ្ញាធរមូលដ្ឋានមិនគួរមើលរំលងនោះទេ៖ «បណ្តឺងបរិហារយើងត្រូវតែប្តឹង ខ្ញុំបានរៀបចំមួយ ដែរនៅរយ៉ហ្នឹង និងបានពិភាក្សាជាមួយសហគមន៍ហើយ ប្តឹងមន្ត្រីនគរបាលយុត្តិធម៌ ដែលអនុគ្រោះកើតមានបទល្មើសព្រៃឈើ។ កាប់រាប់ពាន់ហិកតារហើយ នៅរយ៉ហ្នឹង ១០០ហិកតារគ្រាន់ជាចំណែកមួយទេ»។
អ្នកភូមិរយ៉ លោក ផ្លាស ណែន ឲ្យដឹងនៅថ្ងៃទី៦ សីហាថា ពលរដ្ឋ ១២០គ្រួសារ បានឯកភាពផ្តិតមេដៃលក់ដីព្រៃឲ្យឈ្មូញ ២រយហិកតារ ដោយក្នុងមួយហិកតារ ៦០ម៉ឺនរៀល ឬស្មើ ១៥០ដុល្លារ ព្រោះអ្នកភូមិភាគច្រើនមានជីវភាពខ្វះខាត និងទីទាល់ក្រ គ្មានប្រាក់បង្វិលសងម្ចាស់បំណុល។ លោកទទួលស្គាល់ថា ការលក់ដូរដីព្រៃជាទង្វើខុសច្បាប់ ក៏ប៉ុន្តែដើម្បីដោះទាល់មួយគ្រាទើបពួកគេ លក់ដោយបង្ខំចិត្ត៖ «ខាងហ្នឹងអ្នកទិញគេថា គេអ្នករត់ការ គេសុំធ្វើចម្ការ។ ការលក់ខុសហើយ ដើម្បីជួយអ្នកក្រីក្រខ្វះខាត។ លក់តែ ២រយហិកតារទេ»។
ទោះយ៉ាងណាលោក ប៉ែន ប៊ុណ្ណារ៍ យល់ថា ការលក់ដីព្រៃអភិរក្ស ដើម្បីដោះស្រាយបញ្ហា ជាទម្លាប់អាក្រក់ផ្ទុយពីច្បាប់ ដែលអាជ្ញាធរមិនគួរបណ្តែតបណ្តោយនោះទេ។ លោកថា អាជ្ញាធរពាក់ព័ន្ធដែលអនុគ្រោះឲ្យកើតមានបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួនត្រូវមានទោសដែរ។ លោកពន្យល់ថា គ្មានបុគ្គលណាមានសិទ្ធិលក់ដីព្រៃបានទេ ហើយអាជ្ញាធរគ្មានសិទ្ធិចុះហត្ថលេខាធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីបានដែរ ដរាបណាមិនទាន់ធ្វើអនុប្បយោគ៖ «គេចាត់ទុកថា ជាទ្រព្យសម្បត្តិសារធារណៈរបស់រដ្ឋ ដូចជាដីព្រៃ និងដែនជម្រកសត្វព្រៃជាដើម បើអត់មានការអនុប្រយោគ គឺសុទ្ធតែខុសច្បាប់ទាំងអស់»។
ដែនជំរកសត្វព្រៃភ្នំព្រេច ត្រូវបានព្រះមហាក្សត្រ នរោត្តម សី ហនុ កំណត់ជាព្រះរាជក្រឹត្យកាលពីខែវិច្ឆិកា ឆ្នាំ ១៩៩៣ មានផ្ទៃដីជាង ២២ម៉ឺនហិកតារ (២២២.៥០០) ឋិតនៅស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី និងស្រុកស្នូល ខេត្តក្រចេះ។ តែមកទល់ពេលនេះព្រៃអភិរក្សមួយនេះ បានទទួលរងការកាប់យកឈើមានតម្លៃអស់ស្ទើរទាំងស្រុង និងការទន្ទ្រានដីព្រៃជាកម្មសិទ្ធិឯកជនអស់រាប់ពាន់ហិកតារ។
អាស៊ីសេរីមិនអាចទាក់ទងមេឃុំរយ៉ លោក ប៉ុល ដឹក ដើម្បីសុំការបំភ្លឺរឿងនេះបានទេ ព្រោះទូរស័ព្ទលោកមិនអាចទាក់ទងបាន។ ចំណែកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ក៏មិនអាចទាក់ទងបានដែរ ព្រោះទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី៦ សីហា។ តែលោកបានប្រាប់កាសែតក្នុងស្រុកថា លោកបានបញ្ជាឲ្យអាជ្ញាធរជំនាញទប់ស្កាត់ការឈួសឆាយ ទន្ទ្រានយកដីព្រៃក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ព្រៃការពារផ្សេងទៀតក្នុងឃុំរយ៉ ជាប់ស្រុកលំផាត់ ខេត្តរតនគិរី។ លោកទទួលស្គាល់ថា ពិតជាមានការឈួសឆាយដីព្រៃអស់ច្រើនហិកតារមែន ដោយសារអាជ្ញាធរជំនាញជាប់រវល់។
អ្នកភូមិរយ៉ម្នាក់ថ្លែងមិនហ៊ានបញ្ចេញឈ្មោះ និងសំឡេង បង្ហើបថា អ្នកភូមិលក់ដីព្រៃ ២០០ហិកតារនេះ គ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះ ខណៈព្រៃអភិរក្សមួយនេះ បានទទួលរងការឈួសឆាយ និងកាប់ផ្តូលរំលំដើមឈើធំៗ អស់រាប់ពាន់ហិកតារហើយមកទល់ពេលនេះ។ លោកថា បច្ចុប្បន្ន គ្រឿងចក្រច្រើនគ្រឿង កំពុងឈូសឆាយផ្តូលរំលំឈើធំៗ ឋិតនៅចំណុច អូរតាំហច តំបន់ត្រពាំងតាទូត និងត្រពាំងទឹកល្អក់ ឋិតនៅឃុំយ៉ ស្រុកកោះញ៉ែក។ ចំណែកអ្នកភូមិដែលប្រទះឃើញបទល្មើសឧក្រិដ្ឋនេះ មិនហ៊ានចេញមុខទប់ស្កាត់ និងរាយការណ៍ទៅអាជ្ញាធរនោះទេ ព្រោះខ្លាចអាជ្ញាធរចោទថា ជាក្រុមបក្សប្រឆាំង ហើយអ្នកភូមិខ្លះទៀត ដែលធ្លាប់ចេញមុខចុះល្បាតព្រៃ និងការពារព្រៃឈើ បែរជាខ្លាចរអារ លែងហ៊ានតស៊ូមតិ និងរិះគន់អាជ្ញាធរជំនាញ ព្រោះខ្លាចអាជ្ញាធរចាប់ដាក់គុក៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment