Wednesday 15 August 2018
ព្រះសង្ឃខ្មែរថា ការធ្លាក់ចុះនៃសីលធម៌សង្គម គឺដោយសារមេដឹកនាំខ្វះសីលធម៌ ហិង្សា និងផ្តាច់ការ
ដោយ មួង ណារ៉េត
2018-08-13
rfa
ព្រះតេជព្រះគុណ ហុក សាវណ្ណ ព្រះគ្រូចៅអធិការវត្តខ្មែរកាណាដា ក្នុងទីក្រុងម៉ុងរ៉េអាល់។
Provided Photo
ព្រះសង្ឃខ្មែរថា ការធ្លាក់ចុះនៃសីលធម៌សង្គម គឺដោយសារមេដឹកនាំខ្វះសីលធម៌ដឹកនាំបែបហិង្សា និងពោរពេញដោយអំណាចផ្តាច់ការ និងអំពើអយុត្តិធម៌។ ការដឹកនាំបែបនេះ នឹងមិនអាចនាំមកនូវភាពសុខដុមរមនា ក្នុងសង្គមជាតិខ្មែរបាននោះឡើយ គឺមានតែភ័យអន្តរាយជាក់ជាមិនខាន។
សហគមន៍ព្រះសង្ឃខ្មែរនៅក្រៅប្រទេស ស្ទើរគ្រប់ទិសទី ចាប់ផ្តើមក្រោកឡើង តវ៉ាឲ្យមានការផ្លាស់ប្តូររបប និងអ្នកដឹកនាំដូចលោក ហ៊ុន សែន សព្វថ្ងៃបន្ទាប់ពីពួកគាត់បាត់បង់ភាពខន្តី ដោយសារតែមិនអាចអត់ទ្រាំ ទៅនឹងភាពអសីលធម៌ ហិង្សា និងការដឹកនាំខ្វះភាពយុត្តិធម៌របស់លោក ហ៊ុន សែន ដែលប្រព្រឹត្តមកលើប្រជាពលរដ្ឋ ដែលមាននិន្នាការនយោបាយ មិនស្របនឹងរបបនេះ។ ព្រះតេជព្រះគុណបណ្ឌិត ហុក សាវណ្ណ ដែលគង់នៅវត្តខ្មែរ ក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បន្ទោសលោក ហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា ថា ជាអ្នកដែលបង្កើតឲ្យមានភាពមិនចុះសម្រុងគ្នាក្នុងសង្គមខ្មែរនេះឡើង។
ព្រះអង្គមានថេរដីកាយោងទៅលើសុភាសិតខ្មែរ “ដឹងឆ្លើយដ្បិតដង កូនសោតរែងឆ្គងដ្បិតមេបា” ដើម្បីប្រដូចចរិតលក្ខណៈឆ្គាំឆ្គងរបស់លោក ហ៊ុន សែន ដែលប្រដៅលែងបានថា ជាដើមហេតុ នៃគំរូអាក្រក់ដល់សង្គមមួយ ពោរពេញទៅដោយភាពក្តៅក្រហាយ ហិង្សា និងការជេរប្រទេចគ្នាគ្មានទីបញ្ចប់បែបនេះ៖ «រដ្ឋាភិបាលមួយ ដែលជិះជាន់ប្រជារាស្រ្តរបស់ខ្លួន ហើយជាពិសេសសង្កត់សង្កិន បំបិទសិទ្ធិសេរីភាព ឥឡូវរឿងធ្វើបាតុកម្មក៏បិទ រឿងការប្រមូលផ្តុំគ្នាក៏បិទ និយាយអ្វីមិនស្រួលក៏គេចាប់កំហុសគ្រប់បែបយ៉ាង។ របៀបរបបផ្តាច់ការហ្នឹងវាចង់លើសពីកុម្មុនីស្តទៅទៀត។ ដូច្នេះប្រជាពលរដ្ឋ នាំគ្នាកើតទុក្ខ មិនសុខចិត្ត ដោយធ្វើអ្វីមិនកើត មានការតិះដៀលគ្នាទៅវិញទៅមក។ ខាងបក្សប្រជាជនឯណោះ ក៏ខំប្រឹងការពារនូវអំពើអាក្រក់របស់ខ្លួន។ ប្រជាពលរដ្ឋក្តៅក្រហាយ ធ្វើអ្វីធ្វើមិនកើត ដើម្បីឲ្យធូរចិត្ត មានការតិះដៀល មានការរិះគន់ ជេរគ្នានៅក្នុងហ្វេសប៊ុក។ រឿងហ្នឹងទាក់ទងក្នុងផ្លូវនយោបាយ»។
ចំណែកព្រះសង្ឃដទៃទៀត រួមមានភិក្ខុ រស់ ប៊ុនថន ព្រះគ្រូចៅអធិការវត្តធម្មរង្សី ក្រុងប៉ារីស ប្រទេសបារាំង ភិក្ខុ នូ ស៊ង ព្រះគ្រូចៅអធិការវត្តខ្មែរសន្តិភាព ប្រទេសអូស្រ្តាលី ភិក្ខុ ពោជ កណ្តាល ព្រះគ្រូចៅអធិការវត្តជោតញ្ញាណោ ក្រុងញូយក សហរដ្ឋអាមេរិក ភិក្ខុ ជុំ វិចិត្រ ព្រះគ្រូសូត្រស្តាំ វត្តមុនីសុតារាម ក្រុងហែមថុន សហរដ្ឋអាមេរិក និងភិក្ខុ ប៊ុត ប៊ុនតិញ ជាដើម សុទ្ធតែរួមគ្នាចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសលោក ហ៊ុន សែន និងកាត់កាលរបបនេះចោលទៀតផង ដោយសារតែការដឹកនាំបែបផ្តាច់ការ និង ប្រមាថព្រះសង្ឃជាដើម។
លោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហម និងដឹកនាំប្រទេសពីដំបូង ដោយការលើកបន្តុបរបស់វៀតណាម ហើយបន្តក្រាញអំណាចអស់ជាង ៣៣ឆ្នាំកន្លងមកនេះ ត្រូវបានមជ្ឈដ្ឋានទូទៅស្គាល់ថា ជាបុរសខ្លាំងខាងអំពើហិង្សា និងការបង្ក្រាបអ្នកហ៊ានតវ៉ាប្រឆាំងបែបផ្តាច់ការរបស់លោក។ លោក ហ៊ុន សែន ក៏ជាមនុស្ស ចូលចិត្តប្រើសម្តីអសុរោះ អាមឹង គ្រោតគ្រាត ខ្វះសីលធម៌ ក្នុងវេទិកាសាធារណៈ ស្ទើររាល់លើក មិនថានៅចំពោះមុខសិស្ស និស្សិត ចាស់ព្រឹទ្យាចារ្យ ឬព្រះសង្ឃនោះឡើយ។ លោក ហ៊ុន សែន ក៏ជាអ្នកនយោបាយដែលមានល្បិចកលខ្ពស់ក្នុងការបំបែកបំបាក់អ្នកនយោបាយ និងគណបក្សនយោបាយ មានដូចជា គណបក្ស ហ៊្វុនស៊ីនប៉ិច ជាដើម ។
ប៉ុន្តែ មន្រ្តីបក្សកាន់អំណាច អះអាងថា លោក ហ៊ុន សែន ជាមនុស្ស មិនមែនជាព្រះទេ ដូច្នេះពេលខ្លះ ក៏មិនអាចទប់កំហឹងបានដែរ បើមានគេប្រមាថមកលើលោក និងគណបក្ស ប្រជាជនកម្ពុជា នោះ។ មន្រ្តីនាំពាក្យគណបក្ស ប្រជាជនកម្ពុជា ទម្លាក់កំហុសទៅលើមនុស្សរបស់គណបក្សប្រឆាំង ដែលលោកអះអាងថា ជាអ្នកបង្កហេតុ៖ «ទោះបីសម្តេច ជានាយករដ្ឋមន្រ្តីក៏ពិតមែន ក៏ប៉ុន្តែគាត់ជាបុថុជ្ជនដែរ មិនទាន់ទៅជាព្រះពុទ្ធទេ។ ទោះបីជាព្រះពុទ្ធ នៅក្នុងជាទសជាតក ឬជាតិទីដប់ទៅហើយក្តី ក៏ព្រះអង្គនៅតែមិនអាចអត់ទ្រាំ នឹងការញុះញង់ ធ្វើទារុណ្ឌកម្ម ដល់ក្រុមគ្រួសារ រាជបុត្រាបុត្រីរបស់ព្រះអង្គបានដែរ។ វាមានតែរឿងឆេះ អាហ្នឹងវារឿងអ៊ីចឹង! ក៏ប៉ុន្តែ ខ្ញុំយល់ថា វាម្តងម្កាលទេ។ យូរៗ គាត់ប្រតិកម្មម្ដងម្កាលអ៊ីចឹងទៅ។ ខ្មែរយើងអាពាក្យញុះញង់ ដាមដាម ពាក្យដុតរោលរាលហ្នឹង វាធ្វើឲ្យឈឺចាប់ណាស់ណា៎!»។
ទោះបីលោក សុខ ឥសាន ថា មនុស្សរបស់គណបក្សប្រឆាំងទៅវិញទេ ដែលធ្វើឲ្យលោក ហ៊ុន សែន និងមនុស្សបក្ស ប្រជាជន ឈឺចាប់ ក៏ព្រះតេជព្រះគុណ ហុក សាវណ្ណ មិនយល់ដូច្នេះនោះទេ។ ព្រះអង្គថា ខាងគណបក្សប្រឆាំង គឺគ្រាន់តែជាជនរងគ្រោះ នៃអំពើអយុត្តិធម៌ខាងផ្លូវនយោបាយ ដែលបង្កឡើង ដោយគណបក្សកាន់អំណាច ដែលចង់បន្តក្រាញអំណាចផ្តាច់ការរបស់ខ្លួន ទើបជ្រើសរើសវិធី អូសទូកឲ្យល្អាន ចាប់ត្រីបានតែឲ្យល្អក់ទឹកបែបនេះ៖ «ចោទតែបក្សប្រឆាំងហ្នឹង! ពរ! បក្សប្រឆាំងគ្នារងគ្រោះហើយមួយផ្នែកហើយ។ ប្រជាពលរដ្ឋទូទៅ ក៏ត្រូវទទួលរងគ្រោះដែរ ដោយអំពើអយុត្តិធម៌ ដែលគេប្លន់យកដីស្រែ ចាប់ដាក់គុកដាក់ច្រវ៉ាក់អ្វីផ្សេងៗ ហ្នឹង មិនមែនជាទង្វើរបស់បក្សប្រឆាំងទេ។ បក្សប្រឆាំងជាអ្នករងគ្រោះ»។
ស្របពេលជាមួយគ្នានេះដែរ មន្រ្តីជាន់ខ្ពស់គណបក្ស សង្រ្គោះជាតិ សង្កេតឃើញថា សង្គមខ្មែរបច្ចុប្បន្ន ក្លាយជាសង្គមបែបគ្រួសារ និងបក្សពួកនិយម របស់គណបក្សកាន់អំណាចផ្តាច់មុខ។
អនុប្រធានគណបក្ស សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង លើកឡើងថា ភាពមិនចុះសម្រុងគ្នា គឺកើតចេញពីលោក ហ៊ុន សែន និង បក្សប្រជាជនកម្ពុជា ដែលពុះពារ ធ្វើយ៉ាងណាកាងអំណាចត្រកូល ហ៊ុន ឲ្យនៅឋិតថេរយូរអង្វែង ទោះជាក្នុងតម្លៃណាក៏ដោយ មិនថាប្រជាពលរដ្ឋកាន់តែច្រើន នាំគ្នាមិនពេញចិត្ត និងតវ៉ាឲ្យផ្លាស់ប្តូររបបនេះចេញនោះឡើយ៖ «ឃើញការជេរប្រមាថគ្នាទៅវិញទៅមកនេះ គឺត្រូវដាក់បន្ទុកទៅលើអ្នកដឹកនាំ ដែលប្រើភាសាពាល»។
លោក អេង ឆៃអ៊ាង យល់ស្របតាមព្រះតេជព្រះគុណ ហុក សាវណ្ណ ថាបើមេដឹកនាំពោរពេញដោយហិង្សា និងភាពក្ដៅក្រហាយ សង្គមខ្មែរ ក៏ជាសង្គមដែលពោរពេញដោយភាពក្តៅក្រហាយនេះដែរ។ លោក អេង ឆៃអ៊ាង ប្រដូចសង្គមសព្វថ្ងៃ ទៅនឹងឆ្នាំងក្តៅ គម្របឆ្នាំងក្តៅ ដែលអ្វីៗ នៅក្នុងឆ្នាំងនោះ គឺនឹងក្តៅទាំងអស់ មិនមែនក្តៅតែឆ្នាំងនោះទេ។
ចុះបើសង្គមកាន់តែក្តៅបែបនេះ តើអ្វីជាដំណោះស្រាយ? ព្រះតេជព្រះគុណ ហុក សាវណ្ណ ផ្តល់ជាឱវាទទៅដល់លោក ហ៊ុន សែន ថា ជម្រើសមានតែមួយប៉ុណ្ណោះ គឺឈប់ធ្វើបាបមនុស្សបក្សប្រឆាំង ឈប់ជិះជាន់ប្រជារាស្រ្តរបស់ខ្លួន គោរពឆន្ទៈរបស់រាស្រ្តឡើងវិញ និងងាកមកស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញជាបន្ទាន់ ដើម្បីកុំឲ្យប្រទេសនេះ ធ្លាក់ក្នុងភ័យន្តរាយ ស្តារលែងឡើង៖ «គន្លឹះមានតែមួយ គឺរាជរដ្ឋាភិបាល ឈប់កាន់របបផ្តាច់ការ»។
ក្នុងពេលជាមួយគ្នាដែរ ព្រះអង្គបានអំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់ទិសទី បន្តក្រោកឡើង ដោយអហិង្សា ទាមទារសិទ្ធិសេរីភាពរបស់ខ្លួន ក្នុងពេលដែលមានអន្តរជាតិ នៅជួយតាមឃ្លាំមើល និងឈឺឆ្អាល។ លោកថា មានតែប្រជារាស្រ្តខ្មែរខ្លួនឯងទេ ដែលអាចរំលំរបបផ្តាច់ការបាន ព្រោះវាសនាប្រទេសជាតិស្ថិតលើរាស្រ្តខ្មែរ ជាពិសេសយុវជនខ្មែរ ដែលនិយមប្រជាធិបតេយ្យ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment