Monday, 6 August 2018
ពលរដ្ឋមួយចំនួននៅបន្ទាយមានជ័យសោកស្ដាយដែលបោះឆ្នោតហើយជាប់បក្សដដែល
សេក បណ្ឌិត
2018-08-05
ពលរដ្ឋតម្រង់ជួរឈរចាំបោះឆ្នោតនៅការិយាល័យបោះឆ្នោតក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
RFA
ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យមួយចំនួន មានការស្ដាយក្រោយ ដែលបានទៅបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដា ហើយជាប់គណបក្សកាន់អំណាចបន្តដឹកនាំប្រទេសដដែល។
ពលរដ្ឋទាំងនោះ លើកឡើងថា គណបក្សនេះដឹកនាំប្រទេសយូរឆ្នាំហើយ តែមិនមានការរីកចម្រើនទេ ហើយធ្វើឲ្យប្រជាពលរដ្ឋកាន់តែក្រីក្រ និងធ្វើចំណាកស្រុកកាន់តែច្រើន ដោយសារនៅក្នុងស្រុកគ្មានការងារធ្វើ ហើយគ្មានទីផ្សារសម្រាប់លក់កសិផល។
ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ លើកឡើងថា ចាប់តាំងពីដឹងលទ្ធផលបោះឆ្នោតមក ធ្វើឲ្យពួកគាត់សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងពីជោគវាសនារបស់ប្រទេសជាតិ ទៅថ្ងៃអនាគតមិនដឹងទៅជាយ៉ាងនោះទេ។
ពលរដ្ឋនៅខេត្តបន្ទាយមានជ័យ មិនហ៊ានបញ្ចេញឈ្មោះម្នាក់ ឲ្យដឹងនៅថ្ងៃទី៥ សីហា ថា ប្រជាពលរដ្ឋនៅក្នុងភូមិពួកគាត់រស់នៅ មានចំនួនច្រើនលើសលប់ មិនចង់ទៅបោះឆ្នោតនោះទេ ក៏ប៉ុន្តែដោយសារគ្មានជម្រើស ព្រោះអាជ្ញាធរបានដើរគំរាមកំហែងរាល់ថ្ងៃ។
ពលរដ្ឋរូបនេះ អះអាងទៀតថា ក្រោយពីដឹងថា គណបក្សកាន់អំណាចឈ្នះឆ្នោតមក ពួកគាត់ហាក់អស់សង្ឃឹមក្នុងជីវិត ដោយសារមិនចង់បានគណបក្សដដែលៗមកដឹកប្រទេសនោះទេ ព្រោះគណបក្សនេះកាន់អំណាចយូរឆ្នាំហើយ គឺពួកគាត់នៅតែក្រីក្រ ហើយកាន់តែក្រីក្រទៅថែមទៀត៖ «គេថាបើមិនទៅបោះឆ្នោតទេ គេថាមិនស្រលាញ់ជាតិមាតុភូមិទេ គេពូកែស្លយើងណាស់ គេធ្វើឲ្យយើងនឹងភ័យផងយើងខ្លាចផង មុននឹងបោះឆ្នោតនឹងគេដើរគំរាមដើរប្រាប់ថា យើងត្រូវតែទៅបោះយើងត្រូវតែទៅធ្វើអី ហើយគេខំរំដោះមក អ្នកណាមិនដឹងថារំដោះនោះ ប៉ុន្តែយើងចុះចេញទៅឲ្យគេមកដឹកនាំម្ដងវាមិនចុះចេញសោះនោះ»។
ពលរដ្ឋនៅបន្ទាយមានជ័យម្នាក់ទៀត ថ្លែងថា ពួកគាត់សោកស្ដាយណាស់ដែលបានទៅបោះឆ្នោត កាលពីថ្ងៃទី២៩ កក្កដា នោះ ព្រោះចង់ឲ្យមានការផ្លាស់ប្ដូររបបដឹកនាំថ្មីតែមិនបានដូចបំណង ដោយសារគណបក្សដែលខ្លួនស្រលាញ់ត្រូវបានរបបលោក ហ៊ុន សែន រំលាយចោលមិនបានចូលរួមប្រកួត៖ «ដូចប្រជាពលរដ្ឋមួយចំនួនគាត់បោះរួចគាត់ស្ដាយក្រោយ ដោយស្មានថាសន្លឹកឆ្នោតដែលខូច គេមិនប្រើការមិនដឹងថា សន្លឹកឆ្នោតដែលខូចគេយករាប់ទាំងអស់អីចឹងណា។ហើយលឺដំណឹងថា បានច្រើនភាគរយ តែនៅមណ្ឌលខ្ញុំបោះបានត្រឹមម៉ោង៨កន្លះស្ងាត់ជ្រាប តាមពិតមិនមានអ្នកណាបោះឆ្នោតអីចឹងទេ»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ចាត់ទុកពលរដ្ឋដែលព្រួយបារម្ភនេះថា ជាក្រុមបក្សប្រឆាំងមួយចំនួនតូចដែលមិនអាចយកជាការបាននោះទេ។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះអះអាងទៀតថា គណបក្សរបស់ខ្លួនដឹកនាំប្រទេស នឹងធ្វើឲ្យសង្គមជាតិរីកចម្រើនទៅវិញទេ៖ «ក៏ប៉ុន្តែក្នុងនាមជាគណបក្សជាប់ឆ្នោតដែលមានការគាំទ្រច្រើនពីប្រជាពលរដ្ឋម្ចាស់ឆ្នោតនោះ គឺ គណបក្សប្រជាជនប្ដេជ្ញានឹងអនុវត្តតាមកម្មវិធីនយោបាយរបស់ខ្លួនដែលបានប្រកាសកន្លងមក មិនឲ្យប្រជាពលរដ្ឋខកបំណងទេបាទ!។ ដូច្នេះសូមបងប្អូនកុំឲ្យមានការព្រួយបារម្ភយើងមិនទាន់បានអនុវត្តផងបងប្អូនព្រួយបារម្ភគិតជាមុនអីចឹងវាជាការមិនល្អទេ»។
ចំណែក ប្រជាពលរដ្ឋម្នាក់ទៀត ថ្លែងថា ពួកគាត់គ្មានសង្ឃឹមថានឹងរីកចម្រើនទៅរួចនោះទេ ព្រោះសូម្បីតែផ្លូវនៅមុខផ្ទះរបស់ពួកគាត់ អាជ្ញាធរក៏មិនយកចិត្តទុកដាក់ជួសជុលឲ្យបានស្រួលផង ចុះទម្រាំតែការអភិវឌ្ឍផ្សេងៗទៀត ដូចជាតម្លៃកសិផលចុះថោក និងគ្មានទីផ្សារសម្រាប់លក់ជាដើម គឺគណបក្សកាន់អំណាចនឹងមិនអាចដោះស្រាយបានឡើយ៖ «ខ្ញុំចង់ផ្លាស់ប្ដូរដើម្បីឲ្យរីកចម្រើន ព្រោះដដែលពេកមិនឃើញរីកចម្រើនទៅណាទេ ដាំដំណាំបានលក់មិនបានថ្លៃផង ហើយជាពិសេសឃើញរដ្ឋអំណាចដើរយកតែដីពលរដ្ឋ ដូចនៅខាងខ្ញុំ គាត់និយាយថា បើមិនលក់ដីទេប្រយ័ត្នគេយកទទេមិនបានលុយ ហើយបើជាប់ម្នាក់ឯងអីចឹងទៀតនោះមិនបាច់និយាយទេ បើចង់បានត្រង់ណាដឹងតែអស់ហើយ ដល់អីចឹងទៅ ខ្ញុំដូចតែលតោលតែម្ដង»។
អ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ លើកឡើងថា ការយល់ឃើញរបស់ប្រជាពលរដ្ឋគឺជារឿងត្រឹមត្រូវ ព្រោះក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចជាច្រើនអាណត្តិហើយ មិនសូវមានការរីកចំរើនទេ ហើយបញ្ហាទំនាស់ដីធ្លី ការធ្វើចំណាកស្រុកកាន់តែច្រើន។
កញ្ញា លី ស្រីស្រស់ បន្ថែមទៀតថា មន្ត្រីគណបក្សប្រជាជនកម្ពុជា ដែលនឹងឡើងកាន់តំណែងថ្មីនោះ នឹងមានសមាសភាពមុខដដែលៗ ហើយក៏មិនមានអ្វីប្រែប្រួលជាដុំកំភួននោះទេ ដូច្នេះការដឹកនាំបែបនេះគ្មានអ្វីខុសប្លែកពីអាណត្តិមុននោះឡើយ៖ «ក្នុងប្រសិទ្ធភាពគឺ មិនខុសពីអាណត្តិមុនៗទេ ដូច្នេះហើយបានជាគេអាចសន្និដ្ឋានបានថា រដ្ឋាភិបាលអាណត្តិក្រោយនេះគឺ ប្រជាពលរដ្ឋសង្ឃឹមតិចចំពោះការចែកផល ផ្នែកសេដ្ឋកិច្ចនិងការដោះស្រាយបញ្ហាជាតិធំៗ និងបញ្ហានៅក្នុងសង្គមមួយទៀតនៅអាណត្តិថ្មីនេះ»។
កញ្ញាបន្ថែមទៀតថា បញ្ហានេះដោយសារតែជីវភាពរបស់ពលរដ្ឋក្រីក្រ ហើយមានការយល់ដឹងតិច ដែលងាយនឹងការចាញ់បោករបស់អ្នកនយោបាយ ប៉ុន្តែប្រសិនបើពួកគាត់មានជីវភាពធូរហើយមានចំណេះដឹងច្រើន អាជ្ញាធរនឹងសម្លុតពួកគាត់បានដូចសព្វថ្ងៃនេះទេ ព្រោះការទៅបោះឆ្នោតនិងមិនទៅបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋ។
ក្រុមប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា នូវែលហ្សេឡង់ បារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើម បានវាយតម្លៃការបោះឆ្នោតនៅកម្ពុជាថា គ្មានភាពសេរី និងយុត្តិធម៌ និងបង្ហាញពីបរាជ័យយ៉ាងធំបំផុតនៃប្រព័ន្ធប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ការអះអាងបែបនេះ ព្រោះក្រុមប្រទេសប្រជាធិបតេយ្យ យល់ថា បរិយាកាសនយោបាយទាំងមុន និងអំឡុងពេលបោះឆ្នោត មានការរឹតត្បិតយ៉ាងខ្លាំង ដោយសារតែការផាត់ចោលគណបក្សសង្គ្រោះជាតិ ចាប់ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដាក់ពន្ធនាគារហាមឃាត់សិទ្ធិនយោបាយរបស់មន្ត្រីបក្សប្រឆាំងចំនួន ១១៨រូប និងប្រើប្រព័ន្ធតុលាការ ដើម្បីរឹតត្បិតសិទ្ធិសេរីភាពបក្សប្រឆាំង អ្នកហ៊ានរិះគន់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment