Monday, 6 August 2018
ជប៉ុនខកចិត្តចំពោះការបោះឆ្នោត និងចង់ឱ្យរបបលោក ហ៊ុន សែន ចរចារកដំណោះស្រាយជាមួយបក្សប្រឆាំងឡើងវិញ
មាន ឫទ្ធិ
2018-08-05
rfa
ទង់ជាតិជប៉ុន
Photo: RFA
ប្រមុខការទូតជប៉ុន បានសម្ដែងក្ដីបារម្ភអំពីភាពអយុត្តិធម៌នៃការបោះឆ្នោតតំណាងរាស្ត្រនៅកម្ពុជា។ ការលើកឡើងពីក្តីបារម្ភនេះ ធ្វើឡើងក្នុងជំនួបមួយរវាងរដ្ឋមន្ត្រីការបរទេសជប៉ុន និងរដ្ឋមន្ត្រីការបរទេសរបបក្រុងភ្នំពេញ លោក ប្រាក់ សុខុន កាលពីថ្ងៃទី៤ សីហា នៅប្រទេសសិង្ហបុរី។ ប្រមុខការទូតជប៉ុន ថ្លែងថា ជប៉ុនបានជួយគាំទ្រដល់កម្ពុជាចំពោះការអភិវឌ្ឍ និងការកសាងជាតិឡើងវិញក្រោយសង្គ្រាមស៊ីវិល ក្នុងនាមជាមិត្ត ហើយចង់ឃើញកម្ពុជាដើរលើគន្លងនេះបន្តទៅទៀត។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក ថារ៉ូ កូណូ (Taro Kono) ថ្លែងថា ការបោះឆ្នោតនៅកម្ពុជាមានរឿងគួរ ឱ្យខកចិត្តជាច្រើន។ លោកកត់សម្គាល់ថា សន្លឹកឆ្នោតជាច្រើនក្លាយជាសន្លឹកឆ្នោតមិនបានការ ទោះបីជាជប៉ុនបានផ្ដល់ការគាំទ្រដើម្បីធានាថា សន្លឹកឆ្នោតទាំងឡាយនឹងឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ម្ចាស់ឆ្នោតបែបណាក្ដី។
ទូរទស្សន៍អ៊ិនអេចខេ (NHK) របស់ជប៉ុនបានស្រង់សម្ដីរបស់លោក លោក ថារ៉ូ កូណូ (Taro Kono) ថា លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជាពង្រឹងដំណើរការប្រជាធិបតេយ្យបន្ថែមទៀត តាមរយៈការបង្កើតបរិយាកាសជួបជជែកគ្នាជាមួយគណបក្សប្រឆាំងឡើងវិញ។ លោកអះអាងថា ជប៉ុនចង់ឃើញកម្ពុជាបោះជំហានទៅរកការរួមរួមជាតិឡើងវិញ។
នេះជាការបញ្ជាក់ជំហរត្រង់ៗរបស់មហាអំណាចសេដ្ឋកិច្ចមួយនេះ ដែលតែងផ្ដល់ការគាំទ្រដល់របបលោក ហ៊ុន សែន ដើម្បីរៀបចំការបោះឆ្នោតមួយដែលមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ក៏ប៉ុន្តែជំហរខកចិត្តរបស់ជប៉ុនចំពោះការបោះឆ្នោតដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យនេះ បែរជាត្រូវបានអ្នកនាំពាក្យបក្សកាន់អំណាចយល់ឃើញផ្សេងទៅវិញថា ជប៉ុនកំពុងស្ដីបន្ទោសឱ្យគណបក្សសង្គ្រោះជាតិ។
លោក សុខ ឥសាន សរសេរនៅក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) ថា ការសម្ដែងការសោកស្ដាយរបស់ជប៉ុននេះ គឺដោយសារជប៉ុនមិនពេញចិត្តនឹងអំពើវិទ្ធង្សនារបស់គណបក្សប្រឆាំង ដែលបានខិតខំគ្រប់រូបភាពដើម្បីបំផ្លាញការបោះឆ្នោតនេះ។ លោកបន្តថា ការចង់ឱ្យមានការចរចានយោបាយនៅកម្ពុជា គឺជាចេតនាដ៏ល្អរបស់ជប៉ុន ប៉ុន្តែលោកថានឹងគ្មានការចរចាណាមួយកើតឡើងឡើយ ព្រោះគណបក្សប្រឆាំងបានបិទទ្វារវប្បធម៌សន្ទនារួចទៅហើយ។ លោកបន្ថែមថា ការបោះឆ្នោតបានបញ្ចប់ទៅហើយ ដូច្នេះរឿងសំខាន់គឺត្រូវនាំគ្នាគោរពលទ្ធផលបោះឆ្នោតជាការស្រេច។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ ថ្លែងថា គណបក្សកាន់អំណាចមិនបាច់បកស្រាយច្រើនទេ ទាក់ទងនឹងការបោះឆ្នោតនេះ ព្រោះលោកជឿជាក់ថា ជប៉ុនបានដឹងច្បាស់រួចទៅហើយអំពីអ្វីដែលបានកើតឡើងនោះ។ លោកថា ភាសាដែលជប៉ុនប្រើនេះ ជាភាសាខកចិត្តចំពោះការបោះឆ្នោតដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ ហើយដែលជប៉ុនបានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីជំរុញឱ្យមានដំណើរការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ។ លោកជំរុញឱ្យថ្នាក់ដឹកនាំគណបក្សកាន់អំណាចវិលមករកការចរចានយោបាយជាមួយគណបក្សប្រឆាំងវិញ ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងឈានដល់ការបញ្ចប់ជម្លោះនយោបាយរ៉ាំរ៉ៃនេះ។ «»
ជប៉ុនជាប្រទេសប្រជាធិបតេយ្យឈានមុខនៅអាស៊ី ដែលបានបង្ហាញជំហរចុងក្រោយគេអំពីការបោះឆ្នោតបែបបង្គ្រប់កិច្ចនៅកម្ពុជា។ ក្រុមប្រទេសប្រជាធិបតេយ្យលោកខាងលិចជាច្រើនប្រទេស ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ មិនទទួលស្គាល់ការបោះឆ្នោតនេះ ថា ជាការបោះឆ្នោតពិតប្រាកដឡើយ ដោយសាររបបលោក ហ៊ុន សែន បានបង្កើតព្រឹត្តិការណ៍ជាច្រើន ដែលបំផ្លាញដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅមុនការបោះឆ្នោតមកដល់។ ហេតុការណ៍ទាំងនោះរួមមាន ការរំលាយគណបក្សសង្គ្រោះជាតិ និងហាមប្រាមថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨នាក់ មិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ ការចាប់ខ្លួនលោក កឹម សុខា ដាក់ពន្ធនាគារជិត ១ ឆ្នាំដោយគ្មានការកាត់ទោស ការធ្វើទុក្ខបុកម្នេញលើក្រុមអង្គការសង្គមស៊ីវិល និងការវាយបង្ក្រាបឥតឈប់ឈរលើសារព័ត៌មានឯករាជ្យជាដើម។
ក្រុមប្រទេសប្រជាធិបតេយ្យទាំងនេះជំរុញឱ្យរបបក្រុងភ្នំពេញ ស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត ធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ព្រមទាំងអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលបំពេញតួនាទីដ៏សំខាន់របស់ពួកគេដោយគ្មានការរារាំង បើពុំដូច្នោះទេ របបលោក ហ៊ុន សែន អាចនឹងត្រូវទទួលរងសម្ពាធ និងការដាក់ទណ្ឌកម្មពីក្រុមប្រទេសទាំងនោះជាក់ជាមិនខាន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment