មាន ឫទ្ធិ
2018-08-26
rfa

អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពីឆ្វេងខាងលើ៖ មន្ត្រីសមាគមអាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នកទាំង៥ ត្រូវតុលាការសម្រេចឃុំខ្លួនពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី។
RFA
ក្រុមអង្គការអន្តរជាតិចំនួន៥ ក្នុងនោះមានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ( Human Rights Watch) អង្គការសម្ពន្ធភាពពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ ( CIVICUS ) អង្គការបណ្ដាញអាស៊ីដើម្បីការបោះឆ្នោតដោយសេរី ( ANFREL ) អង្គការសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ ( SEAPA ) និងអង្គការក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ( APHR ) ស្នើឲ្យរបបក្រុងភ្នំពេញ ទម្លាក់ចោលជាបន្ទាន់ នូវបទចោទដែលមានចរិតនយោបាយ ស្ដីពីការសូកប៉ាន់សាក្សី ប្រឆាំងនឹងក្រុមអ្នកការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក (Adhoc) ៥រូប ដែលត្រូវបានគេស្គាល់ថា ជាភាសាអង់គ្លេសថា ADHOC 5 តាមរយៈយុទ្ធនាការនៅលើបណ្ដាញសង្គម។
ក្នុងចំណោមមន្ត្រីសមាគមអាដហុក ៥រូបនេះ ៤ រូបបច្ចុប្បន្នជាមន្ត្រីបម្រើការឲ្យអង្គការអាដហុក រួមមានលោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត និងអ្នកស្រី លឹម មុនី និងមន្ត្រីម្នាក់ទៀតគឺលោក នី ចរិយា ជាអតីតមន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក បច្ចុប្បន្នជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប។ តុលាការគ្រោងបើកសវនាការលើបណ្ដឹងប្រឆាំងនឹងពួកគេបីរូប គឺលោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងលោក នី ចរិយា នៅថ្ងៃចន្ទ ទី២៧ ខែសីហា ស្អែកនេះ បន្ទាប់ពីបានផ្អឹបទុកសំណុំរឿងនេះអស់រយៈពេលជាងមួយឆ្នាំមក។ ប្រសិនបើតុលាការរកឃើញថា ពួកគេមានទោស នោះពួកគេម្នាក់ៗអាចជាប់ពន្ធនាគាររវាងពីចន្លោះ ៥ ទៅ ១០ឆ្នាំ។
លោក ហ្វីល រ៉ូប៊ើតសុន ( Phil Robertson ) នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ( Human Rights Watch ) ថ្លែងក្នុងសេចក្ដីថ្លែងការណ៍រួមរបស់អង្គការទាំង ៥នេះ ចេញផ្សាយកាលពីថ្ងៃទី២៦ សីហា ថា សំណុំរឿងប្រឆាំងនឹងមន្ត្រីអាដហុកទាំង ៥រូបនេះ តំណាងឲ្យអំពើយាយីតាមផ្លូវច្បាប់ ដែលក្រុមសកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ត្រូវប្រឈម ដោយសារតែពួកគេហ៊ានតស៊ូដើម្បីស្វែងរកយុត្តិធម៌ និងសិទ្ធិមនុស្សនៅកម្ពុជា។ លោក ហ្វីល រ៉ូប៊ើតសុន ថ្លែងថា ដោយបានធ្វើឲ្យប្រទេសកម្ពុជាត្រលប់ទៅជារដ្ឋគ្រប់គ្រងតាមបែបឯកបក្ស ឥឡូវនេះ រដ្ឋាភិបាលកម្ពុជា ទំនងជាមានចេតនាចង់បំផ្លាញក្រុមអង្គការសង្គមស៊ីវិល។
ដោយឡែក លោក ឆាល សាន់ទីយ៉ាហ្គោ ( Charles Santiago ) ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាតំណាងរាស្ត្រម៉ាឡេស៊ី ថ្លែងថា សំណុំរឿងនេះ គឺគ្រាន់តែជាឧទាហរណ៍ជាក់ស្ដែងតូចមួយ នៃស្ថានការណ៍ទាំងមូលដែលកើតមាននៅក្នុងប្រទេសកម្ពុជា ដែលក្រុមអ្នកការពារសិទ្ធិមនុស្ស ត្រូវប្រឈមមុខខ្លាំង។ លោកបន្តថា អាជ្ញាធរកម្ពុជា គួរតែបញ្ឈប់ការប៉ុនប៉ងរបស់ពួកគេ ក្នុងការបំបិទមាត់ក្រុមសកម្មជន និងអង្គការសង្គមស៊ីវិល។
បន្ថែមពីលើនេះ មន្ត្រីអង្គការសម្ពន្ធភាពពិភពលោកសម្រាប់ការចូលរួមរបស់ពលរដ្ឋ ( CIVICUS ) លោក David Kode មានប្រសាសន៍ថា អាជ្ញាធរកម្ពុជា ត្រូវធានាថា អង្គការសង្គមស៊ីវិល អាចបំពេញសកម្មភាពស្របច្បាប់របស់ពួកគេ ដោយគ្មានការភ័យខ្លាច ឬការរារាំងមិនត្រឹមត្រូវណាមួយ ការបង្កឧបសគ្គ ឬការយាយីតាមប្រព័ន្ធតុលាការនោះឡើយ។ ការធានានេះរួមមាន ការលុបចោលវិធានការណ៍ផ្លូវច្បាប់ និងគោលនយោបាយនានា ដែលបានដាក់កម្រិតដោយពុំសមហេតុផល ទៅលើសិទ្ធិក្នុងការបញ្ចេញមតិ និងការជួបប្រជុំជាដើម។
លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងលោក នី ចរិយា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារព្រៃស កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ ក្រោមបទចោទសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ និងបទសមគំនិតសូកប៉ាន់សាក្សី តាមមាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងអំពើពុករលួយ ជុំវិញការចោទប្រកាន់របស់អ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ អ្នកទាំង៥ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ក្រោយពីបានឃុំខ្លួនបណ្ដោះអាសន្នអស់រយៈពេល ៤២៧ ថ្ងៃ រួចមក ខណៈសំណុំរឿងរបស់ពួកគេមិនត្រូវបានតុលាការទម្លាក់ចោលឡើយ។
ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស មន្ត្រីការទូត និងសកម្មជននានា ចាត់ទុកសំណុំរឿងនេះ ថា មានចរិតនយោបាយ។ សំណុំរឿងប្រឆាំងនឹងមន្ត្រីសិទ្ធិមនុស្សអាដហុកទាំង ៥ រូបនេះ ទទួលរងនូវការថ្កោលទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ កាលពីខែមេសា ឆ្នាំ២០១៧ ក្រុមមន្ត្រីសិទ្ធិមនុស្សទាំង ៥នេះ ត្រូវបានជ្រើសរើសឲ្យទទួលពានរង្វាន់ Martin Ennals Award ដែលត្រូវគេស្គាល់ថា ជាពានរង្វាន់ណូបែលសម្រាប់ក្រុមអ្នកការពារសិទ្ធិមនុស្ស។
កាលពីឆ្នាំ២០១៦ ក្រុមការងាររបស់អង្គការសហប្រជាជាតិ ស្ដីពីការឃុំខ្លួនតាមទំនើងចិត្ត បានប្រកាសថា ការឃុំខ្លួនបណ្ដោះអាសន្ន មុនអង្គសេចក្ដីប្រឆាំងនឹងអ្នកទាំង ៥ រូបនេះ គឺជាអំពើឃុំខ្លួនតាមទំនើងចិត្ត៕
1 comment:
We should put the person (Ah Kwack Hun Sen) who released these political prisoners in jail because these persons did not do anything wrong.
It is time for Khmer people to fight back against this worst Khmer traitor Hun Sen. Releasing the innocent people from jail is not enough and not right. Putting Ah Kwack Hun Sen in jail is the right thing to do.
Post a Comment