Monday, 27 August 2018

ក្រុម​អង្គការ​អន្តរជាតិ​ចំនួន​៥​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​បែប​ប្រឌិត​ប្រឆាំង​នឹង​មន្ត្រី​សិទ្ធិមនុស្ស


មាន ឫទ្ធិ
2018-08-26 
rfa
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី  លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
អគ្គលេខាធិការ​រង គ.ជ.ប លោក នី ចរិយា (រូបឈរ)។ ពី​ឆ្វេង​ខាងលើ៖ មន្ត្រី​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី លោក ណៃ វ៉ង់ដា និងលោក នី សុខា។ អ្នក​ទាំង​​៥ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ពី​បទ​សូក​ប៉ាន់សាក្សី និង​សម​គំនិត​សូកប៉ាន់​សាក្សី។
 RFA



ក្រុម​អង្គការ​អន្តរជាតិ​ចំនួន​៥ ក្នុង​នោះ​មាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ ( Human Rights Watch) អង្គការ​សម្ពន្ធភាព​ពិភពលោក​សម្រាប់​ការចូលរួម​របស់​ពលរដ្ឋ ( CIVICUS ) អង្គការ​បណ្ដាញ​អាស៊ី​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ( ANFREL ) អង្គការ​សម្ព័ន្ធ​សារព័ត៌មាន​អាស៊ីអាគ្នេយ៍ ( SEAPA ) និង​អង្គការ​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ( APHR ) ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ ទម្លាក់​ចោល​ជាបន្ទាន់ នូវ​បទ​ចោទ​ដែល​មាន​ចរិត​នយោបាយ ស្ដីពី​ការ​សូកប៉ាន់​សាក្សី ប្រឆាំង​នឹង​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស​របស់​សមាគម​អាដហុក (Adhoc) ៥​រូប ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ភាសា​អង់គ្លេស​ថា ADHOC 5 តាមរយៈ​យុទ្ធនាការ​នៅ​លើ​បណ្ដាញ​សង្គម។



ក្នុងចំណោម​មន្ត្រី​សមាគម​អាដហុក ៥​រូប​នេះ ៤ រូប​បច្ចុប្បន្ន​ជា​មន្ត្រី​បម្រើការ​ឲ្យ​អង្គការ​អាដហុក រួមមាន​លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត និង​អ្នកស្រី លឹម មុនី និង​មន្ត្រី​ម្នាក់ទៀត​គឺ​លោក នី ចរិយា ជា​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​សមាគម​អាដហុក បច្ចុប្បន្ន​ជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ តុលាការ​គ្រោង​បើក​សវនាការ​លើ​បណ្ដឹង​ប្រឆាំង​នឹង​ពួកគេ​បី​រូប គឺ​លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និង​លោក នី ចរិយា នៅ​ថ្ងៃ​ចន្ទ ទី២៧ ខែ​សីហា ស្អែក​នេះ បន្ទាប់ពី​បាន​ផ្អឹប​ទុក​សំណុំ​រឿង​នេះ​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក។ ប្រសិនបើ​តុលាការ​រក​ឃើញ​ថា ពួកគេ​មានទោស នោះ​ពួកគេ​ម្នាក់ៗ​អាច​ជាប់​ពន្ធនាគារ​រវាង​ពី​ចន្លោះ ៥ ទៅ ១០ឆ្នាំ។

លោក ហ្វីល រ៉ូប៊ើតសុន ( Phil Robertson ) នាយករង​ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ( Human Rights Watch ) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​ទាំង ៥​នេះ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី២៦ សីហា ថា សំណុំរឿង​ប្រឆាំង​នឹង​មន្ត្រី​អាដហុក​ទាំង ៥​រូប​នេះ តំណាង​ឲ្យ​អំពើ​យាយី​តាម​ផ្លូវ​ច្បាប់ ដែល​ក្រុម​សកម្មជន និង​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវ​ប្រឈម ដោយសារតែ​ពួកគេ​ហ៊ាន​តស៊ូ​ដើម្បី​ស្វែងរក​យុត្តិធម៌ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ លោក ហ្វីល រ៉ូប៊ើតសុន ថ្លែង​ថា ដោយ​បាន​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រលប់​ទៅជា​រដ្ឋ​គ្រប់គ្រង​តាម​បែប​ឯកបក្ស ឥឡូវនេះ រដ្ឋាភិបាល​កម្ពុជា ទំនង​ជា​មាន​ចេតនា​ចង់​បំផ្លាញ​ក្រុម​អង្គការ​សង្គម​ស៊ីវិល។

ដោយឡែក លោក ឆាល សាន់ទីយ៉ាហ្គោ ( Charles Santiago ) ប្រធាន​ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស និង​ជា​តំណាងរាស្ត្រ​ម៉ាឡេស៊ី ថ្លែង​ថា សំណុំ​រឿង​នេះ គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​ជាក់ស្ដែង​តូច​មួយ នៃ​ស្ថានការណ៍​ទាំងមូល​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស ត្រូវ​ប្រឈមមុខ​ខ្លាំង។ លោក​បន្ត​ថា អាជ្ញាធរ​កម្ពុជា គួរតែ​បញ្ឈប់​ការប៉ុនប៉ង​របស់​ពួកគេ ក្នុង​ការ​បំបិទមាត់​ក្រុម​សកម្មជន និង​អង្គការ​សង្គមស៊ីវិល។

បន្ថែម​ពីលើ​នេះ មន្ត្រី​អង្គការ​សម្ពន្ធភាព​ពិភពលោក​សម្រាប់​ការចូលរួម​របស់​ពល​រដ្ឋ ( CIVICUS ) លោក David Kode មាន​ប្រសាសន៍ថា អាជ្ញាធរ​កម្ពុជា ត្រូវ​ធានា​ថា អង្គការ​សង្គម​ស៊ីវិល អាច​បំពេញ​សកម្មភាព​ស្របច្បាប់​របស់​ពួកគេ ដោយ​គ្មាន​ការភ័យខ្លាច ឬ​ការរារាំង​មិន​ត្រឹមត្រូវ​ណាមួយ ការ​បង្ក​ឧបសគ្គ ឬ​ការ​យាយី​តាម​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។ ការ​ធានា​នេះ​រួមមាន ការ​លុបចោល​វិធានការណ៍​ផ្លូវច្បាប់ និង​គោលនយោបាយ​នានា ដែល​បាន​ដាក់​កម្រិត​ដោយ​ពុំ​សម​ហេតុផល ទៅលើ​សិទ្ធិ​ក្នុង​ការ​បញ្ចេញមតិ និង​ការ​ជួប​ប្រជុំ​ជាដើម។

លោក ណៃ វ៉ង់ដា លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និង​លោក នី ចរិយា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៦ ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ និង​បទ​សមគំនិត​សូកប៉ាន់​សាក្សី តាម​មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ។ អ្នក​ទាំង​៥ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ថ្ងៃទី២៩ ខែ​មិថុនា ឆ្នាំ​២០១៧ ក្រោយ​ពី​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល ៤២៧ ថ្ងៃ រួចមក ខណៈ​សំណុំរឿង​របស់​ពួកគេ​មិន​ត្រូវ​បាន​តុលាការ​ទម្លាក់​ចោល​ឡើយ។

ក្រុម​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស មន្ត្រី​ការទូត និង​សកម្មជន​នានា ចាត់​ទុក​សំណុំ​រឿង​នេះ ថា មាន​ចរិត​នយោបាយ។ សំណុំរឿង​ប្រឆាំង​នឹង​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក​ទាំង ៥ រូប​នេះ ទទួលរង​នូវ​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ។ កាលពី​ខែ​មេសា ឆ្នាំ​២០១៧ ក្រុម​មន្ត្រី​សិទ្ធិមនុស្ស​ទាំង ៥​នេះ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទទួល​ពានរង្វាន់ Martin Ennals Award ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ពានរង្វាន់​ណូបែល​សម្រាប់​ក្រុម​អ្នកការពារ​សិទ្ធិមនុស្ស។

កាលពី​ឆ្នាំ​២០១៦ ក្រុមការងារ​របស់​អង្គការសហប្រជាជាតិ ស្ដីពី​ការ​ឃុំ​ខ្លួន​តាម​ទំនើងចិត្ត បាន​ប្រកាស​ថា ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន មុន​អង្គ​សេចក្ដី​ប្រឆាំង​នឹង​អ្នក​ទាំង ៥ រូប​នេះ គឺជា​អំពើ​ឃុំខ្លួន​តាម​ទំនើងចិត្ត៕

1 comment:

Anonymous said...

We should put the person (Ah Kwack Hun Sen) who released these political prisoners in jail because these persons did not do anything wrong.

It is time for Khmer people to fight back against this worst Khmer traitor Hun Sen. Releasing the innocent people from jail is not enough and not right. Putting Ah Kwack Hun Sen in jail is the right thing to do.