Monday, 20 August 2018
បទវិភាគ៖ តើបក្សប្រឆាំងគួរបង្កើតរដ្ឋាភិបាលនិរទេសសម្រាប់ជាមធ្យោបាយចុងក្រោយឬយ៉ាងណា?
មាន ឫទ្ធិ
2018-08-18
rfa
ពីឆ្វេង៖ លោក អេង ឆៃអ៊ាង លោក សម រង្ស៊ី អ្នកស្រី ជូឡុង សូមូរ៉ា និងអ្នកស្រី មូរ សុខហួរ ក្នុងកិច្ចពិភាក្សាអំពីការបង្កើតទស្សនវិស័យ និងគោលដៅចលនាសង្គ្រោះជាតិ នៅរដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ មករា ឆ្នាំ២០១៨។
Photo courtesy of Sam Rainsy Facebook's page
របបលោក ហ៊ុន សែន កំពុងពន្លឿនគម្រោងការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី ដែលជាផលិតផលសម្រេចនៃអំពើប្លន់ និងផាត់ចោលស្របច្បាប់ឆន្ទៈប្រជារាស្ត្រខ្មែរ តាមរយៈការរៀបចំការបោះឆ្នោត «ក្លែងក្លាយ» រួចមក។ ក្នុងបរិបទដែលកម្ពុជាចៀសមិនផុតពីមានរដ្ឋាភិបាលមិនស្របច្បាប់ និងដែលមិនអាចឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរទាំងមូលបាន តើដល់ពេលវេលាហើយឬនៅ សម្រាប់គណបក្សសង្គ្រោះជាតិ ជ្រើសរើសយកជម្រើសនៃការបង្កើតរដ្ឋាភិបាលនិរទេស សម្រាប់ជាមធ្យោបាយចុងក្រោយ នៃការបន្តការតស៊ូចលនានយោបាយរបស់ខ្លួន ក្នុងបុព្វហេតុនាំយកមកនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដមួយ ជូនដល់សង្គមកម្ពុជា និងប្រជាពលរដ្ឋខ្មែរគ្រប់រូបនោះ?
ជាបន្តទៅទៀតនេះ សូមអញ្ជើញលោកអ្នកតាមដានបទវិភាគរបស់លោក មាន ឫទ្ធិ ដែលនឹងសាកល្បងពិនិត្យមើលពីប្រសិទ្ធភាព នៃជម្រើសចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ តាមរយៈការបង្កើតរដ្ឋាភិបាលនិរទេស ដូចតទៅ៖
ដូចតាមការគ្រោងទុក ដោយមិនបង្អែបង្អង់យូរ ព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តាមសំណើរបស់ព្រឹទ្ធិសមាជិករដ្ឋសភា លោក ហេង សំរិន និងសំណើរបស់ប្រធានគណបក្សប្រជាជនកម្ពុជា។ ការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់នេះ ធ្វើឡើងក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានក្បាលម៉ាស៊ីនដឹកនាំ សុទ្ធតែជាក្រុមមនុស្សជំនិតៗ របស់គណបក្សប្រជាជនកម្ពុជា បានចេញមុខជាបន្តបន្ទាប់ មកប្រថាប់ត្រាប្រកាសផ្ដល់សុពលភាពជាផ្លូវការលើលទ្ធផល នៃព្រឹត្តិការណ៍ថ្ងៃទី២៩ កក្កដា ដែលគេឯងចាត់ទុកថាជាការបោះឆ្នោត «ក្លែងក្លាយ»។ ស្របពេលជាមួយគ្នានេះ លោក ហ៊ុន សែន ក៏កំពុងបង្កើនល្បឿន មហាលោតផ្លោះ បោះពួយ មួយជំហានធំទៅមុខទៀត បន្ថែមពីលើគំនរនៃកំហុសឆ្គងធ្ងន់ធ្ងរក្នុងប្រវត្តិសាស្ត្រ ប្រព្រឹត្តដោយលោកដែលមានស្រាប់ នៅក្នុងរជ្ជកាលដឹកនាំរបស់លោក ឈានឆ្ពោះទៅរកការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី។ ថាតើរដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះ ប្រសូតរស់ ឬប្រសូតស្លាប់ ឬមានជោគវាសនាយ៉ាងណានោះ នេះគឺជាសំណួរដាច់ដោយឡែកមួយផ្សេងទៀត។ ប៉ុន្តែ បញ្ហាគឺស្ថិតនៅត្រង់ថា នេះគឺជាការបិទបញ្ចប់ជាស្ថាពរ នៃផែនការយុទ្ធសាស្ត្រ ធានាជ័យជម្នះជានិរន្ត របស់គណបក្សប្រជាជនកម្ពុជា ក្នុងដំណើរឈានទៅរកការចាប់ផ្ដើមអនុវត្តមហិច្ឆតាគ្រប់គ្រងអំណាចតពូជពង្សវង្សត្រកូល ដែលលោក ហ៊ុន សែន គ្រោងសម្រេចឲ្យខាងតែបាន នៅមុនពេលលោកចូលនិវត្ត នារយៈពេលយ៉ាងហោចណាស់ ១០ឆ្នាំ ខាងមុខទៀតនេះ។
ទីបំផុតទៅ ប្រព័ន្ធប្រជាធិបតេយ្យទាំងមូល ដែលសូម្បីតែសម្បកដែលនៅសេសសល់បន្តិចបន្តួចចុងក្រោយ ត្រូវបានគាស់រម្លើងរម្លាយចោល ក្រោមកណ្ដាប់ដៃដែករបស់លោក ហ៊ុន សែន និងបក្ខពួករបស់លោក។ ឆន្ទៈពិតប្រាកដរបស់ប្រជារាស្ត្រខ្មែរ ដែលជាម្ចាស់អំណាច ម្ចាស់ប្រទេស ដែលមានអធិបតេយ្យ និងឯករាជ្យមួយ ដូចដែលត្រូវបានធានាដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ហើយដែលបាននាំមកជូនដោយកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ ក្រោយពីបានហែលឆ្លងកាត់សង្គ្រាមបង្ហូរឈាមរវាងខ្មែរ និងខ្មែរ អស់ជាច្រើនឆ្នាំមកនោះ ក៏មិនអាចធានា ឬលែងត្រូវបានឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈ រដ្ឋាភិបាលតំណាងស្របច្បាប់ របស់ពួកគេបានតទៅទៀតហើយ ដោយសារតែរដ្ឋសភា និងរដ្ឋាភិបាលថ្មីនេះ ជារដ្ឋាភិបាលតំណាងឲ្យឆន្ទៈ «ក្លែងក្លាយ» ដែលជាសមិទ្ធផលនៃការបោះឆ្នោត «ក្លែងក្លាយ»។
ចង់ ឬមិនចង់ តែមួយពព្រិចភ្នែក គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យឆន្ទៈប្រជារាស្ត្រខ្មែរ ជាងកន្លះនគរ ត្រូវបានរបបលោក ហ៊ុន សែន ផាត់ចោល និងរុញច្រានឲ្យស្ថិតក្នុងស្ថានភាពទាល់ច្រកមួយ ដែលស្ទើរតែគ្មានជម្រើសសេសសល់សម្រាប់ដើរសូម្បីតែបន្តិចបន្តួចនោះ។ តាមរយៈយុទ្ធសាស្ត្រ «ជីកស្មៅ ជីកទាំងឬស» របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាជ័យជម្នះក្រាញអំណាចជានិរន្តនេះ គណបក្សសង្គ្រោះជាតិ ត្រូវបានរបបលោក ហ៊ុន សែន រម្លាយចោល នៅមិនដល់ប្រមាណមួយឆ្នាំមុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦។ មន្ត្រីនយោបាយកំពូលៗ ដែលជាសមាជិកថ្នាក់ដឹកនាំគណបក្សនេះចំនួន ១១៨រូប ត្រូវបានហាមប្រាមពីការធ្វើនយោបាយរយៈពេលដល់ទៅ ៥ឆ្នាំ ស្របពេលដែលប្រធានគណបក្សនេះ គឺលោក កឹម សុខា ត្រូវបានចាប់ឃុំខ្លួនដាក់ពន្ធនាគារ ក៏ដូចជាសកម្មជនដទៃទៀតនៃគណបក្សនេះមួយចំនួន បានក្លាយជាអ្នកទោសនយោបាយ។ អ្នកនយោបាយដែលរួចខ្លួន ក្រៅពីនេះផ្សេងទៀត បានបង្ខំចិត្តសម្ងំរស់នៅលាក់ខ្លួន ឬត្រូវភៀសខ្លួន សុំសិទ្ធិជ្រកកោននយោបាយ ចាកឆ្ងាយពីមាតុភូមិកំណើត ក្រុមគ្រួសារ និងសាច់ញាតិជាទីស្រលាញ់របស់ខ្លួន ដែលក្នុងនោះ ក៏រួមមានអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមន្ត្រីដែលជាតំណាងរាស្ត្រ ឬសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាប់ឆ្នោតជាច្រើននាក់ទៀត របស់គណបក្សនេះផងដែរ។ ពួកគេខ្លះត្រូវប្រឈមនឹងបណ្ដឹងវ័ណ្ឌក ប្រសិនបើហ៊ានជាន់ជើងនៅលើទឹកដីកំណើតរបស់ខ្លួនវិញនោះ។
ឆ្លើយតបនឹងបញ្ហាថា តើគណបក្សសង្គ្រោះជាតិ គួរមានយុទ្ធសាស្ត្រដោះស្រាយបែបណាតទៅទៀត នៅចំពោះមុខស្ថានភាពព្យុះព្យោមានេះ ដែលមិនត្រឹមតែប៉ះពាល់ដល់អត្ថិភាពរបស់គណបក្សនេះប៉ុណ្ណោះទេ តែដល់អាយុជីវិតប្រទេសជាតិទាំងមូលនោះ មានសេណារីយោនយោបាយដ៏លេចធ្លោមួយ ត្រូវគេមើលឃើញថា ទំនងអាចក្លាយជាជម្រើសដ៏មានប្រសិទ្ធភាពមួយ ដើម្បីទប់ស្កាត់ផែនការមេរបស់លោក ហ៊ុន សែន ដែលនោះ គឺគ្មានអ្វីក្រៅពីការឈានទៅរករបបគ្រប់គ្រងប្រទេសតាមរយៈការផ្ទេរអំណាចតពូជពង្សវង្សត្រកូលនោះឡើយ។ សេណារីយោការបង្កើតរដ្ឋាភិបាលនិរទេសមួយ អាចជាយុទ្ធសាស្ត្រដំណោះស្រាយឆ្លើយតបប្រសើរមួយ នៅចំពោះមុខឧបាយកល និងម៉ាស៊ីននយោបាយ នៃប្រព័ន្ធផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលកំពុងតែចាក់ឬសគល់យ៉ាងជ្រៅ ក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ននេះ។
មិនមែនជារឿងចម្លែក ឬដំបូងឡើយ ដែលទ្រឹស្ដីនៃការបង្កើតរដ្ឋាភិបាលនិរទេសនេះ ត្រូវបានយកមកអនុវត្តនៅកម្ពុជានោះ។ គេនៅចាំបានថា នៅក្រោយព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ ថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ និងព្រឹត្តិការណ៍បន្តបន្ទាប់ ក្នុងសម័យសង្គ្រាមស៊ីវិល នាទសវត្សរ៍ទី៧០ និង៨០ កម្ពុជាក៏ធ្លាប់មានរដ្ឋាភិបាលនិរទេស ដឹកនាំដោយសម្ដេច នរោត្តម សីហនុ ដែលមានមូលដ្ឋាននៅលើទឹកដីនៃប្រទេសមហាអំណាចកុម្មុយនិស្តចិន និងបន្ទាប់មកទៀតរដ្ឋាភិបាលត្រីភាគី នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជាដើម។
សម្រាប់បរិបទបច្ចុប្បន្ន ការបង្កើតរដ្ឋាភិបាលនិរទេសនេះ អាចនឹងមិនចាំបាច់ប្រឈមនូវបញ្ហា ខ្លាំងដូចកាលពីពេលអតីតកាលទៀតនោះទេ ដោយសារតែកាលៈទេសៈបច្ចុប្បន្ននេះ មិនតម្រូវឲ្យមានការតស៊ូតាមបែបកម្លាំងប្រដាប់អាវុធតាមរយៈការរត់ចូលព្រៃ ឬទៅខ្ចីទឹកដីបរទេសដើម្បីដណ្ដើមអំណាចនោះឡើយ។ រដ្ឋាភិបាលនិរទេសនេះ បង្កើតឡើងដើម្បីបង្ហាញពីជំហរសាមគ្គីភាពរឹងមាំ មិនមានការបែកបាក់ បញ្ជាក់ពីភាពមោះមុត ក្នុងការតស៊ូ និងការប្តេជ្ញាចិត្តឡើងវិញ ការប្រមូលផ្តុំប្រមុំកម្លាំងគ្នាជាធ្លុងមួយ ក្នុងនាមជាមហាគ្រួសារខ្មែររបស់ក្រុមអ្នកនិយមប្រជាធិបតេយ្យ ឲ្យមានទម្ងន់កាន់តែខ្លាំងក្លា ដើម្បីងាយស្រួលក្នុងការបំពេញការងារតទល់នឹងរបបលោក ហ៊ុន សែន ទាំងនៅក្នុងសមរភូមិការទូត សមរភូមិនយោបាយ សមរភូមិស៊ីវិលនានា ដើម្បីឈានទៅរកគោលដៅនៃការចរចា បិទបញ្ចប់ជម្លោះនយោបាយ ដែលមានលក្ខណៈទូលំទូលាយមួយ តាមរយៈការនាំមកនូវប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដដល់កម្ពុជា។ នេះមានន័យថា ដំណោះស្រាយនយោបាយនៅកម្ពុជា មិនមែនបញ្ឈប់ត្រឹមតែការទាមទារឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយប៉ុន្មាននាក់នោះ ជាថ្នូរនឹងការទទួលស្គាល់រដ្ឋាភិបាលរបបលោក ហ៊ុន សែន ថ្មីនេះឡើយ។ តាមរយៈការបង្កើតយន្តការរដ្ឋាភិបាលនិរទេសនេះ ក្រុមអ្នកនិយមប្រជាធិបតេយ្យ អាចមានអានុភាព ឬកម្លាំងគ្រប់គ្រាន់ ដើម្បីបម្លែងវិបត្តិនយោបាយសព្វថ្ងៃនេះ ឲ្យក្លាយជាឱកាសនៃការទាមទារទូលំទូលាយមួយ នូវការធានាការត្រលប់មកវិញនូវប្រព័ន្ធប្រជាធិបតេយ្យមួយ ដែលដំណើរការពិតប្រាកដ មិនមែនជាប្រព័ន្ធក្លែងក្លាយ តាមរយៈការស្នើឲ្យមានការកោះប្រជុំបន្ទាន់ភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ព្រមទាំងការដាក់សម្ពាធទៅកាន់របបលោក ហ៊ុន សែន ថ្មីនេះ ឲ្យវិលមករកការចរចា ជាថ្នូរនឹងការលុបចោលនូវច្បាប់ដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិពីសំណាក់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអូស្ត្រាលី ជាដើម ការលុបចោលប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និង EBA របស់សហភាពអឺរ៉ុប ការមិនកាត់ផ្ដាច់ទំនាក់ទំនងការទូតទ្វេភាគីពីក្រុមប្រទេសនិយមប្រជាធិបតេយ្យទាំងនេះ បន្ថែមពីលើលក្ខខណ្ឌនៃការដាក់អាសនៈកម្ពុជានៅមហាសន្និបាតអង្គការសហប្រជាជាតិ ឲ្យនៅទំនេរ ដូចកាលក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ៥-៦កក្កដា ឆ្នាំ១៩៩៧ ជាដើម ដែលសុទ្ធតែជាស្ថានភាព អាចនឹងឈានទៅកើតមានឡើងបាននាពេលខាងមុខនេះ ប្រសិនបើគណបក្សសង្គ្រោះជាតិ ប្តេជ្ញាចិត្តមោះមុតតាមរយៈការបង្កើតយន្តការរដ្ឋាភិបាលនិរទេសនេះ។
បញ្ហាសំខាន់នៅត្រង់ថា តើគណបក្សសង្គ្រោះជាតិ មានធនធានគ្រប់គ្រាន់ និងមូលមតិស្រុះស្រួលគ្នាជាធ្លុងមួយ តាមរយៈការបើកចំហចិត្តគំនិត កាយវិការ និងបេះដូង ទទួលយកការចូលរួមពីក្រុមខ្មែរអ្នកស្នេហាជាតិ អ្នកនិយមប្រជាធិបតេយ្យ អ្នកកណ្ដាលនិយម ឬអ្នកឯករាជ្យដទៃទៀត ហើយឬនៅ ដើម្បីចាប់យកឧកាសនេះ ចេះធ្វើការរួមគ្នាជាធ្លុងមួយបាននោះ។
ដើម្បីឈានទៅសម្រេចបាននូវគោលដៅនេះ គណបក្សសង្គ្រោះជាតិ អាចពិចារណាបង្កើត រដ្ឋាភិបាលនិរទេសមួយ ដែលតំណាងឲ្យព្រលឹងខ្មែរពិតប្រាកដ ដើម្បីបុព្វហេតុការពារ អធិបតេយ្យ ឯករាជ្យភាព បូរណភាពទឹកដី និងឆន្ទៈប្រជារាស្ត្រខ្មែរ ដែលកំពុងទទួលរងនូវការរំលោភបំពានដោយឥតស្រាកស្រាន្ត និងយ៉ាងគឃ្លើន ពីសំណាក់របបលោក ហ៊ុន សែន ហើយដែលគឺជាការមើលងាយ និងជាន់ឈ្លីព្រលឹងបុព្វបុរសខ្មែរ ដែលបានខិតខំការពារ បន្សល់ទុកនូវកេរដំណែលទឹកដីដ៏ពិសិដ្ឋ និងជាប្រវត្តិសាស្ត្ររហូតមកទល់ពេលបច្ចុប្បន្នកាលនេះ។ ជារដ្ឋាភិបាលនិរទេស តស៊ូផ្អែកនៅលើឆន្ទៈ និងស្មារតីរួម នៃការស្រលាញ់ជាតិ ស្នេហាមាតុភូមិកំណើត លទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ពិតប្រាកដ។
រដ្ឋាភិបាលនិរទេសនេះ អាចថា ជារដ្ឋាភិបាលនិរទេសបែបជឿនលឿន តែស្វិតស្វាញ មិនងាយសាបសូន្យ ដោយមានមូលដ្ឋាននៅលើទឹកដីនៃប្រទេសលោកសេរីណាមួយ ដូចជានៅសហរដ្ឋអាមេរិក បារាំង ឬអូស្ត្រាលី ហើយដោយយកគំរូតាមរដ្ឋាភិបាលនិរទេសដទៃទៀត ក្នុងពិភពលោក ឬក្នុងតំបន់ តួយ៉ាងដូចជា រដ្ឋាភិបាលនិរទេសទីបេ (Tibet) របស់សម្ដេច ដាឡៃឡាម៉ា (Dalai Lama) ដែលមានប្រវត្តិតស៊ូយ៉ាងស្វិតស្វាញ ជាយូរយារណាស់មកហើយ ប្រឆាំងតទល់នឹងមហាយក្សចិន រហូតដល់ទៅជាងកន្លះសតវត្ស ឬរដ្ឋាភិបាលនិរទេសភូមា កាលពីសម័យដែលលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានដាក់ឲ្យនៅជាប់ឃុំក្នុងគេហដ្ឋានអស់រយៈកាលជាច្រើនឆ្នាំ រហូតដល់លោកស្រី បានក្លាយជាមេដឹកនាំប្រទេសភូមានាពេលសព្វថ្ងៃនេះ ជាគំរូស្រាប់។
ជំហានអាទិភាព ដែលរដ្ឋាភិបាលនិរទេសនេះ អាចធ្វើនៅពេលប្រកាសបង្កើតចេញជារូបរាង រួមមាន ការបង្កើតនូវធម្មនុញ្ញជាក់លាក់មួយរបស់ខ្លួន ដើម្បីលើកឡើងពីចក្ខុវិស័យនយោបាយ វត្ថុបំណង បុព្វហេតុ និងគោលដៅជាយុទ្ធសាស្ត្រ នៃការតស៊ូរបស់ខ្លួនឲ្យបានច្បាស់លាស់ និងយូរអង្វែង ក្នុងគោលបំណងធ្វើយ៉ាងណា ផ្ដល់ក្តីសង្ឃឹមតែមួយគត់ដល់ប្រជារាស្ត្រខ្មែរ ដែលស្រេកឃ្លាន នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលមានការចូលរួមទាំងអស់គ្នាដើម្បីកម្ពុជា និងកម្ពុជាដើម្បីទាំងអស់គ្នា ស្របតាមបំណងប្រាថ្នាដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១។ គណៈរដ្ឋមន្ត្រី នៃរដ្ឋាភិបាលនិរទេសរបស់គណបក្សសង្គ្រោះជាតិនេះ គួរផ្តោតលើវិស័យសំខាន់ៗ ដូចជាវិស័យកិច្ចការបរទេស មហាផ្ទៃ យុត្តិធម៌ និងសេដ្ឋកិច្ចជាដើម ដោយមាននាយករដ្ឋមន្ត្រីនិរទេសមួយរូបជាក្បាលម៉ាស៊ីនដឹកនាំ។ ក្រៅពីរចនាសម្ព័ន្ធស្ថាប័ននីតិប្រតិបត្តិនេះ ក៏អាចមានផងដែរស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័នតុលាការ ដែលនឹងត្រូវពិនិត្យមើលយ៉ាងណាដាក់ចេញនូវកម្មវិធីកំណែទម្រង់ប្រព័ន្ធអំណាចរដ្ឋទាំងនេះឲ្យបានល្អប្រសើរឡើងវិញ ដើម្បីជាគ្រូនៃការត្រៀមគោលនយោបាយកំណែទម្រង់ នៅពេលចូលកាន់អំណាចពិតប្រាកដស្របតាមលក្ខណៈប្រជាធិបតេយ្យនាពេលអនាគត។
ពេលវេលាល្អបំផុតសម្រាប់បង្កើតរដ្ឋាភិបាលនិរទេសនេះ គឺស្របពេលដែលរបបលោក ហ៊ុន សែន ប្រកាសបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មី នៅដើមខែកញ្ញានេះ ដើម្បីលាតត្រដាងឲ្យ សហគមន៍អន្តរជាតិ មើលឃើញអំពីកង្វះភាពស្របច្បាប់ ឬពីភាពស្របច្បាប់ «ក្លែងក្លាយ» នៃរបបថ្មីថ្មោងរបស់លោក ហ៊ុន សែន នេះ។ ភ្លាមៗក្រោយការបង្កើតរួច រដ្ឋាភិបាលនិរទេសនេះ អាចចាប់ផ្តើមធ្វើយុទ្ធនាការនៅលើសមរភូមិការទូត តាមរយៈការទាមទារឲ្យគណៈកម្មាធិការទទួលសារតាំងនៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN General Assembly Credentials Committee) ទុកអាសនៈកម្ពុជានៅឯមហាសន្និបាតអង្គការសហប្រជាជាតិឲ្យនៅទំនេរ ជំរុញឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពន្លឿនការអនុម័តច្បាប់ដាក់ទណ្ឌកម្ម មិនផ្ដល់ទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិឲ្យបានកាន់តែឆាប់រហ័សដើម្បីកុំឲ្យលោក ហ៊ុន សែន មានឱកាសទៅចូលរួមសម័យប្រជុំនៅអង្គការសហប្រជាជាតិ និងនៅអឺរ៉ុប នៅចុងខែកញ្ញា និងខែតុលានេះ។ ព្រមជាមួយគ្នានេះ រដ្ឋាភិបាលនិរទេសនេះ ក៏អាចធ្វើយុទ្ធនាការការទូត ទាមទារឲ្យក្រុមប្រទេសនិយមប្រជាធិបតេយ្យទាំងនេះ លុបចោលប្រព័ន្ធអនុគ្រោះពន្ធ កាត់ផ្ដាច់ទំនាក់ទំនងការទូតផ្លូវការទ្វេភាគីជាមួយរបបលោក ហ៊ុន សែន និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញជាដើម ដើម្បីដាក់បន្ទុកកាន់តែធ្ងន់ដល់របបលោក ហ៊ុន សែន ឲ្យងាកមកចរចារកដំណោះស្រាយនយោបាយទូលំទូលាយមួយ ក្រោមលក្ខខណ្ឌនៃការធានាឲ្យមានឡើងវិញនៅប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដ តាមរយៈការលុបចោលច្បាប់ទាំងឡាយដែលមានលក្ខណៈមិនប្រជាធិបតេយ្យ ការធានាយុត្តិធម៌សង្គម និងសេដ្ឋកិច្ចដែលមានការចូលរួម និងទទួលបានផលប្រយោជន៍ពីគ្រប់ភាគី ការរស់រវើកឡើងវិញនៃអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាដើម ការគោរពសិទ្ធិមនុស្ស សេរីភាព រួមទាំងការដោះលែងអ្នកទោសនយោបាយទាំងអស់។
គណបក្សសង្គ្រោះជាតិ ធ្លាប់ចាញ់បោកល្បិចកលលោក ហ៊ុន សែន ម្ដងជាពីរដងរួចមកហើយកាលពីពេលអតីតកាល។ ដូចច្នេះ ម្ដងនេះ គណបក្សនេះ មិនត្រូវចាញ់បោកល្បិចកលរបស់របបលោក ហ៊ុន សែន ដោយចរចាតាមលក្ខខណ្ឌ ឬជំហរធូរលុងទៀតនោះទេ។ បទពិសោធន៍ពីអតីតកាលដ៏ជូរចត់ទាំងនេះ អាចជាមេរៀនដ៏ល្អមួយសម្រាប់គណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សនេះ មិនចង់ឃើញវាលវដ្តសង្សារវិបត្តិនយោបាយ កើតមានឡើងវិញដដែល តាមលំនាំដានចាស់ ហើយប្រសិនបើគណបក្សនេះ មិនចង់ឃើញកម្ពុជា រអិលធ្លាក់ពីរបបផ្ដាច់ការបែបយោធានិយមឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងតពូជពង្សវង្សត្រកូលរបស់លោក ហ៊ុន សែន ដូចអ្វីដែលកំពុងកើតមានស្រាប់នៅប្រទេសកូរ៉េខាងជើង ដែលមិនត្រូវបានប្រទេសដទៃចង់រាប់រកនោះ។ ទោះជាគណបក្សសង្គ្រោះជាតិ ឬក្រុមនិយមប្រជាធិបតេយ្យ ជ្រើសរើសយកយុទ្ធសាស្ត្រណាមួយ ដែលអាចជាការបង្កើតរដ្ឋាភិបាលនិរទេស ឬក៏បង្កើតយន្តការណាមួយក៏ដោយចុះ ជម្រើសនោះ មិនគួរធ្វើឡើងដើម្បីគ្រាន់តែចរចាតាមបែបធូររលុងណាមួយ ដើម្បីឲ្យលោក ហ៊ុន សែន ដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយ និងបានចូលរួមក្នុងសកម្មភាពនយោបាយឡើងវិញ ជាថ្នូរនឹងការផ្ដល់សុពលភាពឲ្យរបបលោកថ្មីមានភាពស្របច្បាប់ អាចក្ដោបក្ដាប់អំណាចបានរយៈពេល ៥ ឆ្នាំតទៅមុខទៀតនោះឡើយ ព្រោះថា ការចាប់ខ្លួនសកម្មជននយោបាយ ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងអំពើអយុត្តិធម៌សង្គមនានា អាចនឹងនៅតែបន្តកើតមានឡើងដដែល នៅក្នុងសង្គមកម្ពុជា៕
Subscribe to:
Post Comments (Atom)
1 comment:
There is no need to create an exiled government. An exiled government will shift the people's attention from the real problem of the fake election.
We must fight to prove to the world that Ah Kwack Hun Sen government is absolutely illegitimate.
93 Years Old Woman
Post a Comment