Tuesday, 7 August 2018
លោក សុខ ឥសាន ថា នឹងគ្មានការបែងចែកអាសនៈសភាទៅឱ្យគណបក្សដទៃឡើយ
ជី វិតា
2018-08-05
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។
Photo: RFA
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាអះអាងថា នឹងគ្មានការបែងចែកអាសនៈសភាទៅឱ្យគណបក្សដទៃឡើយ។ នេះជាការឆ្លើយតបទៅនឹងការលើកឡើងនានាដែលថា គណបក្សប្រជាជនកម្ពុជាទំនងនឹងផ្ដល់អាសនៈមួយចំនួនទៅឱ្យគណបក្សដទៃ ដើម្បីកុំឱ្យមានការចោទប្រកាន់ថា សភាអាណត្តិថ្មីនេះជាសភាឯកបក្សនោះ។ អ្នកឃ្លាំមើលបញ្ហាសង្គមយល់ថា សភាឯកបក្សនឹងធ្វើឱ្យបាត់តុល្យភាពអំណាច និងធ្វើឱ្យកម្ពុជារអិលចេញពីគន្លងប្រជាធិបតេយ្យ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ទោះបីជាក្នុងសភាមានបក្សតែមួយក៏ដោយ ក៏កម្ពុជានៅតែជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្សដដែល ព្រោះជាសភាថ្មីនេះកើតចេញពីការបោះឆ្នោតស្របតាមឆន្ទៈរបស់ពលរដ្ឋ។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាគោរពតាមឆន្ទៈរាស្ត្រពិតប្រាកដ ដោយមិនយកសំឡេងឆ្នោតរបស់ពលរដ្ឋទៅបែងចែកឱ្យគណបក្សដទៃតាមរយៈការចែកកៅអីគ្នាអង្គុយនៅក្នុងរដ្ឋសភានោះឡើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៤ លាន ៨ សែនសំឡេង ឬស្មើនឹងជាង ៧៦ ភាគរយ នៃសន្លឹកឆ្នោតបានការសរុបជាង ៦ លាន ៣ សែន សន្លឹក។ លោក សុខ ឥសាន បានអះអាងថា គណបក្សប្រជាជនកម្ពុជាឈ្នះអាសនៈសភាទាំងអស់ គឺទាំង ១២៥ អាសនៈ។
អ្នកនាំពាក្យរូបនេះសរសេរនៅក្នុងបណ្ដាញសង្គមតេឡេក្រាម (Telegram) នៅថ្ងៃទី៥ សីហា ថា ការមានបក្សតែមួយនេះ ជាលក្ខណៈពិសេសនៃរដ្ឋសភានីតិកាលទី៦ ហើយសភាថ្មីនេះ នឹងមានលទ្ធភាពបំពេញភារកិច្ចកាន់តែងាយស្រួលជាងពេលមានគណបក្សប្រឆាំងទៅទៀត។ លោកក៏បានសារភាពផងដែរថា សភាអាណត្តិទី ៥ កន្លងទៅនោះ ក៏ជាសភាឯកបក្សដែរ ព្រោះគណបក្សប្រជាជនកម្ពុជាបំពេញភារកិច្ចតែម្នាក់ឯង ដោយសារតែតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិធ្វើពហិការជាប្រចាំ។ លោកអះអាងថា បក្សកាន់អំណាចនឹងព្យាយាមប្រែក្លាយកម្មវិធីនយោបាយរបស់ខ្លួនឱ្យទៅជាសមិទ្ធផលជាក់ស្ដែងដើម្បីប្រយោជន៍ជាតិ។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា រដ្ឋធម្មនុញ្ញរបស់កម្ពុជានៅតែធានាអំពីរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះការបង្កើតសភាឯកបក្សជារឿងប្រាសចាកពីរដ្ឋធម្មនុញ្ញរបស់ជាតិ។ លោកថា ផលវិបាកនៃសភាឯកបក្ស គឺការបាត់តុល្យភាពអំណាចរវាងស្ថាប័នកំពូលរបស់ជាតិ និងធ្វើឱ្យកម្ពុជាដើរចេញកាន់តែឆ្ងាយពីរបៀបដឹកនាំតាមបែបប្រជាធិបតេយ្យ។ លើសពីនេះ ស្ថាប័ននីតិប្បញ្ញត្តិនេះ អាចនឹងត្រូវរងឥទ្ធិពលកាន់តែខ្លាំងពីស្ថាប័ននីតិប្រតិបត្តិក្នុងការបំពេញមុខងាររបស់ខ្លួន ជាពិសេស ក្នុងការតាក់តែង និងអនុម័តច្បាប់នានា៖ «នេះមើលទៅផ្ទុយនឹងការបែងចែកអំណាចរដ្ឋ មាននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ហើយគំរូបែបនេះហើយដែលប្រទេសកាន់លទ្ធិប្រជាធិបតេយ្យ លើកតម្កើងការគោរពសិទ្ធិមនុស្ស លើកកម្ពស់ការប្រឆាំងអំពើពុករលួយជាដើមនោះ គេមិនលើកទឹកចិត្តឱ្យមានទិដ្ឋភាពបែបនេះទេ។ យើងនៅតែជាប្រទេសមួយដែលត្រូវការជាចាំបាច់នូវការគាំទ្រពីអន្តរជាតិ»។
ក្នុងអាណត្តិទី៥ កន្លងទៅ សភាបក្សកាន់អំណាចបានអនុម័តច្បាប់ជាច្រើនដែលមានលក្ខណៈរឹតត្បិតសិទ្ធិសេរីភាព និងផ្ទុយពីស្មារតីនៃរដ្ឋធម្មនុញ្ញ ដោយមិនខ្វាយខ្វល់ពីការរិះគន់ និងអនុសាសន៍របស់អ្នកជំនាញជាតិ និងអន្តរជាតិឡើយ។ ច្បាប់ទាំងនោះមានជាអាទិ៍ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីទូរគមនាគមន៍ ច្បាប់ ៣ ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ វិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ និងច្បាប់ថ្មីស្ដីពីសញ្ជាតិជាដើម។ ផ្ទុយទៅវិញ ច្បាប់ដែលមានប្រយោជន៍ និងមានភាពចាំបាច់សម្រាប់សង្គមបច្ចុប្បន្ន ដូចជា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង និងច្បាប់ស្ដីពីសេវាពពោះកូនជំនួសជាដើម នៅតែចេញមិនរួចនៅឡើយ បើមានជំនួយបច្ចេកទេស ឬការជំរុញពីភាគីពាក់ព័ន្ធនានាក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយចុះ អ្នកច្បាប់អន្តរជាតិ លោក ប្រ៊ែដ អាដាម (Brad Adams) នៃអង្គការយូមែន រ៉ៃត៍ វ៉ច្ឆ (HRW) យល់ថា កម្ពុជាមិនចាំបាច់មានស្ថាប័នរដ្ឋសភានាំអោយខាតបង់ថវិកាជាតិដែលបានមកពីការបង់ពន្ធរបស់ពលរដ្ឋនោះទេ ពីព្រោះសមាជិករដ្ឋសភាទាំងអស់មិនបានបំពេញភារកិច្ច និងកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាតំណាងរាស្ត្រទេ ប៉ុន្តែជាតំណាងគណបក្សប្រជាជនកម្ពុជា។ លោក ប្រ៊ែដ អាដាម ដែលធ្លាប់បម្រើការនៅក្នុងរដ្ឋសភាកម្ពុជា ជាទីប្រឹក្សាច្បាប់នៅក្នុងអាណត្តិទី១មួយនោះ បន្តថា សភាឯកបក្សគ្រប់គ្រងដោយបក្សប្រជាជនកម្ពុជា គ្រាន់តែជាអ្នកចាំប្រថាប់ត្រាលើសេចក្ដីព្រាងច្បាប់នានាពីរដ្ឋាភិបាលចង់បានប៉ុណ្ណោះ ដូច្នេះគ្មានហេតុផលអ្វីដែលកម្ពុជាត្រូវមានស្ថាប័នរដ្ឋសភាទេ ក្នុងបរិបទកម្ពុជានាពេលនេះ ពោលគឺទុកអោយអង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន តាក់តែងច្បាប់ជំនួសផង និងអនុវត្តច្បាប់ផងទៅចុះ ដូចដែលបានធ្វើកន្លងរួចមកហើយនោះ។
ពលរដ្ឋមួយចំនួនមិនមានជំនឿទេថា របបថ្មីដែលកើតចេញពីការបោះឆ្នោតដែលគេចាត់ទុកថា ក្លែងក្លាយនោះ នឹងអាចដោះស្រាយបញ្ហាសំខាន់ៗរបស់ជាតិបានណាស់ ដោយសារកន្លងមករបបនេះបានខកខាន ឬបរាជ័យរួចស្រេចទៅហើយលើរឿងនេះ៖ «នៅពេលដែលគាត់ឡើងកាន់កាប់រដ្ឋាភិបាលថ្មី ខ្ញុំដូចគ្មានជំនឿទាល់តែសោះតែម្ដងថា គាត់ដោះស្រាយបញ្ហាកាប់បំផ្លាញព្រៃឈើ ការបង្ក្រាបគ្រឿងញៀន ការរំលោភដីធ្លីពាក់ព័ន្ធនឹងរឿងអ្នកធំៗ។ ខ្ញុំអត់មានជំនឿទេ ព្រោះថាអ្វីៗនៅលើពួកគាត់ទាំងអស់ហើយហ្នឹង យើងទៅគិតធ្វើស្អីទៀត។ កាលនៅមានច្បាប់ សង្គមស៊ីវិល អង្គការជាតិ និងអន្តរជាតិនៅជួយមើល គាត់មិនយកចិត្តទុកដាក់។ ប្រជាពលរដ្ឋរងគ្រោះសព្វគ្រប់បែបយ៉ាង ចុះទម្រាំគាត់តែម្នាក់ឯងបែបនេះ ខ្ញុំគ្មានជំនឿថា រដ្ឋាភិបាលនឹងដោះស្រាយទេ។ កន្លងមក យើងមើលឃើញការដោះស្រាយរបស់គាត់ បានខ្លះអត់ខ្លះ ប៉ុន្តែការដោះស្រាយដូចជាឃើញបានតិចជាង។ ឃើញប្រជាពលរដ្ឋឡើងមកតវ៉ានៅភ្នំពេញ ប៉ុន្តែនៅអាណត្តិថ្មីនេះ ខ្ញុំមិនដឹងថា គាត់មានគោលជំហរបែបណាទេ ព្រោះរដ្ឋាភិបាលចាស់ដដែល។ ការដឹកនាំបែបឯកបក្សនេះមិនអាចដោះស្រាយបញ្ហាទាំងអស់នេះបានទេ ហើយវាធ្វើឱ្យបញ្ហាទាំងអស់នេះរឹតតែកើតធ្ងន់ទៅៗ ព្រោះផលប្រយោជន៍បានតែទៅលើក្រុមមួយក្ដាប់តូចនៃបក្ខពួក និងគ្រួសាររបស់សម្ដេច ហ៊ុន សែន តែប៉ុណ្ណឹងឯង។ ដូច្នេះសុំឱ្យសម្ដេចគិតគូរម្តងទៀតថា តើគួរតែបន្ត ឬបញ្ឈប់ត្រឹមនេះ?»។
របបដឹកនាំក្រុងភ្នំពេញ បានក្លាយជារបបឯកបក្សរួចស្រេចទៅហើយ នៅពេលដែលលោក ហ៊ុន សែន បញ្ជាឱ្យរំលាយគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ ការរំលាយគណបក្សសង្គ្រោះជាតិនេះ ធ្វើឱ្យអាសនៈសភាចំនួន ៥៥ របស់តំណាងរាស្ត្របក្សប្រឆាំង និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥ ពាន់អាសនៈដែលទើបទទួលបានពីការបោះឆ្នោតនៅខែកក្កដាឆ្នាំ ២០១៧ នោះ ត្រូវរលាយអស់ទាំងស្រុង ហើយតួនាទីជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាច្រើនរបស់បក្សប្រឆាំងនោះ ក៏ត្រូវរលាយអស់តាមនោះដែរ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ធ្លាប់បានសម្ដែងការព្រួយបារម្ភអំពីការអនុវត្តប្រព័ន្ធឯកបក្សនៅកម្ពុជានេះម្ដងរួចមកហើយ។ អ្នកស្រីចាត់ទុកថា នេះជាការអនុវត្តផ្ទុយនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងច្បាស់អំពីរបបនយោបាយប្រជាធិបតេយ្យ សេរី ពហុបក្ស៕
Subscribe to:
Post Comments (Atom)
1 comment:
Ah Sok Eysan's face looks very attractive for people to slap.
Hit 3 and count as 1.
Post a Comment