Tuesday 7 August 2018

លោក សុខ ឥសាន ថា នឹង​គ្មាន​ការបែងចែក​អាសនៈ​សភា​ទៅ​ឱ្យ​គណបក្ស​ដទៃ​ឡើយ


ជី វិតា
2018-08-05

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ថ្លែង​ទៅ​កាន់​​ក្រុម​អ្នក​សារព័ត៌មាន ​នៅខាង​មុខ​​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​​ពី​​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA



មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​អះអាង​ថា នឹង​គ្មាន​ការបែងចែក​អាសនៈ​សភា​ទៅ​ឱ្យ​គណបក្ស​ដទៃ​ឡើយ។ នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​លើកឡើង​នានា​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​នឹង​ផ្ដល់​អាសនៈ​មួយ​ចំនួន​ទៅ​ឱ្យ​គណបក្ស​ដទៃ ដើម្បី​កុំ​ឱ្យ​មានការ​ចោទប្រកាន់​ថា សភា​អាណត្តិ​ថ្មី​នេះ​ជា​សភា​ឯក​បក្ស​នោះ។ អ្នកឃ្លាំមើល​បញ្ហា​សង្គម​យល់ថា សភា​ឯក​បក្ស​នឹង​ធ្វើ​ឱ្យ​បាត់​តុល្យភាព​អំណាច និង​ធ្វើ​ឱ្យ​កម្ពុជា​រអិល​ចេញពី​គន្លង​ប្រជាធិបតេយ្យ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ទោះបីជា​ក្នុង​សភា​មាន​បក្ស​តែមួយ​ក៏ដោយ ក៏​កម្ពុជា​នៅតែ​ជា​ប្រទេស​ប្រកាន់យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដដែល ព្រោះ​ជា​សភា​ថ្មី​នេះ​កើត​ចេញ​ពី​ការបោះឆ្នោត​ស្របតាម​ឆន្ទៈ​របស់​ពលរដ្ឋ។ លោក​បន្ត​ថា គណបក្ស​ប្រជាជន​កម្ពុជា​គោរព​តាម​ឆន្ទៈ​រាស្ត្រ​ពិតប្រាកដ ដោយ​មិន​យក​សំឡេងឆ្នោត​របស់​ពលរដ្ឋ​ទៅ​បែង​ចែក​ឱ្យ​គណបក្ស​ដទៃ​តាមរយៈ​ការចែក​កៅអី​គ្នា​អង្គុយ​នៅ​ក្នុង​រដ្ឋសភា​នោះ​ឡើយ។



គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ប្រកាស​លទ្ធផល​បឋម​ថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ជាង ៤ លាន ៨ សែន​សំឡេង ឬ​ស្មើនឹង​ជាង ៧៦ ភាគរយ នៃ​សន្លឹកឆ្នោត​បាន​ការ​សរុប​ជាង ៦ លាន ៣ សែន សន្លឹក។ លោក សុខ ឥសាន បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​សភា​ទាំងអស់ គឺ​ទាំង ១២៥ អាសនៈ។

អ្នកនាំពាក្យ​រូប​នេះ​សរសេរ​នៅ​ក្នុង​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) នៅ​ថ្ងៃទី៥ សីហា ថា ការ​មាន​បក្ស​តែមួយ​នេះ ជា​លក្ខណៈ​ពិសេស​នៃ​រដ្ឋសភា​នីតិកាល​ទី៦ ហើយ​សភា​ថ្មី​នេះ នឹង​មាន​លទ្ធភាព​បំពេញភារកិច្ច​កាន់តែ​ងាយស្រួល​ជាង​ពេល​មាន​គណបក្សប្រឆាំង​ទៅទៀត។ លោក​ក៏បាន​សារភាព​ផង​ដែរ​ថា សភា​អាណត្តិ​ទី ៥ កន្លង​ទៅ​នោះ ក៏​ជា​សភា​ឯក​បក្ស​ដែរ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​បំពេញភារកិច្ច​តែម្នាក់​ឯង ដោយសារតែ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពហិការ​ជាប្រចាំ។ លោក​អះអាង​ថា បក្ស​កាន់អំណាច​នឹង​ព្យាយាម​ប្រែក្លាយ​កម្មវិធី​នយោបាយ​របស់​ខ្លួន​ឱ្យ​ទៅ​ជា​សមិទ្ធផល​ជាក់ស្ដែង​ដើម្បី​ប្រយោជន៍​ជាតិ។

ប្រធាន​អង្គការ​សម្ពន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ថ្លែង​ថា រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នៅតែ​ធានា​អំពី​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដូច្នេះ​ការ​បង្កើត​សភា​ឯក​បក្ស​ជា​រឿង​ប្រាសចាក​ពី​រដ្ឋធម្មនុញ្ញ​របស់​ជាតិ។ លោក​ថា ផលវិបាក​នៃ​សភា​ឯក​បក្ស គឺ​ការ​បាត់​តុល្យភាព​អំណាច​រវាង​ស្ថាប័ន​កំពូល​របស់​ជាតិ និង​ធ្វើ​ឱ្យ​កម្ពុជា​ដើរចេញ​កាន់តែ​ឆ្ងាយ​ពី​របៀប​ដឹកនាំ​តាម​បែប​ប្រជាធិបតេយ្យ។ លើស​ពី​នេះ ស្ថាប័ន​នីតិប្បញ្ញត្តិ​នេះ អាច​នឹង​ត្រូវ​រង​ឥទ្ធិពល​កាន់តែ​ខ្លាំង​ពី​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន ជាពិសេស ក្នុង​ការ​តាក់តែង និង​អនុម័ត​ច្បាប់​នានា៖ «នេះ​មើល​ទៅ​ផ្ទុយ​នឹង​ការបែងចែក​អំណាច​រដ្ឋ មាន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ ហើយ​គំរូ​បែប​នេះ​ហើយ​ដែល​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ លើក​តម្កើង​ការ​គោរព​សិទ្ធិមនុស្ស លើកកម្ពស់​ការ​ប្រឆាំង​អំពើពុករលួយ​ជាដើម​នោះ គេ​មិន​លើកទឹកចិត្ត​ឱ្យ​មាន​ទិដ្ឋភាព​បែបនេះ​ទេ។ យើង​នៅតែ​ជា​ប្រទេស​មួយ​ដែល​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ការ​គាំទ្រ​ពី​អន្តរជាតិ»។

ក្នុង​អាណត្តិ​ទី៥ កន្លងទៅ សភា​បក្ស​កាន់​អំណាច​បាន​អនុម័ត​ច្បាប់​ជាច្រើន​ដែល​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​ផ្ទុយ​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ ដោយ​មិន​ខ្វាយខ្វល់​ពី​ការរិះគន់ និង​អនុសាសន៍​របស់​អ្នក​ជំនាញ​ជាតិ និង​អន្តរជាតិ​ឡើយ។ ច្បាប់​ទាំងនោះ​មាន​ជាអាទិ៍ ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ច្បាប់​ស្ដីពី​សហជីព ច្បាប់​ស្ដីពី​ទូរគមនាគមន៍ ច្បាប់ ៣ ពាក់ព័ន្ធ​នឹង​វិស័យ​យុត្តិធម៌ វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ និង​ច្បាប់​ថ្មី​ស្ដីពី​សញ្ជាតិ​ជាដើម។ ផ្ទុយទៅវិញ ច្បាប់​ដែល​មាន​ប្រយោជន៍ និង​មាន​ភាព​ចាំបាច់​សម្រាប់​សង្គម​បច្ចុប្បន្ន ដូចជា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ច្បាប់​ស្ដីពី​ការគ្រប់គ្រង​គ្រឿង​ស្រវឹង និង​ច្បាប់​ស្ដីពី​សេវា​ពពោះ​កូន​ជំនួស​ជាដើម នៅតែ​ចេញ​មិន​រួច​នៅឡើយ បើ​មាន​ជំនួយ​បច្ចេកទេស ឬ​ការ​ជំរុញ​ពី​ភាគី​ពាក់ព័ន្ធ​នានា​ក៏ដោយ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ អ្នកច្បាប់​អន្តរជាតិ លោក ប្រ៊ែដ អាដាម (Brad Adams) នៃ​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ (HRW) យល់​ថា កម្ពុជា​មិន​ចាំបាច់​មាន​ស្ថាប័ន​រដ្ឋសភា​នាំ​អោយ​ខាតបង់​ថវិកាជាតិ​ដែល​បាន​មក​ពី​ការ​បង់ពន្ធ​របស់​ពលរដ្ឋ​នោះ​ទេ ពីព្រោះ​សមាជិក​រដ្ឋសភា​ទាំងអស់​មិន​បាន​បំពេញភារកិច្ច និង​កាតព្វកិច្ច​របស់​ខ្លួន​ក្នុងនាម​ជា​តំណាងរាស្ត្រ​ទេ ប៉ុន្តែ​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ប្រ៊ែដ អាដាម ដែល​ធ្លាប់​បម្រើ​ការ​នៅ​ក្នុង​រដ្ឋសភា​កម្ពុជា ជាទី​ប្រឹក្សា​ច្បាប់​នៅ​ក្នុង​អាណត្តិ​ទី​១​មួយ​នោះ បន្ត​ថា សភា​ឯក​បក្ស​គ្រប់គ្រង​ដោយ​បក្ស​ប្រជាជន​កម្ពុជា គ្រាន់តែ​ជា​អ្នក​ចាំ​ប្រថាប់ត្រា​លើ​សេចក្ដីព្រាងច្បាប់​នានា​ពី​រដ្ឋាភិបាល​ចង់​បា​ន​ប៉ុណ្ណោះ ដូច្នេះ​គ្មាន​ហេតុផល​អ្វី​ដែល​កម្ពុជា​ត្រូវ​មាន​ស្ថាប័ន​រដ្ឋសភា​ទេ ក្នុង​បរិបទ​កម្ពុជា​នា​ពេល​នេះ ពោល​គឺ​ទុក​អោយ​អង្គ​នីតិប្រតិបត្តិ ឬ​រដ្ឋាភិបាល​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន តាក់តែង​ច្បាប់​ជំនួស​ផង និង​អនុវត្ត​ច្បាប់​ផង​ទៅ​ចុះ ដូច​ដែល​បាន​ធ្វើ​កន្លង​រួច​មក​ហើយ​នោះ។

ពលរដ្ឋ​មួយ​ចំនួន​មិន​មាន​ជំនឿ​ទេ​ថា របប​ថ្មី​ដែល​កើត​ចេញ​ពី​ការបោះឆ្នោត​ដែល​គេ​ចាត់ទុកថា ក្លែងក្លាយ​នោះ នឹង​អាច​ដោះស្រាយ​បញ្ហា​សំខាន់ៗ​របស់​ជាតិ​បាន​ណាស់ ដោយសារ​កន្លង​មក​របប​នេះ​បាន​ខកខាន ឬ​បរាជ័យ​រួចស្រេច​ទៅ​ហើយ​លើ​រឿង​នេះ៖ «នៅ​ពេល​ដែល​គាត់​ឡើង​កាន់កាប់​រដ្ឋាភិបាល​ថ្មី ខ្ញុំ​ដូច​គ្មាន​ជំនឿ​ទាល់តែ​សោះ​តែម្ដង​ថា គាត់​ដោះស្រាយ​បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ ការ​បង្ក្រាប​គ្រឿងញៀន ការរំលោភ​ដីធ្លី​ពាក់ព័ន្ធ​នឹង​រឿង​អ្នក​ធំៗ​។ ខ្ញុំ​អត់​មាន​ជំនឿ​ទេ ព្រោះថា​អ្វីៗ​នៅ​លើ​ពួកគាត់​ទាំង​អស់ហើយ​ហ្នឹង យើង​ទៅ​គិត​ធ្វើ​ស្អី​ទៀត។ កាល​នៅ​មាន​ច្បាប់ សង្គម​ស៊ីវិល អង្គការ​ជាតិ និង​អន្តរជាតិ​នៅ​ជួយ​មើល គាត់​មិន​យកចិត្តទុកដាក់។ ប្រជាពលរដ្ឋ​រងគ្រោះ​សព្វគ្រប់​បែបយ៉ាង ចុះ​ទម្រាំ​គាត់​តែម្នាក់​ឯង​បែបនេះ ខ្ញុំ​គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​នឹង​ដោះស្រាយ​ទេ​។ កន្លងមក យើង​មើល​ឃើញ​ការ​ដោះស្រាយ​របស់​គាត់ បាន​ខ្លះ​អត់​ខ្លះ ប៉ុន្តែ​ការ​ដោះស្រាយ​ដូចជា​ឃើញ​បាន​តិច​ជាង។ ឃើញ​ប្រជាពលរដ្ឋ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ ប៉ុន្តែ​នៅ​អាណត្តិ​ថ្មី​នេះ ខ្ញុំ​មិន​ដឹង​ថា គាត់​មាន​គោលជំហរ​បែប​ណា​ទេ ព្រោះ​រដ្ឋាភិបាល​ចាស់​ដដែល។ ការ​ដឹកនាំ​បែប​ឯក​បក្ស​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​ទាំងអស់​នេះ​បានទេ ហើយ​វា​ធ្វើ​ឱ្យ​បញ្ហា​ទាំងអស់​នេះ​រឹតតែ​កើត​ធ្ងន់​ទៅៗ ព្រោះ​ផល​ប្រយោជន៍​បានតែ​ទៅលើ​ក្រុម​មួយ​ក្ដាប់​តូច​នៃ​បក្ខពួក និង​គ្រួសារ​របស់​សម្ដេច ហ៊ុន សែន តែ​ប៉ុណ្ណឹង​ឯង​។ ដូច្នេះ​សុំ​ឱ្យ​សម្ដេច​គិតគូរ​ម្តង​ទៀត​ថា តើ​គួរតែ​បន្ត ឬ​បញ្ឈប់​ត្រឹមនេះ?»។

របប​ដឹកនាំ​ក្រុងភ្នំពេញ បាន​ក្លាយ​ជា​របប​ឯក​បក្ស​រួចស្រេច​ទៅ​ហើយ នៅ​ពេល​ដែល​លោក ហ៊ុន សែន បញ្ជា​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា កាលពី​ខែ​វិច្ឆិកា ឆ្នាំ២០១៧។ ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​នេះ ធ្វើ​ឱ្យ​អាសនៈ​សភា​ចំនួន ៥៥ របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង ៥ ពាន់​អាសនៈ​ដែល​ទើប​ទទួល​បាន​ពី​ការបោះឆ្នោត​នៅ​ខែ​កក្កដា​ឆ្នាំ ២០១៧ នោះ ត្រូវ​រលាយ​អស់ទាំង​ស្រុង ហើយ​តួនាទី​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាច្រើន​របស់​បក្ស​ប្រឆាំង​នោះ ក៏​ត្រូវ​រលាយ​អស់​តាម​នោះ​ដែរ។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ធ្លាប់​បាន​សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការអនុវត្ត​ប្រព័ន្ធ​ឯក​បក្ស​នៅ​កម្ពុជា​នេះ​ម្ដង​រួច​មក​ហើយ។ អ្នកស្រី​ចាត់ទុកថា នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែល​ចែង​ច្បាស់​អំពី​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្ស៕

1 comment:

Anonymous said...

Ah Sok Eysan's face looks very attractive for people to slap.

Hit 3 and count as 1.