Sunday, 5 August 2018
កត្តាដែលធ្វើឲ្យសម្ដេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ ត្រូវបញ្ចប់ជីវិតនយោបាយ
Khmer Circle:
Their collective or respective political life came to an end since 1998!
It is the unhappy fate and tragedy of the Khmer people to have to face on the one hand, a ruthless and manipulative foe backed and guided by powerful foreign backers, and on the other, self-seeking scoundrels with less political maturity than that of a fetus ...
$$$
ទីន ហ្សាការីយ៉ា
2018-08-03
ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ (ឆ្វេង) ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ (ស្ដាំ) ប្រធានគណបក្សរួបរួមជាតិ។
RFA
អតីតនាយករដ្ឋមន្ត្រី ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងលោក អតីតឧបនាយករដ្ឋមន្ត្រី លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ ត្រូវបានគេមើលឃើញថា មិនអាចស្រោចស្រង់ប្រជាប្រិយភាពរបស់ខ្លួនឡើងវិញបានទេ ក្នុងរយៈពេល១០ឆ្នាំមកនេះ។ គណបក្សទាំងពីរ ដែលបែកបាក់គ្នានោះ មិនអាចទទួលបានអាសនៈនៅក្នុងសភាឡើងវិញបានទេ នៅឆ្នាំ២០១៨នេះ ទោះបីជាអ្នកទាំងពីរធ្លាប់បម្រើកិច្ចការសំខាន់ៗជាច្រើនជូន លោក ហ៊ុន សែន យ៉ាងណាក្ដី។
តើហេតុផលអ្វីខ្លះ ដែលគណបក្សលោក ញឹក ប៊ុនឆៃ និងសម្ដេចក្រុមព្រះ មិនអាចស្ដារប្រជាប្រិយភាពឡើងវិញបាន?
គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ មិនទទួលបានអាសនៈសភាទេ ក្នុងព្រឹត្តិការណ៍ថ្ងៃទី២៩កក្កដា បើតាមលទ្ធផលបណ្ដោះអាសន្នរបស់គ.ជ.ប។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច លោកព្រឹទ្ធាចារ្យ លឺ ឡាយស្រេង ឲ្យដឹងនៅថ្ងៃទី៣ សីហាថា លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សរួបរួមជាតិ និងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានងាកចាប់ដៃជាមួយលោក ហ៊ុន សែន ដែលបង្ហាញជំហរមិនច្បាស់លាស់ ទើបប្រជាពលរដ្ឋដកសេចក្ដីទុកចិត្ត លែងបោះឆ្នោតជូនគណបក្សទាំងពីរ។ លោក លឺ ឡាយស្រេង បញ្ជាក់ថា នយោបាយកណ្ដាលនិយម របស់គណបក្សទាំងពីរនេះ បានក្លាយទៅជានយោបាយរណបនិយមទៅវិញទេ៖ «សូន្យពីរដឹង គឺ០ អត់ងើបរួចទេ ខ្ញុំប្រាប់តាំងពីដើមថា មិនងើបរួចទេ ឲ្យឈប់ទៅ សម្ដេចក្រុមព្រះ លោកពិការផងអីផង ទៅធ្វើការក្នុងវាំងទៅ ហើយលោក ញឹក ប៊ុនឆៃ វិញ ឈឺផងទៅមើលជំងឺឲ្យជាទៅ ហើយទៅធ្វើរាស្ត្រដូចខ្ញុំទៅ»។
ចំណែកអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី មានប្រសាសន៍ថា គណបក្សហ៊្វុនស៊ិនប៉ិចដែលបាត់បង់ប្រជាប្រិយភាពខ្លាំងនោះ ដោយសារតែរឿងបុគ្គលរបស់សម្ដេចក្រុមព្រះ និង ករណីព្រះអង្គប្ដឹងរំលាយគណបក្សសង្គ្រោះជាតិ។ រីឯ គណបក្សរួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ វិញ បាត់បង់អាសនៈដោយសារតែរឿងតុលាការចោទប្រកាន់លោកពាក់ព័ន្ធនិងគ្រឿងញៀន ហើយចាប់ដាក់គុក ទោះបីជាតុលាការមិនបានបង្ហាញភស្តុតាងក្ដី និងករណីផ្សេងជាច្រើនទៀត៖ «វាពិបាកព្រោះថា បក្សរួបរួមជាតិនៅរងឥទ្ធិពលពីបក្សកាន់អំណាច ខ្ញុំយល់អារម្មណ៍ពីលោក ញឹក ប៊ុនឆៃ គាត់ពិបាក ហើយគេដោះលែងលោក ញឹក ប៊ុនឆៃ វិញនេះ ដើម្បីបង្គ្រប់ឲ្យគេមើលឃើញថា ជាការបោះឆ្នោតដើម្បីពហុបក្ស»។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យ និងមន្ត្រីជាន់ខ្ពស់គណបក្សទាំងពីរ គឺគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សរួបរួមជាតិប៉ុន្តែគ្មានអ្នកលើកទូរស័ព្ទ។
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ និង លោក ញឹក ប៊ុនឆៃ មិនត្រឹមតែជាមេដឹកនាំគណបក្សរណបគណបក្សកាន់អំណាចប៉ុណ្ណោះទេ លោក ទាំងពីរថែមទាំងធ្វើកិច្ចការជាច្រើនបម្រើលោក ហ៊ុន សែន ថែមទៀត។ នៅដំណាក់កាលចុងក្រោយមុនបោះឆ្នោតឆ្នាំ២០១៨នេះ គឺនៅក្នុងវិច្ឆិកាឆ្នាំ២០១៧ សម្ដេចក្រុមព្រះជាតួអង្គសំខាន់ដែលធ្វើជាដើមបណ្ដឹង ប្ដឹងគណបក្សសង្គ្រោះជាតិទៅក្រសួងមហាផ្ទៃ និងទៅតុលាការដើម្បីសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ ហើយគណបក្សរបស់ព្រះអង្គយកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិថែមទៀត ទោះបីជារងការរិះគន់ពីសហគមន៍អន្តរជាតិ និងថ្កោលទោសពីគណបក្សប្រឆាំងយ៉ាងណាក្ដី។ សម្ដេចក្រុមព្រះមានបន្ទូលកាលក្រោយពីរំលាយគណបក្សសង្គ្រោះជាតិថា នៅសុខៗ គេយកអំណោយ ឬកៅអីសភាមកឲ្យ ចំនួន៤៤អាសនៈ បក្សព្រះអង្គរឿងអី មិនយកនោះ។
ចំពោះលោក ញឹក ប៊ុន ឆៃ វិញ ក៏ជាតួអង្គសំខាន់ ដែលនៅក្រោមការចង្អុលបង្ហាញរបស់លោក ហ៊ុន សែន ដែរ ក្នុងការបំបែកបំបាក់គណបក្សហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃ ក្នុងនាមជាប្រមុខរដ្ឋ លោក បានចុះហត្ថលេខា លើសន្ធិសញ្ញាបំពេញបន្ថែមកាលពីឆ្នាំ២០០៥។ បញ្ហានេះ លោក ហ៊ុន សែន ក៏ធ្លាប់ប្រកាសជាសាធារណៈថា លោកជាអ្នករំលាយគណបក្សហ៊្វុនស៊ិនប៉ិចតាមរយៈការបំបែកបំបាក់នេះ។ គណបក្សហ៊្វុនស៊ិនប៉ិច ធ្លាប់ជាគណបក្សដែលឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាលកាលពីអាណតិ្តទី១ ឆ្នាំ១៩៩៣ ហើយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ ហើយលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២ ដោយសារលោកមិនព្រមទទួលលទ្ធផលបោះឆ្នោតដែលរៀបចំដោយអ៊ុនតាក់ (UNTAC) ហើយទាមទារឲ្យលោកធ្វើជានាយករដ្ឋមន្ត្រីទី២កាលណោះ។
គិតតាំងពីឆ្នាំ២០០៦មក គណបក្សហ៊្វុនស៊ិនប៉ិច បានបែកបាក់គ្នាកាន់តែខ្លាំង គឺលោក ញឹក ប៊ុនឆៃ កាលពីឆ្នាំ២០០៦ បានដឹកនាំធ្វើបក្សប្រហារទម្លាក់សម្ដេចក្រុមព្រះចេញពីប្រធានគណបក្ស ដោយចោទប្រកាន់ថា សម្ដេចក្រុមព្រះបានប្រព្រឹត្តអំពើពុករលួយ និងលក់ទីស្នាក់ការកណ្ដាលរបស់គណបក្សនៅក្បែរស្ពានជ្រោយចង្វារ ហើយអ្នកទាំងពីរម្ដងត្រូវរ៉ូវគ្នាវិញ ម្ដងបែកបាក់គ្នា។ រីឯសំឡេងគាំទ្រក៏បាត់បង់បន្តិចម្ដងៗដែរ ពោលតាំងពី អាណត្តិទី២ ឆ្នាំ១៩៩៨មក គណបក្សហ៊្វុនស៊ិនប៉ិចបានបាត់បង់អ្នកគាំទ្រជាបន្តបន្ទាប់ រហូតមកដល់អាណត្តិទី៤ ឆ្នាំ២០០៨ គណបក្សហ៊្វុនស៊ិនប៉ិចដែលកាលណោះដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានកៅអីសភា២អាសនៈ គណបក្សនរោត្តម រណឫទ្ធិ ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ បានពីរអាសនៈ ហើយនៅអាណត្តិទី៥ គណបក្សទាំងពីរ បាត់បង់អាសនៈទាំងស្រុងតែម្ដង។
អ្នកជំនាញខាងច្បាប់ លោកមេធាវី ហ៊ាង រិទ្ធី លើកឡើងថា មេដឹកនាំគណបក្សទាំងពីរក្រោយពីបែកបាក់គ្នា រវាង លោក ញឹក ប៊ុន ឆៃ និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ នោះ គឺពិបាកនឹងស្ដារប្រជាប្រិយភាពមកវិញបានណាស់។ ម្យ៉ាងទៀត គណបក្សទាំងពីរហាក់បីដូចជាឧបករណ៍នយោបាយរបស់លោក ហ៊ុន សែន ក្នុងការចូលរួមប្រកួតប្រជែងនោះ៖ «មានតែការសម្បទាន បើបក្សកាន់អំណាចចង់ផ្ដល់តួនាទីជាទីប្រឹក្សាឲ្យគេឲ្យ ព្រោះថាបក្សទាំងអស់ដែលមកប្រកួតប្រជែងនេះ មិនមែនជាបក្សដែលឯករាជ្យដោយខ្លួនឯងទេ គ្រាន់តែជាគណបក្សចូលមកលម្អការប្រកួតប្រជែង»។
នៅមុនបោះឆ្នោតអាណត្តិទី៦នេះ លោក ញឹក ប៊ុនឆៃ ត្រូវបានរបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី៣ សីហា ឆ្នាំ២០១៧ ដោយសង្ស័យថា បានជាប់ពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀនមួយកាលពី១០ឆ្នាំមុន នៅភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ប៉ុន្តែក្រោយពេលរបបលោក ហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិចោល ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក លី លីបម៉េង ចេញដីកាបង្គាប់ឲ្យដោះលែងលោក ញឹក ប៊ុនឆៃ ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី៣០ ខែមេសា ដើម្បីមកដឹកនាំគណបក្សខ្មែររួបរួមជាតិ ចូលរួមប្រកួតប្រជែងបោះឆ្នោតឆ្នាំ២០១៨នេះ។
រីឯ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានជួបគ្រោះថ្នាក់ចរាចរ នៅមុនពេលឃោសនាមកដល់ ដែលធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាពភ្លាមៗ រីឯទ្រង់រណឫទ្ធិ របួសធ្ងន់ មិនអាចចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតហើយ ហើយមកទល់ពេលនេះ មិនមានប្រភពណាមួយបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ យាងចេញពីមន្ទីរពេទ្យវិញឬយ៉ាងណាឡើយទេ។
ជាសរុបសេចក្ដីទៅ លទ្ធផលបោះឆ្នោតបណ្ដោះអាសន្ននៅអាណត្តិទី៦នេះ ទោះបីជាគ.ជ.ប មិនទាន់បានបែងចែកអាសនៈនៅឡើយក្ដី ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថា គណបក្សប្រជាជនកម្ពុជាទទួលបានទាំង១២៥អាសនៈនៅក្នុងរដ្ឋសភា។ អ្នកវិភាគលើកឡើងថា ដោយសារតែរួបមន្តបែងចែកអាសនៈ យកតាមរួបមន្តមធ្យមភាគខ្ពស់បំផុតនៃច្បាប់បោះឆ្នោតនោះ គឺគណបក្សតូចៗមិនទទួលបានសំឡេងច្រើន ដើម្បីបានអាសនៈទេ ព្រោះសំណល់ខ្ពស់បំផុតបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់៕
Subscribe to:
Post Comments (Atom)
1 comment:
What now?
Post a Comment